Tuesday, December 17, 2013

៥ យុទ្ធសាស្ត្រ​ឈ្នះ​មុន​ច្បាំង


រូបថត វិសាល​
សូរ សមយុទ្ធ ភ្នំពេញប៉ុស្តិ៍ 17 December 2013

ភាព​ចាញ់​ឈ្នះ​នៃ​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ មិន​បាន​កំណត់​ត្រឹម​តែ​នៅ​ថ្ងៃ​អាទិត្យ ទី ២៨ ខែ កក្កដា ឆ្នាំ ២០១៣ នោះ​ទេ គឺ​វា​បាន​កើត​ឡើង តាំង​ពី​មុន​នេះ​ម៉្លេះ។ រឿង​ដែល​កើត​ឡើង​ក្នុង​នយោបាយ​មិន​មែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ តែ​គឺ​ចេញ​ពី​ការ​រៀបចំ​ទុក​ជា​មុន​ទាំង​អស់។ អ្នក​នយោបាយ ដែល​តែង​តែ​ជឿ​លើ​ព្រេង​សំណាង វាសនា ឬ​ការ​ទស្សន៍ទាយ​គឺ​ចៀស​មិន​ផុត​ពី​ការ​បរាជ័យ​នោះ​ទេ។ ក្នុង​ការ​យក​ឈ្នះ​ការ​បោះឆ្នោត​ម្តងៗ ជំរំ​ទេវតា បាន​រៀបចំ​ក្បួន​យុទ្ធសាស្ត្រ ៥ឆ្នាំ ម្តងៗ ទុក​ជា​មុន ហើយ​សម្រាប់​ឆ្នាំ ២០១៣ នេះ​ក៏​មាន ៥ ដែរ​គឺ៖

ទី១. រក្សា​ទុក​ថ្ងៃ​ចុះ​ឈ្មោះ​មាន​រយៈ​ពេល​ខ្លី និង​បោះឆ្នោត​នៅ​រហូត​រដូវ​វស្សា​ពោល​គឺ​កាល​ពី​ឆ្នាំ ១៩៩៣ បោះឆ្នោត​រៀបចំ​ឡើង​ដោយ អ៊ុនតាក់ គេ​បាន​កំណត់​យក​ខែ ឧសភា រដូវ ប្រាំង ធ្វើ​ជា​កាលបរិច្ឆេទ​បោះឆ្នោត បោះ​បាន​គ្រប់​ទី​កន្លែង​ហើយ​ចុះ​ឈ្មោះ​បាន​គ្រប់​ពេល​មាន​រយៈ​ពេល​យូរ​។ មូលហេតុ​ដែល អ៊ុនតាក់ ដាក់​ការ​បោះឆ្នោត​នៅ​ខែ ឧសភា រដូវ​ប្រាំង​គឺ​ក្នុង​បំណង​ថា ពលរដ្ឋ​ខ្មែរ ៨៥ ភាគរយ​ជា​កសិករ ធ្វើ​ស្រែ​វស្សា​ចាប់​ពី​ខែ កក្កដា ប្រមូល​ផល​នៅ​ចុង​ឆ្នាំ រីឯ​ស្រូវ​ប្រាំង​វិញ គឺ​ភាគ​ច្រើន​បំផុត​ប្រមូលផល​នៅ​ខែ មីនា បញ្ចប់​ការ​ច្រូត​កាត់​នៅ​ខែ មេសា អស់ រវល់ ដី​ស្ងួត​មាន​ពេល​គ្រប់​គ្រាន់ មិន​រវល់​នឹង​ស្រែ​ចម្ការ​ងាយ​ស្រួល​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​ឈ្មោះ​និង​បោះឆ្នោត។ ដល់​តែ​ពេល​ប្តូរ​មក​ដាក់​ខែ កក្កដា វិញ យ៉ាង​ហោច​ខេត្ត ១៥ នៅ​ជុំវិញ​ទន្លេ​សាប ទន្លេ បាសាក់ ដង​ទន្លេ​មេគង្គ​ជាដើម លិច​ទឹក​ពិបាក​ធ្វើ​ដំណើរ​អាច​មាន​ព្យុះ​ភ្លៀង​មិន​ហ៊ាន​ទាំង​ធ្វើ​ដំណើរ​តាម​ទូក​តាម​កាណូត​ផង​ស្រប​ពេល​នឹង​បក្ស​ប្រឆាំង គ្មាន​មធ្យោបាយ តែ​បក្ស​កាន់​អំណាច​ប្រើ​រដ្ឋ​បញ្ជា​រាជការ​សម្លុត​មន្ត្រី​ប្រើ​ទ្រព្យ នគរ មធ្យោបាយ​រដ្ឋ​បម្រើ​បក្ស ដឹក​ជញ្ជូន​មនុស្ស​យក​ទៅ​បោះឆ្នោត​បាន​ងាយ​ស្រួល​ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចាញ់​មួយ​ភាគ។

ទី២. រក្សា​ទុក​ចំនួន​តំណាង​រាស្ត្រ​នៅ ១២៣ ដដែល​ពោល​គឺ​ឆ្នាំ ២០០៨ អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ប្រហែល​ជា ៨ លាន​នាក់ ទៅ​បោះ​បាន ៥ លាន ចែក​ឲ្យ​កៅអី ១២៣ ដល់​ឆ្នាំ ២០១៣ អ្នក​បោះឆ្នោត​កើន​ឡើង​ដល់​ជាង ៩ លាន​នាក់ តែ​កៅអី​នៅ​តែ ១២៣ ដដែល។ បង្កើន​មន្ត្រី​នៅ​ក្បាល​ម៉ាស៊ីន​រដ្ឋាភិបាល​កាន់​តែ​ច្រើន​គេ​ថា មិន​អី​ដល់​ពេល​ថែម​តំណាង​រាស្ត្រ​បួន​ដប់​នាក់​ទៀត រដ្ឋ​ថា​អី ដូច​នេះ ជា​ចេតនា​ដែល​មិន​បង្កើន​ចំនួន​អ្នក​តំណាង​រាស្ត្រ​គឺ​ជំរំ​ទេវតា​ដឹង​ច្បាស់​ថា អ្នក​បោះឆ្នោត​ថ្មី​ភាគ​ច្រើន​ជា​យុវជន​ដែល​មិន​គាំទ្រ​បក្ស​ទេវតា ហើយ​ជម្រើស​របស់​គេ គឺ​មាន​តែ​ពីរ​គត់ គឺ​បោះ​ឲ្យ​បក្ស​ប្រឆាំង​ឬ​ដេក​នៅ​ផ្ទះ​មិន​ខ្ចី​ខ្វល់។ ដូច្នេះ​ការ​រក្សា​ទុក​កៅអី​នៅ​ដដែល​បើ​ទោះ​ជា​បក្ស​ប្រឆាំង​កើន​អ្នក​គាំទ្រ​ថ្វី​ដ្បិត​តែ​កើន តែ​នៅ​តែ​ថយ ព្រោះ​កើន​តែ​អ្នក​បោះឆ្នោត ចំនួន​កៅអី​នៅ​ដដែល ពី​មុន ៣ ម៉ឺន បាន​មួយ​កៅអី ឥឡូវ ៥ ម៉ឺន​ទើប​បាន​មួយ​កៅអី ចំណែក​បក្ស​ទេវតា​វិញ គិត​ថា បើ​ទោះ​ជា​ចុះ​សំឡេង ក៏​នៅ​តែ​ឈ្នះ ព្រោះ​គេ​មាន​សំឡេង​ច្រើន​ថ្វី​ដ្បិត​តែ​ថយ តែ​នៅ​តែ​លើស​បក្ស​ប្រឆាំង។ យុទ្ធសាស្ត្រ​នេះ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចាញ់​មួយ​ភាគ​ទៀត។

