កុំស្មានថាកម្លាំងទាំងនេះចុះទៅសមរភូមិ តែគេទៅតទល់ នឹង អ្នក តវ៉ា រឿងដីធ្លីទេ។ រូបថត ជីវ័ន
Friday, 10 February 2012
ម៉ៃ ទិត្យថារ៉ា .
The Phnom Penh Post
កំពង់ស្ពឺៈ សមត្ថកិច្ចចម្រុះ ខេត្តកំពង់ស្ពឺ រាប់សិបនាក់ ដែលប្រដាប់ដោយអាវុធគ្រប់ដៃ មានទាំងកាំភ្លើងយន្តផង កាលពីម្សិលមិញ បានមកគំរាមនិងរារាំងការតវ៉ារបស់ប្រជាពលរដ្ឋប្រមាណ ៣០០ នាក់ មកពីស្រុក ២ ដែលមានជម្លោះដីធ្លីពីរផ្សេងគ្នានៅមុខសាលាដំបូងខេត្ត ប៉ុន្តែមិនមានការប៉ះទង្គិចគ្នាដោយអំពើហិង្សាកើតឡើងទេ។
ប្រជាពលរដ្ឋឃុំអមលាំង ស្រុកថ្ពង បានចាប់ផ្តើមដើរមកកាន់វត្តម្រុំ ចម្ងាយប្រមាណ១គីឡូម៉ែត្រពីសាលាដំបូងមកអង្គុយនៅមុខសាលាដំបូងនៅ វេលាម៉ោង ៨:៣០ នាទី ដើម្បីរង់ចាំអ្នកភូមិម្នាក់ដែលចូលបំភ្លឺនៅតុលាការពាក់ព័ន្ធ នឹងការចោទប្រកាន់ថា បោកប្រាស់ក្នុងទំនាស់ដីធ្លី ខណៈប្រជាពលរដ្ឋក្នុងឃុំព្រះនិព្វាន ស្រុកគងពិសី កំពុងរង់ចាំនៅមុខតុលាការនេះដែរ ដើម្បីទាមទារឲ្យដោះលែងអ្នកភូមិគេម្នាក់ដែលត្រូវចាប់ខ្លួនឃុំ កាលពីខែកញ្ញា ឆ្នាំ២០១១។
សំឡេងប្រកាសស្វែងរកយុត្តិធម៌ និងសំឡេងក្មេងយំបានលាន់ឮទ្រហឹង នៅម៉ោងប្រមាណ ១១:២៥នាទី នៅពេលសមត្ថកិច្ចចម្រុះ មាននគរបាល កងរាជអាវុធហត្ថ និងទាហានប្រមាណ ៦០នាក់ ប្រដាប់ដោយកាំភ្លើងគ្រប់ដៃមានទាំងកាំភ្លើងរថយន្តផង បានចូលមកគំរាមចាប់ខ្លួនអ្នកភូមិ ដែលរារាំងមិនឲ្យមន្ត្រីតុលាការបើក ឡានចេញពីកន្លែងធ្វើការ រហូតពួកគាត់បញ្ឈប់ការតវ៉ានៅម៉ោងប្រមាណ៣:៣០នាទី ខណៈមន្ត្រីសាលាដំបូងខេត្តមិនហ៊ានចេញពីធ្វើការ ប៉ុន្តែក្រុមអ្នកតវ៉ាថានឹងបន្តការតវ៉ាទៀតនៅថ្ងៃសុក្រនេះ។
លោក ផល វណ្ណៈ តំណាងប្រជាពលរដ្ឋឃុំអមលាំងថ្លែងថា ពលរដ្ឋដែលមកតវ៉ាគ្រាន់តែសុំឲ្យតុលាការខេត្តដោះលែងអ្នកស្រី ជុំ ស្រីនួន ដែលត្រូវឃុំក្នុងពន្ធនាគារតាំងពីថ្ងៃទី១៥ ខែធ្នូ និងឲ្យបញ្ឈប់ចេញដីកាកោះហៅអ្នកភូមិអមលាំង។ លោកថា ៖ «វាអយុត្តិធម៌ណាស់សម្រាប់អ្នកភូមិអមលាំង ពួកគេយកដីអ្នកភូមិ ហើយចាប់ខ្លួនអ្នកភូមិដាក់ពន្ធនាគារទៀត ខ្ញុំហ៊ានស្លាប់ដើម្បីយុត្តិធម៌»។
