Friday, June 29, 2012

មោទនភាពទទួលបានជ័យជំនះពីការតស៊ូដើម្បីសេរីភាព ជន​រង​គ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ក្លាយ​ជា​មេ​ឃុំ​អម​លាំង


កញ្ញា​ តឹក នីម ​ពេល​ដើរ​ចេញ​ពី​សា​លា​ឃុំ​អម​លាំងកាល​​ពី​ថ្ងៃ​ចន្ទ។ ស្ត្រី​រង​គ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី

​រូប​នេះ នឹង​ចូល​កាន់​ការ​ជា​មេ​ឃុំ​ក្នុង​ពេល​ឆាប់​ៗ​។ រូបថត ​ជីវ័ន

28 June 2012 ម៉ៃ ទិត្យថារ៉ា The Phnom Penh Post

កំពង់ស្ពឺៈ ស្រ្តី ​ជា​ពលរដ្ឋ​រង​គ្រោះ​ម្នាក់ ក្នុង​ចំណោម​ពលរដ្ឋ​រាប់​ពាន់​នាក់ ក្នុង​ឃុំ​អម​លាំង ស្រុក​ថ្ពង ដែល​មាន​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ជា​មួយ​ក្រុម​ហ៊ុន​ស្ករស​ភ្នំពេញ របស់​លោក​លី យ៉ុង​ផាត់ សមាជិក​ព្រឹទ្ធ​សភា គណបក្ស​ប្រជាជន​កម្ពុជា និង​ដែល​បាន​ឈរ​ឈ្មោះ​តំណាង​ឲ្យ​គណបក្ស សម រង្ស៊ី បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី ៣ ខែ​មិថុនា។

កញ្ញា តឹក នីម អាយុ ២៨ ឆ្នាំ ជា​ពលរដ្ឋ​រង​គ្រោះ​ម្នាក់ ក្នុង​ឃុំ​អម​លាំង ដែល​ឈ្នះ​ឆ្នោត ក្លាយ​ជា​មេឃុំ ក្នុង​ឃុំ​អម​លាំង បាន​ថ្លែង​ថា កញ្ញា ចាប់​ផ្តើម​ចូល​រួម​ជាមួយ​គណបក្ស​សម​រង្ស៊ី នៅ​ឆ្នាំ ២០១០ នៅ​ពេល​អ្នក​ភូមិ​ចាប់​ផ្តើម​មាន​បញ្ហា​ជាមួយ​ក្រុម​ហ៊ុន​ស្ករ​ស​ភ្នំពេញ។ កញ្ញា បញ្ជាក់​ថា៖ «តាម ​ពិត ខ្ញុំ​មិន​ចង់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ តែ​ដោយ​សារ​តែ​ខ្ញុំ​មើល​ឃើញ​អ្នក​ភូមិ​ខ្ញុំ​ទាំង​អស់​គ្នា ដែល​ជា​ជន​រង​គ្រោះ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ឃុំ ពុំ​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះ​ស្រាយ​ទេ ដូច្នេះ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត ចូល​រួម​ជាមួយ​គណបក្ស សម រង្ស៊ី»

អង្គុយ ​នៅ​ក្រោម​ផ្ទះ​ឈើ​របស់​កញ្ញា ក្នុង​ភូមិ​តាគង កញ្ញា​បាន​បន្ត​ថា កញ្ញា​មិន​ដែល​គិត​ថា នឹង​អាច​ក្លាយ​ជា​មេឃុំ​ដូច្នេះ​ទេ ព្រោះ​តែ​កើត​ក្នុង​ត្រកូល​គ្រួសារ​កសិករ​ក្រីក្រ និង​រៀន​សូត្រ​បាន​តិច។

កញ្ញា​បញ្ជាក់​ថា៖«វា ​ហាក់​ដូច​ជា​យល់​សប្តិ​អ៊ីចឹង​សម្រាប់​ខ្ញុំ តែ​ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​ធ្វើ​ជា​មេឃុំ​ហើយ ដើម្បី​ជួយ​អ្នក​ភូមិ​ក្នុង​ឃុំ​របស់​ខ្ញុំ»