ទី៣. លុប​អ្នក​មាន​ឈ្មោះ​បោះឆ្នោត​ជាង ១ លាន​នាក់​ចេញ​ពី​បញ្ជី​បោះឆ្នោត​ឆ្នាំ ២០១៣ ពោល​គឺ​អ្នក​ស្រង់​ឈ្មោះ​គ្រប់​គ្រង​ឈ្មោះ​អ្នក​បោះឆ្នោត​តាម​ភូមិ គឺ​លោក​មេភូមិ មេឃុំ ដែល ៩៥ ភាគរយ​នៅ​តែ​គ្រប់​គ្រង​ដោយ​មន្ត្រី​មូលដ្ឋាន​របស់​បក្ស​ទេវតា។ គេ​នៅ​ចាំ​បាន​ថា នៅ​ដើម​ឆ្នាំ ២០១២ មុន​ការ​បោះឆ្នោត ឃុំ សង្កាត់ បក្ស​ទេវតា​បាន​ធ្វើ​អត្ត​សញ្ញាណកម្ម​ពលរដ្ឋ​តាម​មូលដ្ឋាន​ជា​បី​ប្រភេទ​គឺ ខ្មៅ ប្រផេះ និង ស។ ស គឺ​អ្នក​គាំទ្រ​បក្ស​ទេវតា រីឯ ប្រផេះ គឺ​ស្ទាក់​ស្ទើរ​មិន​ទាន់​សម្រេច​ចិត្ត​ច្បាស់​លាស់ ចំណែក ខ្មៅ គឺ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង ហើយ​អ្នក​ដែល​ដឹង​ច្បាស់ គឺ​មេភូមិ ដូច​នេះ គាំទ្រ​ឬ​មិន​គាំទ្រ​គឺ​ដាក់​លេខ​កូដ​ចំណាំ​បាន ចំពោះ​អ្នក​មិន​គាំទ្រ ទោះ​ជាន់​គ្នា​ឬ​មិន​ជាន់​គ្នា​អាច​លុប​ចោល​ពី​ប្រព័ន្ធ​ព័ត៌មាន​ក្នុង​កុំព្យូទ័រ​បាន (Database) រី​ឯ​អ្នក​គាំទ្រ ទោះ​បី​ជា​ជាន់​លេខ​រៀង ឬ​ឈ្មោះ​ដូច​គ្នា ក៏​ដោយ​គឺ​រក្សា​ទុក​នៅ​ដដែល​ព្រោះ​មាន​កូដ​ដូច​នេះ ចំពោះ​មន្ត្រី​ដែល​គេ​បាន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​ពីរ​កន្លែង​ដើម្បី​រក​អ្នក​អត់​ប័ណ្ណ​មក​បោះ​ជំនួស​គឺ​មិន​បាត់​ឈ្មោះ​។ យុទ្ធសាស្ត្រ ទី៣ នេះ បាន​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចាញ់​មួយ​ភាគ​ទៀត។

ទី៤. រក្សា​ទុក​រូបមន្ត រាប់​សន្លឹក​ឆ្នោត យក​សំណល់​ភាគ​បែង​ធំ និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ​សម័យ អ៊ុនតាក់ បក្ស​តូច បក្ស​ធំ គឺ​បាន​សំឡេង​ឆ្នោត​មាន​កៅអី​តិច​ច្រើន​ដូច​គ្នា ព្រោះ​បើ​ទោះ​បី​សំឡេង​ឆ្នោត​ក្នុង​មណ្ឌល​មួយ​មិន​គ្រប់​មួយ​កៅអី​ក៏​គេ​រក្សា​ទុក​ឲ្យ​បក្ស​នោះ​ដែរ ដើម្បី​យក​ទៅ​បូក​បញ្ចូល​នឹង​សំឡេង​របស់​បក្ស​នោះ នៅ​ខេត្ត​ណា​ដែល​បាន​សំឡេង​ច្រើន​ជាង​នោះ វា​ធ្វើ​ឲ្យ​បក្ស​តូច​ក៏​បាន​កៅអី​នៅ​សភា​ដែរ តែ​ចាប់​តាំង​ពី​ការ​ចាញ់​បក្ស ហ៊្វុនស៊ីនប៉ិច ឆ្នាំ ១៩៩៣ មក​ជំរំ​ទេវតា បាន​ប្តូរ​យក​រូបមន្ត​សំណល់​ភាគ​បែង​ធំ​ទៅ​វិញ​ពោល​គឺ​បើ​ទោះ​ជា​ចែក​ជុំ​ទីមួយ​បក្ស​ធំ​បាន​កៅអី​ហើយ​ក្តី តែ​បើ​សំណល់​របស់​បក្ស​ធំ​នៅ​តែ​ច្រើន​ជាង​សំឡេង​ឆ្នោត​បាន​ការ​ទាំង​អស់​របស់​បក្ស​តូច ក្នុង​មណ្ឌល​មួយ​នោះ​គឺ​តម្រូវ​ឲ្យ​បក្ស​តូច​យក​សំឡេង​ខ្លួន​ទៅ​ឲ្យ​បក្ស​ធំ ដើម្បី​ចែក​ជុំ​ទីពីរ​ធ្វើ​ឲ្យ​បក្ស​ធំ​កាន់​តែ​កើន​កៅអី​រីឯ​បក្ស​តូច​កាន់​តែ​តិច​រួញ​កាន់​តែ​តូច​ហើយ​ធ្វើ​ឲ្យ​បក្ស​តូចៗ ងាប់ ម្តងៗ​មួយ​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ។ យុទ្ធសាស្ត្រ​នេះ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចាញ់​មួយ​ភាគ​ទៀត​ចាញ់​គ្រប់​អាណត្តិ​ឬ​ថា ជំនាញ​លួច​តាម​បច្ចេកទេស​រូបមន្ត​លួច​ស្រប​ច្បាប់។

