ប្រជាពលរដ្ឋជាង២០០ នាក់ នឹងតវ៉ានៅមុខសាលាដំបូងខេត្តសៀមរាប
ថ្ងៃទី ១៩ខែមិថុនា ឆ្នាំ២០១២
ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់មកពីឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹងប្រមូលផ្តុំគ្នានៅមុខសាលាដំបូងខេត្តសៀមរាបនៅថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះវេលាម៉ោង ២:០០ រសៀល ដើម្បីលើកទឹកចិត្តចំពោះសម្មជនដីធ្លីរបស់ពួកគេចំនួន ៤នាក់ គឺលោក វិច វី លោក អ៊ិន ស៊ិន លោក ប៉ក់ រិន និង លោក ណៃ ខ្លិក ដែលនឹងត្រូវតុលាការខេត្តសៀមរាប ធ្វើការជំនុំជម្រះក្តីលើពួកគាត់ទាំង ៤នាក់ ក្រោមការចោទប្រកាន់ពីបទ “អ្នកកាន់កាប់ថ្មីលើអចនវត្ថុរបស់បុគ្គលឯកជនគ្មានប័ណ្ណ” ប្រព្រឹត្តនៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបកាលពីថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០០៨ តាមមាត្រា ៣៤ និង មាត្រា ២៥៩នៃច្បាប់ភូមិបាល ។
ព្រជាពលរដ្ឋទាំងនោះបានប្តេជ្ញាថាពួគគាត់មានគម្រោងនឹងធ្វើការតវ៉ារយៈពេលយូរ ប្រសិនបើ តុលាការខេត្តសៀមរាបធ្វើសេចក្តីសម្រេចដោយអយុត្តិធម៌ ចំពោះសកម្មជនដីធ្លីទាំង ៤នាក់នោះ ដោយការចាប់ឬដាក់ពន្ធនាគារ ។
ការជំនុំជម្រះក្តីលើសកម្មជនដីធ្ឡីទាំង៤នាក់ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ គឺពាក់ព័ន្ធទៅនឹងជម្លោះដីធ្លី ចំនួន ១៧០ហិកតារ រវាងប្រជាពលរដ្ឋប្រមាណ ២២២ គ្រួសារនៅក្នុងភូមិ ស្គុន និង ភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបជាមួយឈ្មួញដីមួយក្រុម ដែលគេស្គាល់ថាឈ្មោះ លន់ ភុន ឈ្មោះ ទេស សុផា និងឈ្មោះ អាងដាលីន ដែលប្រជាពលរដ្ឋបានអះអាងថាមិនដែល ស្គាល់ ឬ ឃើញមុខឈ្មួញដីទាំង៣នាក់នេះទាល់តែសោះ តែចេះតែមានដីកាកោះហៅប្រជាពលរដ្ឋ ជាហូរហែរពីតុលាការខេត្តសៀមរាប ដោយមានឈ្មោះឈ្មួញដីទាំង៣នាក់នេះជាដើមបណ្តឹង ។
ពាក់ព័ន្ធនឹងការចោទនេះសកម្មជនដីធ្លីទាំង ៤នាក់ ខាងលើ ធ្លាប់ត្រូវបានតុលាការខេត្តសៀមរាប ចេញដីកាកោះហៅមកសាកសួរម្តងរួចទៅហើយ កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ២០១១ កន្លងទៅ តែពួក គាត់ ពួកគាត់ត្រូវ បានអនុញ្ញាតឲ្យ ត្រឡប់ទៅ ផ្ទះវិញ បន្ទាប់ពី មានការ សាកសួរ ដ៏តឹងតែង រយៈពេលជា ច្រើនម៉ោងដែលពេលនោះមានប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់ បានប្រមូល ផ្តុំគ្នានៅមុខ សាលាដំបូងេខត្តសៀមរាប រង់ចាំទទួលពួកគាត់ ត្រឡប់ទៅផ្ទះវិញ ។
ព័ត៌មានបន្ថែមសូមទាក់ទង ៖
លោក ដួង ឌឿម តំណាងសហគមន៌ដីធធ្លី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាបទូរស័ព្ទលេខ
០៩២ ៨៨៣ ៩៥១
លោក វណ្ណ សូផាត មន្ត្រីសម្របសម្រួលគម្រោងបណ្ណាញសិទិ្ធមនុស្ស នៃមជ្ឈមណ្ឌលសិទិ្ធមនុស្ស
កម្ពុជា ហៅកាត់ (CCHR) ទូរស័ព្ទលេខ ០១២ ៩៤១ ២០៦
No comments:
Post a Comment