Saturday, December 31, 2011

មេធាវី​គណបក្ស​ប្រឆាំង​ធ្វើ​សន្និសីទ​ព័ត៌មាន​អំពីការ​ស្ទាក់​ចាប់ខ្លួន​លោក​ស្ងាត់ៗ

លោក​សុន ​ឆ័យ ​ប្រធាន​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​សម ​រង្ស៊ីរូបថត៖ VOA - R. Carmichael

ថ្ងៃសុក្រ, 30 ខែធ្នូ 2011
ដោយ គង់ ​សុឋានរិទ្ធ | ភ្នំពេញ
VOA
«ខ្ញុំ​យល់​ថា ​អ្វី​ដែល​គាត់​និយាយ​ក្នុង​លក្ខខណ្ឌ​បែប​នេះ​ហាក់​ដូច​ជា​គាត់​ចង់​បង្ហាញ​ថា ​គាត់​មាន​សម្ពាធ»។​
បន្ទាប់​ពី​បាត់​ខ្លួន​ពេញ​មួយ​ថ្ងៃ​ប្រកប​ទៅ​ដោយ​ភាព​ឆោឡោ ​មេធាវី​ប្រចាំ​គណបក្ស​ជំទាស់​សម ​រង្ស៊ី ​គឺ​លោក​ ជូង​ ជូងី​បាន​ចេញ​មុខ​ជា​សាធារណៈ​នៅ​ថ្ងៃ​សុក្រ​នេះ​ដោយ​ថ្លែង​ថា ​លោក​ទទួល​រង​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​ ប៉ុន្ដែ​លោក​បាន​គេច​ខ្លួន​ដោយ​សុវត្ថិភាព។​

ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទីស្នាក់ការ​គណបក្ស​ជំទាស់ ​នៅ​ជាយ​ទីក្រុង​ភ្នំពេញ ​លោក​ជូង ​ជូងី​បាន​បញ្ជាក់​ថា​ រថយន្ដ​របស់​គាត់​បាន​ធ្វើ​ឲ្យ​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​រូប​លោក​ជួប​បរាជ័យ។ ​ប៉ុន្ដែ​លោក​មិន​បាន​ពន្យល់​បន្ថែម​នោះ​ទេ។ ​លោក​ជូង ​ជូងី​លើក​ឡើង​ថា​ លោក​ទទួល​គំនាប​មួយ​ដែល​មិន​អនុញ្ញាត​ឲ្យ​លោក​លាតត្រ​ដាង​ព័ត៌មាន​លម្អិត​បាន។​

«ម្សិលមិញ​ដោយសារ​ឡាន​ខ្ញុំ​ អាច​ជួយ​រំដោះ​ខ្ញុំ​ឲ្យ​ចេញ​ផុត​ពី​ការ​ចាប់​ខ្លួន។ ​ខ្ញុំ​មាន​ការ​ដាក់​កម្រិត​ក្នុង​ការ​និយាយ»។​

ថ្វី​បើ​លោក​ជូង ​ជូងី ​មិន​បាន​បង្ហាញ​នូវ​លក្ខខណ្ឌ​ជាក់ស្ដែង​ ដែល​លោក​ជួប​ប្រទះ​ ក៏ប៉ុន្ដែ​លោក​ទំនង​ជា​ចង់​ភ្ជាប់​ទំនាក់ទំនង​ការ​ប៉ុនប៉ង​ចាប់​ខ្លួន​រូប​លោក​ទៅ​នឹង​លោក​ព្រះរាជអាជ្ញា​សាលា​ដំបូង​ខេត្ត​កណ្ដាល​គឺ​លោក​អ៊ុក ​គឹមសិទ្ធិ ​ដែល​បាន​ចេញ​ដីកា​ចោទ​ប្រកាន់​រូប​លោក។​

«ខ្ញុំ​ប្ដឹង​អ៊ុក ​គឹមសិទ្ធិ​គឺ​ប្ដឹង​ទៅ​តាម​ផ្លូវ​ច្បាប់។ ​ពេល​អ៊ុក ​គឹមសិទ្ធិ ​លេង​ខ្ញុំ​គឺ​លេង​តាម​ផ្លូវ​កាត់​ ទៅ​ជា​យក​គ្នា​គាត់​មក​ធ្វើ​បាប​ខ្ញុំ។ ​មាន​បី​កន្លែង​ដែល​គេ​ស្ទាក់​ចាប់​ខ្ញុំ។ ​កន្លែង​ទី​មួយ​គឺ​នៅ​សាលា​លេខ​៥ ​កន្លែង​ទី​ពីរ​គឺ​នៅ​កំពង់ឆ្នាំង ​និង​កន្លែង​ទី​បី​នៅ​ព្រែកក្ដាម»។​


