២០-កុម្ភៈ-២០១២៖ កម្មការិនីដែលត្រូវជនមិនស្គាល់មុខបាញ់ក្នុងពេលកំពុងតវ៉ា សម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ (Adhoc Photo) |
2012-02-20
ដោយ សុ ជីវី និង ខែ សុណង
Radio Free Asia
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ កម្មកររាប់ពាន់នាក់បម្រើការក្នុងរោងចក្រចំនួន ៣ នៅតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាថាន់ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង បាននាំគ្នាធ្វើកូដកម្មទាមទារដំឡើងប្រាក់រង្វាន់ និងប្រាក់ថ្លៃបាយ។
ការតវ៉ាបាននោះក្លាយជាអំពើហិង្សា ដោយក្រុមកម្មករបានចោលដុំថ្មទៅលើអគាររោងចក្រ។ ភ្លាមៗនោះមានជនមិនស្គាល់មុខបានបាញ់ជាច្រើនគ្រាប់ទៅក្រុមអ្នកតវ៉ាធ្វើកម្មករមួយចំនួនបណ្ដាលឲ្យរបួស។
ការបាញ់រះទៅលើហ្វូងកម្មករពីសំណាក់ជនមិនស្គាល់មុខ បានបណ្តាលកម្មការិនី ៣នាក់នៅរោងចក្រផលិតស្បែកជើងកៅវ៉េ (Kaoway) បានរងរបួស។ ពួកគេត្រូវបានដឹកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំនួន ២ក្នុងក្រុងបាវិត និងនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ប្រាក់ សារ៉ាន់ អោយដឹងថា បន្ទាប់ពីបានចុះស៊ើបអង្កេត លោករកឃើញថា ក្រុមកម្មករបាននិយាយខុសៗគ្នាពីចំនួនអ្នករងរបួស។ ក្រោយពីបានចុះដល់មន្ទីរពេទ្យ លោកបានរកឃើញថា មានកម្មការិនីចំនួននាក់បានរងរបួស។
លោក ប្រាក់ សារ៉ា៖ «មិនហៅថា សមត្ថកិច្ចទេហៅថា ជនដៃដល់ដែលកាន់កាំភ្លើងនេះចុះ ព្រោះអីយើងមិនទាន់ដឹងទេថា អ្នកដែលបាញ់នោះជាប៉ូលិស ជាសន្តិសុខ ឬជាអង្គរក្សរបស់អ្នកណា ដោយសារខ្ញុំមិនទាន់បានការបំភ្លឺពីសមត្ថកិច្ចនៅឡើយ»។
កម្មការិនីទាំង ៣នាក់ មានឈ្មោះ ក្រូច ចិន្តា របួសធ្ងន់ ដោយត្រូវគ្រាប់ចំខាងលើដោះឆ្វេងធ្លាយទៅក្រោមឃ្លៀកខាងឆ្វេង កៅ នី រងរបួសដៃស្តាំ និង នុត សុខុម របួសដៃស្តាំ និងខ្នង។
កម្មការិនីម្នាក់ដែលបានឃើញហេតុការណ៍បាននិយាយដោយលាក់ឈ្មោះថា នៅពេលការតវ៉ាបានផ្ទុះអំពើហិង្សា ក្រុមនគរបាលត្រូវគេបញ្ជូនមកបង្រ្កាប។ ស្របគ្នានោះមានបុរសមិនស្គាល់មុខបានដកកាំភ្លើងខ្លីបាញ់រះលើក្រុមកម្មករ ដែលប៉ុនប៉ងចូលលាក់ខ្លួនក្នុងបន្ទប់ទឹក។
កម្មការិនីមិនបញ្ចេញឈ្មោះ៖ «ចូលទៅទាំងអស់គ្នា តែពួកខ្ញុំទាំងបីនាក់ហ្នឹងចូលបន្ទប់ទឹក ដល់ហើយមានមនុស្សម្នាក់ចុះពីលើឡានមក ទាញកំាំភ្លើងបាញ់ ហើយខ្ញុំមិនដឹងប៉ូលិសអីពីណាមិនដឹងទេ គ្រាន់ដឹងថា ពាក់អាវអង្គរក្ស ឆែកៗ។ បាញ់ហ្នឹងនៅខាងក្រោយខ្នងខ្ញុំ មីកូនចូលបន្ទប់ទឹកជាមួយខ្ញុំហ្នឹង។ ខ្ញុំក្រឡេកទៅឃើញវាដួលហើយ ងាកទៅមីកូនមួយទៀតត្រូវដៃ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការអធិប្បាយពីស្នងការនគរបាលខេត្តស្វាយរៀង លោក ប្រាជ រឹម បានទេនៅថ្ងៃទី២០ កុម្ភៈ។ ចំណែកស្នងការរងលោក លឹក ចំរើន អះអាងថា សមត្ថកិច្ចកំពុងធ្វើការលើករណីនេះ។
លោក ជាង អំ អភិបាលខេត្តស្វាយរៀង មានប្រសាសន៍ថា ការបាញ់ប្រហារនោះបង្កដោយជនមិនស្គាល់មុខដែលមិនមែនជាមន្ត្រីកំលាំងសមត្ថកិច្ចឡើយ៖ «អ្នកដែលទៅផ្ទាល់ហ្នឹង ប៉ូលិសគ្មានហ៊ានបាញ់ទេ។ ឥឡូវគ្រាប់ដែលកាំភ្លើងបាញ់ហ្នឹងមិនមែនគ្រាប់របស់ប៉ូលិសទេ។ ប៉ូលិសកាន់កាំភ្លើងអាកា ហើយគ្រាប់ដែលបាញ់ប្រជាពលរដ្ឋរបួសនោះមិនមែនអាកាផង»។
ក្រុមកម្មករបញ្ជាក់ថា ពួកគេជាង ៣.០០០នាក់ ធ្វើការក្នុងរោងចក្រចំនួន៣ បានតវ៉ាជាច្រើនថ្ងៃមកហើយ ដោយមិនចូលធ្វើការ និងដុតកង់ឡាននៅក្នុងរោងចក្រ ដើម្បីអោយភាគីថៅកែរោងចក្រដំឡើងប្រាក់រង្វាន់ទៀងទាត់ និងប្រាក់ថ្លៃបាយថ្ងៃត្រង់។ ពួកគេទាមទារប្រាក់រង្វាន់ចំនួន ១០ដុល្លារក្នុងមួយខែ និងថ្លៃបាយថ្ងៃត្រង់ចំនួន ២.០០០រៀល។
រោងចក្រទាំងបីនោះស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត មានឈ្មោះ កៅវ៉េ (Kaoway) ឃីងម៉ាកឃើរ ហ្វូតវែ (Kingmaker Footwear) និង ហ្សីកូ (Sheico)។
ក្រុមសហជីពថ្កោលទោសការបាញ់ប្រហារទៅលើកម្មករ
ក្រុមសហព័ន្ធសហជីពចំនួន៦ បានថ្កោលទោសចំពោះករណីបាញ់ប្រហារទៅលើកម្មកររោងចក្រផលិតស្បែកជើងកៅវ៉េ (Kaoway) ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១២ ថា ជាទង្វើព្រៃផ្សៃ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ក្រុមសហព័ន្ធសហជីពទាំងនោះបានចេញសេចក្ដីថ្លែងការណ៍រួមមួយភ្លាមៗ បន្ទាប់ពីមានការបាញ់ប្រហារ មកលើកម្មករដែលបានតវ៉ាលក្ខខណ្ឌការងារនៅក្នុងរោងចក្រឲ្យរងរបួសជាច្រើននាក់។ ក្នុងសេចក្ដីថ្លែងការណ៍ដដែលក៏បានជំរុញឲ្យអាជ្ញាធរខេត្តស្វាយរៀង ទទួលខុសត្រូវ ហើយចាប់ជនដៃដល់មកផ្ដន្ទាទោសឲ្យបានឆាប់ និងបញ្ឈប់ជាបន្ទាន់នូវការប្រើអំពើហិង្សាមកលើកម្មករ។
ស្របគ្នានេះដែរអ្នកនយោបាយ សហជីព សង្គមស៊ីវិល អ្នកធ្វើការពាក់ព័ន្ធសិទ្ធិការងារបានចុះទៅអង្កេតដល់កន្លែងកើតហេតុ ដើម្បីចូលរួមស៊ើបអង្កេតពីការបាញ់ប្រហារនេះ។
ជនរងគ្រោះម្នាក់ក្នុងចំណោម ៣នាក់ដែលរបួសធ្ងន់ជាងគេក្នុងព្រឹត្តិការបាញ់នោះ គឺកម្មការិនី ក្រូច ចិន្តា ត្រូវបានគេបញ្ជូនមកកាន់មន្ទីរពេទ្យក្រុងភ្នំពេញ ដើម្បីសង្គ្រោះបន្ទាន់។
លោក ជាង អំ អភិបាលខេត្តស្វាយរៀង បានជួយឧបត្ថម្ភប្រាក់ដល់កម្មការិនីរងគ្រោះទាំងបីនាក់នោះ ក្នុងម្នាក់ចំនួន ៥០ម៉ឺនរៀល។
សង្គមស៊ីវិលដែលរួមមានអង្គការសិទ្ធិមនុស្ស បានចាត់ទុកការបាញ់ប្រហារបែបនេះថា ជាគំរូថ្មីមួយទៀត នៃការគម្រាមកំហែងទៅលើពលរដ្ឋក្នុងការទាមទារសិទ្ធិសេរីភាព។ ជាមួយគ្នានេះបានអំពាវនាវដល់ក្រសួងការងារ ម្ចាស់ក្រុមហ៊ុនផលិត និងក្រុមហ៊ុនបញ្ជាទិញ ត្រូវដោះស្រាយជាបន្ទាន់នូវរាល់សំណូមពររបស់កម្មករ ហើយទទួលខុសត្រូវចំពោះការបាញ់ប្រហារលើពួកគេ៕
1 comment:
និយាយថាជន (មិនស្គាល់មុខ) បានចូលក្នុងបរិវេណ
រោងចក្រ ហើយបានបាញ់រះមកលើកម្មករ កម្មការីនី
ពិតជារឿងគួរឲ្យអស់សំណើចណាស់។
នៅក្នុងអំឡុងពេល ៧ ថ្ងៃដែល
កម្មករបានធ្វើដូដកម្មនោះ តើកំលាំងមកពីខាងណា
នៅចាំយាមសន្តិសុខនៅរោងចក្រទាំងនោះ? ខាង
ស្នងការនគរបាលខេត្តស្វាយរៀងដែលបញ្ជាដោយ
លោកពូ ប្រាជ្ញ រឹម ឬ ក៏ខាងស្នងការក្រុងបាវិត
របស់បង កែវ គង់? បើចង់ដឹងពត៏មានច្បាស់
ថាអ្នកណាជាអ្នកបាញ់ សូមជំរិតសួរ បង
កែវ គង់ទៅនឹងបានដឹងហើយ៕
បង កែវ គង់ ជាអតីត អ្នករត់តាក់ស៊ី បាវិត
ស្វាយរៀង ហើយក៏ត្រូវជាបងប្អូនចិញ្ចឹមរបស់
ខ្មោអាយួន ហុក ឡង់ឌីដែរ មានយប់មួយ
បងគង់ (កាលរនៅរត់ឡាននតាក់ស៊ី)គាត់ស្រវឹង
យ៉ាងខ្លាំង បានជិះឡានតាក់ស៊ីរបស់ខ្លួនបុក
អ្នកភូមិបាវិតកណ្តាល មិនអស់ចិត្ត បងគង់
ចុះពីឡានខ្លួនដែលមានតែខោ លីអូ ពណ៏ស
កាន់ដៃកាន់កាំភ្លើងម៉ាក AK បាញ់រះឡើងលើ
អ្នកលក់ឥវ៉ាន់ចាប់ហ៊ួ នៅផ្សារអន្តរជាតិបាវិត
គ្មានអ្នកណាម្នាក់ហ៊ានបើកទ្វារឡើយ ព្រោះខ្លាច
គ្រាប់របស់បងគង់៕
សត្យារៈ
Post a Comment