ផ្តល់លុយ ១០០០ដុល្លារ ទៅកម្មការិនីរងគ្រោះ នៅរោង ចក្របាវិត គ្រាន់តែជាសំណង ប៉ុណ្ណោះ តែមិនអាចរួច ពីសំណាញ់ច្បាប់បានទេ
Wednesday, 07 March 2012
ដោយ៖ អេង គឹមជាង
DAP-News
In this report by DAP-news, the CPP mouthpiece, providing $1,000 to the worker who was shot during a protest in Bavet city is just a compensation, but the culprit in this case cannot avoid the legal case for his action. Even the CPP mouthpiece is amazed by the culture of impunity practiced by CPP party leaders.
ភ្នំពេញ៖ ក្រុមមន្រ្តីជំនាញ និងអង្គការសង្គម ស៊ីវិលបានអះអាងថា ការផ្តល់ប្រាក់១០០០ដុលា្លរ ទៅគ្រួសារ ជន រង គ្រោះក្នុងករណី អភិបាលក្រុងបាវិត បាញ់ប្រហារទៅលើកម្មការិនី ឲ្យរងបួសនោះ គ្រាន់តែជាសំណង ប៉ុណ្ណោះ ប៉ុន្តែទោះ បីជាយ៉ាងណាក៏មិនអាចគេចផុត ពីការផ្តន្ទាទោសបានដែរ។
លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបាន មានប្រសាសន៍ប្រាប់ មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១២ថា ការជួយឧបត្តម្ភគាំទ្រដល់គ្រួសារ ជនរងគ្រោះ ក្នុងការបាញ់ប្រហារ ក្នុងអំឡុងការតវ៉ានាពេលកន្លងមកនោះ គ្រាន់តែជាសន្តានចិត្តរបស់អ្នកដែល បង្កហេតុ គឺមិន មានអ្វីខុសឆ្គងនោះទេ ហើយការឈប់ប្តឹង ឬមិនឈប់ប្តឹង មិនមានទាក់ទងនឹងផ្លូវច្បាប់ទេ។ ធម្មតាច្បាប់ព្រហ្មទណ្ឌ ឲ្យតែមានប្រព្រឹត្តបទល្មើសហើយ បើនគរបាលដឹង ជាសមត្ថកិច្ចរបស់នគរបាល ហើយប៉ូលីស បានធ្វើការសង្កេត និងបានដាក់ពាក្យបណ្តឹងទៅតុលាការរួចរាល់អស់ហើយ។
លោកបន្តយ៉ាងដូច្នេះ «អញ្ចឹងមិនអាចយកជនរងគ្រោះ ដើម្បីមកសូមដកពាក្យបណ្តឹងវិញ ច្បាប់អត់មានចែងទេ ហើយការជួយឧបត្ថម្ភនោះជាសន្តានចិត្តអ្នកបង្ករឿង»។
នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិមនុស្សនៅកម្ពុជា លោក សុខ សំអឿន បានឲ្យដឹងថា ការផ្តល់លុយទៅ ឲ្យក្រុមគ្រួសារជនរងគ្រោះ ហើយឲ្យឈប់ប្តឹងនោះ គឺជាការខុសច្បាប់ ប៉ុន្តែបើសងទៅជនរងគ្រោះ តាមផ្លូវច្បាប់ នោះអត់មានបញ្ហាអ្វីទេ «បើយើងជាជនរងគ្រោះ មិនចង់ប្តឹងទេ ក៏ហីទៅ ព្រោះតាមពិតករណីនេះ ជារឿង ព្រហ្ម ទណ្ឌ ទោះបីមិនប្តឹង ក៏ត្រូវប៉ូលីសធ្វើការដែរ មិនមែនមានន័យថា ឈប់ប្តឹងអ្នកនោះរួចខ្លួនទេ»។
សមាជិកក្រុមប្រឹក្សាឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា លោក រ៉ុង ឈុន ក៏បានលើកឡើងថា ការផ្តល់ លុយ នេះ គ្រាន់ តែជា ការសំរាលបន្ទុកក្នុងគ្រួសាររងគ្រោះមួយចំណែកតែប៉ុណ្ណោះ ប៉ុន្តែមិនអាចលើកលែង ទោសបានទេ។ ចំពោះជន ជាប់ចោទដែលបាញ់កម្មករឲ្យរងរបួសនោះ ត្រូវតែយកមកផ្តន្ទាទោស ទៅ តាម ផ្លូវច្បាប់ទើបត្រឹមត្រូវ ហើយគួរតែ ឃាត់ខ្លួនភ្លាមៗតែម្តង ព្រោះជាបទល្មើសព្រហ្មទណ្ឌយ៉ាងធ្ងន់ធ្ងរ។
លោកបញ្ជាក់ថា «អាជ្ញាធរពាក់ព័ន្ធគ្រប់ថ្នាក់ ត្រូវតែទទួលខុសត្រូវ ហើយដកតំណែងរបស់អភិបាលក្រុង នេះ ដាក់ ទណ្ឌកម្ម ដើម្បីបង្ហាញដល់អ្នកទទួលទិញទំនិញពីខ្មែរ និងអ្នកវិនិយោគ អំពីការទទួលខុស ត្រូវរបស់កម្ពុជា ប៉ុន្តែ កម្ពុជាយើងមិនដែលអនុវត្តទៅលើអ្នកដែលបង្កហេតុទេ»។
នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១២ ក្រុមមន្រ្តីសាលាក្រុងបាវិត តាមរយៈមេភូមិ បានផ្តល់ ប្រាក់ចំនួន១០០០ ពាន់ដុល្លារ ដល់កម្មការិនីម្នាក់ឈ្មោះ ប៊ុត ចន្តា ដើម្បីជាថ្នូរក្នុងការ ឈប់ប្តឹង លោក ឈូក បណ្ឌិត ជាអភិបាល ក្រុងបាវិត ប៉ុន្តែក្រុមគ្រួសារ របស់កម្មការិនី រូបនេះមិនយល់ព្រមទេ។
កម្មការិនីឈ្មោះ ប៊ុត ចន្តា បានរងរបួសធ្ងន់ធ្ងរដោយសារគ្រាប់កាំភ្លើងទម្លុះដើមទ្រូង នៅពេលកំពុងតវ៉ា ជាមួយភាគីរោងចក្រកៅវ៉េ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបាវិត ជាប់ព្រំដែនវៀតណាម កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។
សំណុំរឿងបាញ់កម្មការិនីបីនាក់ឲ្យរងរបួសនេះ ត្រូវបានសាលាដំបូងខេត្តស្វាយរៀង ចេញដីកាកោះហៅ លោក ឈូក បណ្ឌិត ជាជនសង្ស័យឲ្យចូលបំភ្លឺនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ខាងមុខនេះ៕
2 comments:
What do they think they are???
សំណុំរឿង បាញ់ក្រុមមន្ដ្រី រដ្ឋបាលព្រៃឈើ នៅស្រុកវ៉ារិន្ទ បានបញ្ចប់ តាមរយៈសំណង ១៥០០០ដុល្លារ
Saturday, 25 February 2012 16:39 ដោយ ៖ ស៊ន សុភក្ដ្រ-Posted : ID-014
សៀមរាបៈ សំណុំរឿងបាញ់មន្ដ្រី រដ្ឋបាលព្រៃឈើ នៅឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្ដសៀមរាប ដែលបានអូសបន្លាយ តាំងពី យប់រំលងអធ្រាត្រ ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១០មកនោះ ត្រូវបានបញ្ចប់ហើយ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១២នេះ បន្ទាប់ ពីភាគីជនល្មើស តាមរយៈមេបញ្ជាការ របស់ខ្លួន ព្រមសងប្រាក់ ជាថ្លៃសងជំងឺចិត្ដ ចំនួន ១៥០០០ដុល្លារ ។
កិច្ចប្រជុំដើម្បីបញ្ចប់សំណុំរឿងមួយនេះ បានធ្វើឡើង នៅទីបញ្ជាការដ្ឋានកងពលធំ អន្ដរាគមន៍លេខ២ វេលាម៉ោង៨ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះ ក្រោមវត្ដមាន លោកឧត្ដមសេនីយ៍ឯក កែវ ធី នាយករងសេនាធិការចម្រុះ និងជាមេបញ្ជាការ កងពលធំ អន្ដរាគមន៍លេខ២, ឧត្ដមសេនីយ៍ទោ សុខ សាន្ដ មេបញ្ជាការរងកងពលធំ អន្ដរាគមន៍លេខ២, ឧត្ដមសេនីយ៍ត្រី សុខ ធារ៉ា មេបញ្ជាការរង កងពលធំអន្ដរាគមន៍លេខ២, លោកឧត្ដមសេនីយ៍ទោ សំរិទ្ធ សារ៉េត មេបញ្ជាការកងពលតូច អន្ដរាគមន៍លេខ៥ តំណាងឱ្យជនល្មើស និងលោកមេធាវី មេធាវី គួយ ធុនណា មេធាវីតំណាងឱ្យជនរងគ្រោះ ដែលជាមន្ដ្រីរដ្ឋបាលព្រៃឈើ ។
លោកមេធាវី គួយ ធុនណា បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះថា “ខ្ញុំមកនេះ តំណាងឱ្យភាគីជនរងគ្រោះ ដែលបានពឹងពាក់កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ និងដោះស្រាយបញ្ចប់ជាស្ថាពរលើករណីនេះតាមបញ្ជារបស់ នាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលស្នើឱ្យសម្រួល ដោះស្រាយបញ្ចប់ ចំពោះករណីនេះ ជាមួយលោកឧត្ដមសេនីយ៍ កែវ ធី ”។
បន្ទាប់ពីបានពិភាក្សា ក្នុងបរិយាកាសយោគយល់គ្នា ភាគីទាំងពីរ បានឯកភាពព្រមព្រៀង ដូចខាងក្រោម ៖ ទី១ ភាគីជនល្មើស ដែលមាន លោកឧត្ដសេនីយ៍ សំរិទ្ធ សារ៉េត ជាតំណាងជនល្មើសបានយល់ព្រមសងសំណងរដ្ឋប្បវេណី ចំនួន ១៥០០០ ដុល្លារ, ទី២ ភាគីជនរងគ្រោះ ដែលមានលោកមេធាវី គួយ ធុនណា ជាតំណាង បានយល់ព្រមទទួលយកសំណង រដ្ឋប្បវេណី ចំនួន ១៥០០០ដុល្លារ, ទី៣ ភាគីជនរងគ្រោះ ដែលមានលោកមេធាវី គួយ ធុនណា ជាតំណាង យល់ព្រមបញ្ចប់សំណុំរឿងនេះជាស្ថាពរ និងទី៤ បើថ្ងៃ់ក្រោយមានបុគ្គល ឬស្ថាប័ន ដែលមានការជាប់ពាក់ព័ន្ធណាមួយមកប្ដឹងបន្ដទៀត ភាគីដើមចោទទទួលខុសត្រូវ ដោះស្រាយទាំងស្រុង ។
លោកមេធាវី គួយ ធុនណា បានបន្ដថា ភាគីទាំងពីរ បានព្រមព្រៀងគ្នា ប្រគល់ថវិកាចំនួន ១៥០០០ដុល្លារ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមីនា ឆ្នាំ២០១២ វេលាម៉ោង ២ និង៣០នាទី នៅទីបញ្ជាការកងពលធំអន្ដរាគមន៍លេខ២ ហើយនៅពេលប្រគល់ថវិកា ត្រូវមានលិខិតប្រគល់-ទទួលថវិកា ដោយមានស្នាមមេដៃជាសម្គាល់ ។
គួរបញ្ជាក់ថា មន្ដ្រីយោធា ៣រូប នៅកងពលតូចអន្ដរាគមន៍លេខ៥ ដែលរងការចោទប្រកាន់ បន្ទាប់ពីធ្វើសកម្មភាពបាញ់ទៅ លើក្រុមមន្ដ្រីរដ្ឋបាលព្រៃឈើចំនួន ៣នាក់ ដែលដឹកនាំដោយលោក ថោង សុខៃ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១០ ខណៈកំពុងចុះបំពេញភារកិច្ច បង្ក្រាបបទល្មើសឈើ នោះរួមមាន ទី១ ឈ្មោះ រុំ សាអៀម, ទី២ ឈ្មោះ រឿង សារីម និងទី៣ ឈ្មោះ ឈុំ ចិន្ដា៕
Post a Comment