នាយ ព្រលិត ជនជាប់ចោទ |
ដោយ លី ម៉េងហួរ
Radio France Internationale
ក្រុមគ្រួសារស្ត្រីកម្មករម្នាក់ដែលរងរបួសក្នុងព្រឹត្តិការណ៍កម្មកររោងចក្រកាត់ដេរបានអះអាងថា មានក្រុមមន្ត្រីសាលាក្រុងបាវិត បានពឹងពាក់មេភូមិឲ្យទាក់ទងក្រុមគ្រួសារស្ត្រីកម្មកររងគ្រោះ ដោយផ្តល់លុយ ១.០០០ ដុល្លារ ហើយឲ្យស្ត្រីកម្មករនោះ កុំដាក់ពា្យប្តឹងលោក ឈូក បណ្ឌិត អភិបាលក្រុងបាវិត។ អភិបាលក្រុងបាវិត ជាប់ចោទក្នុងរឿងបាញ់ស្ត្រីកម្មករឲ្យរបួសធ្ងន់ ៣ នាក់ ក្នុងព្រឹត្តិការណ៍កម្មករកាត់ដេរ តវ៉ាកាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ នៅបាវិត ខេត្តស្វាយរៀង។ តុលាការខេត្តស្វាយរៀងបានចេញដីកាកោះហៅអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត ដែលកំពុងគេចខ្លួនឲ្យចូលបំភ្លឺនៅថ្ងៃទី១៦មីនាខាងមុខ។
បងប្រុសរបស់ស្ត្រីកម្មករ ដែលរងរបួស បានឲ្យដឹងនៅថ្ងៃនេះថា នៅព្រឹកមិញ មេភូមិបានទាក់ទងគ្រួសារស្ត្រីកម្មករ ដោយសន្យាផ្តល់ប្រាក់ចំនួន ១.០០០ ដុល្លារ តែស្ត្រីកម្មករនោះ ត្រូវផ្តិតមេដៃឈប់ប្តឹងផ្តល់លើករណីនេះ។
ក៏ប៉ុន្តែលោក សំ ស៊ីណាត បងប្រុសរបស់ស្ត្រីកម្មករ ប៊ុត ចិន្តា ដែលរងរបួសបានបដិសេធហើយថា អាជ្ញាធរមិនសមឲ្យតម្លៃ ១.០០០ ដុល្លារ ជាថ្នូរនឹងជីវិតមនុស្សម្នាក់ទេ។ ជីវិតមនុស្សមិនមែនជីវិតមាន់ទាឡើយ។ គ្រួសាររបស់ស្ត្រីកម្មកររងរបួសមិនយល់ព្រមតាមការផ្តល់សំណងនោះឡើយ។
កញ្ញា ប៊ុត ចិន្តា អាយុ ២១ឆ្នាំបានរងរបួសជាទម្ងន់ដោយសារគ្រាប់កាំភ្លើង ទម្លុះដើមទ្រូង ក្នុងព្រឹត្តិការណ៍តវ៉ានៅរោងចក្រកាត់ដេរ កៅវ៉េ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបាវិត ជាប់ព្រំដែនវៀតណាម កាលពីថ្ងៃទី២០កុម្ភៈឆ្នាំ២០១២។ នាងត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ប៊ុត ចិន្តា បានចេញពីមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២ ដោយមានសុខភាពប្រសើរហើយ។ ប៊ុត ចិន្តា កំពុងរស់នៅផ្ទះ ក្នុងភូមិព្រែកផ្តៅ ឃុំច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
បងប្រុសរបស់កម្មការិនី ប៊ុត ចិន្តា បានបង្ហាញការព្រួយបារម្ភថា ឥឡូវនេះ ស្ត្រីកម្មកររងគ្រោះ និងក្រុមគ្រួសារ ភ័យខ្លាចសុវត្ថិភាព ព្រោះអាជ្ញាធរ មកកង្វិលផ្ទះ នៅទីក្រុងបាវិត ជាប់ព្រំដែនវៀតណាមរាល់ថ្ងៃ។
សំណុំរឿងបាញ់ស្ត្រីកម្មកររបួស ៣ នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស នៅទីក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានសាលាដំបូងខេត្តស្វាយរៀង បានចេញដីកាកោះហៅលោក ឈូក បណ្ឌិត អភិបាលក្រុងបាវិត ជាជនសង្ស័យតែម្នាក់គត់ ក្នុងរឿងនេះ ឲ្យចូលទៅបំភ្លឺ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២។ លោក ឈូក បណ្ឌិត ដែលកំពុងលាក់ខ្លួនត្រូវបានប៉ូលិសអះអាងថា កំពុងស្នាក់នៅផ្ទះរបស់ឧបនាយករដ្ឋមន្ត្រីម្នាក់នៅភ្នំពេញ។
យ៉ាងណាក៏ដោយក្នុងរឿងអភិបាលក្រុងបាវិត បាញ់ស្ត្រីកម្មករឲ្យរបួសធ្ងន់ ៣ នាក់នោះ ត្រូវបានសកម្មជនសិទ្ធិមនុស្ស លើកឡើងថា សំណងជារឿងមួយ ដែលត្រូវផ្តល់ឲ្យក្រុមគ្រួសារស្ត្រីកម្មកររងគ្រោះ។ ក៏ប៉ុន្តែពាក្យបណ្តឹង ចាប់ជនល្មើសមកផ្តន្ទាទោស ជារឿងព្រហ្មទណ្ឌដែលតុលាការត្រូវចាត់ការចាប់អភិបាលក្រុងបាវិតមកផ្តន្ទាទោសតាមច្បាប់៕
2 comments:
They must arrest those whose try to bribe the victim not to file the complaint in court .
AR-YOUN FROM NOW ON EVRY KHMER LIFE HAVE BEEN KILL UP TO NOW IS YOUR ARE THE ONE MUST BE RESPORNSIBLE ...! THE WORLD KHNOW AND WE FOLLOW EVERY MINUTE AND EVERY DAY WE MUST NOT LET YOU GO A WAYS IN THIS 21 CENTURY YOU COUNT ON IT ....ONE WORD THE WILL FEEL AGAIN I MEAN THAT
Post a Comment