Tuesday, 24 January 2012 12:06
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
ខ្ញុំគិតថា អ្វី ដែលពួកគេធ្វើគ្រាន់តែចង់ឲ្យយើងបោះឆ្នោតឲ្យពួកគេ ពីព្រោះវាកើតឡើងយូរមកហើយ ហេតុអ្វីក៏ពួកគេមិនដោះស្រាយឲ្យយើងពោធិ៍សាត់ៈ អ្នកភូមិក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍- សាត់ ដែលមានជម្លោះដីធ្លីជាយូរមកហើយជាមួយក្រុមហ៊ុន ភាពីម៉ិចគ្រុប ដែលជាក្រុមហ៊ុនរបស់លោកស្រី ជឹង សុភាព ដែលគេស្គាល់ យាយ ភូ បានទទួលការប្រគល់ដីឲ្យវិញបន្ទាប់ពីពួកគេបាននាំគ្នាធ្វើការតវ៉ាចំនួនបីលើកកាលពីខែមករា។
លោក គួច វេង តំណាងអ្នកភូមិបានថ្លែងថា កាលពីថ្ងៃទី២១ ខែមករា មានសមាជិកគណបក្សប្រជាជនកម្ពុជា(CPP)ម្នាក់ មកពីភ្នំពេញ អមដោយអភិបាលស្រុកក្រគរ បានមកជជែកនឹងអ្នកភូមិដែលនាំគ្នាធ្វើការតវ៉ានៅមុខស្នាក់ការក្រុមហ៊ុនក្នុងស្រុកក្រគរ ដោយសន្យាថា អ្នកភូមិអាចទៅបោះបង្គោលលើដីដែលក្រុមហ៊ុនបានឈូសរួចហើយ។ លោកបានបន្តថា៖ «ឥឡូវនេះ អ្នកភូមិបាននាំគ្នាទៅបោះរបងនៅលើដីដែលត្រូវបានឈូសឆាយដោយក្រុមហ៊ុន ហើយសង្ឃឹមថា ជម្លោះនេះនឹងមិនកើតមានជាថ្មីទៀតឡើយ»។
លោកបានបន្តថា បុរសម្នាក់ដែលអះអាងថា ជាសមាជិកគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ បានសន្យាថា ក្រុមហ៊ុននឹងមិនយកដីពីប្រជាជនទៀតទេ។ តែលោកនឹកបារម្ភថា ៖ «ខ្ញុំភ័យខ្លាចថា បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់រួចហើយ ពួកគេនឹងមកដន្តើមយកដីយើងជាថ្មីម្តងទៀត»។
លោក ដួក សារី អ្នកភូមិដែលបានចូលរួមការតវ៉ាបាននិយាយថា អភិបាលស្រុកក្រគរ បានថ្លែងប្រាប់ថា អ្នកភូមិអាចកាន់កាប់លើដីជាកម្មសិទ្ធិរបស់គាត់ ហើយត្រូវបោះរបងដើម្បីចៀសវាងក្រុមហ៊ុនមកប៉ះពាល់ទៀត។ លោកបានបន្ថែមថា ៖ «ខ្ញុំមានសេចក្តីរីករាយនៅពេលខ្ញុំបានទទួលដីមកវិញ ប៉ុន្តែ ខ្ញុំភ័យខ្លាចថា ពួកគេនឹងត្រឡប់មកយកវិញនៅថ្ងៃណាមួយនៅពេលខាងមុខនេះ។ ខ្ញុំគិតថា អ្វីដែលពួកគេធ្វើគ្រាន់តែចង់ឲ្យយើងបោះឆ្នោតឲ្យពួកគេ ពីព្រោះវាកើតឡើងយូរមកហើយ ហេតុអ្វីក៏ពួកគេមិនដោះស្រាយឲ្យយើង»។
លោក សារី បន្ថែមថា ថ្មីៗក្រុមហ៊ុនបានដកយកអេស្កាវ៉េទ័រចេញដីមានជម្លោះ ហើយក៏មិនបានរារាំងដែរ នៅពេលអ្នកភូមិនាំគ្នាទៅបោះបង្គោលរបងនៅលើដីដែលពួកគេឈូសរួចហើយ។