ទី៥. គ្រប់​គ្រង​សារព័ត៌មាន​ក្នុង​ដៃ​ឲ្យ​ជាប់ គឺ​ស្មើ​នឹង​បិទ​ភ្នែក​ខ្ទប់​ត្រចៀក​រាស្ត្រ កុំ​ឲ្យ​ឃើញ​កុំ​ឲ្យ​ឮ អ្វី​ដែល​អាជ្ញាធរ​រដ្ឋ​មិន​ចង់​ឲ្យ​ដឹង​មិន​ចង់​ឲ្យ​ឮ ពោល​គឺ​តាំង​ពី ៣០០០ ឆ្នាំ​មុន​ម៉្លេះ ផ្លាតូ (Plato) បាន​ប្រៀប​ធៀប​សង្គម​ផ្តាច់ការ ទៅ​នឹង​រូង​ភ្នំ​ងងឹត​ហើយ​ប្រៀប​ធៀប​ពលរដ្ឋ ដែល​រស់​នៅ​ក្នុង​សង្គម​ផ្តាច់ការ ទៅ​នឹង​អ្នក​ទោស​ក្នុង​រូង​ភ្នំ​ងងឹត ដែល​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋ​ចាប់​យក​ទៅ​ឃុំ​ក្នុង​រូង​ភ្នំ តាំង​ពី​កំណើត​ហើយ​បង្រៀន​អ្វី​ដែល​ខុសៗ ដល់​អ្នក​ទោស ក្នុង​រូង​ភ្នំ ឧទាហរណ៍​ថា​ដែល​ហៅ​ថា យុត្តិធម៌ គឺ​បាត់​អី​គឺ​សង​នោះ បាត់​ដៃ​កាត់​ដៃ​សង​សម្លាប់​ជីវិត​សង​ជីវិត បើ​ក្រ​គឺ​គ្មាន​ទេ​យុត្តិធម៌ បើ​គ្មាន​អំណាច​គឺ​គ្មាន​ទេ យុត្តិធម៌​ដែល​ហៅ​ថា​ឯករាជ្យ គឺ​បិទ​មាត់​កុំ​និយាយ​អ្វី​ទាំង​អស់ ដែល​ហៅ​ថា ពលរដ្ឋ​ល្អ គឺ​កុំ​ឈ្លោះ​តវ៉ា​ជាមួយ​អាជ្ញាធរ​អ្វី​ដែល​អាជ្ញាធរ​ថា គឺ​សុទ្ធ​តែ​ជា​ច្បាប់ ហើយ​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់ មន្ត្រី​ជា​ម្ចាស់ រាស្ត្រ​ជា​អ្នក​បម្រើ​ជាដើម។ ស្រាប់​តែ​ថ្ងៃ​មួយ​មាន​រាស្ត្រ​ជាប់​គុក​រូង​ភ្នំ​ម្នាក់​បាន​រួច​ចេញ​មក ពិភពលោក​ខាង​ក្រៅ រៀន​សូត្រ​ចេះ​ដឹង​អ្វីៗ​សព្វ​យ៉ាង​ក៏​ចង់​ត្រឡប់​ទៅ​ប្រាប់​ការ​ពិត​ដល់​មនុស្ស​នៅ​ក្នុង​រូង​ភ្នំ​វិញ​តែ​ពេល​ប្រាប់​ហើយ​ដំបូង​ឡើយ​គ្មាន​អ្នក​ជឿ​ទេ ហើយ​ថែម​ទាំង​ថា ឲ្យ​បុរស​នោះ​ថា មនុស្ស​ឆ្កួត​ទៀត​ផង។ ស្ថានភាព​នេះ គឺ​មិន​សូវ​ជា​ខុស​គ្នា​នឹង​ស្ថានភាព​កម្ពុជា​ចំពោះ​សេរីភាព​សារព័ត៌មាន ប៉ុន្មាន​ទេ ហើយ​សាលារៀន​គឺ​រៀប​មេរៀន ដើម្បី​បង្រៀន​ឲ្យ​មនុស្ស​ខ្មែរ​គាំទ្រ​របប​ជាង​បង្រៀន​មេរៀន​ពិត​សច្ចៈ ទៀង​ត្រង់ វិទ្យាសាស្ត្រ​និយម​ទៅ​វិញ​។ យុទ្ធសាស្ត្រ ទី៥ នេះ ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចាញ់​មួយ​ភាគ​ទៀត។

