Saturday, June 16, 2012

ប្រវត្តិ​សង្ខេប​របស់​តំណាង​អ្នក​បឹង​កក់ លោកស្រី ទេព វន្នី

ដោយ ទីន ហ្សាការីយ៉ា 2012-06-16

អ្នក​បឹង​កក់​បាន​ចេញ​មុខ​តវ៉ា​ទាមទារ​ដីធ្លី និង​ផ្ទះ​សម្បែង​របស់​ខ្លួន​វិញ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នោះ អ្នក​ចេញ​មុខ​តវ៉ា​សុទ្ធ​តែ​ជា​ស្ត្រី ដែល​ពួក​គេ​មិន​រារែក​នៅ​ក្នុង​ការ​តវ៉ា​នោះ​ឡើយ ទោះ​បី​ជា​មាន​កង​កម្លាំង​រដ្ឋាភិបាល បាន​ចេញ​មក​បង្ក្រាប​ពួក​គេ​ក្ដី។ តំណាង​ពលរដ្ឋ​បឹង​កក់​ អ្នកស្រី ទេព វន្នី ថ្លែង​ក្នុង​សន្និសីទ​កាសែត​របស់​អង្គការ Amnesty International នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ឆ្នាំ​២០១១។ នៅ​ក្នុង​ចំណោម​ស្ត្រី​អ្នក​តវ៉ា​ទាំង​នោះ គេ​សង្កេត​ឃើញ​មាន​ស្ត្រី​ឈ្មោះ ទេព វន្នី ដែល​អ្នក​បឹង​កក់​បាន​ចាត់​ឲ្យ​ធ្វើ​ជា​តំណាង​របស់​ពួកគេ ពីព្រោះ​ថា អ្នក​ភូមិ​យល់​ឃើញ​ថា លោកស្រី​ជា​មនុស្ស​ស្មោះត្រង់ និង​មាន​សេចក្ដី​ក្លាហាន មិន​រុញរា​ក្នុង​ការ​ដឹកនាំ​ប្រជាពលរដ្ឋ​តវ៉ា​រហូត​ដល់​ថ្ងៃ​ជាប់​គុក។ ទេព វន្នី ត្រូវ​បាន​អ្នក​បឹង​កក់​ចាត់​ទុក​ថា ជា​ស្ត្រី​ឆ្នើម​ក្លាហាន និង​ស្មោះត្រង់​ជាមួយ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​គាត់​បាន​ធ្វើ​សកម្មភាព​ខ្លាំងក្លា​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ក្នុង​ការ​ដឹកនាំ​អ្នក​ភូមិ​ធ្វើ​ការ​តវ៉ា​ទាមទារ​សិទ្ធិ​កាន់​កាប់​ដីធ្លី​ ស្រប​ច្បាប់ នៅ​តំបន់​បឹង​កក់ ទៅ​តាម​ការ​សន្យា​របស់​រដ្ឋាភិបាល។ ថ្វី​ត្បិត​តែ​ពេល​នេះ ទេព វន្នី និង​អ្នក​ភូមិ​ដទៃ​ទៀត ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចាប់​ដាក់​គុក​ក្ដី ប៉ុន្តែ​សេចក្ដី​ក្លាហាន និង​ការ​ជឿជាក់​របស់​នាង​ក្នុង​ការ​ទាមទារ​ដីធ្លី មិន​បាត់​បង់ ឬ​បាក់​ស្បាត​នោះ​ឡើយ។ ទេព វន្នី នៅ​តែ​ជំរុញ​ឲ្យ​អ្នក​បឹង​កក់​ខំ​តស៊ូ អត់ធ្មត់ នៅ​ពេល​ដែល​អ្នក​ភូមិ​បាន​ទៅ​សួរ​សុខ​ទុក្ខ​នាង​នៅ​ពន្ធនាគារ​ព្រៃ​ស ពីព្រោះ​នាង​សង្ឃឹម​ថា យុត្តិធម៌​នឹង​មាន​វិញ​សម្រាប់​អ្នក​បឹង​កក់​នៅ​ពេល​ខាង​មុខ ទោះ​បី​ជា​ពេល​នេះ​រូប​នាង​បែរ​ជា​រង​គ្រោះ ដោយសារ​តែ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បឹង​កក ​ស៊ូកាគួ (Shukaku) ក្ដី។ ស្ត្រី​ឈ្មោះ បូ ឆវី ជា​អ្នក​ជិត​ខាង ទេព វន្នី និង​ជា​អ្នក​រង​គ្រោះ​នៅ​តំបន់​បឹង​កក់​នោះ បាន​រៀបរាប់​ទាំង​ក្ដុកក្ដួល​ថា លោកស្រី​បាន​ទៅ​សួរ​សុខទុក្ខ វន្នី កាល​ពី​ថ្ងៃ​ទី​១១ មិថុនា។ លោកស្រី​បញ្ជាក់​ថា ទោះ​បី​ជា វន្នី ជាប់​នៅ​ក្នុង​គុក ស្លៀកពាក់​ឯកសណ្ឋាន​ពន្ធនាគារ​ដូច​អ្នក​ទោស​ដទៃ​ទៀត​ក្ដី ប៉ុន្តែ​ស្មារតី​របស់ វន្នី មិន​រាថយ​នោះ​ឡើយ។ លោកស្រី​បញ្ជាក់​ថា អ្វី​ដែល​ធ្វើ​ឲ្យ វន្នី ខ្លោច​ចិត្ត និង​ពិបាក​ចិត្ត​ខ្លាំង​ជាង​គេ​នៅ​ពេល​នេះ គឺ​នាង​អាណិត​កូនៗ​របស់​នាង​ចំនួន​ពីរ​នាក់​ដែល​នៅ​វ័យ​កុមារភាព​នៅ​ឡើយ។ ទេព វន្នី បាន​ចេញ​មុខ​ដឹកនាំ​ប្រជាពលរដ្ឋ​បឹង​កក់​ខ្លាំងក្លា​នៅ​រយៈពេល​បី​ឆ្នាំ​ចុង ​ក្រោយ​នេះ ខ​ណៈ​ក្រុមហ៊ុន ស៊ូកាគួ បាន​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​កម្ទេច​ផ្ទះ​ប្រជាពល​រដ្ឋ និង​បូម​ខ្សាច់​ពន្លិច​ផ្ទះ​អ្នក​ភូមិ។ នៅ​ពេល​តវ៉ា​ម្ដងៗ គេ​សង្កេត​ឃើញ​នាង​តែង​តែ​ចេញ​មុខ​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នក​កាសែត​ជាតិ និង​អន្តរជាតិ អំពី​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​រឿង​ជម្លោះ​ដីធ្លី​តំបន់​បឹង​ កក់ ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​លំបាក និង​គ្មាន​សំណង​សមរម្យ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​កាត់​ដី​ជាង ១២​ហិកតារ​ឲ្យ​អ្នក​បឹង​កក់​ក្ដី ប៉ុន្តែ​ទីតាំង​ពិត​ប្រាកដ​នោះ ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​ទទួល​បាន​ដី​នោះ​ទេ។ ទេព វន្នី ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ចាប់​យក​ទៅ​ឃុំ​ខ្លួន​ចំនួន ៤​លើក​ហើយ គិត​ទាំង​ការ​ចាប់​ខ្លួន​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១២ ដែល​តុលាការ​បាន​កាត់​ទោស​នាង និង​អ្នក​ភូមិ​ផ្សេង​ទៀត ឲ្យ​ជាប់​គុក​ក្នុង​ម្នាក់ៗ​ជាង ២​ឆ្នាំ​នោះ។ វន្នី ធ្លាប់​បាន​រៀបរាប់​នៅ​មុន​ពេល​តុលាការ​បាន​ផ្ដន្ទាទោស​នាង​ថា នាង​នឹង​អ្នក​ភូមិ​ដទៃ​ទៀត​ខំ​តស៊ូ ដើម្បី​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ស៊ូកាគួ ដល់​ទី​បញ្ចប់ ទោះ​បី​ជា​នាង​ត្រូវ​គេ​ចាប់​ខ្លួន​ដាក់​គុក​ក៏ដោយ។ ការ​លើក​ឡើង​ដូច្នេះ វន្នី ហាក់​បី​ដូច​ជា​នាង​ដឹង​ខ្លួន​គ្រប់​ពេល​ថា នាង​ដឹកនាំ​អ្នក​បឹង​កក់​តវ៉ា​នោះ នាង​នឹង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​គ្រប់​ពេល។ លើស​ពី​នេះ​ទៀត ទេព វន្នី ក៏​ជា​ស្ត្រី​ដែល​សមត្ថកិច្ច​ក្រុង​ភ្នំពេញ បាន​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​ក្នុង​ពេល​តវ៉ា ដើម្បី​បង្ក្រាប និង​ចាប់​បោះ​ដាក់​លើ​ឡាន​ក្នុង​ចំណោម​ស្ត្រី​ដទៃ​ទៀត​ដែរ។ វន្នី បាន​រៀបរាប់​នៅ​មុន​ពេល​តុលាការ​កាត់​ទោស​នាង​ថា រាល់​ទង្វើ​របស់​សមត្ថកិច្ច​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ និង​ចាប់​ខ្លួន ប្រជាពលរដ្ឋ​នោះ ជា​រឿង​ខុស​ច្បាប់។ ទេព វន្នី មាន​អាយុ​ប្រមាណ ៣២​ឆ្នាំ នាង​ជា​កូន​ស្រី​ទី​៦ នៅ​ក្នុង​គ្រួសារ​កសិករ​មួយ​នៅ​ខែត្រ​កំពត។ វន្នី បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​២០០៣ ជាមួយ​អ្នក​ក្រុង​ភ្នំពេញ។ ក្រោយ​ពី​រៀបការ​ម្ដាយ​ក្មេក​របស់​នាង​បាន​ឲ្យ​ផ្ទះ​ថ្ម​មួយ​ល្វែង​នៅ​តំបន់ ​បឹង​កក់ រស់​នៅ​ជាមួយ​ស្វាមី រហូត​ដល់​បច្ចុប្បន្ន​មាន​កូន​ពីរ​នាក់ (ស្រី​មួយ​ប្រុស​មួយ)។ កូន​ស្រី​ច្បង​របស់ វន្នី មាន​អាយុ ៩​ឆ្នាំ និង​កូន​ប្រុស​ពៅ​មាន​អាយុ ៧​ឆ្នាំ។ ស្វាមី​របស់​លោកស្រី