Monday, December 16, 2013

ពលរដ្ឋ​គ្រោង​តវ៉ា​ឱ្យ​ក្រុមហ៊ុន​លោក​ឧកញ៉ា​ ទ្រី​ ភាព ​ប្រគល់​ដីធ្លី​មក​វិញ​ជា​បន្ទាន់​ ​


RFA/Chin Chetha
ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​រស់នៅ​ឃុំ​អន្លង់រាប​ ស្រុក​វាលវែង ខេត្ត​ពោធិ៍​សាត់​ គ្រោង​នឹង​លើក​គ្នា​ទៅ​ជួប​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគាត់​ជា​មួយ​នឹង​ក្រុមហ៊ុន​ អឹម ឌី អេស(MDS) របស់​លោក​ឧកញ៉ា​ ទ្រី ភាព​ ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជិត​៤​ឆ្នាំ​មក​ហើយ​នោះ​។

ដោយ ជិន ជេដ្ឋា RFA 2013-12-15

គម្រោង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគាត់​ទទួល​បាន​ព័ត៌មាន​ថា​ អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​ គ្រោង​នឹង​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ និង​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​ នៅ​សាលា​ស្រុក​វាលវែង​ នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៣​។

ប្រជា​ពលរដ្ឋ​មក​ពី​ភូមិ​ចំនួន​៤ គឺ​ភូមិ​ចម្ការ​ជ្រៃ​ខាង​ត្បូង ចម្ការ​ជ្រៃ​ខាង​ជើង ក្រាំង​រងៀង និង​ភូមិ​កណ្ដាល​ នៃ​ឃុំ​អន្លង់រាប​ គ្រោង​នឹង​ឡើង​ទៅ​ជួប​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ផ្នែក​ដីធ្លី​ខេត្ត​ពោធិ៍​សាត់​ ដើម្បី​បង្ហាញ​អំពី​ទុក្ខ​កង្វល់ និង​ផល​ប៉ះពាល់​នានា​ ដែល​កើត​ចេញ​ពី​ក្រុម​ហ៊ុន​ អឹម ឌី អេស​។ ក្រុម​ប្រជា​ពលរដ្ឋ​គ្រោង​នឹង​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ក្នុង​ចម្ងាយ​ប្រមាណ​ជា​៧​ គីឡូម៉ែត្រ​ ប្រដាប់​ដោយ​បដា​ពាក្យ​ស្លោក​ និង​ឧបករណ៍​បំពង​សំឡេង​ ដើរ​ចេញ​ពីចំណុច​ភូមិ​កណ្ដាល​ នៃឃុំ​អន្លង់រាប​ ឆ្ពោះ​ទៅ​កាន់​សាលា​ស្រុក​វាលវែង​។

តំណាង​ប្រជា​ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង​លោក​ ជុំ សារ៉ាត​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ថា​ គោល​បំណង​សំខាន់​មួយ​ ក្នុង​ចំណោម​គោល​បំណង​សំខាន់​ៗ​ផ្សេង​ទៀត​ គឺ​ក្រុមហ៊ុន​ត្រូវ​តែ​ប្រគល់​ដី​ ដែល​ខ្លួន​បាន​ឈូស​ឆាយ​ប៉ះ​ពាល់​មក​លើ​ដី​របស់​ពលរដ្ឋ​ ត្រូវ​ប្រគល់​មក​ឲ្យ​ពួកគាត់​វិញ​ជា​បន្ទាន់​ និង​ដោយ​គ្មាន​លក្ខខ័ណ្ឌ​អ្វី​ទាំង​អស់៖ «បើ​សិន​ជា​គេ​មិន​ឲ្យ​ខ្ញុំ​មាន​មតិ​​ ឬ​ឲ្យ​បាតុករ​មាន​មតិ​អី​ទេ​យើង​ខ្ញុំ​នៅ​តែ​ទទូច​ទាល់តែ​គេ​ទទួល​យក​ឲ្យ​ខ្ញុំ​ឡើង​វែកញែក​នូវបញ្ហា​ទាំង​អស់​ហ្នឹង។ បើ​សិន​គេ​ចប់​ការងារ​គេ​ៗ​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​ស្អែក ឬ​ខាន​ស្អែក​ខ្ញុំ​នឹង​បន្ដ​ធ្វើ​បាតុកម្ម​នេះ​បន្ដ​ទៅ​ផ្នែក​ខាង​ឃុំ​ខ្ញុំ​វិញ​ម្ដង»។

