រូបថត មិនា |
ភ្នំពេញៈ លទ្ធផលបោះឆ្នោតកាលពីខែ កក្កដា ក្នុងមណ្ឌលបោះឆ្នោតបង្កើតថ្មី ២០០ កន្លែង រកឃើញលម្អៀងខ្លាំងទៅគណបក្សកាន់អំណាច ចំណែកឯឃុំចំនួន ៧ បានកត់ត្រានូវចំនួនអ្នកបោះឆ្នោតលើស ១១០ ភាគរយនៃអ្នកមានសិទិ្ធបោះឆ្នោត។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការឃ្លាំមើលការបោះឆ្នោត។
សម្ព័ន្ធធ្វើកំណែទម្រង់ការបោះឆ្នោត បានឲ្យដឹងពីរបាយការណ៍ដែលគ្រោងនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃ ទី ១៣ ខែ ធ្នូ ប៉ុន្តែបានបង្ហោះនៅលើអ៊ីនធឺណិត ដោយគណបក្សប្រឆាំងកាលពីថ្ងៃព្រហស្បតិ៍ បានរកឃើញថា ៦៩ ភាគរយនៃមណ្ឌលបោះឆ្នោតថ្មី ២០៩ កន្លែងបង្កើតឡើងសម្រាប់ការបោះឆ្នោតនេះ គឺគណបក្សប្រជាជនដែលកាន់អំណាចបានឈ្នះ «លើសពីភាគរយមធ្យមទូទាំងប្រទេស ដែលគណបក្សនេះឈ្នះ ៥៣ ភាគរយ»។
របាយការណ៍ដែលរៀបចំឡើងដោយអង្គការ ដូចជា តម្លាភាពអន្តរជាតិ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ខុម ហ្វ្រែល និចហ្វិក និងលីកាដូ បានឲ្យដឹងថា បើទោះបីជាមណ្ឌលសរុប ៩០២ បានបង្កើតឡើងសម្រាប់ការបោះឆ្នោត ប៉ុន្តែមណ្ឌល ៦៩១ កន្លែងបានបំបែកពីមណ្ឌលបោះឆ្នោតមានស្រាប់ចំនួន ២០៩ កន្លែងត្រូវបានបង្កើតថ្មី ហើយពីរកន្លែងត្រូវបានផ្លាស់ប្តូរទីតាំង។
មណ្ឌលបោះឆ្នោតថ្មី ត្រូវបានបង្កើតឡើងដោយសារតែចំនួនអ្នកបោះឆ្នោតបានកើនឡើងក្នុងតំបន់មួយចំនួន។ បើយោងតាមច្បាប់បោះឆ្នោត គ្មានមណ្ឌលបោះឆ្នោតណាមានមនុស្សចុះឈ្មោះជាង ៧០០ នាក់ឡើយ។
របាយការណ៍បានបង្ហាញថា មណ្ឌលបោះឆ្នោតថ្មីទាំងនេះភាគច្រើនស្ថិតក្នុងខេត្តសមរភូមិបោះឆ្នោត គឺខេត្ត បាត់ដំបង ខេត្ត កំពង់ចាម ខេត្ត កំពង់ស្ពឺ ខេត្ត កណ្តាល ក្រុង ភ្នំពេញ ខេត្ត ព្រៃវែង និងខេត្ត សៀមរាប។
ប៉ុន្តែ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីម្សិលមិញបានច្រានចោលការលើកឡើងដែលថា មណ្ឌលបោះឆ្នោតថ្មីបង្កើតឡើងដើម្បីជួយដល់គណបក្សប្រជាជន។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា៖ «យើងមិនបានបង្កើតមណ្ឌលថ្មី ដើម្បីធ្វើតាមឆន្ទៈគណបក្សនយោបាយទេ ប៉ុន្តែ យើងបង្កើតផ្អែកលើការកើនឡើងចំនួនអ្នកបោះឆ្នោត។ រាល់ការបោះឆ្នោតម្តងៗ មណ្ឌលបោះឆ្នោតថ្មីតែងបង្កើតឡើង»។