វន្នី ជា​នាយ​ទាហាន​នៅ​ក្រសួង​ការពារ​ជាតិ។ ទាក់ទង​ទៅ​នឹង​បញ្ហា វន្នី ជាប់​ពន្ធនាគារ​នេះ ស្វាមី​របស់​នាង​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​ទេ ដោយ​លោក​គ្រាន់​តែ​សម្ដែង​ពី​ក្ដី​កង្វល់ និង​ទុក្ខ​ព្រួយ​អាណិត​ភរិយា​របស់​ខ្លួន ដែល​គ្មាន​កំហុស ហើយ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក រី​ឯ​គាត់​ជា​មន្ត្រី​រាជការ​បែរ​ជា​មិន​អាច​ជួយ​ភរិយា​របស់​ខ្លួន​បាន​ទៅ​ វិញ។ ដោយ​ឡែក ចំពោះ​កូន​ស្រី​ច្បង​របស់ វន្នី វិញ ដែល​ទើប​តែ​មាន​អាយុ ៩​ឆ្នាំ រស់​នៅ​ជាមួយ​ជី​ដូន​នោះ កុមារី​រួប​នេះ​មិន​ចេះ​និយាយ​អ្វី​ច្រើន​ទេ។ កុមារី​រូប​នេះ​ចេះ​តែ​ពោល​ពាក្យ​ថា នឹក​ម្ដាយ និង​ចង់​ជួប​ម្ដាយ​ដូច​ពី​ពេល​មុន​វិញ។ ស្ត្រី​មេម៉ាយ​វ័យ​ជាង ៦០​ឆ្នាំ ឈ្មោះ ស៊ី ហៀប ជា​ម្ដាយ​បង្កើត​របស់ ទេព វន្នី ក្នុង​ទឹក​មុខ​ស្រងូតស្រងាត់​នៅ​លើ​គ្រែ​មុខ​ផ្ទះ ទេព វន្នី នៅ​បឹង​កក់ បាន​រៀបរាប់​ទាំង​ស្រក់​ទឹក​ភ្នែក​បណ្ដើរ​ថា វន្នី តាំង​ពី​ក្មេង​មក​មិន​មែន​ជា​មនុស្ស​ក្លាហាន​ប៉ុន្មាន​ទេ ហើយ​ការ​និយាយ​ស្ដី​ក៏​មិន​មាន​វោហារ​អ្វី​ដែរ។ ប៉ុន្តែ​លោកស្រី​កត់​សម្គាល់​ឃើញ វន្នី មាន​សេចក្ដី​ក្លាហាន និង​ចេះ​និយាយ​ស្ដី​ច្រើន​តាំង​ពី​មាន​រឿង​ជម្លោះ​រវាង​អ្នក​បឹង​កក់ និង​ក្រុមហ៊ុន​ស៊ូកាគួ​នេះ។ លោកស្រី​បញ្ជាក់​ថា មូលហេតុ​សំខាន់​ដែល​ធ្វើ​ឲ្យ វន្នី មាន​សេចក្ដី​ក្លាហាន និង​មិន​ខ្លាច​ស្លាប់​នោះ ដោយសារ​តែ វន្នី ជួប​នឹង​បញ្ហា​ឈឺ​ចាប់​អំពី​រឿង​ផ្ទះ​សម្បែង​នៅ​បឹង​កក់ ដែល​ប្រឈម​នឹង​ការ​រឹប​អូស​ពី​ក្រុមហ៊ុន​ស៊ូកាគួ​នោះ។ ដោយ​ឡែក​នៅ​ក្នុង​ផ្ទះ​របស់ វន្នី វិញ នៅ​លើ​ជញ្ជាំង​មាន​តាំង​រូបថត​ជា​ច្រើន​អំពី​សកម្មភាព​ដែល​នាង​បាន​ដឹកនាំ​ អ្នក​បឹង​កក់​តវ៉ា និង​រូបភាព​អំពី​សកម្មភាព​សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា​វាយ​ប្រជាពលរដ្ឋ ដើម្បី​បំបែក​ហ្វូង​កូដកម្ម​នា​ពេល​កន្លង​មក និង​រូប​ថត​ដែល​នាង​បាន​ធ្វើ​សុន្ទរកថា​អំពី​បញ្ហា​ដីធ្លី​បឹង​កក់ នៅ​ក្នុង​សិក្ខាសាលា​ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​អង្គការ​ផ្សេងៗ។ លើស​ពី​នេះ​ទៀត អ្នកស្រី បូ ឆវី បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​ជា​ក្ដី​កង្វល់​នោះ អ្នកស្រី​ព្រួយ​បារម្ភ​ខ្លាច វន្នី អាច​គិត​ផ្ដេសផ្ដាស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​របស់​នាង។ អ្នកស្រី​បញ្ជាក់​ថា វន្នី និង​អ្នក​ភូមិ​ដទៃ​ទៀត​ធ្វើ​ការ​ទាមទារ​ក្នុង​ពន្ធនាគារ ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ពួក​គេ​វិញ ដោយ​បាន​អត់​អាហារ​ជា​ច្រើន​ថ្ងៃ​នៅ​ក្នុង​ពន្ធនាគារ ហើយ វន្នី បាន​ផ្ដែផ្ដាំ​ឲ្យ​អ្នកស្រី​មើល​ថែ​រក្សា​កូនៗ​នាង និង​ឲ្យ​អ្នក​បឹង​កក់​ត្រូវ​តែ​តស៊ូ​បន្ត​ទៀត ដើម្បី​លំនៅឋាន​របស់​ខ្លួន ដែល​បាន​រស់​នៅ​ជាង ៣០​ឆ្នាំ​មក​ហើយ​នោះ៕