ធ្លាប់​តែ​ជា​ជន​រង​គ្រោះ​នៃ​ជម្លោះ​ដីធ្លី កញ្ញា តឹក នីម ដែល​នឹង​ក្លាយ​ជា​មេ​ឃុំ ក្នុង​ពេល​ឆាប់ៗ​នេះ ថ្លែង​ថា ពេល ​ឡើង​ធ្វើ​ជា​មេ-​ឃុំ កញ្ញា​នឹង​យក​ចិត្ត​ទុក​ដាក់ លើ​បញ្ហា​ទំនាស់​ដីធ្លី អំពើ​ហិង្សា​ក្នុង​គ្រួសារ អប់រំ​កុមារ​ឲ្យ​ទៅ​សាលា​រៀន ទប់​ស្កាត់​ស្ត្រី​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​និង​ការ​លេង​ល្បែង​ពាលា​ អាវ៉ាសែ។ កញ្ញា​បន្ត​ថា៖​«ក្នុង ​អាណត្តិ ៥ ឆ្នាំ​របស់​ខ្ញុំ​នេះ ខ្ញុំ​នឹង​ធ្វើ​ការ​មួយ​ជំហាន​ម្តងៗ តាម​ផែន​ការ​របស់​ខ្ញុំ។ ដំបូង ខ្ញុំ​ត្រូវ​ធ្វើ​ការ​លើ​បញ្ហា​ដីធ្លី ពី​ព្រោះ​វា​សំខាន់​ជាង​គេ​ក្នុង​ឃុំ​ខ្ញុំ»។ ដី​ស្រែ​ជាង ៣ ហិកតា របស់​កញ្ញា តឹក នីម ក៏​ត្រូវ​ក្រុម​ហ៊ុន​ស្ករ​ស​ភ្នំពេញ​រំលោភ​យក​ដែរ តែ​កញ្ញា មិន​អាច​ទាម​ទារ​យក​ដី​នោះ​មក​វិញ​បាន​ទេ ព្រោះ​ដី​ស្រែ​នោះ​ត្រូវ​គេ​ដាំ​អំពៅ​រួច​ទៅ​ហើយ។

កញ្ញា ​ក៏​ដឹង​ខ្លួន​ដែរ​ថា នៅ​ពេល​ឡើង​ធ្វើ​ជា​មេឃុំ​ជា​ផ្លូវការ នឹង​ប្រឈម​បញ្ហា​ជា​ច្រើន ជាមួយ​អតីត​មេឃុំ​ចាស់ របស់​គណបក្ស​ប្រជាជន ដែល​ធ្លាប់​មើល​ងាយ​កញ្ញា ព្រោះ​កញ្ញា នៅ​ក្មេង និង​ពុំ​មាន​បទ​ពិសោធ។

កញ្ញា​ថា៖ «ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន តែ​ខ្ញុំ​ប្រកាន់​តាម​នីតិ​វិធី​ច្បាប់ ដើម្បី​ធ្វើ​ការ»

កញ្ញា តឹក នីម បាន​បោះ​បង់​ការ​សិក្សា​នៅ​ថ្នាក់​ទី ៩ ដើម្បី​រក​ការ​ងារ​ធ្វើ ជួយ​ទ្រ​ទ្រង់​ជីវភាព​គ្រួសារ​ដែល​ក្រីក្រ។ កញ្ញា ក៏​ធ្លាប់​គ្រោង ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ដើម្បី​រក​ប្រាក់​ជួយ​គ្រួសារ​ផង​ដែរ ដោយ​សារ​តែ​អស់​សង្ឃឹម ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ នៅ​ក្នុង​ខេត្ត ប៉ុន្តែ​បាន​អាក់​ខាន​ទៅ​វិញ ដោយ​សារ​តែ​ជាប់​រវល់​ធ្វើ​ការ​តវ៉ា​ការ​ពារ​ដីធ្លី ដែល​ត្រូវ​គេ​រំលោភ​បំពាន។

អ្នក ​ស្រី យឿន រី អាយុ ៦១ ឆ្នាំ ជា​ម្តាយ​កញ្ញា តឹក នីម បាន​ថ្លែង​ថា អ្នក​ស្រី​មាន​កូន​ស្រី ២ នាក់ និង​កូន​ប្រុស ២ នាក់ ហើយ​អ្នក​ស្រី តឹក នីម ជា​កូន​ទី ៣។ កញ្ញា​បន្ត​ថា អ្នក​ស្រី​រីក​រាយ​ណាស់ នៅ​ពេល​កូន​ស្រី បាន​ជាប់​ឆ្នោត​ក្លាយ​ជា​មេ​ឃុំ ហើយ​អ្នក​ស្រី​បាន​ទូន្មាន​កូន​ស្រី ឲ្យ​ខិត​ខំ​ធ្វើ​ការ ជួយ​អ្នក​ភូមិ ដែល​ត្រូវ​គេ​រំលោភ​បំពាន ដោយ​មិន​ត្រូវ​ដើរ​តាម​ផ្លូវ​មេឃុំ​ចាស់​ឡើយ។ អ្នក​ស្រី​ថា​៖«ខ្ញុំ​មិន​ដែល​ស្រមៃ​ថា កូន​ស្រី​ខ្ញុំ​ក្លាយ​ជា​មេឃុំ​ទេ ព្រោះ​យើង​ជា​គ្រួសារ​ក្រីក្រ»