ចំណែក​ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត​លោក​ យក់ ប៉ាច​ បាន​បន្ថែម​ថា​ ក្រុមប្រជា​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ក្នុង​ភូមិ​ចម្ការ​ជ្រៃ​ខាង​ជើង​ជាង​៣០​គ្រួសារ​នឹង​ទៅ​ចូល​រួម​ក្នុង​ក្បួន​ដង្ហែ​នេះ​ទាំង​អស់​គ្នា ដោយ​ពួកគាត់​មិន​អាច​រង់ចាំ​ដំណោះស្រាយ​ ឬ​ការ​សន្យា​បែប​ស្រពិចស្រពិល​របស់​អាជ្ញាធរ​ភូមិ និង​ឃុំ​ទាក់ទិន​នឹង​បញ្ហា​នេះ​តទៅ​ទៀត​ឡើយ​។ លោក​បន្ត​ថា​ អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ​ នៃ​ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ អឹម ឌី អេស​ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ជួប​ទុក្ខ​លំបាក​ជា​ច្រើន​ ដូច​ជា​ការបាត់​បង់​ដីធ្លី​សម្រាប់​ធ្វើ​កសិកម្ម​ និង​ការ​បិទ​ផ្លូវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ ឬ​ដឹក​កសិផល​កាត់​ដី​របស់​ក្រុមហ៊ុន​ជា​ដើម។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ អឹម ឌី អេស​(MDS)​ និង​អភិបាល​រង​ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត​ពោធិ៍​សាត់​លោក សួន រិន្ទឌី​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។ យ៉ាង​ណា​មេ​ឃុំ​អន្លង់​រាប​លោក​ អ៊ុំ សេង​ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​ប្រជា​ពលរដ្ឋ​ដែល​នាំ​គ្នា​ទៅតវ៉ា និង​ចង់​ចូល​ទៅ​កាន់​វេទិកា​ដែល​រៀប​ចំ​ឡើងដោយ​ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់​ នា​ពេល​នេះ ទំនង​ជា​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​រួម​ឡើយ​ ពី​ព្រោះ​ក្បួន ឬ​ការ​ជួបជុំ​របស់​ប្រជា​ពលរដ្ឋ​ទាំងនោះ គឺធ្វើ​ឡើង​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត៖ «បាទ​ប៉ះ​ច្រើន ក៏​ប៉ុន្តែ​យើង​ដោះស្រាយ​បាន​ច្រើន​ហើយ​កំពុង​ធ្វើ​បញ្ជី​សម្រាប់​របាយការណ៍​ជូន​ខេត្ត​ស្អែក ហើយ​ល្ងាច​បាន​ខ្ញុំ​សរុប។មាន​ប៉ះ​កន្លង​មក​ដោយ​​ក្រុមហ៊ុន​ឈូស​ ខាងបរិស្ថាន​ឲ្យ​ឈូស​ប៉ះ​របស់​គាត់​​ យើង​ដោះ​អត់​ទាន់​ចប់​ទល់​សព្វថ្ងៃ​គាត់​អន់​ចិត្ដ គាត់​ចង់​យក​របស់​គាត់​ទាំងអស់​វិញ ហើយ​បម្រុង​ធ្វើ​បាតុកម្ម​ស្អែក​ខ្ញុំ​លឺ​សូរ​ចឹង»។

មន្ត្រី​សម្របសម្រួល​សមាគម​អាហុក(Adhoc)​ប្រចាំ​ខេត្ត​ពោធិ៍​សាត់​លោក ភួង សុធា​ មាន​ប្រសាសន៍​ថា​ លោក​ហាក់​មិន​សូវ​មាន​ជំនឿ​លើ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ ឬ​បញ្ហា​ផ្សេងៗ​ តាម​រយៈ​វេទិកា​របស់​រាជរដ្ឋាភិបាល​នា​ពេល​នេះ​ឡើយ​ ពី​ព្រោះ​ថា​ប្រជា​ពលរដ្ឋ​ ដែល​មាន​បញ្ហា​ពិតប្រាកដ​ជា​ច្រើន​នាក់​ មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ ឬ​អញ្ជើញ​ឲ្យ​ចូល​រួម​នោះ​ទេ​ ដូច​នេះ​លោក​គិត​ថា​ វេទិកា​នេះ​ គឺ​គ្រាន់​តែ​ជា​ឆាក​ល្ខោន​ធ្វើ​ឲ្យ​ល្អ​មើល​ប៉ុណ្ណោះ។

លោក​ភួង សុធា​ ឲ្យ​ដឹង​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​ឯកភាព​ ឃុំ​ថ្មដា​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍​សាត់​ជាង​៣០​គ្រួសា​រ ក៏​មាន​គម្រោង​នាំ​គ្នា​ឡើង​មក​ជួប​អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ​ខេត្ត​ពោធិ៍​សាត់​ ក្នុង​គោលបំណង​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ អឹម ឌី អេស​ នា​ឱកាស​របស់​លោក​ឧកញ៉ា​ ទ្រី ភាព​ នោះ​ដែរ​ ៕

No comments: