Thursday, October 20, 2011

គ្រោះថ្នាក់​ថ្មី​សម្រាប់​យុវវ័យ​សម័យ​ក្រោយ​សង្គ្រាម​ - New danger for post-war youths

យុវជន​ខ្មែរ​សម័យ​ថ្មី (សុវណ្ណារ៉ា) - Modern Cambodian youths (Photo: Sovannara)


ពុធ 19 តុលា 2011
ដោយ ប៉ែន បូណា
Radio France Internationale 

Synopsis: Cambodian youths who were born after the war are considered very lucky when compared to past generations who lost their childhood and youth to the war. Modern youths do not have to experience dodging bullets, unlike their elder, however, modern youths do not properly benefit from peace and development in the country. Why is that so?
  1. Children of the well-to-do and the middle class have everything at their disposal, be it food or education, but regretfully, some of these children are more attracted to a leisure life instead.
  2. Poor children do not benefit from peace and development in the country because they live far away from the development areas, in other words, social development just pass them by.
Analysts on social evolution in Cambodia discern a number of important factors:
  1. Parents are at fault because they lack the ability to guide their children.
  2. Due to their low level of education and their inability to follow the situation, Cambodian youths succumb to leisure life.
  3. Difficulties to counter negative and unclear external social factors allow bad cultural influence introduced by world globalization to take over the Cambodian society which is unable to offer any remedy to these problems.

Click on the control below to listen to the audio program:

នៅ​កម្ពុជា​​យុវវ័យ​​​​​ដែល​កើត​​ក្រោយ​​សម័យ​​សង្គ្រាម​​ត្រូវ​គេ​​ចាត់​​ទុក​​ថា​​មាន​​សំណាង​​ខ្លាំង​ ណាស់​​​​​បើ​ធៀប​ទៅ​​នឹង​មនុស្ស​​សម័យ​​មុនៗ​​​ដែ​ល​​ភាគ​ច្រើន​​បាន​បាត់​​បង់​​ទាំង​​ស្រុង​​នូវ​ ​កុមារ​ភាព​​​ឬ​​យុវភាព​របស់​ខ្លួន​​ដោយសារ​សង្គ្រាម​ស៊ីវិល។យុវវ័យ​​សម័យ​​នេះ​កើត​​មក​​ដោយ​​មិន​បាន​រត់លូន​គេចគ្រាប់កាំភ្លើងដូច​ រៀមច្បងសម័យមុនឡើយ។ ប៉ុន្តែ យុវវ័យ​សម័យ​ថ្មីជា​ច្រើន​មិន​បាន​ទាញ​យក​​ប្រយោជន៍​​ពី​ស្ថានភាព​សន្តិភាព និងការ​អភិវឌ្ឍន៍​ប្រទេស​ឲ្យបានសមស្របទេ។ តើហេតុ​អ្វីបានជាដូច្នេះ?

នៅកម្ពុជា សន្តិភាពពេញលេញទូទាំងប្រទេសទើបតែកើតឡើងចាប់ពីឆ្នាំ១៩៩៨តែ​ប៉ុណ្ណោះ​គឺបន្ទាប់ពីក្រុមខ្មែរក្រហមចុងក្រោយបានចុះចូលនិងធ្វើសមាហរ័ណកម្មទាំងស្រុងជាមួយ ​រដ្ឋាភិបាល។

យុវវ័យដែលធំដឹងក្តីឡើងក្នុងសម័យសន្តិភាពឬហៅថា«ក្មេងក្រោយសង្គ្រាម» មាន​សំណាង​ណាស់​ដោយ​ហេតុថា ពួកគេមិនត្រឹមតែមិនបានរត់លូនគេចពី​គ្រាប់​កាំភ្លើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួកគេហាក់មានឱកាសច្រើនណាស់ក្នុងការទទួលយក​កាលានុវត្តភាពថ្មី។


ទោះជាយ៉ាងនេះក្តី យុវវ័យសម័យក្រោយសង្គ្រាមហាក់មិនបានទាញយកប្រយោជន៍ពីសម័យ​សន្តិភាពឲ្យបានសមស្របឡើយ។ ដើម្បីស្វែងយល់ពីបញ្ហានេះ​ គេត្រូវពិនិត្យមើលទិដ្ឋភាពពីរ​យ៉ាង​៖ ទី១ សម្រាប់កូនអ្នកមាន និងមធ្យម ពួកគេមានអ្វីៗគ្រប់យ៉ាង​គឺ​មានទាំង​ឱកាស ទាំង​ចំណី​អាហារដ៏សម្បូរបែប រីឯសាលារៀនក៏សម្បូរបែបដែរ។ ប៉ុន្តែ គួរឲ្យ​សោក​ស្តាយ ក្រុម​យុវវ័យ​​​​កូនអ្នកមានលទ្ធភាពទាំងនោះមួយចំនួនបែរជាបណ្តោយ​ខ្លួនឲ្យភាព​ភ្លើតភ្លើន​អូស​ទាញ​ទៅវិញ។

ទិដ្ឋភាពទី២ គឺសម្រាប់កូន​អ្នកទីទ័លក្រ ពួកគេក៏មិនអាចទាញ​យកប្រយោជន៍​ពីសន្តិភាព​និង​ការអភិវឌ្ឍន៍របស់​​ប្រទេសជាតិបានដែរពីព្រោះតែពួកគេស្ថិតនៅ​យ៉ាងឆ្ងាយពី​ការ​​អភិវឌ្ឍន៍​។​និយាយបែបផ្សេង កាលានុវត្តភាព​សង្គមបានដើរហួសទៅមុខយ៉ាងឆ្ងាយ​ចោល​ពួកគេបាត់​ទៅ​ហើយ។

ជាការពិតណាស់ មនុស្សដែលកើតសម័យសង្គ្រាម ជាពិសេសអ្នកដែលបានធំដឹងក្តីឡើងក្នុង​សម័យខ្មែរក្រហមបានបាត់បង់កុមារភាព ឬយុវភាពរបស់ខ្លួនស្ទើរតែទាំងស្រុង។ ពួកគេបានធំ​ដឹងក្តីឡើងនៅពេល​ដែល​ប្រទេសជាតិកំពុងធ្លាក់ក្នុងរបបទាសភាពរបស់​ខ្មែរក្រហម។ កុមារ​បាត់​​បង់​ការថ្នាក់ថ្នមពីឪពុក​ម្តាយ គ្មានចំណីអាហារគ្រប់គ្រាន់ គ្មានសាលា​រៀន។

លើសពីនេះ ពួកគេ​បានរងការរំលោភសិទ្ធិគ្រប់បែបយ៉ាង​ដូចជា​ការបង្ខំឲ្យធ្វើការ​បាក់​កម្លាំង និងការកាប់​សម្លាប់គ្មានត្រាប្រណី។ យ៉ាងណាក៏ដោយ យុវវ័យជាច្រើនដែលរួច​រស់​ជីវិត​ពី​របបខ្មែរក្រហម​បាន​ខិតខំកសាងអនាគតរបស់ខ្លួនសា​ជាថ្មីបើទោះបីជាកុមារភាព​របស់​ពួក​គេត្រូវបានបំផ្លាញ​ទាំងស្រុងដោយពួកខ្មែរក្រហមក្តី។ ពួកគេបានតស៊ូក្នុងស្ថានភាព​បាតដៃ​ទទេ​​ដើម្បី​បំពេញ​ក្រពះ​​​ផង និងដើម្បីរៀនសូត្រផងក្នុងស្ថានភាពដ៏អត្តខាត់បំផុត។

ប៉ុន្តែ ទីបំផុត មនុស្សជាច្រើន​បានទទួលជោគជ័យក្នុងជីវិត។ ចំណុច​ខ្លាំងរបស់យុវវ័យ​សម័យ​នោះ​​គឺ«ការតស៊ូ»នេះឯង។​

ងាកមកមើលយុវវ័យសម័យបច្ចុប្បន្នវិញ ពួកគេកើតមកក្រោមការថ្នាក់ថ្នម​ពី​ឪពុកម្តាយ មាន​ចំណីអាហារគ្រប់គ្រាន់ មានសាលារៀនក្បែរផ្ទះ និងមានសម្ភារៈប្រើប្រាស់​មិន​ខ្វះអ្វីឡើយ។