លោកបន្តថា អ្នកភូមិគ្រាន់តែធ្វើការតវ៉ាដោយសន្តិវិធីនៅមុខតុលាការ តែអាជ្ញាធរនាំកម្លាំងនគរបាល ទាហាន និងប៉េអឹម មានកាំភ្លើងគំរាមអ្នកភូមិ។ លោកថា៖«យើងមិនមែនសត្វទេ សូមយល់អំពីទុក្ខលំបាករបស់យើងផង»។
លោក យ៉ន សុធា កូនប្រុសអ្នកស្រី ជុំ ស្រីនួន អាយុ២៩ឆ្នាំថ្លែងនៅមុខតុលាការខេត្តថា វាអយុត្តិធម៌ណាស់សម្រាប់ម្តាយរបស់លោក។ លោកថា៖ «ប៉ូលិសមិនមានដីកាចាប់ខ្លួនម្តាយខ្ញុំទេ ពួកគេគ្រាន់តែធ្វើតាមអ្នកមានអំណាចបញ្ជាប៉ុណ្ណោះ សូមផ្តល់យុត្តិធម៌ឲ្យម្តាយខ្ញុំផង កុំផ្តល់យុត្តិធម៌ដល់តែអ្នកមាននោះ»។
លោក ហាក់ ហាំងគីម ពលរដ្ឋដែលត្រូវចូលបំភ្លឺតុលាការថ្លែងថា តុលាការពន្យារការសាកសួរលោក ដោយសារថា ពួកគេជាប់ធ្វើការលើករណីផ្សេង។ លោកបន្តថា៖ «ពួកគេសួរខ្ញុំថា ហេតុអ្វីខ្ញុំនាំមនុស្សមកច្រើនម្ល៉េះ និងថា តើខ្ញុំឲ្យប្រាក់អ្នកភូមិប៉ុន្មានក្នុង១ថ្ងៃ។ ខ្ញុំប្រាប់ថា ខ្ញុំពុំបានឲ្យប្រាក់ទេ ព្រោះយើងជាជនរងគ្រោះដូចគ្នា ដូច្នេះ មូលហេតុដែលតុលាការពន្យារពេលសួរខ្ញុំ ព្រោះតែពួកគេខ្លាចមនុស្សច្រើននៅខាងក្រៅតុលាការ»។
អ្នកស្រី អ៊ុច ដាវន តំណាងអ្នកភូមិវ័យ ៤០ឆ្នាំ មកពីឃុំព្រះនិព្វានបានថ្លែងថា អ្នកភូមិមកគ្រាន់តែចង់សុំតុលាការដោះលែងលោក សម រិទ្ធភារម្យ អាយុ៣៥ ឆ្នាំ ដែលជាប់ឃុំតាំងពីថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០១១ មក ព្រោះតែគាត់ពុំមានកំហុសដូចការចោទប្រកាន់។ លោកថា ៖ «អ្នកភូមិខ្ញុំគ្រាន់តែមកបំភ្លឺនៅតុលាការពាក់ព័ន្ធការចោទ ពីការធ្វើឯកសារក្លែងក្លាយ ប៉ុន្តែ តុលាការចាប់ខ្លួនតាំងពីថ្ងៃនោះ»។
លោក ជូង ជូងី មេធាវីការពារអ្នកភូមិឃុំព្រះនិព្វាន លោកពុំជឿថា អ្នកភូមិមានទោសទេ និងទាមទារឲ្យតុលាការផ្តល់ភស្តុតាងចោទកូនក្តីលោក។ លោកបញ្ជាក់ថា ៖«ខ្ញុំហ៊ានភ្នាល់ដាក់ជីវិតខ្ញុំ ជាមួយតុលាការខេត្តកំពង់ស្ពឺ បើកូនក្តីខ្ញុំធ្វើដូចការចោទប្រកាន់ ចៅក្រមយើងពុំមានបំណងជួយអ្នកក្រទេ សូម្បី ក្នុងករណីខ្ញុំជួយអ្នកភូមិ ពួកគេបែរជាចង់មកព្យាបាទខ្ញុំ»។
លោក ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មិនអាចទាក់ទងបានទេ កាលពីថ្ងៃព្រហស្បតិ៍។ លោក កែវ ពិសី ស្នងការនគរបាលខេត្តក៏មិនអាចទាក់ទងសុំការអធិប្បាយបានដែរ។
វរសេនីយ៍ទោ ឡុង សុខុន បម្រើការនៅយោធភូមិភាគ ៣ ដែលចុះទៅគំរាមអ្នកភូមិថ្លែងថា អ្នកភូមិត្រូវតែឲ្យមន្ត្រីតុលាការបើកឡានចេញពីកន្លែងធ្វើការនិង ចាត់តំណាងមកចរចានឹងសមត្ថកិច្ច។ លោកថ្លែងថា៖«បើអ្នករាល់គ្នាមិនស្តាប់ខ្ញុំទេ ខ្ញុំនឹងចាប់ខ្លួនយកទៅកន្លែងខ្ញុំ ហើយយើងមានហេតុផលក្នុងការចាប់ខ្លួននេះ»។
លោក ប៉ែន សំបួរ អភិបាលរងខេត្តកំពង់ស្ពឺ ថ្លែងថា ៖ «ខ្ញុំមិនដឹងអំពីបញ្ហានេះទេ សូមសួរទៅតុលាការខេត្តទៅ»។
លោក ក្លូត ពេជ្រ ប្រធានតុលាការខេត្ត លោក កែវ សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្ត និងលោក ម៉ែន រដ្ឋា ចៅក្រមសាលាដំបូងខេត្ត មិនអាចទាក់ទងបាន។
តាមរបាយការណ៍របស់អង្គការលីកាដូចុះថ្ងៃទី ២៦ ខែមករា ថា វិបត្តិដីធ្លីនៅកម្ពុជាក្លាយជាហិង្សា ២ខែចុងក្រោយនេះ មានឧប្បត្តិហេតុ ៥ លើក ពាក់ព័ន្ធនឹងការផ្ទុះអាវុធ ពីកងកម្លាំងប្រដាប់អាវុធ។ ក្នុងនោះពលរដ្ឋ ១៩នាក់រងរបួសដែល ៧នាក់បណ្តាលមកពីការផ្ទុះអាវុធ។
លោក ឆេង សុភ័ស្ស អ្នកស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូថ្លែងថា អ្វីដែលសមត្ថកិច្ចធ្វើលើប្រជាពលរដ្ឋគឺចង់គំរាមប្រជាពលរដ្ឋឲ្យ បញ្ឈប់ការតវ៉ា ការពារដីរបស់ពួកគេ តាមពិត កាតព្វកិច្ចយោធា គឺគួរតែទៅការពារទឹកដីកម្ពុជាតាមព្រំដែន៕
2 comments:
នេះជាសម័យ ហ៊ុន សែន ណាមិនមែនមិនដឹងទេ
ពិតជាអន់ហើយថោកទាបមែនទេ
នេះហើយក្រុមអ្នកតស៊ូខាងសម្លាប់ខ្មែរ បន្តរវេន
ពីខ្មែរក្រហម មួយដំបរ នឹង បួនទេ។
Post a Comment