Thursday, December 12, 2013

ថៃ​នឹង​បញ្ជូន​ខ្មែរ​១៨​នាក់​មក​ស្រុក​វិញ


មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បដិសេធ​ជុំវិញ​ករណី​ដែល​ថា ប្រជាពលរដ្ឋ​ខ្មែរ ១៨​នាក់ ពាក់ព័ន្ធ​នយោបាយ​នៅ​ប្រទេស​ថៃ។

ដោយ ឡេង ម៉ាលី RFA 2013-12-11

មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១៨​នាក់ ដែល​តម្រួត​ថៃ​ចាប់ កាល​ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា នោះ មិន​ពាក់ព័ន្ធ​បាតុកម្ម​នយោបាយ​ថៃ​ទេ ហើយ​អាជ្ញាធរ​ថៃ គ្រោង​នឹង​បញ្ជូន​មក​កម្ពុជា​វិញ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា គឺ​លោក កុយ គួង មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី​១១ ធ្នូ ថា អ្នក​ទាំង ១៨​នាក់​នោះ​ជា​ពលករ​ខុស​ច្បាប់៖ «ការ​ឃាត់​ខ្លួន​នេះ ពិត​ជា​កើត​មាន​មែន​នៅ​ខេត្ត​ណាខន ស៊ីថាំរ៉ាត់ (Nakhon Si Thammarat) ហើយ​ករណី​ការ​ឃាត់​ខ្លួន​នេះ ដោយសារ​តែ​ពលរដ្ឋ​យើង​ទាំង ១៨​រូប​នេះ គាត់​ចូល​ទៅ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់។ គាត់​អត់​មាន​លិខិត​ស្នាម​អ្វី​ទាំង​អស់។ ដូច្នេះ ការ​ឃាត់​ខ្លួន​នេះ មិន​មែន​ពាក់ព័ន្ធ​ទៅ​នឹង​ចលនា​នយោបាយ ឬ​បាតុកម្ម​ណា​មួយ នៅ​ក្នុង​ប្រទេស​ថៃ​ទេ។ បច្ចុប្បន្ន​នេះ ស្ថាន​ឯកអគ្គរាជទូត​យើង​នៅ​ទីក្រុង​បាងកក កំពុង​ធ្វើ​ការងារ​ជាមួយ​អាជ្ញាធរ​ថៃ ហើយ​អាជ្ញាធរ​ថៃ​ថា នឹង​បញ្ជូន​ពលករ​ខ្មែរ ឬ​ពលរដ្ឋ​ខ្មែរ​ទាំង ១៨​នាក់ ដែល​ចូល​ទៅ​ដោយ​ខុស​ច្បាប់​នេះ ឱ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា ក្នុង​ឆាប់ៗ ខាង​មុខ​នេះ»។

ការ​បញ្ជាក់​របស់​លោក កុយ គួង គឺ​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា ពលករ​ខ្មែរ​ស្រី​ប្រុស​ចំនួន ១៨​នាក់ ដែល​កំពុង​បម្រើ​ការ​នៅ​ប្រទេស​ថៃ ត្រូវ​សមត្ថកិច្ច​ថៃ ចាប់​ដាក់​គុក ពី​បទ​សង្ស័យ​ថា បាន​អុកឡុក​ប្រឆាំង​ក្រុម​បាតុករ​អាវ​លឿង​របស់​លោក ស៊ូថេប ដែល​ព្យាយាម​ធ្វើ​បាតុកម្ម​ទម្លាក់​អ្នកស្រី យីងឡាក់ ពី​នាយករដ្ឋមន្ត្រី កាល​ពី​សប្ដាហ៍​មុន។

ពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​នៅ​ខេត្ត​ណាខន ស៊ីថាំរ៉ាត់ ១៨​នាក់​នោះ គឺ​មាន​ប្រុស ១៥​នាក់ ស្រី ៣​នាក់។ កម្មករ​សំណង់​ខ្មែរ​មួយ​រូប​ដែល​ថៃ ចាប់​ក្នុង​ចំណោម ១៨​នាក់ គឺ​លោក អ៊ុល អឿន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ធ្នូ ថា តម្រួត​ថៃ បាន​ចាប់​ពួក​គាត់​កាល​ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា គឺ​ពេល​ដែល​ពួក​គាត់​ឡើង​ឡាន​បម្រុង​ត្រឡប់​មក​ស្រុក​កំណើត​វិញ។

លោក អ៊ុល អឿន អះអាង​ថា ភ្លាមៗ បន្ទាប់​ពី​តម្រួត​ថៃ​ចាប់​ខ្លួន ពួក​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ថា មាន​ជាប់ពាក់ព័ន្ធ​នឹង​ចលនា​ប្រឆាំង​ក្រុម​បាតុករ​អាវ​លឿង​របស់​លោក ស៊ូថេប ប្រឆាំង​អ្នកស្រី​នាយករដ្ឋមន្ត្រី យីងឡាក់។

លោក អ៊ុល អឿន បន្ត​ថា ពលករ​ទាំង ១៨​នាក់ ដែល​តម្រួត​ថៃ​ចាប់​នេះ គឺ​ជា​កម្មករ​សំណង់​មក​ពី​ខេត្ត​ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ចាម។

រីឯ​ព័ត៌មាន​ជុំវិញ​ករណី​ដែល​ថា ក្រុម​បាតុករ​​អាវ​លឿង​ចាប់​ពលរដ្ឋ​ខ្មែរ ២ ឬ ៥​នាក់ ដោយ​ចោទ​ថា អ្នក​ទាំង​នោះ​ចូល​ទៅ​យក​ការណ៍​ក្នុង​ក្បួន​បាតុកម្ម​របស់​ពួក​គេ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា គឺ​លោក កុយ គួង បញ្ជាក់​ថា នោះ​គ្រាន់​តែ​ជា​ព័ត៌មាន​មិន​ទាន់​ប្រាកដ​នៅ​ឡើយ។ នៅ​ពេល​នេះ ទាំង​អាជ្ញាធរ​ថៃ និង​ស្ថានទូត​កម្ពុជា ប្រចាំ​ក្រុង​បាងកក កំពុង​ស្វែង​រក​ព័ត៌មាន​ជាក់លាក់៕

1 comment:

Anonymous said...

This is AH HUN SEN Vietcong slave economic achievement!