(ថ្ងៃទី 14 មិថុនា 2012, ម៉ោង 08:23:PM) | ដោយ: ឆាយា
ភ្នំពេញ: សាលដីកា លេខ៨៤ ក្រ III ឃ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១ របស់តុលាការសាលាដំបូងរាជធានីភ្នំពេញ បានចូលជាស្ថាពរ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២ បន្ទាប់ពីលោកសមរង្ស៊ី មិនបានប្តឹងបន្តទៅកាន់តុលាការកំពូល។លោកសម រង្ស៊ី អតីតតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានគណបក្ស សម រង្ស៊ី បានត្រូវលោក សុខ រឿន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ "ការក្លែងបន្លំអក្សរក្នុងឯកសារសាធារណៈ និង ការផ្សាយព័ត៌មានមិនពិត" រួចបញ្ចូនសំណុំរឿងនេះ ទៅឱ្យចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី តាមរូបភាពជនត្រូវចោទនៅក្រៅឃុំ។
អង្គហេតុ ដែលនាំឱ្យមានការចោទប្រកាន់នេះ បានកើតឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១០ កន្លងទៅ ក្នុងខណៈពេលដែលលោកសម រង្សី បានធ្វើបទសម្ភាសន៍ ជាសំឡេងផ្ទាល់ និងបានបង្ហាញរូបភាពឯកសារក្លែងបន្លំ ដូចជា រូបថតផែនទី ខ្សែបន្ទាត់ព្រំដែនព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីយកមកប្រើប្រាស់បង្ហាញពន្យល់ជាអក្សរ ជាលេខ ជាច្រើនទំព័រ ហើយផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធឺណេត ក្នុងគោលបំណងបំភ័ណ្ឌមតិជាតិ និងអន្តរជាតិ ឱ្យយល់ខុសលើការងាររបស់គណៈកម្មការចម្រុះទទួលបន្ទុកកិច្ចការ ព្រំដែនកម្ពុជា-វៀតណាម ធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខជាតិ ដែលនេះ ជាចេតនាទុច្ចរិតក្នុងការក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងបំភ័ណ្ឌព័ត៌មាន ទម្លាក់កំហុស ដោយអសុទ្ធចិត្ត មកលើរាជរដ្ឋាភិបាលកម្ពុជា។
នៅដំណាក់កាលស៊ើបសួរ លោក សម រង្ស៊ី ពុំបានចូលខ្លួន មកបំភ្លឺពីដំណើររឿង ដែលត្រូវចោទប្រកាន់នេះទេ។ ពោលគឺបានពឹងពាក់មេធាវីឱ្យការពារក្តី និងធ្វើលិខិតជាលាយលក្ខអក្សរ មកបំភ្លឺប៉ុណ្ណោះ។ ដូច្នេះតាមនីតិវិធី នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០ ចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ ឱ្យចាប់ខ្លួន លោក សម រង្ស៊ី ដើម្បីយកមកសាកសួរតាមច្បាប់។ ប៉ុន្តែសមត្ថកិច្ច ពុំអាចចាប់ខ្លួនបានឡើយ ដោយសារលោក សម រង្ស៊ី គេចចេញទៅក្រៅប្រទេស។
រយៈពេលជិត ៤ខែ ក្រោយមក ពោលគឺនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១០ សាលាដំបូងរាជធានីភ្នំពេញ បានលើកយករឿងក្តីនោះ មកបើកសវនាការជំនុំជម្រះ ដោយសម្រេចកំបាំងមុខ ផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគារ កំណត់រយៈពេល ១០ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥ លានរៀល និងសម្រេចចេញ ដីកាបង្គាប់ឱ្យចាប់ខ្លួន លោក សម រង្ស៊ី តាមបញ្ញាត្តិមាត្រា ៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ក្នុងនោះ តុលាការបានសម្រេចឱ្យលោក សម រង្ស៊ី បង់ប្រាក់សំណង នៃការខូចខាត និងជំងឺចិត្តឱ្យរាជរដ្ឋាភិបាលចំនួន ៦០ លានរៀល។ ប៉ុន្តែលោក សម រង្ស៊ី បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ តាមរយៈលោកមេធាវី ជូង ជូងី។
