Friday, February 10, 2012

ដាក់​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​គំរាម​ក្រុម​អ្នក​តវ៉ា​រឿង​ដី​ធ្លី​នៅ​កំពង់ស្ពឺ

កុំ​ស្មាន​ថា​កម្លាំង​ទាំង​នេះ​ចុះ​ទៅ​​សមរភូមិ តែ​គេ​ទៅ​​តទល់​​ នឹង ​អ្ន​ក​​ តវ៉ា ​រឿង​ដី​​ធ្លី​ទេ​។ រូបថត ជីវ័ន​

Friday, 10 February 2012
ម៉ៃ ទិត្យថារ៉ា​ .
The Phnom Penh Post

កំពង់ស្ពឺៈ សមត្ថកិច្ច​ចម្រុះ ខេត្ត​កំពង់ស្ពឺ រាប់​សិប​នាក់ ដែល​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ មាន​ទាំង​កាំភ្លើង​យន្ត​ផង កាល​ពី​ម្សិលមិញ បាន​មក​គំរាម​និង​រារាំង​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ប្រមាណ ៣០០ នាក់ មក​ពី​ស្រុក ២ ដែល​មាន​ជម្លោះ​ដីធ្លី​ពីរ​ផ្សេង​គ្នា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ ប៉ុន្តែ​មិន​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​អំពើ​ហិង្សា​កើត​ឡើង​ទេ​។

ប្រជា​ពលរដ្ឋ​ឃុំ​អមលាំង ស្រុក​ថ្ពង​ បាន​ចាប់​ផ្តើម​ដើរ​មក​កាន់​វត្ត​ម្រុំ​ ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ពី​សាលា​ដំបូង​មក​អង្គុយ​នៅ​មុខ​សាលា​ដំបូង​នៅ វេលា​ម៉ោង ៨:៣០ នាទី​ ដើម្បី​រង់ចាំ​អ្នក​ភូមិ​ម្នាក់​ដែល​ចូល​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ នឹង​ការ​ចោទ​ប្រកាន់​ថា បោកប្រាស់​ក្នុង​ទំនាស់​ដី​ធ្លី ខណៈ​ប្រជា​ពលរដ្ឋ​ក្នុង​ឃុំ​ព្រះ​និព្វាន ស្រុក​គង​ពិសី​ កំពុង​រង់ចាំ​នៅ​មុខ​តុលាការ​នេះ​ដែរ ​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ភូមិ​គេ​ម្នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​ឃុំ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១១។

សំឡេង​ប្រកាស​ស្វែងរក​យុត្តិធម៌ និង​សំឡេង​ក្មេង​យំ​បាន​លាន់​ឮ​ទ្រហឹង នៅ​ម៉ោង​ប្រមាណ ១១:២៥​នាទី នៅ​ពេល​សមត្ថកិច្ច​ចម្រុះ មាន​នគរបាល កង​រាជអាវុធ​ហត្ថ និង​ទាហាន​ប្រមាណ ៦០​នាក់ ប្រដាប់​ដោយ​កាំភ្លើង​គ្រប់​ដៃ​មាន​ទាំង​កាំភ្លើង​រថយន្ត​ផង បាន​ចូល​មក​គំរាម​ចាប់​ខ្លួន​អ្នក​ភូមិ​ ដែល​រារាំង​មិន​ឲ្យ​មន្ត្រី​តុលាការ​បើក ឡាន​ចេញ​ពី​កន្លែង​ធ្វើ​ការ រហូត​ពួក​គាត់​បញ្ឈប់​ការ​តវ៉ា​នៅ​ម៉ោង​ប្រមាណ​៣:៣០​នាទី ខណៈ​មន្ត្រី​សាលា​ដំបូង​ខេត្ត​មិន​ហ៊ាន​ចេញ​ពី​ធ្វើ​ការ ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​ថា​នឹង​បន្ត​ការ​តវ៉ា​ទៀត​នៅ​ថ្ងៃ​សុក្រ​នេះ។


លោក ផល វណ្ណៈ តំណាង​ប្រជា​ពលរដ្ឋ​ឃុំ​អមលាំង​ថ្លែងថា ពលរដ្ឋ​ដែល​មក​តវ៉ា​គ្រាន់​តែ​សុំ​ឲ្យ​តុលាការ​ខេត្ត​ដោះលែង​អ្នក​ស្រី ជុំ ស្រីនួន ដែល​ត្រូវ​ឃុំ​ក្នុង​ពន្ធនាគារ​តាំង​ពី​ថ្ងៃ​ទី១៥ ខែ​ធ្នូ និង​ឲ្យ​បញ្ឈប់​ចេញ​ដីកា​កោះ​ហៅ​អ្នក​ភូមិ​អមលាំង​។ លោក​ថា ៖ ​«វា​អយុត្តិធម៌​ណាស់​សម្រាប់​អ្នក​ភូមិ​អមលាំង ពួក​គេ​យក​ដី​អ្នក​ភូមិ ហើយ​ចាប់​ខ្លួន​អ្នក​ភូមិ​ដាក់​ពន្ធនាគារ​ទៀត ខ្ញុំ​ហ៊ាន​ស្លាប់​ដើម្បី​យុត្តិធម៌»។

លោក​បន្ត​ថា អ្នក​ភូមិ​គ្រាន់​តែ​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី​នៅ​មុខ​តុលាការ តែ​អាជ្ញាធរ​នាំ​កម្លាំង​នគរបាល ទាហាន និង​ប៉េអឹម​ មាន​កាំភ្លើង​គំរាម​អ្នក​ភូមិ។ លោក​ថា៖​«យើង​មិនមែន​សត្វ​ទេ សូម​យល់​អំពី​ទុក្ខ​លំបាក​របស់​យើង​ផង»។

លោក យ៉ន សុធា កូន​ប្រុស​អ្នក​ស្រី ជុំ ស្រីនួន អាយុ​២៩​ឆ្នាំ​ថ្លែង​នៅ​មុខ​តុលាការ​ខេត្ត​ថា វា​អយុត្តិធម៌​ណាស់​សម្រាប់​ម្តាយ​របស់​លោក។ លោក​ថា៖ ​«ប៉ូលិស​មិន​មាន​ដីកា​ចាប់​ខ្លួន​ម្តាយ​ខ្ញុំ​ទេ ពួក​គេ​គ្រាន់​តែ​ធ្វើ​តាម​អ្នក​មាន​អំណាច​បញ្ជា​ប៉ុណ្ណោះ សូម​ផ្តល់​យុត្តិធម៌​ឲ្យ​ម្តាយ​ខ្ញុំ​ផង កុំ​ផ្តល់​យុត្តិធម៌​ដល់​តែ​អ្នក​មាន​នោះ»។

លោក ហាក់ ហាំងគីម ពលរដ្ឋ​ដែល​ត្រូវ​ចូល​បំភ្លឺ​តុលាការ​ថ្លែងថា តុលាការ​ពន្យារ​ការ​សាកសួរ​លោក ដោយ​សារ​ថា ពួក​គេ​ជាប់​ធ្វើ​ការ​លើ​ករណី​ផ្សេង​។ លោក​បន្ត​ថា៖ ​«ពួក​គេ​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​ខ្ញុំ​នាំ​មនុស្ស​មក​ច្រើន​ម្ល៉េះ និង​ថា តើ​ខ្ញុំ​ឲ្យ​ប្រាក់​អ្នក​ភូមិ​ប៉ុន្មាន​ក្នុង​១​ថ្ងៃ។ ខ្ញុំ​ប្រាប់​ថា ខ្ញុំ​ពុំ​បាន​ឲ្យ​ប្រាក់​ទេ ព្រោះ​យើង​ជា​ជន​រងគ្រោះ​ដូច​គ្នា ដូច្នេះ​ មូលហេតុ​ដែល​តុលាការ​ពន្យារ​ពេល​សួរ​ខ្ញុំ ព្រោះ​តែ​ពួក​គេ​ខ្លាច​មនុស្ស​ច្រើន​នៅ​ខាង​ក្រៅ​តុលាការ​»។

អ្នក​ស្រី អ៊ុច ដាវន តំណាង​អ្នក​ភូមិ​វ័យ ៤០​ឆ្នាំ មក​ពី​ឃុំ​ព្រះ​និព្វាន​បាន​ថ្លែង​ថា អ្នក​ភូមិ​មក​គ្រាន់​តែ​ចង់​សុំ​តុលាការ​ដោះលែង​លោក សម រិទ្ធភារម្យ អាយុ​៣៥ ឆ្នាំ​ ដែល​ជាប់​ឃុំ​តាំង​ពី​ថ្ងៃ​ទី ២០ កញ្ញា ឆ្នាំ ២០១១ មក ព្រោះ​តែ​គាត់​ពុំ​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​។ លោក​ថា ៖ ​«អ្នក​ភូមិ​ខ្ញុំ​គ្រាន់​តែ​មក​បំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​ការ​ចោទ​ ពី​ការ​ធ្វើ​ឯកសារ​ក្លែង​ក្លាយ ប៉ុន្តែ​ តុលាការ​ចាប់​ខ្លួន​តាំង​ពី​ថ្ងៃ​នោះ​»។

លោក ជូង ជូងី មេ​ធាវី​ការពារ​អ្នក​ភូមិ​ឃុំ​ព្រះ​និព្វាន លោក​ពុំ​ជឿថា អ្នក​ភូមិ​មាន​ទោស​ទេ និង​ទាមទារ​ឲ្យ​តុលាការ​ផ្តល់​ភស្តុតាង​ចោទ​កូន​ក្តី​លោក​។ លោក​បញ្ជាក់​ថា ៖«ខ្ញុំ​ហ៊ាន​ភ្នាល់​ដាក់​ជីវិត​ខ្ញុំ ជាមួយ​តុលាការ​ខេត្ត​កំពង់ស្ពឺ បើ​កូន​ក្តី​ខ្ញុំ​ធ្វើ​ដូច​ការ​ចោទ​ប្រកាន់ ចៅក្រម​យើង​ពុំ​មាន​បំណង​ជួយ​អ្នក​ក្រ​ទេ សូម្បី​ ក្នុង​ករណី​ខ្ញុំ​ជួយ​អ្នក​ភូមិ ពួក​គេ​បែរ​ជា​ចង់​មក​ព្យាបាទ​ខ្ញុំ»។

លោក ម៉ែន ស៊ីប៊ន មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ មិន​អាច​ទាក់ទង​បាន​ទេ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ លោក កែវ ពិសី ស្នង​ការ​នគរបាល​ខេត្ត​ក៏​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​បាន​ដែរ​។

វរសេនីយ៍​ទោ ឡុង សុខុន បម្រើ​ការ​នៅ​យោធភូមិ​ភាគ ៣ ដែល​ចុះ​ទៅ​គំរាម​អ្នក​ភូមិ​ថ្លែង​ថា អ្នក​ភូមិ​ត្រូវ​តែ​ឲ្យ​មន្ត្រី​តុលាការ​បើក​ឡាន​ចេញ​ពី​កន្លែង​ធ្វើ​ការ​និង ចាត់​តំណាង​មក​ចរចា​នឹង​សមត្ថកិច្ច។ លោក​ថ្លែង​ថា៖​«បើ​អ្នក​រាល់​គ្នា​មិន​ស្តាប់​ខ្ញុំ​ទេ ខ្ញុំ​នឹង​ចាប់​ខ្លួន​យក​ទៅ​កន្លែង​ខ្ញុំ ហើយ​យើង​មាន​ហេតុផល​ក្នុង​ការ​ចាប់​ខ្លួន​នេះ»។

លោក ប៉ែន សំបួរ អភិបាលរង​ខេត្ត​កំពង់ស្ពឺ ថ្លែងថា ៖​ «ខ្ញុំ​មិន​ដឹង​អំពី​បញ្ហា​នេះ​ទេ សូម​សួរ​ទៅ​តុលាការ​ខេត្ត​ទៅ»។

លោក ក្លូត ពេជ្រ ប្រធាន​តុលាការ​ខេត្ត លោក កែវ សុធា ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត និង​លោក ម៉ែន រដ្ឋា ចៅក្រម​សាលា​ដំបូង​ខេត្ត​ មិន​អាច​ទាក់​ទង​បាន​។

តាម​របាយការណ៍​របស់​អង្គការ​លីកាដូ​ចុះ​ថ្ងៃ​ទី ២៦ ខែ​មករា ថា វិបត្តិ​ដី​ធ្លី​នៅ​កម្ពុជា​ក្លាយ​ជា​ហិង្សា ២ខែ​ចុង​ក្រោយ​នេះ មាន​ឧប្បត្តិហេតុ​ ៥ លើក​ ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​អាវុធ ពី​កង​កម្លាំង​ប្រដាប់​អាវុធ។ ក្នុង​នោះ​ពលរដ្ឋ ១៩​នាក់​រង​របួស​ដែល​ ៧នាក់​បណ្តាល​មក​ពី​ការ​ផ្ទុះ​អាវុធ​។

លោក ឆេង សុភ័ស្ស អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ថ្លែងថា អ្វី​ដែល​សមត្ថកិច្ច​ធ្វើ​លើ​ប្រជា​ពលរដ្ឋ​គឺ​ចង់​គំរាម​ប្រជា​ពលរដ្ឋ​ឲ្យ ​បញ្ឈប់​ការ​តវ៉ា​ ការពារ​ដី​របស់​ពួក​គេ តាម​ពិត កាតព្វ​កិច្ច​យោធា គឺ​គួរ​តែ​ទៅ​ការពារ​ទឹក​ដី​កម្ពុជា​តាម​ព្រំដែន​៕

2 comments:

Anonymous said...

នេះជាសម័យ ហ៊ុន សែន ណាមិនមែនមិនដឹងទេ
ពិតជាអន់ហើយថោកទាបមែនទេ

Anonymous said...

នេះហើយក្រុមអ្នកតស៊ូខាងសម្លាប់ខ្មែរ បន្តរវេន
ពីខ្មែរក្រហម មួយដំបរ នឹង បួនទេ។