![]() |
១២-ធ្នូ-២០១៣៖ ព្រះសក្យមុនីចេតិយដែលស្ថិតនៅក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។ RFA/Vann Vichar |
ដោយ យាង សុជាមេត្តា RFA 2013-12-13
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានអោយដឹងនៅថ្ងៃទី១៣ ធ្នូ ថា សមត្ថកិច្ចកំពុងបន្តសាកសួរ និងធ្វើការស៊ើបអង្កេតអំពីបញ្ហានេះ។ លោក គៀត ច័ន្ទថារិទ្ធ ស្នើសុំមិនធ្វើអត្ថាធិប្បាយអោយបានលម្អិតអំពីរឿងនេះទេ ដោយលោកមានប្រសាសន៍ថា ទុកពេលអោយសមត្ថកិច្ចធ្វើការសិន។ លោកថា របស់ដែលបានបាត់បង់នោះមាន កោដ្ឋសម្រាប់តម្កល់ព្រះសារីរិកធាតុរបស់ព្រះពុទ្ធ និងព្រះពុទ្ធបដិមាតូចៗមួយចំនួនទៀតផង។
លោក គៀត ច័ន្ទថារិទ្ធ៖ «យើងឃាត់ខ្លួនគាត់បណ្ដោះអាសន្ន ដើម្បីសួរនាំគាត់ទេ យើងមិនទាន់ដឹងថាម៉េចទេ ចាំមើលលទ្ធផលចុងក្រោយណា។ យើងទុកឱកាសអោយអ្នកធ្វើការគ្នាធ្វើការសិនណា បានធ្វើហើយ កំពុងបន្តដោយហ្មត់ចត់ ដោយដុតដៃដុតជើង ដោយយកចិត្តទុកដាក់»។
កាលពីថ្ងៃទី១១ ខែធ្នូ សមត្ថកិច្ចស្រុកពញាឮ បានសាកសួរឆ្មាំ និងអ្នកពាក់ព័ន្ធចំនួន ១៣នាក់ ទាក់ទងនឹងព័ត៌មាននៃការបាត់បង់កោដ្ឋមាសតម្កល់ព្រះសារីរិកធាតុ និងវត្ថុមានតម្លៃមួយចំនួនទៀត ប៉ុន្តែមានតែ ៦នាក់ទេដែលត្រូវឃាត់ខ្លួន ដើម្បីបន្តការសាកសួរ។
ព្រះសក្យមុនីចេតិយដែលស្ថិតនៅក្នុងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវចោរលួចគាស់យកសម្ភារៈមានតម្លៃ កាលពីយប់ថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែធ្នូ។ ព្រះសក្យមុនីចេតិយនេះជាទីតម្កល់ព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ ដែលដាក់នៅក្នុងកោដ្ឋធ្វើពីមាស និងព្រះពុទ្ធបដិមាអំពីមាស សំរឹទ្ធ និងលង្ហិន ដែលមានតម្លៃរាប់ពាន់ដុល្លារ និងមានមន្ត្រីឆ្មាំយាមជាច្រើននាក់ ត្រូវគេដាក់ពង្រាយដើម្បីការពារសន្តិសុខ និងសុវត្ថិភាពនៅទីនោះ៕
No comments:
Post a Comment