Sunday, December 15, 2013

GW៖ ក្រុមហ៊ុន​អន្តរជាតិ​មួយ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​វៀតណាម​ដែល​កាប់​ឈើ​នៅ​កម្ពុជា


សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ
ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) នៅ​កម្ពុជា
 ក្នុង​អំឡុង​ឆ្នាំ​២០១៣។ Global Witness Photo
អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) បាន​ចេញ​របាយការណ៍​នៅ​ថ្ងៃ​ទី​១៣ ធ្នូ រក​ឃើញ​ថា ក្រុមហ៊ុន​ដ៏​ធំ​មួយ​ឈ្មោះ​ថា ក្រេឌីដ ស្វីស (Credit Suisses) មាន​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​វៀតណាម ហ័ង អាញយ៉ាឡាយ (Hoang Anch Gia Lai) ដែល​ជា​ក្រុមហ៊ុន​កំពុង​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា និង​ឡាវ បន្ទាប់​ពី​ក្រុមហ៊ុន​ទាំង​នេះ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល។

ដោយ ទីន ហ្សាការីយ៉ា RFA 2013-12-13

អង្គការ​ឃ្លាំ​មើល​ពិភពលោក បាន​បញ្ចេញ​របាយការណ៍​មួយ​ថ្មី​ទៀត នៅ​ថ្ងៃ​ទី​១៣ ធ្នូ សរសេរ​ថា ក្រុមហ៊ុន ក្រេឌីត ស្វីស មាន​ភាគ​ហ៊ុន​ធំ​ជាង​គេ​នៅ​ក្នុង​ក្រុមហ៊ុន​វៀតណាម ហ័ង អាញ យ៉ាឡាយ ដែល​ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ផ្ទុយ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស។

អង្គការ​ឃ្លាំ​មើល​ពិភពលោក បាន​លើក​ឡើង​ថា ក្រុមហ៊ុន ក្រឌីត ស្វីស ទោះ​បី​ជា​បាន​ប្ដេជ្ញា​ចិត្ត​ថា ក្រុមហ៊ុន​មិន​ធ្វើ​ការ​វិនិយោគ​ទៅ​លើ​គម្រោង​ណា​ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​បរិស្ថាន សង្គម និង​សិទ្ធិ​មនុស្ស​ក្ដី ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នៅ​តែ​ដាក់​ទុន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​វៀតណាម ហ័ង អាញ យ៉ាឡាយ ដែល​ជា​ក្រុមហ៊ុន​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស បរិស្ថាន ក្រោម​គម្រោង​អភិវឌ្ឍន៍​ដាំ​ដើម​កៅស៊ូ។

អង្គការ​ឃ្លាំ​មើល​ពិភពលោក បាន​ចេញ​របាយការណ៍​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ មាន​ចំណង​ជើង​ថា «រ៉ាប់ប៊ឺ បារ៉ិនស៍ «Rubber Barons» ទម្លាយ​ឲ្យ​ពិភពលោក​ដឹង​អំពី​សកម្មភាព​បំពាន​ច្បាប់​ជាតិ បំផ្លាញ​ធនធាន​ធម្មជាតិ និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ប្រទេស​ឡាវ ដោយ​ក្រុមហ៊ុន​ដាំ​កៅស៊ូ​វៀតណាម ធំ​ពីរ គឺ​ក្រុមហ៊ុន​ឯកជន ហ័ង អាញ យ៉ាឡាយ (Hoang Anh Gia Lai) និង​ក្រុមហ៊ុន​រដ្ឋ វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group)។

ក្រុមហ៊ុន ក្រេឌីដ ស្វីស នៅ​បន្ត​ដាក់​ទុន​ក្នុង​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ ដើម្បី​ទទួល​បាន​ភាគ​ហ៊ុន​ជាង ១០% ដែល​ធ្វើ​អោយ ក្រេឌីដ ស្វីស ក្លាយ​ជា​ម្ចាស់​វិនិយោគ​ធំ​បំផុត​ទី​២ បន្ទាប់​ពី​ប្រធាន​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ គឺ​លោក ដង ង្វៀងឌឹក (Doan Nguyen Duc)។

ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ បាន​វិនិយោគ​លើ​វិស័យ​ដំណាំ​កៅស៊ូ​នៅ​ខេត្ត​រតនគិរី ក្នុង​ប្រទេស​កម្ពុជា ជាប់​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម។ ក្រុមហ៊ុន​នេះ​កាន់​កាប់​ដី​នៅ​ខេត្ត​រតនគិរី ក្រោម​រូបភាព​សម្បទាន​ដី​សេដ្ឋកិច្ច​ជិត ៥​ម៉ឺន​ហិកតារ ខណៈ​ដែល​ច្បាប់​កម្ពុជា កំណត់​មិន​ឲ្យ​លើស​ពី ១​ម៉ឺន​ហិកតារ​សម្រាប់​ក្រុមហ៊ុន​មួយ។

ចំណែក​ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប វិញ​មាន​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​សឹង​ពាក់​កណ្ដាល​ប្រទេស គឺ​ចាប់​តាំង​ពី​ខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ធ្លាយ​ទៅ​ដល់​ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ ហើយ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​នៅ​តំបន់​ទាំង​នេះ។

អនុ​ប្រធាន​នាយកដ្ឋាន​នីតិកម្ម និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៃ​រដ្ឋបាល​ព្រៃ​ឈើ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឡាវ សេដ្ឋាផល មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ មិន​មែន​ស្ថិត​នៅ​ក្រោម​នាយកដ្ឋាន​របស់​លោក​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ដែល​កាប់​ឈើ​នៅ​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ខ្លួន​នោះ គឺ​ដើម្បី​ដាំ​ដើម​កៅស៊ូ​ជំនួស​វិញ។

«សំឡេង»

មន្ត្រី​អង្គការ​ឃ្លាំ​មើល​ពិភពលោក លើក​ឡើង​ថា នេះ​ជា​រឿង​គួរ​អោយ​បារម្ភ។ លោក​ថា ក្រុមហ៊ុន ក្រេឌីដ ស្វីស បាន​ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ​ក្នុង​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ នៅ​ពេល​ដែល​វិនិយោគិន​ប្រកប​ដោយ​ភាព​ទទួល​ខុស​ត្រូវ និង​ដាក់​ក្រុមហ៊ុន​នេះ​ក្នុង​បញ្ជី​ខ្មៅ។ អង្គការ​ឃ្លាំ​មើល​ពិភពលោក ចោទ​សួរ​ថា តើ​ក្រុមហ៊ុន ក្រេឌីដ ស្វីស អាច​ត្រូវ​ពិនិត្យ​អ្វី​ខ្លះ ប្រសិន​បើ​ក្រុមហ៊ុន​នេះ​គិត​ថា វា​ជា​ពេល​ល្អ​ដើម្បី​ផ្តល់​ហិរញ្ញវត្ថុ​ទៅ​អោយ​ក្រុមហ៊ុន ហ័ង អាញ យ៉ាឡាយ នោះ?

អង្គការ​ឃ្លាំ​មើល​ពិភពលោក បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន ក្រេឌីដ ស្វីស ពិនិត្យ​ឡើង​វិញ​នូវ​ដំណើរ​ការ​វិនិយោគ​របស់​ខ្លួន ដើម្បី​ធានា​ឲ្យ​បាន​នូវ​ទុន​វិនិយោគ​របស់​ខ្លួន​ប្រកប​ដោយ​យុត្តិធម៌ ការ​វិនិយោគ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​ធ្វើ​ជា​គំរូ ជា​ជាង​ការ​វិនិយោគ​នោះ​មាន​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ៕

1 comment:

Anonymous said...

Let's sue and punish Credit Suisses and Anh Gia Lai in Communist Vietnam. These should be sent to the International Courts under UN Supervision and International Community Supports.

Those Vietnamese/Yuon thieves should return everything they have stolen during the illegal business contracts without the owners of Cambodian people and nation including Laos.

Communist Vietnam/Yuon nation should be put into a shame and punished in the International Court.

Evil Communist Vietnam thieves should pay back what they have done illegally and sent to jails somewhere in small Island in Ocean.