Saturday, June 16, 2012

បង្គោល​ព្រំដែន​គោក​លេខ​៣១៤ ជា​ចំណុច​គោល​សម្រាប់​បោះ​ព្រំដែន​សមុទ្រ​កម្ពុជា​-​វៀតណាម​

(ថ្ងៃទី 16 មិថុនា 2012, ម៉ោង 02:40:PM) | ដោយ: រតនា

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ទទួលបន្ទុក​កិច្ចការ​ព្រំដែន បាន​និយាយថា កិច្ចការ​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា មកដល់ពេលនេះ បាន​ជាង ៨០​ភាគរយ​ហើយ​។ នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១២ ខាងមុខនេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​លេខ​៣១៤ ដែល​ឋិត​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ជាប់​ព្រំប្រទល់​ខេត្ត​គៀង​យ៉ាង ប្រទេស​វៀតណាម​។​
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១២ បន្ទាប់ពី​ជូន​ដំណើរ​សម្ដេចនាយក​រដ្ឋមន្ត្រី ទៅ​ចូលរួម​កិច្ចប្រជុំ G20 នៅ​ប្រទេស​ម៉ិច​ស៊ិ​ច​កូ ថា នៅ​ថ្ងៃទី​២៤ ខែមិថុនា ខាងមុខនេះ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ជា​អធិបតី​សម្ពោធ​បង្គោល​ព្រំដែន​គោក​លេខ​៣១៤ ឋិត​នៅ​លក​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត​។ លោក​ទេសរដ្ឋមន្ត្រី​បាន​ពន្យល់ថា បង្គោល​ព្រំដែន​លេខ​៣១៤ នៅ​លក​ព្រែក​ចាក​នេះ មិនមែនជា​បង្គោល​ព្រំដែន​គោក​ចុងក្រោយ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​នោះទេ​។​
លោក វ៉ា គឹមហុង បាន​បន្ថែមថា ការបោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា មកដល់ពេលនេះ បាន​ចំនួន​ជាង ២៨០​បង្គោល​ហើយ ក្នុងចំណោម ៣១៤​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។ លោក​បញ្ជាក់ថា “​គ្រាន់តែ ការធ្វើ​បង្គោល​ព្រំដែន​ចំនួន ៣១៤​បង្គោល អស់​ទឹកប្រាក់​ជាង ១៦​លាន​ដុល្លារ ដោយ​មិនទាន់​គិតការ​ចំណាយ​ពី​ការដឹក​ចេញពី​កន្លែង​ផលិត​បង្គោល មកកាន់​កន្លែង​ដាំ​បង្គោល​ព្រំដែន​ទេ នៃ​ខេត្ត​ទាំង​៩​របស់​វៀតណាម​នោះទេ​។ គ្រឹះ​ផ្ទះ​ល្មមៗ មិន​ដល់​គ្រឹះ​បង្គោល​យើង​ទេ ដូច្នេះ​កុំ​ថា គេ​ទៅ​រំលោភ​យក​កន្លែង​ហ្នឹង ហើយ​មាន​ឯកសារ​ត្រឹមត្រូវ​ទាំងអស់ ស្របតាម​និយាម​ការណ៍​ដែល​យើង​ចុះហត្ថលេខា​ទ្វា​ភាគី មិនមែន​ដូច​អ្នកខ្លះ​ចេះតែ​និយាយថា យើង​ឲ្យ​គេ​បោះ​អី​នោះទេ​។ យើង​ពិបាក​និយាយ​នឹង​ពួកគាត់​”​។​
លោក វ៉ា គឹមហុង បានបញ្ជាក់​ទៀតថា ការបោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ យោងទៅតាម​ឯកសារ​របស់​អ​ណា​និគម​បារាំង​ដែល​បន្សល់ទុក​ឲ្យ និង​ផែនទី​ស្របទៅតាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា គឺ​ផែនទី​ខ្នាត​មួយ​លើ​មួយរយ​ពាន់ របស់​ក្រុម​ភូមិសាស្ដ្រ​ឥណ្ឌូចិន និង​យោងតាម​ការសម្របសម្រួល​រវាង​ព្រះមហាក្សត្រ ជាមួយ​អគ្គទេសាភិបាល​កូសាំងស៊ីន នៅ​ឆ្នាំ​១៨៧៣ ដែល​ពេលនោះ បាន​បោះបង្គោល​រវាង​កម្ពុជា​-​កូសាំងស៊ីន បាន​ចំនួន ១២៤​បង្គោល ហើយ​បង្គោល​ខ្លះ​បន្សល់​នៅ​ដល់​សព្វថ្ងៃ មិនបាន​រលុប​បាត់​រូបរាង​អស់​ទេ ទោះបីជា​នៅ​វៀតណាម​ក៏ដោយ​។​
លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា បង្គោល​លេខ​៣១៤ ដែល​សម្ដេច​តេ​ជោ​ហ៊ុន សែន គ្រោង​នឹង​ទៅ​សម្ពោធ​នៅពេល​ខាងមុខនេះ គឺជា​បង្គោល​ព្រំដែន​ដែលមាន​សារៈសំខាន់​ក្នុងការ​កំណត់ព្រំដែន​សមុទ្រ ពីព្រោះ​យើង​(​កម្ពុជា​-​វៀតណាម​) បាន​ឯកភាពគ្នា​លើ​បង្គោល​ព្រំដែនគោល​លេខ​៣១៤ ដើម្បី​ឈានទៅដល់​ការព្រមព្រៀង​ជាមួយគ្នា បោះបង្គោល​ព្រំដែន​សមុទ្រ ដោយ​យក​បង្គោល​ព្រំដែន​គោក​៣១៤ ធ្វើជា​គោល​។ ការបោះ​បង្គោលព្រំ​ដែនសមុទ្រ កម្ពុជា​យើង​មាន​ឯកសារ​ដែល​បារាំង​បន្សល់ទុក​ឲ្យ​ហៅថា ខ្សែទឹក​ប្រេ​វី​យ៉េ ឆ្នាំ​១៩៣៩ ដោយ​ផ្ដើមចេញពី​ចំណុច​បង្គោល​ព្រំដែន​គោក​លេខ​៣១៤​នេះ ដែល​អ្នកបច្ចេកទេស​បារាំង​ហៅថា មុំ​បី​៕​

