Tuesday, June 19, 2012

គណបក្សប្រឆាំង​ពីរ​គ្រោង​បញ្ចូល​ទៅជា​គណបក្ស​តែមួយ

(Photo: The Phnom Penh Post)
ថ្ងៃអាទិត្យ, 17 ខែមិថុនា 2012
ដោយ ហេង រស្មី វីអូអេ ខ្មែរ | ភ្នំពេញ
«ខ្ញុំ​គិត​ថា ​យ៉ាងហោចណាស់​នឹង​ត្រូវ​តែ​ជជែក​គ្នា​ជា​គោលការណ៍​រួមសិន​ថា​តើ​យើង​រួបរួម​គ្នា​ដោយ​របៀប​ណា​។ ​ ពីព្រោះ​របៀប​រួបរួម ​តាម​ខ្ញុំ​មើល​ទៅ​វា​មាន​ច្រើន​។ ​វា​មាន​រៀប​ការ​រំលាយ​ចូលគ្នា​ ឬក៏​សម្ព័ន្ធភាព​ ឬក៏​សហការ»។
មេដឹកនាំ​គណបក្ស​សិទ្ធិមនុស្ស ​និង​គណបក្សប្រឆាំង​របស់​លោក​សម រង្ស៊ី ​បាន​អះអាងថា​នឹង​ជូប​ប្រជុំ​គ្នា​សាជាថ្មី​នៅ​ថ្ងៃ​ទី​១៧ ​និង​១៨ ​ខែ​កក្កដា ​ខាងមុខ​នេះ​នៅ​ក្នុង​ទីក្រុង​ម៉ានីឡ ប្រទេស​ហ្វ៊ីលីពីន ​ដើម្បី​រកគន្លឹះ​រួបរួម​គ្នា​ទៅ​ជា​គណបក្ស​តែ​មួយ។ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ទាំង​ពីរ។

គណបក្ស​ទាំងពីរ​មានគម្រោង​ជួបប្រជុំគ្នា​នៅ​ក្នុង​អំឡុង​ខែ​មិថុនា​នេះ​។​ ក៏ប៉ុន្តែ​គម្រោង​នេះ​ត្រូវ​បាន​អាក់ខាន​ទៅ​វិញ ​ដោយសារ​តែ​គណបក្ស​នីមួយៗ​ មិនទាន់​បាន​បង្កើត​គណៈកម្មាធិការ​រៀង​ៗ​ខ្លួន​នៅ​ឡើយ។

លោក​យឹម ​សវុណ្ណ ​អ្នក​តំណាងរាស្ត្រ ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សម រង្ស៊ី​ បាននិយាយ​ថា​លោក​សម ​រង្ស៊ី ​មេដឹកនាំ​គណប្ស​សម រង្ស៊ី​ បានត្រៀមខ្លួន​រួច​ហើយ​សម្រាប់​ការចរចា​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​។ ​លោក​បាន​បញ្ជាក់​ថា​ជំហ៊ានដំបូង​មេដឹកនាំ​គណបក្ស​ទាំងពីរ​ នឹង​ជួបប្រជុំ​គ្នា​សិន​ ថាតើ​នឹង​ត្រូវ​ធ្វើ​ការ​បង្រួបបង្រួម​គ្នា​យ៉ាង​ដូច​ម្តេច។


«គឺប្រធានបទ​ការបង្រួបបង្រួម​កម្លាំង​ប្រជាធិតេយ្យ​ទាំងអស់ ​ហើយ​មាន​គោលការណ៍​ធំ​ៗ​ មួយចំនួន​ ដូច​ជា​ជជែក​គ្នា​អំពីរឿង​ធ្វើ​សេចក្តីសម្រេច​រួមនៅ​ថ្នាក់​មូលដ្ឋាន​។​ យុទ្ធសាស្ត្រ​នៅ​ក្នុង​ការចូលរួម​ចំណែក​កែប្រែ​ គជប»។

លោក​ពល ហំ​ អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស​វិញ​ បាននិយាយ​ថា​លោក​រំពឹង​ថា​មេដឹកនាំ​គណបក្ស​ទាំងពីរ​នឹង​ជជែក​គ្នា​អំពី​គោលការណ៍​ជារួម​សិន​ មុន​នឹង​ឈាន​ទៅ​ដល់​ជំហាន​បន្តបន្ទាប់​ទៀត។

«ខ្ញុំ​គិត​ថា ​យ៉ាងហោចណាស់​នឹង​ត្រូវ​តែ​ជជែក​គ្នា​ជា​គោលការណ៍​រួមសិន​ថា​តើ​យើង​រួបរួម​គ្នា​ដោយ​របៀប​ណា​។ ​ ពីព្រោះ​របៀប​រួបរួម ​តាម​ខ្ញុំ​មើល​ទៅ​វា​មាន​ច្រើន​។ ​វា​មាន​រៀប​ការ​រំលាយ​ចូលគ្នា​ ឬក៏​សម្ព័ន្ធភាព​ ឬក៏​សហការ»។

លោកបណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នក​វិភាព​ឯករាជ្យ​មួយរូប​បាន​សម្លឹង​ឃើញ​ថា​ការរួបរួម​គ្នា​រវាង​គណបក្ស​ទាំងពីរ​ ហាក់បីដូច​ជា​មាន​ការ​ខុសប្លែក​ពី​លើក​មុន​ៗ ​នឹង​រឹងមាំ​ជាង​មុន​។​ លោក​បាន​បញ្ជាក់​ថា​គណបក្ស​ទាំងពីរ​អាច​នឹង​រួបរួម​គ្នា​បាន​នៅ​ថ្ងៃ​អនាគត។

«ប្រហែល​ទៅ​មុខ​ជាង​ពេល​មុន​ៗ​។ ​ហើយ​ដូច​ជា​ឥឡូវហ្នឹង ​តាមរយៈ​នៃ​លទ្ធផល​ការបោះឆ្នោត​ ហើយ​នឹង​ការ​ខំប្រឹងប្រែង​។ ​ខ្ញុំ​ឃើញ​ដូច​ជា​អាច​កត់សម្គាល់​ចំណុច​ខ្សោយ​​ចំណុចខ្លាំង​នៃ​គណបក្ស​នីមួយ​ៗ»។

បន្ទាប់​ពី​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី​៣​នេះ​ គណបក្ស​សិទ្ធិមនុស្ស​បាន​ទទួល​មុខ​ដំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំសង្កាត់​ប្រហាក់ប្រហែល​គណបក្ស​សម ​រង្ស៊ី​ ហើយ​គណបក្ស​ទាំង​ពីរ​បាន​សម្លឹង​ទៅ​រក​ការបង្រួបបង្រួម​គ្នា​ទៅ​ជា​គណបក្ស​តែមួយ​ ក្នុង​គោលបំណង​ ដើម្បី​ផ្តួលរំលំ​គណបក្ស​គ្រប់គ្រង​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន ​សែន ​បន្ទាប់​ពី​គណបក្ស​នេះ​ បាន​ត្រួត​ត្រា​ប្រទេស​អស់រយៈពេល​ប្រមាណ​ជិត​ ៣០ឆ្នាំ។

គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស​ បានសរសេរ​លិខិត​ឆ្លើយឆ្លង​គ្នា​ទៅវិញ​ទៅមក​ ដោយ​បាន​អំពាវនាវ​ឲ្យ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​នៃ​គណបក្ស​ទាំង​ពីរ​ធ្វើ​ការ​ជា​មួយគ្នា​ ក្នុង​គោលបំណង​ ដើម្បី​បំបាត់​អំពើពុករលួយ​នៅ​ថ្នាក់​មូលដ្ឋាន​។ ​គម្រោង​រួបរួមគ្នា​នៃ​គណបក្ស​ទាំង​ពីរ​ត្រូវ​បានមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជនកម្ពុជា​ មិន​មាន​ជំនឿ​ថា​ នឹង​អាច​មាន​ជ័យជំនេះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ៕

2 comments:

Anonymous said...

I do not believe in this merging process. These two parties only use each other to look good. Because each one is too proud especially the SRP. The merging will doom to fail in 6 month time unless Sam Rainsy need to compromise and behave like Thaksin in Thailand. The democrats will be finished in 10 years time if the true democrats not prepare the successors. Not only Kem Sokha and Sam Rainsy are the patriotic, there were others.

Anonymous said...

តាមការយល់ឃើញខ្មែរក្នុងប្រទេសក្រៅប្រទេស
មានតែបក្សប្រឆាំងពីរនេះ បក្ស សម រង្ស៊ី សទ្ធិ
មនុស្ស។
ក្រុមដទៃទៀត សូមចូលរួមនឹងបក្សទាំងពីរនេះ
បើស្រលាញ់ជាតិ និង ទឹកដីខ្មែរ។
សូមប្រកាន់ឲ្យជាប់បញ្ចធម៌ សីលធម៌ សច្ចធម៌
យុត្តិធម៌ និង សាមគ្គីធម៌ឲ្យជាប់ជានិច្ច។