5 comments:

Anonymous said...

ក្រោកឈរប្រឆាំងឱ្យកាន់តែខ្លាំងឡើង​!បំណងអាក្រក់
របស់យួន គឺចង់លុបបំបាត់ អ្វីដែលសម្គាល់ថាជាសម្បត្តិ
ធម្មជាតិរបស់ខ្មែរ។បន្តិចម្ដងៗយួននឹងផ្លាស់ប្ដូរខេត្រស្រុក
របស់ខ្មែរ វានឹងក្លាយទៅជាខេត្រស្រុករបស់យួនដូចដែល
ហូរជីមិញបានគ្រោងទុក៕

Anonymous said...

A hero woman in phnom penh
go on people and kill all treators

Anonymous said...

We must do something to restore her courage. I love her devotion.....It's time to do our part!

Anonymous said...

សូមគាំទ្រនូវស្ត្រីនាម ទេព វន្នីជាស្រ្តីក្លាហានខ្មែរ
ជំនាន់អាក្បត់ជាតិ ហ៊ុន សែន ជា សឹម និង
ហេង សំរិន ថែមទាំងបក្សពួកវាដទែទៀត។

ជយោ!អ្នកស្រី ទេព វន្នី !
ជយោ!គ្រប់ស្ត្រីខ្មែរអ្នកជាតិនិយម!

សូមឲ្យរាស្ត្រខ្មែរបាញ់ឲ្យបែកសន្ទះក្បាលជន
ក្បត់ជាតិទាំងនោះ ដូចអាហ្កាដាហ្វី។

Anonymous said...

Best of Luck NEAK NEANH TEP VANNY , you are way better than MONIQUE SIHANOUK and BUN RANNY HUNSEN in nationalism