យោង ​តាម​របាយ​ការណ៍​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក ដែល​ពាក់​ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី រវាង​អ្នក​ភូមិ ក្នុង​ឃុំ​អម​លាំង និង​ក្រុម​ហ៊ុន​ស្ករស​ភ្នំពេញ តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១០ មក​ទល់​ពេល​នេះ មាន​អ្នក​ភូមិ ២៩ នាក់ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្ម​ទណ្ឌ ហើយ​អ្នក​ភូមិ បាន​ធ្វើ​ការ​តវ៉ា​ចំនួន ៩៦ លើក និង​បាន​បិទ​ផ្លូវ​ជាតិ​ចំនួន ៤ លើក។

ក្រុម ​ហ៊ុន​ស្ករស​ភ្នំពេញ របស់​លោក លី យ៉ុង​ផាត់ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០១០ លើ​ផ្ទៃ​ដី ៩ ពាន់​ហិក​តា ដើម្បី​ដាំ​អំពៅ។

លោក ផល វណ្ណៈ តំណាង​អ្នក​ភូមិ ក្នុង​ឃុំ​អម​លាំង​ថ្លែង​ថា លោក​សង្ឃឹម​ថា មេ​ឃុំ​ថ្មី ដែល​ទើប​ជាប់​ឆ្នោត​រូប​នេះ នឹង​ជួយ​ប្រជាជន​បាន​ច្រើន​ជាង​មេ​ឃុំ​ចាស់ ព្រោះ​នាង​ធ្លាប់​ជា​ជន​រង​គ្រោះ​នៃ​ជម្លោះ​ដីធ្លី​ផ្ទាល់។ លោក​ថា៖​«ទោះ​នាង​ក្មេង និង​ពុំ​មាន​បទ​ពិសោធ​ក្តី តែ​ខ្ញុំ​ជឿ​ថា នាង​អាច​ធ្វើ​បាន ព្រោះ​នាង​មាន​ឆន្ទៈ​ល្អ​ចំពោះ​អ្នក​ភូមិ»

តាម ​លទ្ធ​ផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ ប្រកាស​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃទី ២៤ ខែ​មិថុនា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន​តំណែង​មេ​ឃុំ ១៥៩២ ឃុំ គណបក្ស​សម រង្ស៊ី ២២ ឃុំ គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ១ ឃុំ និង​គណបក្ស​សិទ្ធិ​មនុស្ស ១៨ ឃុំ។

ដោយ ​ឡែក នៅ​ក្នុង​ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ​ជា​ឃុំ​ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ ដែល​មាន​អាសនៈ​សរុប​ចំនួន ៧ គណបក្ស​សម​រង្ស៊ី ឈ្នះ​បាន ៣ អាសនៈ គណបក្ស​ប្រជាជន ២ អាសនៈ និង​គណបក្ស​សិទ្ធិ​មនុស្ស ២ អាសនៈ ខណៈ​ដែល​កាល​ពី​អាណត្តិ​មុន​បក្ស​ប្រជាជន បាន​កាន់​កាប់​ទាំង​៧​អាសនៈ៕

4 comments:

Anonymous said...

it's good we see some positive changes in cambodia, slowly but surely, really. god bless cambodia always.

keep up the good work, khmer people! as long as there is the sun and the moon, khmer race and country will always live on and on forever. of course, we can adjust to time and place in history, etc. more power to cambodia! khmer race and country are renowned for resiliency and famous for its renaissance, despite the ups and downs of our great khmer civilization, you know.

Anonymous said...

Khmer Am Lang was the former fighter against oppression. During 2006 to 1012 the CPP had controll all post, now the CPP is just get 2 and SRP=3, HRP=2, so SRP+HRP=5. That show CPP=2 is out for over from Am Lang.

Anonymous said...

I suggest that she needs more skills in management, negotiation and others. SRP should look into this field and conduct more workshops about commune administrative works. Otherwise, she will not last long from CPP pressure.

Concerned

Anonymous said...

សូមសរសើរដោយស្មោះចំពោះកញ្ញាតឹកនឹមដែលបានយកជ័យជំនះលើគណបក្សស្រីលើកជើង។