Tuesday, December 10, 2013

Update: ថៃ​ចាប់​ពលករ​ខ្មែរ​១៨​នាក់


ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច​របស់​ប្រទេស​ថៃ ចាប់​ខ្លួន។ ទន្ទឹម​នឹង​នេះ ក្រុម​​គ្រួសារ​របស់​ពលករ​ខ្មែរ​ដែល​ត្រូវ​អាជ្ញាធរ​ថៃ ចាប់​ខ្លួន អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អន្តរាគមន៍​ដោះលែង​អ្នក​ទាំង ១៨​នាក់​នោះ អាច​បាន​ត្រឡប់​មក​កម្ពុជា​វិញ។

ដោយ ម៉ម មុនីរតន៍ 2013-12-10

ពលករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការ​នៅ​ប្រទេស​ថៃ បាន​អះអាង​ថា សមត្ថកិច្ច​របស់​ប្រទេស​ថៃ បាន​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​មាន​ស្រី ប្រុស​ចំនួន ១៨​នាក់ ដាក់​ពន្ធនាគារ សង្ស័យ​ពី​បទ​ថា​បាន​​អុកឡុក​ប្រឆាំង​ក្រុម​បាតុករ​អាវ​លឿង​របស់​លោក ស៊ូថេប ដែល​ព្យាយាម​ទម្លាក់​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ពី​នាយករដ្ឋមន្ត្រី​កាល​ពី​សប្ដាហ៍​មុន។

លោក អ៊ុល អឿន ពលករ​ខ្មែរ​រស់​នៅ​ស្រុក​ស៊ុងស៊ុង ខេត្ត​ណាខនស៊ីថាំរ៉ាត់ (Nakhon Si Thammarat) និង​ធ្វើ​ការ​នៅ​ទី​នោះ​ជា​កម្មករ​សំណង់ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ថា ពលរដ្ឋ​កម្ពុជា​ចំនួន ១៨​នាក់ ត្រូវ​បាន​តម្រួត​របស់​ប្រទេស​ថៃ ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​៣០ វិច្ឆិកា។ ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគេ​ឡើង​ឡាន​ត្រឡប់​មក​ស្រុក​កំណើត​វិញ។

លោក​បន្ត​ថា ភ្លាមៗ​សមត្ថកិច្ច​របស់​ថៃ បាន​ចុះ​ចាប់​ដោយ​ចោទ​ប្រកាន់​ថា ពួក​គេ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​ប្រឆាំង​ក្រុម​បាតុករ រៀបចំ​ដោយ​ក្រុម​អាវ​លឿង​របស់​លោក ស៊ូថេប ដែល​ទម្លាក់​អ្នកស្រី យីងឡាក់ ពី​អំណាច។

លោក អ៊ុល អឿន បន្ត​ថា ពលករ​ទាំង ១៨​នាក់​ដែល​ត្រូវ​តម្រួត​របស់​ថៃ ចាប់​ខ្លួន​នេះ គឺ​ជា​ក្រុម​ធ្វើ​ការ​សំណង់​ជាមួយ​នឹង​លោក។ ក្នុង​ចំណោម​នោះ មាន​មក​ពី​ខេត្ត​ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ចាម។

លោកស្រី អ៊ុំ សំ រស់​នៅ​ភូមិ​ស្វាយព្រៃ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ដែល​ត្រូវ​ជា​ម្ដាយ​របស់​ឈ្មោះ ស៊ុន ស្រៀន អាយុ ២៣​ឆ្នាំ ដែល​ត្រូវ​សមត្ថកិច្ច​របស់​ថៃ ចាប់​ខ្លួន​ក្នុង​ចំណោម​អ្នក​ទាំង ១៨​នាក់​ដែរ​នោះ ថ្លែង​ថា លោកស្រី​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​ជំនាញ និង​រដ្ឋាភិបាល​កម្ពុជា ជួយ​អន្តរាគមន៍​ដោះស្រាយ​ឲ្យ​កូន​របស់​គាត់​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា បាន​ភ្លាមៗ​ទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​តែ​ពុំ​មាន​អ្នក​ទទួល ហើយ​ក្រោយ​មក​បាន​បិទ​ទូរស័ព្ទ​ទៅ​វិញ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ។

ចំណែក​អ្នកស្រី យូ អយ អគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បដិសេធ​ក្នុង​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ ដោយ​ចាត់​ទុក​ថា មិន​ចូល​ចិត្ត​ផ្ដល់​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ទេ ជាមួយ​អ្នក​សារព័ត៌មាន។

លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​របស់​មជ្ឈមណ្ឌល​​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ចាត់​ទុក​ថា នេះ​ជា​កម្រិត​ដោះស្រាយ​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​របស់​ប្រទេស​ទាំង​ពីរ។លោក​គិត​ថា ជា​ពិសេស​រដ្ឋាភិបាល​កម្ពុជា គប្បី​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​ក្នុង​រឿង​នេះ​ជាមួយ​ដៃគូ​សន្ទនា​របស់​ខ្លួន គឺ​រដ្ឋាភិបាល​ថៃ។ លោក​បន្ត​ថា អ្វី​ដែល​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត គឺ​ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​ពលករ​កម្ពុជា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​ដែរ​ទេ។ លោក មឿន តុលា អះអាង​ថា ផ្អែក​តាម​ការ​សិក្សា​ដោយ​ផ្ទាល់​រក​ឃើញ​ថា ពលករ​កម្ពុជា គឺ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​នេះ​ទេ។

លោក មឿន តុលា បាន​បង្ហាញ​របាយការណ៍​ថា ពលករ​ដែល​បាន​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​ទៅ​ធ្វើ​ការ​​នៅ​ប្រទេស​ថៃ ចំនួន ២០​ម៉ឺន​នាក់ ( ២០០.០០០)។ ប៉ុន្តែ​ផ្អែក​តាម​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​ពេល​កន្លង​ទៅ​នេះ លោក មឿន តុលា រក​ឃើញ​ថា មាន​ពលករ​កម្ពុជា ទាំង​ស្រប​ច្បាប់ និង​ខុស​ច្បាប់​ចន្លោះ​ពី ៦០​ម៉ឺន (៦០០.០០០) ទៅ ១​លាន​នាក់ (១.០០០.០០០) ក្នុង​ពេល​បច្ចុប្បន្ន៕

No comments: