Saturday, June 23, 2012

កុមារ​បុរី​កីឡា​រស់​នៅ​កន្លែង​ថ្មី​មិន​ទទួល​បាន​ការ​អប់រំ

RFA/Sek Bandith
ដោយ ខែ សុណង 2012-06-23

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្វើ​ការ​លើ​វិស័យ​អប់រំ បាន​សម្ដែង​ការ​សោក​ស្ដាយ ចំពោះ​ការ​បាត់​បង់​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​របស់​កុមារ​កូន​ចៅ​ពលរដ្ឋ​នៅ ​ក្នុង​សហគមន៍​បុរី​កីឡា។៤-មករា-២០១២៖ កុមារី​ទាំង​នេះ​កំពុង​សម្លឹង​រក​សៀវភៅ​សិក្សា​ក្រោម​គំនរ​បាក់បែក បន្ទាប់​ពី​គ្រឿង​ចក្រ​ក្រុមហ៊ុន ផានអ៊ីមិច ឈូស​កម្ទេច​ផ្ទះ​នាង​អស់។ ការ​ខក​ខាន​មិន​បាន​រៀន​សូត្រ​របស់​កុមារ​ទាំង​នោះ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​យក​ទីតាំង​ដែល​ពួក​គេ​កំពុង​រស់​នៅ ធ្វើ​តំបន់​អភិវឌ្ឍន៍ ហើយ​ដោះ​ដូរ​ឲ្យ​ទៅ​រស់​នៅ​ទីតាំង​ថ្មី ដែល​មាន​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​នោះ។ អតីត​ពលរដ្ឋ​សហគមន៍​បុរី​កីឡា ដែល​រដ្ឋាភិបាល​ដោះដូរ​ឲ្យ​ទៅ​រស់​នៅ​ក្បែរ​ជើង​ភ្នំ​ឧត្ដុង្គ គឺ​ស្ថិត​នៅ​ក្នុង​ភូមិ​ស្រះពោធិ៍ ឃុំ​ផ្សារដែក ស្រុក​ពញាឮ ខេត្ត​កណ្ដាល កំពុង​អស់​សង្ឃឹម​ចំពោះ​អនាគត​កូន​ចៅ​របស់​ពួក​គេ ដែល​បច្ចុប្បន្ន​មិន​បាន​ទៅ​រៀន។ អតីត​អ្នក​បុរី​កីឡា លោក អ៊ុំ អារុណ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២១ មិថុនា ថា កុមារ​មក​ពី​បុរី​កីឡា​ជា​ច្រើន រួម​ទាំង​កូនៗ​របស់​លោក​ផង មិន​បាន​ចូល​រៀន​ទេ រហូត​មក​ដល់​ថ្ងៃ​នេះ។ លោក​ថា ហេតុផល​សំខាន់​នោះ ចាប់​តាំង​ពី​អាជ្ញាធរ​រដ្ឋាភិបាល​យក​ពួក​គាត់​មក​រស់​នៅ​តំបន់​នេះ ពួក​គាត់​រស់​នៅ​ក្រោម​តង់​កៅស៊ូ​ប្រក់​ជា​ដំបូល ពុំ​ទាន់​ឃើញ​មាន​ការ​បែង​ចែក​កម្មសិទ្ធិ​ដីធ្លី ត្រង់​ណា​ជាក់​លាក់​ដល់​ពួក​គាត់​នៅ​ឡើយ។ លោក អ៊ុំ អារុណ៖ «គ្រួសារ​ដែល​នៅ​ក្នុង​តង់​នោះ ដូច​អត់​បាន​ចូល​រៀន វា​អត់​មាន​ផ្ទះ​អ៊ីចឹង​ណា។ សូម្បី​ទៅ​ចុះ​ឈ្មោះ​សាលា ក៏​គេ​មិន​ឲ្យ​ផង ព្រោះ​អី​គេ​ថា យើង​មិន​ទាន់​មាន​ផ្ទះ​ដី​ពិត​ប្រាកដ​អ៊ីចឹង។ វា​ពិបាក​ទាំង​ចុះ​ឈ្មោះ។ បើ​ថា​បើ​ឲ្យ​ចូល​សាលា​ពិតប្រាកដ អាណោចអាធ័ម​មែន នៅ​ក្នុង​តង់​ហ្នឹង។ អត់​ទាន់​មាន​គ្រួសារ​ណា​មួយ បាន​កូន​ចូល​សាលា​ផង។ សម័យ​នេះ គេ​ត្រូវ​ការ​ក្មេង​រៀន​សូត្រ​ចេះ​ដឹង ដល់​ពេល​គ្នា​អត់​បាន​ចូល​សាលា​អញ្ចឹង ខ្ញុំ​ដូច​ជា​អាណិត ហើយ​អាណោចអាធ័ម​មែន​ទែន។ សូម្បី​កូន​ខ្ញុំ​នែ ខ្ញុំ​កំពុង​បារម្ភ​គ្នា វា​ធំ​ដឹង​ក្ដី​ទៅ មិន​ដឹង​យ៉ាង​ម៉េច បើ​អត់​ទាន់​មាន​ផ្ទះ»។ រដ្ឋាភិបាល​បាន​ប្រគល់​តំបន់​បុរី​កីឡា​ទៅ​ឲ្យ​ក្រុមហ៊ុន ផានអ៊ីម៉ិច អភិវឌ្ឍន៍​ជា​ផ្ទះ​ល្វែង​តម្លៃ​រាប់​លាន​ដុល្លារ​សម្រាប់​លក់​តាំង​ពី​ឆ្នាំ ​២០០៣។ កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ និង​សន្តិសុខ​ក្រុមហ៊ុន ផានអ៊ីមិច កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ ក្នុង​សហគមន៍​បុរី​កីឡា ហើយ​ដឹក​ពួក​គាត់​ទៅ​ទី​តាំង​ថ្មី នៅ​តំបន់​ទួល​សម្បូរ ក្នុង​ខណ្ឌ​ដង្កោ និង​មួយ​ចំនួន​ទៀត ទៅ​ក្បែរ​ជើង​ភ្នំ​ឧត្ដុង្គ គឺ​ស្ថិត​នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ទីតាំង​ថ្មី​នោះ​ហើយ ដែល​ផ្ដល់​នូវ​ការ​លំបាក​ដល់​ពួក​គាត់។ ស្ត្រី​អតីត​អ្នក​បុរី​កីឡា​ម្នាក់​ទៀត បាន​ឲ្យ​ដឹង​ថា អាណាព្យាបាល​មិន​បាន​ឲ្យ​កូន​ទៅ​រៀន​ទេ ដោយ​សារ​តែ​ក្ដី​បារម្ភ​ដោយ​ខ្លួន​ឯង។ ក្ដី​បារម្ភ​នោះ​គឺ ដោយ​សារ​តែ​គោល​នយោបាយ​ដែល​រដ្ឋាភិបាល​បាន​ផ្ដល់​ឲ្យ​ពួក​គាត់​ទៅ​រស់នៅ​ តំបន់​ថ្មី​នោះ ពុំ​ទាន់​មាន​ការ​បែង​ចែក​ដី​ឲ្យ​ពួក​គាត់​ច្បាស់​លាស់​នៅ​ឡើយ។ ហើយ​អាជ្ញាធរ​ក៏​មិន​ទាន់​បាន​ចេញ​លិខិត​សម្គាល់​ដែរ។ ដូច្នេះ ពេល​ពួក​គេ​ទៅ​សុំ​សាលា​ចូល​រៀន គេ​តែង​បដិសេធ។ ស្ត្រី​អតីត​អ្នក​បុរី​កីឡា៖ «ក្មេងៗ​ភាគ​ខ្លះ បាន​ទៅ​រៀន ភាគ​ខ្លះ​អត់។ និយាយ​ទៅ អត់​បាន​ទៅ​រៀន​ច្រើន​ជាង។ អត់​បាន​ដី​បាន​ធ្លី​អីចឹង ក្មេង​ទៅ​រៀន​ទៅ ខ្លាច​អត់​បាន​ដី​នៅ​ហ្នឹង​អីចឹង។ ហើយ​អត់​មាន​ទី​លំនៅ​ពិត​ប្រាកដ។ បើ​យើង​ដឹង​ថា ខ្លួន​យើង​បាន​ទីលំនៅ​ពិត​ប្រាកដ បាន​អាច​ឲ្យ​កូន​បាន​ចូល​រៀន​ចូល​អី​នឹង​គេ»។ តំណាង​ពលរដ្ឋ​សហគមន៍​បុរី​កីឡា លោក ទូច ខន បាន​អះអាង​ថា មាន​កុមារ​តិច​តួច​ណាស់​ដែល​មាន​វាសនា​បាន​រៀន​សូត្រ ដោយ​សារ​តែ​សប្បុរសជន និង​អង្គការ​មនុស្សធម៌​ជួយ​ពួក​គេ​តែ​ប៉ុណ្ណោះ។ លោក ទូច ខន៖ «ក្មេង​រៀន​នៅ​ទីនេះ​បាន​តែ​១៥​នាក់។ ១៥​នាក់​នោះ ដោយ​សារ​បវរកញ្ញា តៃវ៉ាន់ គាត់​ជួយ​ជា​កង់ ១៥​គ្រឿង រៀន​នៅ​ខាង​កើត​ភ្នំ ចេញ​ពី​ហ្នឹង​ទៅ​ប្រហែល​ជា​ដី ៣​គីឡូ។ ក្រៅ​ពី​ហ្នឹង បាន​រៀន​ទៅ​រៀន​ខាង​កន្លែង យេស៊ូ។ ក្មេង​តូចៗ រៀន​មត្តេយ្យ​រៀន​អីចឹង​ទៅ ប្រហែល​ជា ២៥​នាក់។ ក្រៅ​ពី​ហ្នឹង​ទៀត គាត់​ទៅ​តាម​ម្ដាយ​ទៅ​រៀន​នៅ​ភ្នំពេញ»។ នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ ជំពូក​ទី​៦ អំពី​ការ​អប់រំ វប្បធម៌ និង​សង្គម​កិច្ច ត្រង់​មាត្រា​៦៦ បាន​ចែង​ថា រដ្ឋ​កសាង​ប្រព័ន្ធ​អប់រំ​មួយ​ពេញ​លេញ និង​ឯកភាព​នៅ​ទូទាំង​ប្រទេស ដែល​ធានា​ឲ្យ​បាន​នូវ​គោលការណ៍​សេរី ខាង​សិក្សាធិការ និង​គោលការណ៍​សមភាព​ក្នុង​ការ​អប់រំ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប មាន​ភ័ព្វ​សំណាង​គ្រប់​គ្រាន់​ស្មើគ្នា ក្នុង​ការ​កសាង​ជីវិត។ មាត្រា​៦៨ ចែង​ថា រដ្ឋ​ផ្ដល់​កិច្ចការ​អប់រំ​ផ្នែក​បឋម និង​មធ្យមសិក្សា នៅ​សាលា​រៀន​សាធារណៈ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប ដោយ​ឥត​បង់​ថ្លៃ។ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​អប់រំ​យ៉ាង​តិច​ប្រាំ​បួន​ឆ្នាំ។ បើ​ទោះ​បី​ជា​មាន​ការ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​យ៉ាង​នេះ​ក្ដី ក៏​គេ​សង្កេត​ឃើញ​ថា ប្រជាជន​កម្ពុជា​មិន​ទាន់​ទទួល​បាន​ការ​អប់រំ​ពេញ​លេញ​នៅ​ឡើយ ដោយ​សារ​តែ​កុមារ​គ្រប់​អាយុ​ចូល​សិក្សា​មួយ​ចំនួន បាន​បាត់​បង់​ឱកាស​របស់​ខ្លួន និង​បាន​បោះ​បង់​ការ​សិក្សា​នៅ​ពាក់​កណ្ដាល​ទី ដោយ​សារ​តែ​ស្ថានភាព​វិវាទ​ដីធ្លី។ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន មាន​មតិ​ថា ទីតាំង​ថ្មី​ដែល​រដ្ឋាភិបាល​ដោះ​ដូរ​ឲ្យ​ពលរដ្ឋ​នោះ គួរ​តែ​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹម​ត្រូវ ដែល​ក្នុង​នោះ មាន​ទាំង​មន្ទីរពេទ្យ និង​សាលា​រៀន​ជា​ពិសេស ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​អប់រំ ឲ្យ​ស្រប​ទៅ​នឹង​គោលដៅ​សហស្សវត្ស​កម្ពុជា ព្រម​ទាំង​ផែន​ការ​ជាតិ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា។ លោក រ៉ុង ឈុន៖ «ជា​គោលការណ៍ ត្រូវ​តែ​មាន​មន្ទីរពេទ្យ មាន​សាលា​រៀន មាន​ទឹក មាន​ភ្លើង មាន​ផ្លូវ មាន​ផ្ទះ​នៅ មិន​មែន​យក​ប្រជាពលរដ្ឋ​ទៅ​ចាក់​ចោល​អត់​មាន​អ្វី​ទាំង​អស់​នោះ​ទេ។ ហើយ​អាជ្ញាធរ​ដែល​ឆ្លើយ​ថា អូ! ពួក​គាត់​មាន​ទីលំនៅ​មិន​ពិត​ប្រាកដ មិន​ហ៊ាន​ចុះ​ឈ្មោះ​ឲ្យ​គាត់​ចូល​រៀន អា​ហ្នឹង​វា​ខុស​មួយ​ទៀត។ តាម​ការ​ពិត គាត់​សុំ​ចុះ​ឈ្មោះ ត្រូវ​តែ​ចុះ​ឈ្មោះ​ឲ្យ​គាត់​បាន​បន្ត​ការ​សិក្សា។ ហើយ​បើ​សិន​ជា​ធ្វើ​តែ​របៀប​នេះ ផែន​ការ​សហស្សវត្ស​របស់​រដ្ឋាភិបាល​ថា​នឹង​ទទួល​បាន​ការ​អប់រំ​សម្រាប់​ទាំង ​អស់​គ្នា​យ៉ាង​តិច​៩​ឆ្នាំ​កម្រិត មូលដ្ឋាន មិន​ទទួល​បាន​ជោគជ័យ​ទេ នៅ​បំណាច់​ឆ្នាំ​២០១៥ នេះ»។ យ៉ាង​ណា​ក៏​ដោយ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក អ៊ឹម សិទ្ធី ធ្លាប់​មាន​ប្រសាសន៍​ថា ដើម្បី​ជម្រះ​នូវ​ឧបសគ្គ​នានា ក្រសួង​បាន​ជំរុញ​ឲ្យ​មនុស្ស​ទទួល​បាន​ការ​អប់រំ​ទាំង​អស់​គ្នា។ លោក​ថា មាន​មនុស្ស​ចំនួន ៣​លាន​៥​សែន​នាក់ កំពុង​ទទួល​បាន​ការ​អប់រំ​នៅ​កម្ពុជា។ ចាប់​តាំង​ពី​កុមារ​តូច នៅ​ក្នុង​មត្តេយ្យ ទៅ​ដល់​បឋម មធ្យម​បឋម​ភូមិ មធ្យម​ទុតិយភូមិ ឡើង​ទៅ​ដល់​ថ្នាក់​ឧត្ដម​សិក្សា។ របាយការណ៍​សកល​លោក​តាម​ដាន​ការ​អប់រំ​សម្រាប់​ទាំង​អស់​គ្នា របស់​អង្គការ​អប់រំ​វិទ្យាសាស្ត្រ និង​វប្បធម៌ នៃ​អង្គការ​សហប្រជាជាតិ (UNESCO) បាន​សរសេរ​ថា រដ្ឋាភិបាល​ភាគ​ច្រើន យក​ចិត្ត​ទុក​ដាក់​តិច​តួច ក្នុង​ការ​ប្រមូល​ទិន្នន័យ​ឲ្យ​បាន​ល្អ ទាក់​ទង​នឹង​អ្នក​បាត់​បង់​ឱកាស​បំផុត​មួយ​ចំនួន ដូច​ជា កុមារ​លក់​កម្លាំង​ពលកម្ម ជន​ពិការ និង​កុមារ​រស់​នៅ​ក្នុង​សំណង់​អានាធិបតេយ្យ ឬ​តំបន់​ដាច់​ស្រយាល។ របាយការណ៍​ដដែល​បាន​សរសេរ​ថា ការ​ចាប់​ផ្ដើម​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​បំផុត​ចំនួន ២០% នៅ​ប្រទេស​កម្ពុជា បង្កើត​ឲ្យ​មាន​ការ​ប្រឈម​យ៉ាង​ខ្លាំង ទៅ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​ទទួល​បាន​ការ​អប់រំ​រយៈ​ពេល​តិច​ជាង ៤​ឆ្នាំ មាន​ន័យ​ថា បញ្ហា​កង្វះ​ការ​អប់រំ​ក្នុង​ចំណោម​ប្រជាជន​ក្រីក្រ កើន​ឡើង​ទ្វេដង​នៃ​មធ្យម​ភាគ​ថ្នាក់​ជាតិ ៕

No comments: