RFA/Mondul Keo
ដោយ មណ្ឌល កែវ 2012-06-23
ប្រជាពលរដ្ឋជាច្រើននាក់នៅឃុំកញ្ជរ បានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះមន្ត្រីមូលដ្ឋានគណបក្សប្រជាជន កម្ពុជា ដែលបានហាមឃាត់គាត់មិនឲ្យបូមទឹកពីប្រឡាយ មកដាក់ស្រែ បណ្ដាលឲ្យស្រូវគាត់ខ្វះទឹក និងងាប់ស្រូវជាបណ្ដើរៗ។ ស្ត្រីអ្នកភូមិឈ្មោះ ឈាង នី អាយុ ៤១ឆ្នាំ នៅភូមិពោធិ៍អណ្ដែត ឃុំកញ្ជរ បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ មិថុនា ថា ស្រូវគាត់ជិតមួយហិកតារ កំពុងក្រៀមស្វិត ព្រោះខ្វះទឹកស្រោចស្រពជិតមួយខែហើយ។ គាត់ថា ទឹកក្នុងប្រឡាយមិនខ្វះនោះទេ តែមន្ត្រីមូលដ្ឋានគណបក្សប្រជាជនកម្ពុជា ស្រុកកណ្ដៀង គឺលោក សំរិទ្ធ ជា មិនឲ្យគាត់បូមដាក់ស្រែ ព្រោះតែគាត់មិនមែនជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ស្ត្រីរូបនេះសំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយអន្តរាគមន៍ធ្វើយ៉ាងណា ឲ្យពួកគាត់បានបូមទឹកពីប្រឡាយមកសង្គ្រោះស្រូវផង៖ «ខ្ញុំនេះ អត់មានទឹក ព្រោះខ្ញុំសមាជិកគណបក្ស សម រង្ស៊ី គេមិនឲ្យបូមទេ។ គណបក្សខុសគ្នា គេប្រកាន់ គេអត់ឲ្យខ្ញុំបូមទេ ហើយស្រូវងាប់អស់ហើយ គេខាង ហ៊ុន សែន គេបូមអស់ហើយ ចំណែកខ្ញុំ សម រង្ស៊ី គេអត់ឲ្យបូមទេ។ លុះត្រាតែខ្ញុំសារភាពចូលជាមួយគេ ស្បថស្បែឲ្យគេ ទើបគេឲ្យបូម»។ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីលោក សំរិទ្ធ ជា ដែលអ្នកភូមិបានអះអាងថា ជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកណ្ដៀង បានទេ នៅល្ងាចថ្ងៃទី២២ មិថុនា។ ទាក់ទិនចំពោះបញ្ហានេះ មេឃុំកញ្ជរ គឺលោក ខៀវ ណូន ពន្យល់ថា ដោយម៉ាស៊ីនបូមទឹកដែលធ្លាប់ប្រើកន្លងទៅ មានការខូចខាត ត្រូវយកទៅជួសជុល ទើបបញ្ហាខ្វះទឹកបានចោទឡើងយ៉ាងដូច្នេះ។ ចំពោះករណីការចោទប្រកាន់របស់ប្រជាពលរដ្ឋវិញនោះ លោកថាវាអាចមានបញ្ហាដូច្នេះមែន ព្រោះទឹកដែលកំពុងមានក្នុងប្រឡាយនោះ គឺក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកណ្ដៀង បានប្រើម៉ាស៊ីនផ្ទាល់ខ្លួនបូមដាក់ក្នុងប្រឡាយ ដើម្បីជួយសង្គ្រោះស្រូវរបស់សមាជិកគណបក្សប្រជាជនកម្ពុជា។ លោក ខៀវ ណូន៖ «អាហ្នឹង គាត់អាចគិតអញ្ចឹងក៏ត្រូវដែរ ព្រោះម៉ាស៊ីនហ្នឹង ជារបស់គណបក្សប្រជាជនកម្ពុជា គេរៃលុយគ្នាទិញប្រេងមកបូម។ ក្នុងនាមអាជ្ញាធរឃុំ ខ្ញុំបានដាក់សំណើទៅថ្នាក់លើសុំប្រេង និងសុំម៉ាស៊ីនមកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋហើយ»។ យ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលអង្គការ លីកាដូ (Licadho) ខេត្តពោធិ៍សាត់ គឺលោក អេង ឈុនហាន មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធត្រូវប្រញាប់រកមធ្យោបាយជួយសង្គ្រោះស្រូវ ប្រជាពលរដ្ឋជាបន្ទាន់ ដោយមិនត្រូវគិតពីនិន្នាការនយោបាយនោះទេ។ លោកថា សមាជិកគណបក្សណាក៏ជាប្រជាពលរដ្ឋខ្មែរ ដែលរស់ក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលដែរ។ លោកបន្តថា ទង្វើរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកណ្ដៀង ជាយថាហេតុកាន់តែធ្វើឲ្យបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋបន្ថែម ទៀត ក្នុងការបោះឆ្នោតសកល ឆ្នាំ២០១៣ ខាងមុខ៕
2 comments:
បក្សប្រជាជនបានធ្វើអំពើអាក្រក់ច្រើនណាស់!
បើ សហរដ្ឋអាមេរិចមិនកំចាត់ចោលអោយអស់ទេ
នោះសហរដ្ឋអាមេរិចមិនសមធ្វើជាអ្នកការពារយុត្តិធម៌
នៅលើពិភពលោកទេ...
yes, they would go that low to punish and control.7
Post a Comment