Protest by Borei Keila evictees (Photo: The Phnom Penh Post) |
21 June 2012
ឃុត សុភចរិយា
The Phnom Penh Post
ភ្នំពេញៈ សាលារាជធានី បានធ្វើការចោទប្រកាន់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយមួយចំនួនថា បានធ្វើការញុះញង់ ឲ្យប្រជាពលរដ្ឋនៅសហគមន៍បុរីកីឡា ធ្វើការតវ៉ាគ្រប់ទីកន្លែងបែបអនាធិបតេយ្យ ប៉ុន្តែមិនព្រមនិយាយពីក្រុមហ៊ុនផានអ៊ីម៉ិច ដែលមិនបានសង់អគារឲ្យបានគ្រប់ចំនួន ១០ ទៅតាមការសន្យា ដែលជាដើមហេតុធ្វើឲ្យប្រជាពលរដ្ឋរងគ្រោះ ចេញតវ៉ានោះឡើយ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់សាលារាជធានី កាលពីម្សិលមិញ បានតម្រូវឲ្យពលរដ្ឋក្នុងសហគមន៍បុរីកីឡា ដែលនៅមិនទាន់ទទួលបានដំណោះស្រាយជាផ្ទះល្វែង នាំយកឯកសារពាក់ព័ន្ធស្របតាមលក្ខណៈវិនិច្ឆយ ដែលបានកំណត់ ដោយគណៈកម្មការអភិវឌ្ឍន៍លំនៅដ្ឋាន នៅនឹងកន្លែង ចូលទៅទំនាក់ទំនងការិយាល័យរដ្ឋបាលដើម្បីវាយតម្លៃលើឯកសារក្នុង ការទទួលបានផ្ទះ។
សេចក្ដីប្រកាសព័ត៌មាន បានចោទអង្គការក្រៅរដ្ឋាភិបាលនិងគណបក្សមួយចំនួនថា នៅពីក្រោយនិង«ញុះញង់» ឲ្យពលរដ្ឋក្រីក្រក្នុងសហគមន៍បុរីកីឡាដែលនៅមិនទាន់ទទួលបានផ្ទះ ល្វែងពីរដ្ឋ ដើរធ្វើការតវ៉ាគ្រប់ទិសទី បែបអនាធិបតេយ្យខុសច្បាប់ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ ពីគ្រប់ស្ថាប័នពាក់ព័ន្ធនានា ជួយជំរុញឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច ធ្វើការសាងសង់អគារចំនួនពីរទៀត ដើម្បីបង្គ្រប់ចំនួនដប់អគារ ស្របតាមកិច្ចសន្យា ដើម្បីផ្ដល់ផ្ទះជូនដល់ពួកគាត់រស់នៅសមរម្យ។
សេក្ដីប្រកាសព័ត៌មានដដែល បានសរសេរទៀតថា៖ «ប្រជាពលរដ្ឋ ដែលធ្វើការតវ៉ាទាំងនេះ ភាគច្រើនជាអ្នកមិនមានទីលំនៅពិតប្រាកដ ក្នុងបុរីកីឡា និងពុំមានលក្ខណសម្បត្តិ ក្នុងការទទួលបានផ្ទះ និងគោលនយោបាយពីរដ្ឋ ព្រោះជាប្រភេទអ្នកទិញលក់ផ្ទះ ក្រោយអង្កេត ម្ចាស់មិននៅផ្ទះ គ្មានឯកសារ និងជាអ្នកជួលផ្ទះពីគេ»។ សេចក្តីប្រកាសបញ្ជាក់ទៀតថា៖ «សាលារាជធានីបានប្រគល់ផ្ទះស្នាក់នៅ ជូនប្រជាពលរដ្ឋ ដែលមានឯកសារពិតប្រាកដ រួចរាល់អស់ហើយ នៅសល់តែគ្រួសារនគរបាលចំនួន ៣១ គ្រួសារនិងស៊ីវិលចំនួន៦គ្រួសារ ប៉ុណ្ណោះ ដែលពុំទាន់ទទួលយកផ្ទះ»។