លោក ឡុង ស៊ីវី ដែលជាអ្នកភូមិម្នាក់ដែរបានប្រាប់ថា គាត់មិនជឿលើអាជ្ញាធរទាំងស្រុងទេ ពីព្រោះជួនគេគ្រាន់តែនិយាយឲ្យផុតតែពីមាត់។ គាត់និយាយថា៖ «ពួកគេអាចផ្លាស់ប្តូរសម្តីនៅពេលណាក៏បាន ពីព្រោះគេមិនមានលិខិតអ្វីជាផ្លូវការ ទុកឲ្យយើងនោះទេ»។
លោក ទឹម សារិន អភិបាលស្រុកក្រគរ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ហើយបានថ្លែងថា៖ « ខ្ញុំជាប់រវល់ »។
លោក ខូយ សុខា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា មន្រ្តីរបស់លោកកំពុងធ្វើការលើបញ្ហានេះ ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាជន ហើយថ្មីៗនេះ ពួកគេឈប់សម្រាកមួយរយៈដោយជាប់ចូលឆ្នាំចិន។
លោក ថា៖ «យើងនឹងបន្តការ-ងាររបស់យើង ប៉ុន្តែ មិនអាចនិយាយថា អ្នកភូមិនឹងទទួល១០០ភាគរយទេ ប៉ុន្តែ ខ្ញុំកំពុងព្យាយាមធ្វើការលើបញ្ហានេះ»។
លោក ទី គឹមតុក អភិបាលរងខេត្តពោធិ៍សាត់ និងជាតំណាងក្រុមហ៊ុន ភាពីមិចគ្រុប បានបដិសេធធ្វើអត្ថាធិប្បាយ ហើយថា «ខ្ញុំមិនមែន ទី គឹមតុក ទេ»។
កាលពីខែមករា ឆ្នាំ២០០០ រដ្ឋាភិបាលកម្ពុជា បានចុះហត្ថ-លេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន ភាពីមិចគ្រុប ផ្តល់ដីសម្បទានសេដ្ឋកិច្ច លើផ្ទៃដី ៣១៥ ០២៨ ហិកតា នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍- សាត់ ដើម្បីធ្វើការអភិវឌ្ឍដាំដើមអាកាស្យា ហើយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១១ រដ្ឋា-ភិបាល បានចុះហត្ថលេខាលើអនុក្រឹត្យផ្តល់ដីមួយចំនួនទៅឲ្យសហគមន៍វិញ ដោយកាត់ទំហំដីចំនួន៦ ៧១៤ហិកតា ពីក្រុមហ៊ុននេះទៅឲ្យសហគមន៍ដែលរងការប៉ះពាល់។
លោក ភួង សុធា មន្រ្តីសម្របសម្រួលនៅសមាគមការពារសិទ្ធិមនុស្សអាដហុក បានថ្លែងអំពីបញ្ហានេះ កាលពីម្សិលមិញថា លោកសូមស្វាគមន៍ជាមួយនឹង ដំណោះស្រាយរបស់អាជ្ញាធរ ដូច្នេះ ភាគីទាំងពីរអាចទទួលបានអត្ថប្រយោជន៍ជាមួយគ្នា។ ក្រុមហ៊ុនអាចធ្វើការអភិវឌ្ឍលើគម្រោងការរបស់ខ្លួន ហើយចំណែកក្រុមអ្នកភូមិក៏អាចធ្វើស្រែចម្ការរបស់ខ្លួនបានធម្មតាវិញដែរ៕
1 comment:
ទាំងអស់នេះ វាក្លាយទៅជាវប្បធម៌ជាយូររួចមក
ហើយ មុនបោះឆ្នោត ប្រជាភិថុត ក្រោយជាប់
ឆ្នោត មុខនាទី អជ្ញាធរ ជាអ្នកគម្រាម។
Post a Comment