កម្ពុជាត្រូវសង់វត្តបន្ថែម ឬមជ្ឈមណ្ឌលស្រាវជ្រាវ-មន្ទីរពិសោធន៍?
Tuesday, 31 July 2012
ប៉ែន មីរ៉ាន់ដា
The Phnom Penh Post
វត្តអារាម ជាទីសក្ការរបស់ប្រជាពលរដ្ឋខ្មែរប្រមាណ ៩០ % ដែលកាន់សាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ។ យើងកត់សម្គាល់ឃើញថា ចំនួនព្រះសង្ឃ និងវត្តអារាម កំពុងតែកើនឡើង ហើយការសាងសង់ ត្រូវបានយកចិត្តទុកដាក់ ដោយរាជរដ្ឋាភិបាល និងសប្បុរសជននានា។
តែបើក្រឡេកមើលចំនួន និងទំនើបកម្មមជ្ឈមណ្ឌលស្រាវជ្រាវ និងមន្ទីរពិសោធន៍វិញ មិនមានការកើនឡើងគួរឲ្យកត់សម្គាល់សោះឡើយ។
ឈរលើគោលការណ៍អាស៊ានដែលនឹងបង្កើតសមាគមសេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community, AEC) ត្រឹមឆ្នាំ ២០១៥ និងគោលការណ៍សកលភាវូបនីយកម្ម កម្ពុជានឹងប្រឈមការប្រកួតប្រជែងផលិតផលទាំងបរិមាណនិងគុណភាពនៅលើ ទីផ្សារតំបន់ និងពិភពលោក។ តើកម្ពុជា ត្រូវត្រៀមលក្ខណៈបែបណាខ្លះ ដើម្បីកែប្រែការប្រឈមឲ្យទៅជាឱកាស ពាណិជ្ជកម្ម និងសេដ្ឋកិច្ច? តើរដ្ឋាភិបាល ឬសប្បុរសជន ពាណិជ្ជករ គួរប្រើថវិកាខ្លះ ដើម្បីការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងមន្ទីរពិសោធន៍វិទ្យាសាស្ត្រដែរឬទេ?
ជាដំបូង តួនាទីវត្តអារាមពិតជាសំខាន់ណាស់ សម្រាប់ពលរដ្ឋខ្មែរដូចជា ការផ្តល់ពុទ្ធដីកា និងដំបូន្មាន របស់ព្រះសង្ឃ ដល់ពុទ្ធសាសនិក និងជាកន្លែងផ្ដល់ចំណេះដឹង។ វត្តអារាមក៏ជាទីស្នាក់អាស្រ័យ របស់និស្សិតបុរស ដែលមកពីទីជនបទដើម្បីបន្តការសិក្សាថ្នាក់ឧត្តមនៅទីក្រុង។ អត្ថបទមួយរបស់ Arnaldo Pellini (2004) ក៏បានបង្ហាញឧទាហរណ៍ របស់សមាគមវត្តអារាមក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដែលដើរតួនាទីជាសមាគម ថវិកា និងស្រូវសម្រាប់ប្រជាពលរដ្ឋ។ បើតាមស្ថិតិរបស់ក្រសួងធម្មការ និងសាសនា ដែលដកស្រង់ដោយសារព័ត៌មាន Xinhua គិតមកត្រឹមខែមេសាឆ្នាំ២០១០ មានវត្តអារាមចំនួន ៤៣៩២ និងព្រះសង្ឃច្រើនជាង ៥ ម៉ឺនអង្គ ក្នុងប្រទេសកម្ពុជា។ បើយើងគិតពីសមាមាត្រភាគរយព្រះសង្ឃ និងប្រជាជនសរុប ១៣,៣៩៥,៦៨២ (NIS, 2008) គឺស្មើ ០.៤ %។
ម្យ៉ាងវិញទៀត ថវិកា ដែលត្រូវសាងសង់វិហារ និងកុដិ ក្នុងវត្ត នីមួយៗយ៉ាងហោចក៏ត្រូវចំណាយពី ២០ ទៅ ៣០ ម៉ឺនដុល្លារអាមេរិកដែរ ហើយបើយើងមានមហិច្ឆតាដើម្បីធ្វើទំនើបកម្មវត្តទាំងអស់ដែលមាន ស្រាប់ យ៉ាងហោចណាស់ក៏ត្រូវការថវិកាជិតមួយកោដិដុល្លារអាមេរិកដែរ។ ការសាងសង់ទៀតសោត ពពាក់ពពូនគ្នានៅតែតំបន់ជិតៗ ហើយតំបន់ឆ្ងាយៗ ជាពិសេសតំបន់ព្រំដែនដែលត្រូវការប្រជាពលរដ្ឋរស់នៅឲ្យបានច្រើន នោះ បែជាមិនសូវ មានទៅវិញ។