![]() |
Trofimov ជនពូកែខាងរំលោភក្មេង និងក្មេងស្រីខ្មែររងគ្រោះ មិនទាន់បាត់ធំក្លិនទឹកដោះ។ រូបថត សហការី |
កម្ពុជាជាដែនជម្រកសុវត្ថិភាពជនរំលោភកុមារ?
Monday, 09 January 2012
តុង សុប្រាជ្ញ
The Phnom Penh Post
រដ្ឋាភិបាលកម្ពុជា គួរតែរកដំណោះស្រាយឡើងវិញចំពោះអ្នកមកវិនិយោគទុន និងអ្នកទេសចរណ៍ ដែលចូលមករួមភេទជាមួយកុមារ និងស្រ្តី ដើម្បីសុខទុក្ខ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងអនាគតរបស់ពួកគេ។ ជាពិសេសលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ដែលធ្លាប់ជួយលើកស្ទួយស្រ្តី និងកុមារ និងជួយធ្វើអន្តរាគមន៍ ប្រឆាំងនឹងការរំលោភសេពសន្ថវៈ និងការជួញដូរផ្លូវភេទផងដែរនោះ៕កុមារា-កុមារី និងស្រ្តីខ្មែរមួយចំនួនសព្វថ្ងៃនេះ បានបាត់បង់នូវគុណតម្លៃ និងសេចក្តីថ្លៃថ្នូរ ដោយសារតែធ្លាប់ទទួលរង និងប្រឈមមុខ នូវបញ្ហាធំៗសព្វបែបយ៉ាង ដូចជា អំពើហិង្សាក្នុងគ្រួសារ ការរំលោភសេពសន្ថវៈ និងការជួញដូរផ្លូវភេទ ឯខ្លះទៀតត្រូវគេលក់ ៣ ទៅ ៤ តំណគួរឲ្យសង្វេគណាស់។ មិនត្រឹមតែប៉ុណ្ណោះ កុមារកម្ពុជា ក្លាយជាគោលដៅរបស់ពួកជនរំលោភសេពសន្ថវៈកុមារ (Pedophiles) ដែលភាគច្រើនមកតាមរយៈទេសចរណ៍ និងវិនិយោគទុននៅកម្ពុជា។
តើនេះ មកពីស្រុកខ្មែរធូរលុងផ្នែកផ្លូវច្បាប់ពេក ឬមួយក៏ឲ្យតែបានលុយចូល ចង់អ្នកទេសចរ និងអ្នករកស៊ីម៉ាកយ៉ាងម៉េចក៏មានដែរ? ហើយអ្នកដែលបានលាភសក្ការពីអ្នកទាំងនោះ មកធ្វើជាអ្នកហ៊ឺហាបង្អួតអ្នកក្រីក្រ ដែលជាខ្មែរដូចគ្នា ដូចជាមានវីឡា ខុនដូ រថយន្តទំនើបៗ និងសម្ភារផ្សេងៗ ឯខ្លះទៀត ដើរចែកអំណោយ បន្លំភ្នែកធ្វើដូចខ្លួនឯងហ្នឹង ជាអ្នកមានចិត្តសប្បុរសធម៌ខ្លាំងណាស់។
ស្រុកខ្មែរបច្ចុប្បន្ននេះ បើអ្នកវិនិយោគទុនបរទេសមករកស៊ីត្រឹមត្រូវ សុំអាជ្ញាប័ណ្ណត្រឹមត្រូវវិញ គឺមិនងាយបានទេ រង់ចាំរាប់ខែរាប់ឆ្នាំ ដែលកន្លងមកអ្នកវិនិយោគទាំងនោះ ធ្លាប់ត្អូញត្អែរ តែបើអ្នកវិនិយោគទុនលោតឆត្រ ឬក៏កាប់ដាវ មានទុយោវិញ គឺបានអាជ្ញាប័ណ្ណលឿនតែម្តង ហើយមិនរើសមុខទៀតចង់ប្រភេទណាក៏មានដែរ។ ស្រុកខ្មែរស្រួលអ៊ីចឹង ករណីដែលដឹងថាអ្នកវិនិយោគទុនជាម៉ាហ្វីយ៉ានៅពេលដែលសមត្ថកិច្ចប៉ូលិសចាប់បានម្តងៗ ពេលខ្លះរាប់រយនាក់ក៏មាន ហើយខ្លះក៏លេងល្បែងនៅកាស៊ីណូអស់លុយរលីងសល់តែគូទខោ ដាក់មេប្រូចរត់ទៅស្រុកវិញក៏មាន។