«ក្នុងមណ្ឌលនីមួយៗ មានអ្នកបោះឆ្នោត តែត្រឹម ៧០០ នាក់ ប៉ុណ្ណោះ។ ប្រសិនបើយើងបង្កើតសម្រាប់តែគណបក្សនេះឬបក្សនោះឈ្នះ តើអ្នកបោះឆ្នោតថ្មីមកបោះឆ្នោតនៅកន្លែងណា?»។
របាយការណ៍នោះក៏បានប្រៀបធៀបចំនួនសរុបនៃអ្នកមានសិទិ្ធបោះឆ្នោត នៅមណ្ឌលបោះឆ្នោត អនុលោមតាម គ.ជ.ប ជាមួយនឹងចំនួនអ្នកបោះឆ្នោតក្នុងតំបន់ដែលបានរកឃើញក្នុងមូលដ្ឋានទិន្នន័យ ឃុំ សង្កាត់ ឧបត្ថម្ភដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅចុងឆ្នាំ ២០១២ ដើម្បីកំណត់អត្រានៃចំនួនប្រជាជនដែលបានទៅបោះឆ្នោត។
របាយការណ៍បានឲ្យដឹងថា មណ្ឌលបោះឆ្នោតថ្មីជាទូទៅមានអត្រាអ្នកទៅបោះឆ្នោតខ្ពស់ខុសធម្មតា។ ៤៦,៥ ភាគរយនៃមណ្ឌលបោះឆ្នោតថ្មី មានអត្រាអ្នកទៅបោះឆ្នោតពី ៨០ ទៅដល់ ១០០ ភាគរយ បើធៀបនឹងអត្រា ១៩,៣ ភាគរយនៃមណ្ឌលដែលមានស្រាប់។
យោងតាម គ.ជ.ប បានឲ្យដឹងថា អត្រាអ្នកទៅបោះឆ្នោតជាតិគឺ ៦៩,៦១ ភាគរយនៃចំនួនអ្នកដែលបានចុះឈ្មោះបោះឆ្នោត។ របាយការណ៍បានរាយឈ្មោះឃុំចំនួន ៣២ ដែលមាន ១២ ស្ថិតនៅក្នុងខេត្ត កណ្តាល ហើយដែលអ្នកទៅបោះឆ្នោតត្រូវបានរកឃើញថា មានចំនួនលើស ១០០ ភាគរយនៃចំនួនប្រជាជនមានសិទិ្ធទៅបោះឆ្នោត។
ក្នុងចំណោមឃុំ ៧ ដែលរបាយការណ៍រកឃើញថា មានអត្រាខ្ពស់ ១១០ ភាគរយ ឃុំនីមួយៗត្រូវបានរកឃើញថា មានអត្រាចុះឈ្មោះលើសពី ១៣៥ ភាគរយ (ក្នុងឃុំពីរវាលើសពី ២០០ ភាគរយ) ក្នុងការស៊ើបអង្កេតមុនបោះឆ្នោតដោយ ភ្នំពេញ ប៉ុស្តិ៍ ដែលប្រៀបធៀបតួលេខរបស់មូលដ្ឋានទិន្នន័យឃុំសង្កាត់ នឹងបញ្ជីអ្នកបោះឆ្នោតរបស់ គ.ជ.ប។
ដូចគ្នាដែរ របាយការណ៍បានបង្ហាញថា ក្នុងចំណោមឃុំ ៣២ ដែលបានរកឃើញមានអត្រាអ្នកទៅបោះឆ្នោតខ្ពស់លើស ១០០ ភាគរយ ប៉ុន្តែទាំងនេះត្រូវរកឃើញថា មានអត្រាចុះឈ្មោះលើស ១០៨ ភាគរយ នៅក្នុងការស៊ើបអង្កេតមុនរបស់ ភ្នំពេញ ប៉ុស្តិ៍។ របាយការណ៍ថា ឃុំ ល្វាក្រាំង ស្រុក វ៉ារិន ខេត្ត សៀមរាប មានអត្រាអ្នកទៅបោះឆ្នោត ១២០,៣ ភាគរយ ជាអត្រាខ្ពស់បំផុតក្នុងប្រទេស។