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១ ពោលគឺរយៈពេលជិតមួយឆ្នាំ ក្រោយមកសាលាឧទ្ធរណ៍ បានលើកយកបណ្តឹងឧទ្ធរណ៍នោះ មកបើកសវនាការជំនុំជម្រះ ដោយមានការលោកមេធាវី រាជ្យ ហុកសេង ជាមេធាវីការពារសិទ្ធិលោកសម រង្ស៊ី។ មេធាវីនោះ ចាត់តាំងដោយតុលាការសាលាឧទ្ធរណ៍ ដើម្បីបង្គ្រប់កិច្ច។
ក្រោយការសួរដេញដោល និងអានឯកសារមួយចំនួន ដែលពាក់ព័ន្ឋក្នុងរឿងក្តីនេះ រួចហើយ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ប៉ុន្តែបានកែប្រែការផ្តន្ទាទោស ពី ១០ ឆ្នាំ មករយៈពេល ៧ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣ លានរៀល ពីបទ "ក្លែងបន្លំអក្សរក្នុងឯកសារសាធារណៈ និង បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ" វិញ។
ទោះជាសាលាឧទ្ធរណ៍ បានប្រកាសសាលដីការួចហើយក្តី ក៏បានបើកសិទិ្ធឱ្យលោក សម រង្ស៊ី ប្តឹងសារទុក្ខ ទៅតុលាការកំពូល តាមកំណត់ច្បាប់។
ប៉ុន្តែលោក សម រង្សី ពុំបានប្តឹងសារទុក្ខទេ។ ដូច្នេះយោងតាមនីតិវិធី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២ សាលដីការបស់ សាលាឧទ្ធរណ៍ បានចូលជាស្ថាពរ។ នោះមានន័យថា លោក សម រង្ស៊ី បានប្រែពីជនជាប់ចោទទៅជាទណ្ឌិតមួយជាន់ទៀត។
សូមរម្លឹកថា លោក សមរង្ស៊ី ក៏ត្រូវបានតុលាការសាលាដំបូង ខេត្តស្វាយរៀង ផ្តន្ទាទោស កំបាំងមុខ ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ក្នុងរឿងដកតម្រុងបង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ ១៨៥ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង។ សាលដីកាក្នុងរឿងក្តីនោះ បានចូលជាស្ថាពរ កាលពីខែមីនា ឆ្នាំ២០១១។
ចាប់តាំងពីពេលនោះ លោកសមរង្ស៊ី បានក្លាយខ្លួនជាទណ្ឌិត ឬអ្នកទោស ហើយរដ្ឋសភាក៏បានលុបឈ្មោះលោក ចេញពីបញ្ជីអ្នកតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តកំពង់ចាមផងដែរ។
យ៉ាងណាក៏ដោយ មជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួន បានចាត់ទុកករណីរបស់លោកសមរង្ស៊ី ថាគ្រាន់តែជារឿងនយោបាយ ខណៈដែលរដ្ឋាភិបាល និងតុលាការអះអាងថា គឺជារឿងព្រហ្មទណ្ឌ ដែលត្រូវកាត់ទោសតាមច្បាប់ មិនមែនជាការរាំង ខ្ទប់មិនឲ្យលោកសមរង្ស៊ី ចូលស្រុក ដើម្បីដឹកនាំនយោបាយគណបក្សប្រឆាំង នៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់នោះឡើយ។
មួយវិញទៀត មកដល់ពេលនេះ លោកសមរង្ស៊ី ក៏នៅជាប់បណ្តឹងមួយទៀត នៅតុលាការសាលាឧទ្ធរណ៍ ក្នុងករណីសំណុំរឿងជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស ដែលលោកសមរង្ស៊ី ចោទលោកហោ ណាំហុង ថាជាមេគុកបឹងត្របែកសម័យខ្មែរក្រហម។ សំណុំរឿងនោះ ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចផ្តន្ទាទោស កំបាំងមុខលោកសមរង្ស៊ី ឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់មួយចំនួន ក្នុងបទចោទប្រកាន់ បរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត៕
1 comment:
បុំាងតោ កាត់ក អាកូនមីចោរគេចុយ
Pi Anh=ពីអញ អោយងាប់ផុតពូជតែម្ដង។
Post a Comment