Tuesday, December 10, 2013

សង្គម​ស៊ីវិល​កោត​សរសើរ​និង​ស្នើ​ឲ្យ​សមត្ថកិច្ច​បន្ត​សកម្មភាព​អហិង្សា


ក្រុម​សមត្ថកិច្ច​ឈរ​ការពារ​តាម​បណ្ដា​គោលដៅ នា​រាជធានី​ភ្នំពេញ
នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៣។ RFA/Ouk Savborey
ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៦៥ ឆ្នាំ​នេះ គ្មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ បាន​កោត​សរសើរ​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល​មិន​ប្រើ​ហិង្សា​វាយ​បង្ក្រាប ឬ​រារាំង​ក្បួន​ធម្មយាត្រា និង​សិទ្ធិ​យាត្រា​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើរ​ហែ​ក្បួន​ទៅ​មុខ​មន្ទីរ​រដ្ឋសភា។ សង្គម​ស៊ីវិល​ចាត់​ទុក​សកម្មភាព​អហិង្សា​នេះ​ថា ជា​ជំហាន​វិជ្ជមាន​
ឈាន​ទៅ​រក​ស្រុក​ទេស​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ។

ដោយ ដែន អយុធ្យា RFA 2013-12-10

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ដែល​តាម​ឃ្លាំ​មើល​ក្បួន​ធម្មយាត្រា និង​សិទ្ធិ​យាត្រា ដើម្បី​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៦៥ ថ្ងៃ​ទី​១០ ខែ​ធ្នូ បាន​ចាត់​ទុក​ភាព​ស្ងៀមស្ងាត់ ឬ​មិន​កំញើញ​កម្លាំង​របស់​សមត្ថកិច្ច​ចម្រុះ​រដ្ឋាភិបាល ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឆ្នាំ​នេះ ថា​ជា​សញ្ញា​វិជ្ជមាន​មួយ។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​ស្នើ​ឲ្យ​មេ​ដឹក​នាំ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ឬ​កម្លាំង​ចម្រុះ ឲ្យ​បន្ត​អនុវត្ត​សកម្មភាព​អហិង្សា​នា​ថ្ងៃ​អនាគត ដើម្បី​ចូល​រួម​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​នៅ​កម្ពុជា៖ «អ៊ីចឹង​បើ​សិន​ជា​មាន​ការ​រារាំង ឬ​មាន​ការ​ហាម​ឃាត់​ណា​មួយ រាជ​រដ្ឋាភិបាល​យើង គឺ​ជា​រដ្ឋាភិបាល​យើង​ជា​ម្ចាស់​ហត្ថលេខី និង​ផ្តល់​សច្ចាប័ន​លើ​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ហើយ​និង​អនុសញ្ញា​កតិកាសញ្ញា​ទាំង​ឡាយ​ស្តី​អំពី​សិទ្ធិ​មនុស្ស។ ហើយ​រដ្ឋធម្មនុញ្ញ​បាន​ចែង និង​ទទួល​ស្គាល់​ទៅ​ទៀត។ បើ​សិន​ជា​យើង​មិន​អនុញ្ញាត បាន​ន័យ​ថា យើង​មិន​ទទួល​ស្គាល់​សិទ្ធិ​មនុស្ស ការ​គោរព​សិទ្ធិ​មនុស្ស»។
ដូច​គ្នា​ដែរ លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់ ស្ថិត​ក្នុង​ចំណោម​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ច្រើន​ទៀត ក៏​បាន​អបអរ​សាទរ​កម្លាំង​ចម្រុះ​មិន​ប្រើ​អំពើ​ហិង្សា​ពេល​នេះ​ដែរ។

លោក វន់ ពៅ ជា​តំណាង​នាំ​សង្គម​ស៊ីវិល​ដើរ​ហែ​ក្បួន​ធម្មយាត្រា និង​សិទ្ធិ​យាត្រា​តាម​ផ្លូវ​ជាតិ​លេខ​៦​អា បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​ចម្រុះ​បន្ត​សកម្មភាព​អហិង្សា​ជា​បន្ត​ទៀត​នា​ថ្ងៃ​អនាគត៖ «ក្រសួង​មហាផ្ទៃ ចេញ​លិខិត​មួយ​មិន​អនុញ្ញាត​ឲ្យ​យើង​ដើរ​ហែ​ក្បួន​ទេ។ ក៏ប៉ុន្តែ ដោយ​យើង​មានៈ​ដើរ​ហែ​ក្បួន ក៏​ក្រសួង​មហាផ្ទៃ មិន​បញ្ជា​ឲ្យ​ប៉ូលិស​មក​រារាំង​យើង​ដែរ។ អ៊ីចឹង យើង​ឃើញ​ថា ក្រសួង​មហាផ្ទៃ បាន​យល់​ច្រើន​ពី​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ។ នេះ​បង្ហាញ​ពី​ភាព​វិជ្ជមាន​មួយ​របស់​សមត្ថកិច្ច ឬ​រដ្ឋាភិបាល ដែល​ក្រសួង​មហាផ្ទៃ បាន​អនុញ្ញាត​ឲ្យ​យើង​ដើរ​ហែ​ក្បួន​មក​មុខ​រដ្ឋសភា។ ប៉ុន្តែ យើង​គិត​ថា នេះ​ជា​សិទ្ធិ​ប្រជាពលរដ្ឋ គឺ​ជា​សិទ្ធិ​ប្រជារាស្ត្រ​ទូទាំង​ពិភពលោក ដែល​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ។ បើ​សិន​ជា​អ្នក​ណា​មួយ​រារាំង បាន​ន័យ​ថា អ្នក​នោះ​កំពុង​តែ​រំលោភ​ច្បាប់។ អ្នក​នោះ គឺ​កំពុង​តែ​បំពាន​ទៅ​នឹង​កតិកាសញ្ញា ឬ​អនុសញ្ញា​ផ្សេងៗ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​មនុស្ស»។

ចំណែក អ្នកស្រី យ៉ោម បុប្ផា ជា​តំណាង​ឲ្យ​ក្បួន​ធម្មយាត្រា និង​សិទ្ធិ​យាត្រា​ផ្លូវ​ជាតិ​លេខ​៤ ដែល​ធ្លាប់​ត្រូវ​សមត្ថកិច្ច​វាយ​បង្ក្រាប និង​ចាប់​ដាក់​ពន្ធនាគារ ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​អហិង្សា​ដ៏​កម្រ​របស់​កម្លាំង​​ចម្រុះ នៅ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ៖ «ផ្ញើ​សារ​ទៅ​ដល់​រដ្ឋាភិបាល ព្រោះ​ថា ប្រទេស​យើង គឺ​បាន​ចុះ​សន្ធិសញ្ញា​ជាមួយ​អន្តរជាតិ និង​បណ្ដា​ប្រទេស​ផ្សេងៗ​ដែរ។ អ៊ីចឹង ខ្ញុំ​សុំ​ឲ្យ​រដ្ឋាភិបាល​គោរព​នូវ​សិទ្ធិ​មនុស្ស និង​គោរព​ប្រជាជន កុំ​យក​ប្រជាពលរដ្ឋ​ធ្វើ​ជា​សត្រូវ។ ហើយ​សុំ​ឲ្យ​លុប​បំបាត់​នូវ​អំពើ​ហិង្សា​ទាំង​ឡាយ​ណា ដែល​ធ្វើ​មក​លើ​ប្រជាជន។ ជាពិសេស គឺ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ជាប់​លាប់ ជៀសវាង​មាន​តែ​ច្បាប់ ប៉ុន្តែ​អត់​មាន​អ្នក​គោរព»។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​ហាម​មិន​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នានា ឬ​បក្ស​ប្រឆាំង ដើរ​ហែ​ក្បួន​ទៅ​មន្ទីរ​រដ្ឋសភា ទេ​នៅ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ដោយ​អនុញ្ញាត​ឲ្យ​រៀប​ចំ​ពិធី​នេះ​នៅ​វត្ត​ភ្នំ និង​នៅ​សួន​មាត់​ទន្លេ​ខាង​កើត​វត្ត​ភ្នំ ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់។ ប៉ុន្តែ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មិន​បាន​គោរព​តាម​ទេ។

ទោះ​ជា​បែប​ណា កម្លាំង​ចម្រុះ​មាន​ប៉ូលិស កង​រាជ​អាវុធហត្ថ និង​កម្លាំង​បង្ក្រាប​បាតុកម្ម​ជាដើម មិន​បាន​ប្រើ​ហិង្សា​វាយ​បង្ក្រាប​ទៅ​លើ​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើរ​ហែ​ក្បួន​ទៅ​មុខ​រដ្ឋសភា ទេ។ ក៏ប៉ុន្តែ កម្លាំង​ទាំង​នេះ​បាន​ដាក់​ពង្រាយ​នៅ​ជិត​បរិវេណ​មន្ទីរ​រដ្ឋសភា ប៉ុន្តែ​មិន​បាន​បង្ហាញ​សព្វាវុធ ដំបង​ឆក់ ឬ​ខែល​ជាដើម​ជា​សាធារណៈ​ទេ ដោយ​បាន​រក្សា​ទុក​ក្នុង​រថយន្ត ឬ​ក្នុង​ស្រោម​សុវត្ថិភាព។

​​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ខួប​ទី​៦៥ ឆ្នាំ​នេះ ក្រោម​ប្រធាន​បទ «យើង​ទាំងអស់​គ្នា​លើក​ស្ទួយ និង​ការពារ​យុត្តិធម៌​សង្គម»៕

2 comments:

Anonymous said...

CHANGE! CHANGE! CHANGE!

Anonymous said...

CHANGE what?????????????????????????
Stupid...Stupid talk.