ប៉ុន្តែ ស្ថានភាព​ដ៏អំណោយផលនេះបែរជាធ្វើឲ្យ​យុវវ័យភាគ​ច្រើន​ខ្វះការតស៊ូទៅវិញ។ ពួកគេ​ពឹងពាក់យ៉ាងខ្លាំងទៅលើឪពុកម្តាយ ហើយយុវវ័យជាច្រើនបាននិងកំពុងបណ្តោយ​ខ្លួនឲ្យលង់​ក្នុងភាពភ្លើតភ្លើនទៅតាមសម័យកាលសម្ភារនិយម។ ពួកគេជាច្រើនប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗដូចជា សេពគ្រឿងញៀន ល្បែងហ្គែម ក្មេងទំនើង ​និងការវក់វីនឹង​ស្នេហា​​​​ខុស​​ប្រពៃណី​និងខុសវ័យជាដើម។ ​ភាពភ្លើតភ្លើនទាំងនេះបានជំរុញឲ្យពួកគេបំភ្លេច​ការ​​សិក្សា​ដែលជាគ្រឹះ​សម្រាប់អនាគតរបស់ខ្លួន និងរបស់ប្រទេសជាតិ។

ក្រុមអ្នកវិភាគ​និងតាមដានការវិវឌ្ឍន៍​សង្គមកម្ពុជាបានមើលឃើញមូលហេតុសំខាន់មួយចំនួន​ដូច​ខាង​ក្រោមៈ ទី១ គឺជាកំហុសរបស់ឪពុកម្តាយដែលខ្វះសមត្ថភាពក្នុងការតម្រង់ទិសកូន​។ ទី២ គឺដោយសារតែ​ប្រព័ន្ធ​អប់រំ​នៅមានកម្រិតទាប រត់មិនទាន់សភាពការណ៍ ទើបមិន​អាច​យក​​ឈ្នះ​លើ​ភាពភ្លើត​ភ្លើន​របស់យុវវ័យបាន និងទី៣ ផលវិបាកអវិជ្ជមាន​នៃ​ការអភិវឌ្ឍន៍​សង្គម​​ដែល​គ្មាន​ទស្សនវិស័យច្បាស់លាស់ ដែលទីបំផុតបានបណ្តាយឲ្យវប្បធម៌អាក្រក់​ពី​ខាងក្រៅ ​ក្នុង​សម័យ​សាកល​ភាវូបនីយកម្មវាយលុកយ៉ាងពេញទំហឹងមកលើសង្គមខ្មែរ​ដែលគ្មានរបាំងការពាររឹងមាំ​ដើម្បីទប់ទល់ឡើយ។

ស្ថានភាពនេះបានបណ្តោយឲ្យយុវវ័យខ្មែរជាច្រើនដែលជា«ទំពាំងស្នងឬស្សី»ទទួល​រង​គ្រោះ​ហើយ​បាន​ធ្លាក់​ក្នុង​សភាព​វិលវល់​មិនច្បាស់លាស់ ខណៈដែលពិភពលោក​កំពុង​វិវឌ្ឍ​ទៅ​រក​សម័យ​បច្ចេកវិទ្យា​ដ៏​កំពូល​បំផុត​​ទៅ​ហើយ​នោះ។ តើ​នេះ​មិនមែន​ជា​គ្រោះថ្នាក់​របស់​​យុវវ័យ​សម័យ​​​ក្រោយ​​សង្គ្រាម​ទេឬ? តើ​​គេអា​ច ស្រមៃ ឃើញ យ៉ាង ដូចម្តេច ពីអនាគត សង្គមខ្មែរ?

3 comments:

Anonymous said...

the young and privileged should be taught to volunteer and help with social development, etc, not enjoying too much leisure time. they don't need bad influence from anybody, really!

Anonymous said...

look at their hair! are they hookers?

Anonymous said...

11:33PM! they just born to lucky uneducated parents!