មិន​ទាន់​ទាំង​ច្បាំង​ផង ជំរំ​ព្រះអាទិត្យ​អស់​ពន្លឺ ៥ ភាគ​ទៅ​ហើយ ទោះ​ជា​ខ្លាំង​យ៉ាង​ណា ក៏​មិន​អាច​បាន​លើស​ពី ៥០ ភាគរយ​បូក ១ ដែរ​។ សំណួរ​សួរ​ថា តើ​ជំរំ​ព្រះអាទិត្យ ដឹង​ពី​យុទ្ធសាស្ត្រ​ទាំង​អស់​នេះ​ទេ? ចម្លើយ​គឺ​ដឹង​! ដឹង​ច្បាស់​ណាស់​ទៅ​ហើយ​ក៏​ឃើញ​បក្ស​ប្រឆាំង ខាំ​មាត់​សង្កត់​ចិត្ត​ស៊ូ​ទ្រាំ​តវ៉ា​ប្រឆាំង​ទាមទារ​ដែរ​កន្លង​ទៅ​តែ​មិន​បាន​ផល​អាច​មក​ពី​កត្តា​ពីរ​យ៉ាង

ក.ស្ថានភាព​មិន​អំណោយផល​ពេល​ល្អ មិន​ទាន់​មក​ដល់ អំណាច​នៅ​តិច រុញ​មិន​រលើង​ហើយ​ចេះ​តែ​មាន​មនុស្ស​ចេញ​ពី​បក្ស​ទៅ​ធ្វើ​កំណល់ ធ្វើ​ស្នៀត​ទប់​ឲ្យ​បក្ស​ទេវតា

ខ.អាច​មក​ពី​ជំរំ​ព្រះអាទិត្យ​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​នៅខ្សោយ​ ក៏​ថា បាន។ ទាំង​អស់​នេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជំរំ​ព្រះអាទិត្យ​ត្រូវ​ដាក់​លក្ខខណ្ឌ​ជាតិ​ធំៗ ជាមួយ​បក្ស​ទេវតា​សិន មុន​ចូល​ធ្វើ​ការងារ​បម្រើ​ជាតិ​បើ​មិន​ដូច​នោះ​ទេ​បក្ស​ព្រះ​អាទិត្យ យល់​ថា ទៅ​កែ​អ្វី​មិន​បាន​ទេ​បើ​ស្នើ​ក្រោយ​ចូល​ធ្វើ​ការ​។ មើល​ទៅ​មិន​ពិត​ទាំង​ស្រុង​ទេ ដែល​ថា ធ្វើ​អ្វី​មិន​កើត​ឬ​កែ​មិន​បាន​ក្រោយ​ចូល​នោះ ដូចជា​ឲ្យ​តម្លៃ​បក្ស​ទេវតា​ហើយ​មើល​ងាយ​ខ្លួន​ឯង​ពេក​ហើយ ហើយ​ប្រសិន​បើ​ចូល​ហើយ​កែ​គេ​មិន​បាន​នោះ​មាន​ន័យ​ថា​គេ​ខ្លាំង​ពេក ឬ​យើង​អន់​ពេក? អ្វីៗ​ទាំង​អស់​គឺអាស្រ័យនៅលើ​ជម្រើស ​ក្រៅ​ឬ​ក្នុង សុទ្ធ​តែ​មាន​ប្រយោជន៍និងផលវិបាក​របស់​វា។ ទារ​គឺ​ប្រាកដ​ជា​ត្រូវ​ទារ​តែ​ទារ​អ្វី? ហើយ​ទារ​ដោយ​របៀប​ណា? ដឹង​របស់​ត្រូវ​ទារ​តែបើ​ប្រើ​វិធី​ខុស ​ទី​បំផុត​បាន​ត្រឹម​តែ​ទារ ចំណែកខាងជំរំ​ទេវតារបស់​តែ​ម្យ៉ាង​គត់​ដែល​គេនៅ​តែ​ត្រូវ​ការ​ដើម្បី​សម្រេច​យុទ្ធសាស្ត្រ​ឈ្នះឈ្នះ ២០១៣នោះ គឺ​ពេល​វេលា ។យើងរង់ចាំមើលតើជ័យជំនះបានទៅខាងអ្នកទាមទារ ឬ​បានទៅខាងអ្នកដេកចាំពេលវេលា៕

និស្សិត​ក្មេង​វត្ត​កូន​អ្នក​ស្រែ សូរ សមយុទ្ធ Sosamyuth@gmail.com កំពង់ឆ្នាំង