របាយការណ៍ថា៖ «ក្នុងមណ្ឌលបោះឆ្នោតដែលអត្រាអ្នកទៅបោះឆ្នោតខ្ពស់ជាងអត្រាមធ្យមរបស់ប្រទេស គណបក្សប្រជាជនមានលទ្ធផលខ្ពស់ជាងតួលេខមធ្យមថ្នាក់ជាតិ»។ បើទោះជាខ្លួនមិនកំណត់ថា តើពិតជាត្រឹមត្រូវដែរក៏ដោយ។ ក្នុងនេះដែរ៖ «ជាញឹកញាប់ត្រូវបានមើលឃើញក្នុងខេត្តប្រកួតប្រជែង ពិសេសក្នុងខេត្តអាសនៈច្រើនដែលអត្រាអ្នកទៅបោះឆ្នោតមានចំនួនស្មើ នោះ គណបក្សសង្គ្រោះជាតិឈ្នះ តែនៅមណ្ឌលបោះឆ្នោតដែលមានអត្រាអ្នកទៅបោះឆ្នោតខ្ពស់ គណបក្សប្រជាជនឈ្នះ»។
គ.ជ.ប ក៏ច្រានចោលការអះអាងថា ចំនួនអ្នកទៅបោះឆ្នោតក្នុងឃុំមួយចំនួនគឺលើសពី ១០០ ភាគរយ លោក ទេព នីថា ថាការអះអាងមិនពិត។ លោកបន្ថែមថា៖ «ខ្ញុំមិនជឿទេ...ខ្ញុំគ្រាន់តែដឹងថា យើងអនុញ្ញាតតែអ្នកនៅក្នុងបញ្ជីឲ្យបោះឆ្នោតប៉ុណ្ណោះ»។
បញ្ហាមួយទៀត ដែលលើកឡើងរហូតដល់ការបោះឆ្នោត គឺការបាត់ឈ្មោះ ក្នុងបញ្ជីអ្នកបោះឆ្នោត ដោយការធ្វើសវនកម្មបញ្ជីឈ្មោះអ្នកបោះឆ្នោតដោយវិទ្យាស្ថានជាតិ ប្រជាធិបតេយ្យ បានរកឃើញថា អ្នកបោះឆ្នោត ១០,៨ ភាគរយ គេជឿថា មិនអាចរកឃើញឈ្មោះខ្លួនទេ។ របាយការណ៍បង្ហាញថា តួលេខនោះបានបន្ថយមកត្រឹម ៨,៨ ភាគរយ បន្ទាប់ពីការស្រាវជ្រាវបញ្ជីនោះពេញលេញ ក្រោយមក។
គ.ជ.ប បានផ្លាស់ប្តូរតួលេខខ្លួនពី ៩ ភាគរយ មកត្រឹម ៣ ភាគរយវិញ បន្ទាប់ពីការស្រាវជ្រាវលើទិន្នន័យផ្ទៃក្នុង។
គ.ជ.ប បានជំទាស់ការអះអាងក្នុងរបាយការណ៍ទាំងមូលកាលពីម្សិលមិញថា គ្មានបទចោទណាមួយមានផលប៉ះពាល់លើការបោះឆ្នោតនោះទេ។ គ.ជ.ប ថា៖ «យើងមានអ្នកសង្កេតការណ៍ជាតិជាង ៤ ពាន់នាក់ និង ៣០០ នាក់មកពី ជប៉ុន។ មានអង្គការនិងអ្នកសង្កេតការណ៍អន្តរជាតិជាង ៣០០ នាក់។ មានអង្គការក្រៅរដ្ឋាភិបាល និងអ្នកអងេ្កតការណ៍ជាច្រើនថ្លែងវិជ្ជមានពីលទ្ធផលបោះឆ្នោត។ មានអង្គការតិចតួចដែលថា ការបោះឆ្នោតមិនសេរី និងយុត្តិធម៌។ TK
រាយការណ៍បន្ថែមៈ David Boyle
No comments:
Post a Comment