Wednesday, January 25, 2012

«​ខ្ញុំ​ភ័យ​ខ្លាច​ថា បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​រួច​ហើយ ពួក​គេ​នឹង​​មក​ដន្តើមយក​ដី​យើង​ជាថ្មីម្តង​ទៀត​» - ស្គាល់ហើយក្រយ៉ៅហ៊ុនសែន!

មន្ត្រី​ CPP​ ទៅ​សន្យា​ឲ្យ​អ្នក​ក្រគរ​យក​ដី​ពី​ក្រុម​ហ៊ុន​ភាពីម៊ិច​វិញ

Tuesday, 24 January 2012 12:06
ម៉ៃ ទិត្យ​ថារ៉ា
The Phnom Penh Post
ខ្ញុំ​គិត​ថា អ្វី ​ដែល​ពួកគេ​ធ្វើ​គ្រាន់​តែ​ចង់​ឲ្យ​យើងបោះ​​ឆ្នោត​ឲ្យ​ពួក​គេ​ ​ពី​ព្រោះ​វា​​កើត​ឡើងយូរ​មក​ហើយ​ ​ហេតុ​អ្វី​​ក៏​ពួក​គេ​មិន​ដោះ​ស្រាយឲ្យយើង
ពោធិ៍​សាត់ៈ អ្នក​ភូមិ​ក្នុង​ឃុំ​ត្នោត​ជុំ ​ស្រុក​ក្រគ​រ​​ ខេត្ត​ពោធិ៍​- សាត់​ ​ដែល​មាន​​ជម្លោះ​ដី​ធ្លី​​ជា​យូរ​មក​ហើយ​ជា​មួយ​ក្រុម​ហ៊ុន ភាពី​ម៉ិចគ្រុប​ ​ដែល​​ជា​ក្រុម​ហ៊ុន​របស់​​លោកស្រី ​ជឹង សុភាព​ ដែលគេ​ស្គាល់​ យាយ ​ភូ បាន​ទទួល​ការ​ប្រគល់​ដី​ឲ្យ​វិញ​បន្ទាប់​ពី​ពួក​គេ​​បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​​ចំនួន​បី​លើក​​កាល​ពីខែ​មករា។

លោក គួ​ច វេង ​តំណាង​អ្នក​ភូមិ​បាន​ថ្លែង​ថា ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មករា មាន​សមាជិក​គណបក្ស​ប្រជា​ជន​កម្ពុជា​(CPP)ម្នាក់​ មក​ពី​ភ្នំ​ពេញ​ ​​អម​ដោយ​អភិបាល​ស្រុក​ក្រគរ​ ​បាន​មក​ជជែក​​នឹង​អ្នក​ភូមិដែល​​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​​នៅ​មុខស្នាក់​ការ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ក្រគរ​ ដោយ​សន្យា​ថា អ្នក​ភូមិ​អាច​ទៅ​បោះ​បង្គោល​​លើ​ដី​ដែល​​ក្រុម​ហ៊ុន​បាន​ឈូស​រួច​ហើយ​។ លោក​បាន​បន្តថា​៖ «​ឥឡូវ​នេះ​ អ្នក​ភូមិ​បាន​នាំ​គ្នា​​ទៅ​បោះ​របង​នៅ​លើ​ដី​ដែល​​ត្រូវ​បាន​ឈូស​ឆាយ​ដោយ​ក្រុម​ហ៊ុន​ ហើយ​​សង្ឃឹម​ថា ជម្លោះ​នេះ​នឹង​មិន​កើត​មាន​ជាថ្មី​ទៀត​​ឡើយ​»។

លោក​បាន​បន្ត​ថា ​បុរស​ម្នាក់​ដែល​អះអាង​ថា ​ជា​សមាជិក​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅ​រាជ​ធានី​ភ្នំ​ពេញ​ បាន​សន្យា​ថា ក្រុម​ហ៊ុន​នឹង​​មិន​យកដី​ពីប្រជា​ជន​ទៀត​ទេ​។ តែ​លោក​នឹក​បារម្ភ​​ថា ​៖ «​ខ្ញុំ​ភ័យ​ខ្លាច​ថា បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​រួច​ហើយ ពួក​គេ​នឹង​​មក​ដន្តើមយក​ដី​យើង​ជាថ្មីម្តង​ទៀត​»។


លោក ដួក សារី ​អ្នក​ភូមិ​ដែល​បាន​ចូល​រួម​ការ​តវ៉ា​បាន​និយាយ​ថា ​អភិបាល​ស្រុក​ក្រគរ​​ បាន​ថ្លែងប្រាប់​​ថា ​អ្នក​ភូមិ​អាច​កាន់​កាប់​លើ​ដី​​​ជា​​កម្ម​សិទ្ធិ​របស់​គាត់​ ​ហើយ​​ត្រូវ​បោះ​របង​ដើម្បី​ចៀស​វាង​​ក្រុម​ហ៊ុន​មក​ប៉ះ​ពាល់​ទៀត​។ លោក​បាន​បន្ថែម​ថា ​៖ «​​ខ្ញុំ​មាន​សេចក្តី​រីក​រាយ​នៅ​ពេល​ខ្ញុំ​បាន​ទទួល​ដី​​មក​វិញ​ ប៉ុន្តែ​ ខ្ញុំ​ភ័យ​ខ្លាច​ថា​ ពួក​​គេ​នឹង​ត្រឡប់​មក​យក​វិញ​នៅ​ថ្ងៃ​ណា​​មួយ​នៅពេល​ខាងមុខ​នេះ​។ ​ខ្ញុំ​គិត​ថា អ្វី​ដែល​ពួកគេ​ធ្វើ​គ្រាន់​តែ​ចង់​ឲ្យ​យើងបោះ​​ឆ្នោត​ឲ្យ​ពួក​គេ​ ​ពី​ព្រោះ​វា​​កើត​ឡើងយូរ​មក​ហើយ​ ​ហេតុ​អ្វី​​ក៏​ពួក​គេ​មិន​ដោះ​ស្រាយឲ្យយើង​»​។

លោក សារី បន្ថែម​ថា​ ​ថ្មី​ៗ​ក្រុម​ហ៊ុន​បានដក​​យក​អេស្កាវ៉េទ័រ​ចេញ​ដី​​មាន​ជម្លោះ ហើយ​ក៏​​មិន​បាន​រារាំង​ដែរ ​​នៅ​ពេល​អ្នក​ភូមិ​នាំ​គ្នា​ទៅ​បោះ​បង្គោល​របង​នៅ​លើ​ដី​ដែល​ពួក​គេ​ឈូស​រួច​ហើយ​។

លោក ឡុង ស៊ីវី ដែល​ជា​អ្នក​ភូមិ​ម្នាក់ដែរ​បានប្រាប់​​ថា គាត់​មិន​ជឿ​លើ​អាជ្ញា​ធរ​ទាំងស្រុង​​ទេ​ ​ពី​ព្រោះ​​ជួន​គេ​គ្រាន់​តែ​និយាយ​​ឲ្យផុត​តែ​ពី​មាត់​។ គាត់​និយាយ​​ថា៖ «​ពួក​គេ​អាច​ផ្លាស់​ប្តូរ​​សម្តី​​​នៅ​​ពេល​ណា​ក៏​បាន​ ​ពី​ព្រោះ​​គេ​មិន​មាន​លិខិត​​អ្វី​ជា​ផ្លូវ​ការ ​ទុក​ឲ្យ​យើង​នោះ​ទេ​»។

លោក ទឹម សារិន អភិបាល​​ស្រុក​ក្រគរ​ ​បាន​បដិ​សេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ ហើយ​បាន​ថ្លែង​ថា​៖ « ​ខ្ញុំ​ជាប់​រវល់​ »។

