Tuesday, February 21, 2012

កម្មការិនី​៣​នាក់​ត្រូវ​បាញ់​ឲ្យ​របួស​ក្នុង​ពេល​តវ៉ា

២០-កុម្ភៈ-២០១២៖ កម្មការិនី​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ក្នុង​ពេល​កំពុង​តវ៉ា សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង។ (Adhoc Photo)

2012-02-20
ដោយ សុ ជីវី និង ខែ សុណង
Radio Free Asia

នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ កម្មករ​រាប់​ពាន់​នាក់​បម្រើ​ការ​ក្នុង​រោងចក្រ​ចំនួន ៣ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ម៉ាន់ហាថាន់ ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​រង្វាន់ និង​ប្រាក់​ថ្លៃ​បាយ។

ការ​តវ៉ា​បាន​នោះ​ក្លាយ​ជា​អំពើ​ហិង្សា ដោយ​ក្រុម​កម្មករ​បាន​ចោល​ដុំ​ថ្ម​ទៅ​លើ​អគារ​រោងចក្រ។ ភ្លាមៗ​នោះ​មាន​ជន​មិន​ស្គាល់​មុខ​បាន​បាញ់​ជា​ច្រើន​គ្រាប់​ទៅ​ក្រុម​អ្នក​តវ៉ា​ធ្វើ​​កម្មករ​មួយ​ចំនួន​បណ្ដាល​ឲ្យ​របួស។

ការ​​បាញ់​រះ​​​​​ទៅ​លើ​ហ្វូង​កម្មករ​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ បាន​បណ្តាល​​កម្មការិនី ៣​នាក់​នៅ​រោងចក្រ​​​ផលិត​ស្បែកជើង​កៅវ៉េ (Kaoway) បាន​រង​របួស។ ពួកគេ​ត្រូវ​បាន​ដឹក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ចំនួន ២​ក្នុង​ក្រុង​បាវិត និង​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង។


មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ប្រាក់ សារ៉ាន់ អោយ​ដឹង​ថា បន្ទាប់ពី​បាន​ចុះ​ស៊ើប​អង្កេត​ លោក​រក​ឃើញ​ថា ក្រុម​កម្មករ​បាន​និយាយ​ខុសៗ​គ្នា​ពី​ចំនួន​អ្នក​រង​របួស។ ក្រោយ​ពី​បាន​ចុះ​ដល់​មន្ទីរពេទ្យ លោក​បាន​រក​ឃើញ​ថា មាន​កម្មការិនី​ចំនួន​នាក់​បាន​រង​របួស។

លោក ប្រាក់ សារ៉ា៖ «មិន​ហៅ​ថា សមត្ថកិច្ច​ទេ​ហៅ​ថា ជ​ន​ដៃ​ដល់​ដែល​កាន់​កាំភ្លើង​នេះ​ចុះ ព្រោះ​អី​យើង​មិន​ទាន់​ដឹង​ទេ​ថា អ្នក​ដែល​បាញ់​នោះ​ជា​​ប៉ូលិស ជា​សន្តិសុខ ឬ​ជា​អង្គរក្ស​របស់​អ្នក​ណា ដោយសារ​ខ្ញុំ​មិន​ទាន់​បាន​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​នៅ​ឡើយ»។

កម្មការិនី​ទាំង ៣​នាក់ មាន​ឈ្មោះ ក្រូច ចិន្តា របួស​ធ្ងន់ ដោយ​ត្រូវ​គ្រាប់​ចំ​ខាង​លើ​ដោះ​ឆ្វេង​ធ្លាយ​ទៅ​ក្រោម​ឃ្លៀក​ខាង​ឆ្វេង កៅ នី រង​របួស​ដៃ​ស្តាំ និង នុត សុខុម របួស​ដៃ​ស្តាំ​ និង​ខ្នង។

កម្មការិនី​ម្នាក់​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​និយាយ​ដោយ​លាក់​ឈ្មោះ​ថា នៅ​ពេល​ការ​តវ៉ា​បាន​ផ្ទុះ​អំពើ​ហិង្សា ក្រុម​នគរបាល​ត្រូវ​គេ​បញ្ជូន​មក​បង្រ្កាប។ ស្រប​គ្នា​នោះ​មាន​បុរស​មិន​ស្គាល់​មុខ​បាន​ដក​កាំ​ភ្លើង​ខ្លី​បាញ់​រះ​លើក្រុម​កម្មករ ដែល​ប៉ុន​ប៉ង​ចូល​លាក់​ខ្លួន​ក្នុង​បន្ទប់​ទឹក។

កម្មការិនី​មិន​បញ្ចេញ​ឈ្មោះ៖ «ចូល​ទៅ​ទាំង​អស់​គ្នា តែ​ពួក​ខ្ញុំ​ទាំង​បី​នាក់​ហ្នឹង​ចូល​បន្ទប់​ទឹក ដល់​ហើយ​មាន​មនុស្ស​ម្នាក់​ចុះ​ពី​លើ​ឡាន​មក ទាញ​កំាំភ្លើង​បាញ់ ហើយ​ខ្ញុំ​មិន​ដឹង​ប៉ូលិស​អី​ពី​ណា​មិន​ដឹង​ទេ គ្រាន់​ដឹង​ថា ពាក់​អាវ​អង្គរក្ស ឆែកៗ។ បាញ់​ហ្នឹង​នៅ​ខាង​ក្រោយ​ខ្នង​ខ្ញុំ មី​កូន​ចូល​បន្ទប់​ទឹក​ជាមួយ​ខ្ញុំ​ហ្នឹង។ ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​វា​ដួល​ហើយ ងាក​ទៅ​មីកូន​មួយ​ទៀត​ត្រូវ​ដៃ»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​​ការ​អធិប្បាយ​ពី​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក ប្រាជ រឹម បាន​ទេ​នៅ​ថ្ងៃ​​ទី​២០ កុម្ភៈ។ ចំណែក​ស្នង​ការ​រង​លោក លឹក ចំរើន អះអាង​ថា សមត្ថកិច្ច​កំពុង​ធ្វើ​ការ​លើ​ករណី​នេះ។

លោក ជាង អំ អភិបាល​ខេត្ត​ស្វាយរៀង មាន​ប្រសាសន៍​ថា ការ​បាញ់​ប្រហារ​នោះ​បង្ក​ដោយ​ជន​មិន​ស្គាល់​មុខ​ដែល​មិន​មែន​ជា​មន្ត្រី​កំលាំង​សមត្ថកិច្ច​ឡើយ៖ «អ្នក​ដែល​ទៅ​ផ្ទាល់​ហ្នឹង ប៉ូលិស​គ្មាន​ហ៊ាន​បាញ់​ទេ។ ​ឥឡូវ​គ្រាប់​ដែល​កាំភ្លើង​បាញ់​ហ្នឹង​មិន​មែន​គ្រាប់​របស់​ប៉ូលិស​ទេ។ ប៉ូលិស​កាន់​កាំ​ភ្លើង​អាកា ហើយ​គ្រាប់​ដែល​បាញ់​ប្រជាពលរដ្ឋ​របួស​​នោះ​មិន​មែន​អាកា​ផង»។

ក្រុម​កម្មករ​បញ្ជាក់​ថា ពួក​គេ​ជាង ៣.០០០​នាក់ ធ្វើ​ការ​ក្នុង​រោង​ចក្រ​ចំនួន​៣ បាន​តវ៉ា​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​មិន​ចូល​ធ្វើ​ការ និង​ដុត​កង់​ឡាន​នៅ​ក្នុង​រោងចក្រ ដើម្បី​អោយ​ភាគី​ថៅកែ​រោងចក្រ​ដំឡើង​ប្រាក់​រង្វាន់​ទៀង​ទាត់ និង​ប្រាក់​ថ្លៃ​បាយ​ថ្ងៃ​ត្រង់។ ពួក​គេ​ទាម​ទារ​ប្រាក់​រង្វាន់​ចំនួន ១០ដុល្លារ​ក្នុង​មួយ​ខែ និង​ថ្លៃ​បាយ​ថ្ងៃ​ត្រង់​ចំនួន ២.០០០​រៀល។

រោងចក្រ​ទាំង​បី​នោះ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត មាន​ឈ្មោះ កៅវ៉េ (Kaoway) ឃីងម៉ាកឃើរ ហ្វូតវែ (Kingmaker Footwear) និង ហ្សីកូ (Sheico)។


ក្រុម​សហជីព​ថ្កោល​ទោស​ការ​បាញ់​ប្រហារ​ទៅ​លើ​កម្មករ

ក្រុម​សហព័ន្ធ​សហជីព​ចំនួន​៦ បាន​ថ្កោល​ទោស​ចំពោះ​ករណី​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​កៅវ៉េ (Kaoway) ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០១២ ថា ជា​ទង្វើ​ព្រៃផ្សៃ និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

ក្រុម​សហព័ន្ធ​សហជីព​ទាំង​នោះ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ភ្លាមៗ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ មក​លើ​កម្មករ​ដែល​បាន​តវ៉ា​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​ឲ្យ​រង​របួស​ជា​ច្រើន​នាក់។ ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ទទួល​ខុស​ត្រូវ ហើយ​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់ និង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​កម្មករ។

ស្រប​គ្នា​នេះ​ដែរ​អ្នក​នយោបាយ សហជីព សង្គម​ស៊ីវិល អ្នក​ធ្វើ​ការ​ពាក់​ព័ន្ធ​សិទ្ធិ​ការ​ងារ​បាន​ចុះ​ទៅ​អង្កេត​ដល់​កន្លែង​កើត​ហេតុ ដើម្បី​ចូល​រួម​ស៊ើប​អង្កេត​ពី​ការ​បាញ់​ប្រហារ​នេះ។

ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម ៣​នាក់​ដែល​របួស​ធ្ងន់​ជាង​គេ​ក្នុង​ព្រឹត្តិការ​បាញ់​នោះ គឺ​កម្មការិនី ក្រូច ចិន្តា ត្រូវ​បាន​គេ​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​ក្រុង​ភ្នំ​ពេញ ដើម្បី​សង្គ្រោះ​បន្ទាន់។

លោក ជាង អំ អភិបាល​ខេត្ត​ស្វាយរៀង បាន​ជួយ​ឧបត្ថម្ភ​ប្រាក់​ដល់​កម្មការិនី​រងគ្រោះ​ទាំង​បី​នាក់​នោះ ក្នុង​ម្នាក់​ចំនួន ៥០​ម៉ឺន​រៀល។

សង្គម​ស៊ីវិល​ដែល​រួម​មាន​អង្គការ​សិទ្ធិ​មនុស្ស បាន​ចាត់​ទុក​ការ​បាញ់​ប្រហារ​បែប​នេះ​ថា ជា​គំរូ​ថ្មី​មួយ​ទៀត នៃ​ការ​គម្រាម​កំហែង​ទៅ​លើ​ពលរដ្ឋ​ក្នុង​ការ​ទាម​ទារ​សិទ្ធិ​សេរី​ភាព។ ជាមួយ​គ្នា​នេះ​បាន​អំពាវ​នាវ​ដល់​ក្រសួង​ការងារ ម្ចាស់​ក្រុមហ៊ុន​ផលិត និង​ក្រុមហ៊ុន​បញ្ជា​ទិញ ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់​នូវ​រាល់​សំណូម​ពរ​របស់​កម្មករ ហើយ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​ប្រហារ​លើ​ពួក​គេ៕

1 comment:

Anonymous said...

និយាយថាជន (មិនស្គាល់មុខ) បានចូលក្នុងបរិវេណ
រោងចក្រ ហើយបានបាញ់រះមកលើកម្មករ កម្មការីនី
ពិតជារឿងគួរឲ្យអស់សំណើចណាស់។
នៅក្នុងអំឡុងពេល ៧ ថ្ងៃដែល
កម្មករបានធ្វើដូដកម្មនោះ តើកំលាំងមកពីខាងណា
នៅចាំយាមសន្តិសុខនៅរោងចក្រទាំងនោះ? ខាង
ស្នងការនគរបាលខេត្តស្វាយរៀងដែលបញ្ជាដោយ
លោកពូ ប្រាជ្ញ រឹម ឬ ក៏ខាងស្នងការក្រុងបាវិត
របស់បង​ កែវ គង់? បើចង់ដឹងពត៏មានច្បាស់
ថាអ្នកណាជាអ្នកបាញ់ សូមជំរិតសួរ បង
កែវ គង់ទៅនឹងបានដឹងហើយ៕
បង កែវ គង់ ជាអតីត អ្នករត់តាក់ស៊ី បាវិត
ស្វាយរៀង ហើយក៏ត្រូវជាបងប្អូនចិញ្ចឹមរបស់
ខ្មោអាយួន ហុក ឡង់ឌីដែរ មានយប់មួយ
បងគង់ (កាលរនៅរត់ឡាននតាក់ស៊ី)គាត់ស្រវឹង
យ៉ាងខ្លាំង បានជិះឡានតាក់ស៊ីរបស់ខ្លួនបុក
អ្នកភូមិបាវិតកណ្តាល មិនអស់ចិត្ត បងគង់
ចុះពីឡានខ្លួនដែលមានតែខោ លីអូ ពណ៏ស
កាន់ដៃកាន់កាំភ្លើងម៉ាក AK បាញ់រះឡើងលើ
អ្នកលក់ឥវ៉ាន់ចាប់ហ៊ួ នៅផ្សារអន្តរជាតិបាវិត
គ្មានអ្នកណាម្នាក់ហ៊ានបើកទ្វារឡើយ ព្រោះខ្លាច
គ្រាប់របស់បងគង់៕


សត្យារៈ