ដោយ ខែ សុណង 2012-06-16
អង្គការសង្គមស៊ីវិលបានរកឃើញថា ទោះបីជារដ្ឋាភិបាលបានសម្រេចផ្អាកផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យ ក្រុមហ៊ុនយ៉ាងណាក្ដី ប៉ុន្តែរដ្ឋាភិបាលនៅតែបន្តធ្វើអនុបយោគ គឺប្ដូរដីសាធារណៈរបស់រដ្ឋទៅជាដីឯកជនរបស់រដ្ឋ ទៅឲ្យក្រុមហ៊ុនវិនិយោគដដែល។ ១៩-វិច្ឆិកា-០៩: ពលរដ្ឋដែលមានជម្លោះដីជួបជុំគ្នានៅតំបន់ដីទំនាស់ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ក្រុមអង្គការមិនមែនរដ្ឋាភិបាលបានរិះគន់រដ្ឋាភិបាល គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការចេញអនុក្រឹត្យស្ដីពីការធ្វើអនុបយោគនៅលើផ្ទៃដីរាប់ ពាន់ហិកតារ ក្នុងខេត្ត ៣ ទៅឲ្យក្រុមហ៊ុនចំនួន៣ ដាំដើមកៅស៊ូ។ មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីនៃមជ្ឈមណ្ឌលសិទ្ធិ មនុស្សកម្ពុជា ហៅកាត់ថា CCHR លោក អ៊ូច ឡេង បានថ្លែងថា ការចុះហត្ថលេខានៅលើអនុបយោគថ្មីៗនេះ គឺធ្វើឡើងផ្ទុយទៅពីបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីខ្លួនឯងទាំង ស្រុង ដែលថា ផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជននោះ។ លោកថា ទង្វើនេះគឺបានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្ត ទៅលើចំណាត់ការរបស់នាយករដ្ឋមន្ត្រី។ ការប្រតិកម្មនេះ នៅក្រោយដែលរដ្ឋាភិបាលបានប្រកាសបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដកហូត ឬកាត់ដីសម្បទានសេដ្ឋកិច្ចនៅទូទាំងប្រទេសកម្ពុជា ដែលបានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីស្រែចម្ការកន្លងមក។ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញបទបញ្ជាមួយស្ដីពី វិធានការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ឲ្យផ្អាកបណ្ដោះអាសន្ននូវការផ្ដល់សម្បទានដីសេដ្ឋកិច្ច។ ប៉ុន្តែ ១១ថ្ងៃក្រោយ គឺថ្ងៃទី ១៨ ឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យអនុបយោគដីចំនួន ៣កន្លែង ទៅឲ្យក្រុមហ៊ុនឯកជន។ អនុក្រឹត្យទី១ ស្ដីពីការធ្វើអនុបយោគលើផ្ទៃដីទំហំជិត ៦ពាន់ហិកតារ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកសន្ទុក ខេត្តកំពង់ធំ វិនិយោគដាំដំណាំកៅស៊ូ ដោយក្រុមហ៊ុន អេចអ៊ឹមអេច (H.M.H)។ អនុក្រឹត្យទី២ ស្ដីពីការធ្វើអនុបយោគលើផ្ទៃដីទំហំជាង ៧.៧០០ហិកតារ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប វិនិយោគដាំដំណាំកៅស៊ូ ដោយក្រុមហ៊ុន លី យ៉េ រ៉ាប់ប៊័រ (Le ye Rubber)។ អនុក្រឹត្យទី៣ ស្ដីពីការធ្វើអនុបយោគលើផ្ទៃដីទំហំ ៨ពាន់ហិកតារ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកកូនមុំ និងស្រុកវ៉ឺនសៃ ខេត្តរតនគីរី វិនិយោគដាំដំណាំកៅស៊ូ អេសខេ ផ្លេនថេសិន (S K Plantation)។ បន្ថែមទៅលើបញ្ជានេះទៀត កាលពីថ្ងៃទី១៤ មិថុនា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងជាសាធារណៈឲ្យក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធផ្ដោតការយកចិត្តទុកដាក់លើការអនុវត្តកិច្ច សន្យាស្ដីពីសម្បទានដីសេដ្ឋកិច្ច ជាពិសេសការអនុវត្តតាមគោលនយោបាយរូបមន្តស្បែកខ្លា ដែលមិនធ្វើឲ្យប៉ះពាល់ដល់ដីធ្លីជីវភាពប្រជាពលរដ្ឋ និងសហគមន៍។ ប៉ុន្តែសង្គមស៊ីវិលបានហៅការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីនេះ ថា ជាសារនយោបាយទៅវិញ។ ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី ចរិយា បានពន្យល់ថា ការធ្វើអនុបយោគ គឺត្រូវតែមានការឆ្លងកាត់ដំណាក់កាលច្បាប់ដ៏ត្រឹមត្រូវ។ ប៉ុន្តែបច្ចុប្បន្ននៅកម្ពុជាពុំទាន់មានច្បាប់អនុបយោគនៅឡើយ។ លោកថា ការធ្វើអនុបយោគបច្ចុប្បន្នគឺឈរទៅលើតែអនុក្រឹត្យក្នុងគោលដៅប្ដូរ ដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋដែលជាកម្មវត្ថុនៃការផ្ដល់ដីសម្បទាន សេដ្ឋកិច្ចតែប៉ុណ្ណោះ។ អ្នកនាំពាក្យនៃអង្គភាពប្រតិកម្មរហ័ស និងជាអនុប្រធាននាយកដ្ឋានសារព័ត៌មាននៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ឯក ថា មិនអត្ថាធិប្បាយចំទៅនឹងសំណួរថា មូលហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រីទើបចេញបទបញ្ជាឲ្យផ្អាកការ ផ្ដល់សម្បទានដីសេដ្ឋកិច្ច ហើយបែរជាលោកនាយករដ្ឋមន្ត្រីចុះហត្ថលេខាដោយខ្លួនឯង លើអនុក្រឹត្យស្ដីពីការធ្វើអនុបយោគទៅឲ្យក្រុមចំនួនបីនោះទេ។ យ៉ាងនេះក្ដី លោក នី ចរិយា មានប្រសាសន៍ថា ការប្រកាសផ្អាកការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់លោក នាយករដ្ឋមន្ត្រីពុំមានប្រសិទ្ធភាព និងមិនអាចជឿទុកចិត្តបានទាល់តែសោះ។ ក្រសួងកសិកម្ម ធ្លាប់បានផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា មានក្រុមហ៊ុនចំនួន ៦៨ក្រុមហ៊ុន ដែលកំពុងដំណើរការវិនិយោគលើដីសរុបជាង ៨សែនហិកតារ ក្រោយពីទទួលបានដីសម្បទានពីរដ្ឋាភិបាល នាឆ្នាំ២០០៨ កន្លងមក។ គេហទំព័រដដែលបានបញ្ជាក់ថា ដីដែលផ្ដល់សម្រាប់ការធ្វើសម្បទានសេដ្ឋកិច្ច គឺជាដីរបស់រដ្ឋាភិបាល មានការវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន មានផែនការក្នុងការប្រើប្រាស់ មិនប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋ ហើយបើសិនជាមានផលប៉ះពាល់ដល់លំនៅឋាន គេត្រូវពិភាក្សាមុននឹងការផ្ដល់ដីសម្បទាននោះ ហើយការផ្ដល់ដីសម្បទានមិនអាចលើសពី ១ម៉ឺនហិកតារឡើយ។ ប៉ុន្តែអ្នករងគ្រោះដោយសារការផ្ដល់ដីសម្បទានបាននិយាយថា នយោបាយផ្ដល់ដីសម្បទានកំពុងធ្វើឲ្យអ្នកស្រុកដែលជាម្ចាស់ កម្មសិទ្ធិ ក្លាយទៅជាកម្មករ ឬ អ្នកបម្រើរបស់អ្នកវិនិយោគទុនទៅវិញ៕
2 comments:
what he'is doing this dog
vietnam's dog hun sen
រាស្ត្រខ្មែរអ្នកជាតិនិយម មិនទទួលស្គាល់នៅអ្វី
ដែលហ៊ុន សែន ចុះកិច្ចសន្យានឹងយួនទុកជា
មោឃៈ។
Post a Comment