ប៉ុន្តែ តំណាងពលរដ្ឋ ១១៧ គ្រួសារ ក្នុងសហគមន៍បុរីកីឡា ដែលនៅមិនទាន់ទទួលបានដំណោះស្រាយជាផ្ទះល្វែងលោក ពេជ្រ លឹមឃួន អាយុ ៥៤ ឆ្នាំ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ ថា ពួកគាត់នាំគ្នាធ្វើការតវ៉ាទាមទារឲ្យអាជ្ញាធរ ដាក់សម្ពាធ ទៅលើលោកស្រីស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុន ផានអ៊ីម៉ិច ឲ្យសាងសង់អគារចំនួនពីរទៀត ដើម្បីបង្គ្រប់ចំនួនដប់អគារ ទៅតាមកិច្ចសន្យា នោះ មិនមានអង្គការក្រៅរដ្ឋាភិបាល ឬគណបក្សណាមួយ នៅពីក្រោយ ឬញុះញង់នោះទេ។ លោកថ្លែងថា លំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់អ្នកភូមិស្ទើរតែទាំងអស់ ត្រូវបានក្រុមហ៊ុនផានអ៊ីម៉ិច ដែលគាំទ្រដោយកម្លាំងប្រដាប់អាវុធចម្រុះរបស់រដ្ឋាភិបាល វាយកំទេច និងបំផ្លិចបំផ្លាញចោលអស់ កាលពីជាង ៦ ខែមុន ហើយខណៈដែលអ្នកភូមិ កំពុងតែដាច់ស្បៀង ដោយសារតែបាត់បង់ផ្ទះសម្បែង គ្មានពេលវេលាទៅប្រកបមុខរបរ គេពុំដែលឃើញមន្ត្រីអាជ្ញាធរណាម្នាក់ អើពើចំពោះទុក្ខវេទនារបស់ពលរដ្ឋឡើយ។ លោកបន្តថា៖«វាជារឿងហួសហេតុ ដែលក្នុងនាមជាអាជ្ញាធរ មិនគិតគូរពីទុក្ខលំបាករបស់ពលរដ្ឋខ្លួន ហើយបែរទៅជាចោទប្រកាន់ទៅលើអង្គការក្រៅរដ្ឋាភិបាល និងគណបក្សមួយចំនួន ដែលជាអ្នកជួយផ្ដល់ស្បៀងអាហារ ដល់ប្រជាជនរងគ្រោះ ថា ជាអ្នកញុះញង់ទៅវិញ»។ ទោះជាបែបណា លោកបានថ្លែងថា នៅថ្ងៃចុងសប្តាហ៍នេះ ពួកគាត់ នឹងនាំគ្នាយកឯកសារដែលខ្លួនមានទៅការិយាល័យរដ្ឋបាល សាលារាជធានី ដើម្បីទាមទារដំណោះស្រាយ ជាផ្ទះល្វែង។
លោក អំ សំអាត ទីប្រឹក្សាបច្ចេកទេសអង្គការលីកាដូ ថ្លែងថា ការពិតនៅឆ្នាំ ២០០៣ ក្រុមហ៊ុនផានអ៊ីម៉ិច និងអាជ្ញាធររាជធានីភ្នំពេញ បានចុះកិច្ចព្រមព្រៀង សាងសង់អគារចំនួន ១០ សម្រាប់ចែកជូនពលរដ្ឋចំនួន ១៧៧៦ គ្រួសារ ប៉ុន្តែក្រុមហ៊ុន សង់ទើបតែបាន ៨ អគារនៅឆ្នាំ២០០៩ ក៏ឈប់សង់ ដោយយកលេសថា ក្ស័យធន ហើយនៅថ្ងៃទី ៣ មករាឆ្នាំ ២០១២ ក្រុមហ៊ុន និងអាជ្ញាធរបានធ្វើការបណ្ដេញពលរដ្ឋចេញដោយបង្ខំពីតំបន់បុរីកីឡា។ លោកបន្តថា៖«ពេលនេះយើងមិនគួរលាបពណ៌ដាក់គ្នានោះទេ យើងគួររកវិធីសាស្ត្រជួយគ្នាដើម្បីដោះស្រាយនូវបញ្ហាប្រឈមពិត ប្រាកដ របស់ពលរដ្ឋក្រីក្រ ដើម្បីឲ្យពួកគាត់ មានទីជម្រកស្នាក់អាស្រ័យសមរម្យ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ នៅលើទឹកដីខ្មែរទើបជាការប្រសើរ»៕
No comments:
Post a Comment