1 comment:

Anonymous said...

ឲ្យអាយួន អាខ្មែរខ្ញុំយួនបោះបង្គោលទាំងនោះ
ទៅ តែខ្មែរអ្នកជាតិនិយម ថែមទាំងខ្មែរក្រោមពុំ
ទទួលដឹងឭឡើយ។
អាហ៊ុន សែន និង រដ្ឋាភិបាលអាហ៊ុន សែនជាខ្ញុំ
យួន។ ពួកវាបង្កើតព្រុំដែនជាលេះ តែដោយពិត
ដីខ្មែរទុកដូចជាដីយួន ព្រោះយួនមករស់នៅស្រុក
ខ្មែរ ៦,០០០,០០០ នាក់។
កងទ័ពយួន ២០,០០០នាក់លាក់នៅចំការកៅស៊ូ
យួនទាំង ៧ នៅស្រុកខ្មែរ ហើយដែលមាន
កំណត់ ៩៩ ឆ្នាំ។ មិនតែប៉ុណ្ណោះ ក្រុមសម្ងាត់
យួនមាន ២០,០០០នាក់ ប្រចាំសង្កាត់ ស្រុក
ខេត្ត និង ក្រុងភ្នំពេញ។ នេះឬ ប្រទេសកម្ពុជា
រាជាធិបតេយ្យ អព្យាក្រិត?

ខ្មែរអ្នកជាតិនិយម និង ខ្មែរក្រោមនឹងយកផែនទី
ជំនាន់បារាំងគ្រប់គ្រង ខ្មែរ យួន លាវជា
ភស្ដុតាង។