ផ្ទុយ​ទៅ​វិញ ​លោក​ព្រះរាជ​អាជ្ញា​អ៊ុក ​គឹមសិទ្ធិ​បាន​ឆ្លើយ​តប​ថា ​សេចក្ដី​អះអាង​របស់​មេធាវី​គណបក្ស​ជំទាស់​មិន​មាន​ការណ៍​ពិត​នោះ​ទេ។ ​លោក​ព្រះរាជ​អាជ្ញា​បន្ថែម​ថា ​ប្រសិន​បើ​សមត្ថកិច្ច​ប៉ុនប៉ង​ចាប់​ខ្លួន​លោក​ជូង ​ជូងី ​ក្រោម​អំណាច​តុលាការ ​ នោះ​រូប​គាត់​ដែល​ជា​ជន​ជាប់​សង្ស័យ​នឹង​មិន​អាច​រត់​គេច​ខ្លួន​រួច​ឡើយ។ ​ដោយឡែក​លោក​គ្រាន់​តែ​បាន​បំពេញ​តួនាទី​របស់​លោក​ប្រឆាំង​នឹង​លោក​មេធាវី​ជូង ជូងី ​បន្ទាប់​ពី​មាន​ការ​សង្ស័យ​ពី​ការ​ប្រព្រឹត្ត​ល្មើស​របស់​លោក​ជូង​ ជូងី។​

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​កន្លង​ទៅ ​លោក​ជូង ​ជូងី ​និង​តំណាងរាស្ដ្រ​គណបក្ស​ជំទាស់​គឺ​​លោក​ចាន់​ ចេង​ ត្រូវ​សាលាដំបូង​ខេត្ត​កណ្ដាល​ចោទ​ប្រកាន់​ពី​«បទ​ផ្ដល់​មធ្យោបាយ​ឲ្យ​លួច​រត់» ​ការ​សង្រ្គោះ​​ជំទប់​ឃុំ​គណបក្ស​សម​ រង្ស៊ី​ម្នាក់​គឺ​លោក​មាស​ ប៉េង ​បន្ទាប់​ពី​មាន​ការ​ជាប់​ពាក់ព័ន្ធ​ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​មន្ដ្រី​ជាន់ខ្ពស់​មួយ​រូប​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​។​

លោក​ជូង​ ជូងី​ហាក់​ដូច​ជា​បាន​បាត់​ខ្លួន​ដោយ​ស្ងាត់​កំបាំង​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ​ខណៈ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង។ ​សមាជិក​គ្រួសារ​របស់​លោក​បាន​ទទួល​ទូរស័ព្ទ​បន្ទាន់​មួយ​ពី​រូប​លោក​ដែល​បញ្ជាក់​ថា ​លោក​កំពុង​ស្ថិត​ក្រោម​ការ​តាម​ចាប់​ខ្លួន។​ ហើយ​ពេញ​មួយ​ថ្ងៃ​ម្សិលមិញ​ ការ​ទំនាក់ទំនង​ជាមួយ​រូប​លោក​ត្រូវ​បាន​កាត់​ផ្ដាច់។​

ក្រុម​មន្ដ្រី​សិទ្ធិ​មនុស្ស ​រួម​ទាំង​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​ជំទាស់​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​សាលាដំបូង​ខេត្ត​កណ្ដាល ​ដោយ​ជឿ​ថា ​លោក​ជូង ​ជូងី​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​ទីនោះ។ ​ដំណាល​គ្នា​នោះ​ មាន​សេចក្ដីអះអាង​ពី​ក្រុម​មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ថា​ មេធាវី​គណបក្ស​ជំទាស់​ត្រូវ​នាំ​ខ្លួន​ចូល​ក្នុង​ក្រសួង​មហាផ្ទៃ។ ​ក៏ប៉ុន្ដែ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​គឺ​លោក​ឧត្តមសេនីយ៍​ខៀវ ​សុភ័គ​បាន​បដិសេធ​សេចក្ដី​អះអាង​ពី​ការ​ចាប់​ខ្លួន​នោះ។​

យ៉ាង​ណា​ក៏​ដោយ​ ក្រុម​មន្ដ្រី​ស៊ើបអង្កេត​ផ្នែក​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​គួរ​ទុក​ចិត្ត​បាន​នៅ​កម្ពុជា​ បាន​ថ្លែង​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ​លោក​មេធាវី​ជូង​ ជូងី​ត្រូវ​បាន​ចាប់​នាំ​ខ្លួន​ដោយ​ក្រុម​សមត្ថកិច្ច​មុន​នឹង​ត្រូវ​ដោះ​លែង​មក​វិញ​នៅ​ពេល​យប់។​

តំណាងរាស្ដ្រ​គណបក្ស​សម ​រង្ស៊ី​មួយ​ចំនួន ​និង​មន្ដ្រី​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា ​ខ្លួន​អាច​ទាក់ទង​លោក​ជូង ​ជូងី ​តាម​ទូរស័ព្ទ​បាន​នៅ​ពេល​យប់​ បន្ទាប់​ពី​បាត់​ដំណឹង​លោក​ពេញ​មួយ​ថ្ងៃ ​ក៏ប៉ុន្ដែ​នៅ​ពេល​នោះ​ លោក​មេធាវី​រូប​នោះ​បញ្ជាក់​ថា ​គាត់​មិន​នៅ​ផ្ទះ​នោះ​ទេ។​

លោក​សុន ​ឆ័យ ​ប្រធាន​ក្រុម​តំណាងរាស្ដ្រ​គណបក្ស​សម ​រង្ស៊ី ​មាន​ប្រសាសន៍​ថា ​លោក​ជូង ​ជូងី ​ហាក់​ដូច​ជា​ទទួល​រង​នូវ​សម្ពាធ​អ្វី​មួយ។​

«ខ្ញុំ​យល់​ថា ​អ្វី​ដែល​គាត់​និយាយ​ក្នុង​លក្ខខណ្ឌ​បែប​នេះ​ហាក់​ដូច​ជា​គាត់​ចង់​បង្ហាញ​ថា ​គាត់​មាន​សម្ពាធ»។​

លោក​ជូង ​ជូងី​បាន​អង្គុយ​នៅ​ក្នុង​សន្និសីទ​កាសែត​ ហើយ​បាន​បិទ​ភ្នែក​និង​សំយុង​មុខ​ចុះ​បន្ដិច​ ហាក់​ដូច​ជា​ធ្វើ​សេចក្ដីស្មឹងស្មាត​មួយ​រយៈ​ មុន​នឹង​ចាប់​ផ្ដើម​សន្និសីទ​ដែល​បើក​ឲ្យ​មាន​ការ​ចោទសួរ​តិចតួច។ ​លោក​បាន​រៀបរាប់​យ៉ាង​ច្រើន​ពី​ការ​ប្រឈម​របស់​លោក​ក្នុង​ការ​ប្រកប​វិជ្ជាជីវៈ​ និង​បង្ហាញ​ពី​ការ​បារម្ភ​ក្នុង​វិជ្ជាជីវៈ​នេះ​ផងដែរ​ ជាពិសេស​ការ​ប្រឈម​ក្នុង​ការ​ការពារ​ក្នុង​ជម្លោះ​ដីធ្លី​សម្រាប់​ក្រុម​ប្រជាជន។​

លោក​ចាន់ ​សាវ៉េត ​ប្រធាន​ផ្នែក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​អាដហុក​កត់​សម្គាល់​ឃើញ​ថា ​លោក​ជូង ​ជូងី​មាន​ការ​ភ័យខ្លាច។​

«ហាក់​បី​ដូច​ជា​គាត់​មិន​ចង់​បង្ហាញ​អំពី​ពាក្យ​ថា ​គេ​ចាប់​ទេ ​ប៉ុន្ដែ​គាត់​ចង់​បង្ហាញ​ពី​ការ​រត់​គេច​របស់​គាត់។ វា​ជា​ចំណុច​មួយ​គួរ​ពិចារណា ​ហើយ​យើង​គិត​ថ្លឹងថ្លែង​អំពី​អាកប្បកិរិយា ​ទាំង​ទឹក​មុខ​ទាំង​សំដី​របស់​គាត់​ បញ្ជាក់​ថា ​គាត់​មាន​ការ​ភ័យខ្លាច»។​

បន្ទាប់​ពី​ការ​បាត់​ខ្លួន​មួយ​ថ្ងៃ​មក​នេះ ​លោក​ជូង ​ជូងី​បាន​ប្រកាស​ថា ​លោក​នឹង​ចំណាយ​ពេល​ចំនួន​១២​ថ្ងៃ​នៅ​ក្នុង​ខែ​មករា​ខាង​មុខ ​ដើម្បី​ធ្វើ​ភាវនាធម៌​ ដោយ​កោរសក់​ ស្លៀកពាក់​ស ​ដើរ​ស្វែងរក​ការ​គោរព​យុត្តិធម៌​នៅ​តុលាការ​ខេត្ត​កណ្ដាល ​សាលាឧទ្ធរណ៍ ​តុលាការ​កំពូល ​ក្រសួង​យុត្តិធម៌​ និង​នៅ​គណៈ​មេធាវី៕

3 comments:

Anonymous said...

Khmer rouge,they killed people khmer by:Tbau.ng-ChoaB,Dam.Boang,knife,Ar.Kor-theang tnort,Boss ory KrorPeu Si....by gun like the dead of Peaklika or prisoner in BB.And when they ask some questions that who killed 3 214 521 innocent khmer peoples,...the answer are Yuon,but yuon told UN that they were libarators.
Sihanouk knew better than yuon,try to call him by mobile phone or send him by Email.
Son chay speak well either khmer or English.
Sihanouk said that he has 2 aspects that:"we can smile and also we can kill".

Anonymous said...

រឿងរត់គេចខ្លួន ជាមួយហ៊ុនសែន ខ្ញុំនៅតែគ្មាន
ជំនឿសោះ ប្រសិនបើ ហ៊ុនសែនចង់ចាប់ដោយ
ពិត ដូចជាការចាប់លោក ហេង ពៅ និង ហុក
ឡងឌី ជាដើម!!!

Anonymous said...

*This is Not a Hun sen Problem.His have a lot entourages Bad than him 100%.
* Mr Tieng Narith and Sourn seri Rotha are TARGET of him.
*I guested this is a secret release from some Police officers, so his should Keep quiet like that.
*His will arrest by Bad Hun sen entourages in the future [when his doe everything in his schedule day by insane Polices reason soon].
KHMER1970