លោក ខូយ សុខា អភិបាល​ខេត្ត​ពោធិ៍សាត់​ បាន​ថ្លែង​ថា មន្រ្តី​របស់​លោកកំពុង​ធ្វើ​ការ​លើ​បញ្ហា​នេះ​​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ជន​ ហើយ​ថ្មី​ៗ​នេះ​ ពួក​គេ​​ឈប់​សម្រាក​​មួយ​រយៈ​ដោយ​ជាប់​ចូល​ឆ្នាំ​ចិន​​។

លោក ​ថា​៖ «​យើង​នឹង​បន្ត​ការ-​ងារ​របស់​យើង​ ប៉ុន្តែ​ ​មិន​អាច​និយាយថា​ អ្នក​ភូមិ​នឹង​ទទួល​១០០ភាគរយ​ទេ​ ប៉ុន្តែ​ ខ្ញុំ​កំពុង​ព្យាយាម​ធ្វើ​ការ​លើ​បញ្ហា​នេះ​»។

លោក ​ទី​ គឹម​តុក​ អភិបាល​រង​ខេត្តពោធិ៍​សាត់ ​និងជា​​តំណាង​ក្រុម​ហ៊ុន​ ភាពីមិចគ្រុប​​ បាន​បដិ​សេធ​ធ្វើ​អត្ថាធិប្បាយ​​ ហើយថា «ខ្ញុំ​មិន​មែន​ ទី​ គឹម​តុក ទេ​»

កាលពី​ខែ​មករា​ ឆ្នាំ​២០០០​ រដ្ឋា​ភិបាល​កម្ពុជា ​​បាន​ចុះ​ហត្ថ-​លេខា​​លើ​​​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​ក្រុម​​​ហ៊ុន ភាពីមិចគ្រុប ​ផ្តល់​ដី​សម្បទាន​​សេដ្ឋ​កិច្ច ​លើ​ផ្ទៃ​ដី​ ​៣១៥ ០២៨​ ហិក​តា​ នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ និង​ខេត្ត​ពោធិ៍​- សាត់​​ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ដាំ​ដើម​អាកាស្យា​ ហើយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១១​ រដ្ឋា-​ភិបា​ល ​បាន​ចុះ​​ហត្ថ​​​លេ​ខា​លើ​​អនុ​ក្រឹត្យ​​​ផ្តល់​ដី​មួយ​ចំនួន​​ទៅ​ឲ្យ​សហគមន៍​វិញ​ ដោយ​កាត់​ទំហំ​ដី​ចំនួន​៦ ៧​១៤​ហិក​តា​ ​ពី​ក្រុម​ហ៊ុន​នេះ​ទៅ​ឲ្យ​សហ​គមន៍​ដែល​រង​ការ​ប៉ះ​ពាល់​។

លោក ភួ​ង សុធា មន្រ្តី​សម្រប​សម្រួល​​នៅ​សមាគម​ការពារ​​សិទ្ធិ​​មនុស្ស​អាដ​ហុក​​ បាន​ថ្លែង​អំពី​បញ្ហា​នេះ កាល​ពី​ម្សិលមិញ​ថា លោក​សូម​ស្វាគមន៍​​ជា​មួយ​នឹង ដំណោះ​ស្រាយ​របស់​អាជ្ញា​ធរ​ ​ដូច្នេះ ​ភាគី​ទាំង​ពីរ​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ជា​មួយ​គ្នា​។ ក្រុម​ហ៊ុន​​អាច​ធ្វើ​ការ​អភិវឌ្ឍ​លើ​គម្រោង​ការ​របស់​ខ្លួន ​ហើយ​ចំណែក​ក្រុម​អ្នក​ភូមិ​ក៏​អាច​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​បាន​ធម្មតា​វិញដែរ​៕

1 comment:

Anonymous said...

ទាំងអស់នេះ វាក្លាយទៅជាវប្បធម៌ជាយូររួចមក
ហើយ មុនបោះឆ្នោត ប្រជាភិថុត ក្រោយជាប់
ឆ្នោត មុខនាទី អជ្ញាធរ ជាអ្នកគម្រាម។