Sunday, August 19, 2012

Accusations against Chan Soveth constitute freedom restriction and serious threats

អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ចាន់ សុវ៉េត និយាយ​ក្នុង​ពិធី​ខួប​លើក​ទី​២០​របស់​អង្គការ​លីកាដូ (Licadho) កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២។ (RFA/Sok Serey)

មូលហេតុ​​តុលាការ​ចោទ​ប្រកាន់​លោក ចាន់ សុវ៉េត

2012-08-18
ដោយ ខែ សុណង
Radio Free Asia

ក្រុម​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុក​ករណី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ថា​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព និង​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាង​២០​បាន​នាំ​គ្នា​រិះគន់​ថា ដីកា​កោះ​ហៅ លោក ចាន់ សុវ៉េត បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សន្ទរកថា​ជា​សាធារណៈ​នោះ។

ក្រុម​អ្នក​ច្បាប់ និង​មន្ត្រី​អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស​អះអាង​ថា ការ​ចោទ​ប្រកាន់​លោក ចាន់ សុវ៉េត អនុ​ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក គឺ​ជា​រឿង​នយោបាយ ពីព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ឆែ វីរៈ បាន​ចេញ​ដីកា​កោះ​ហៅ​លោក ចាន់ សុវ៉េត ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​២៤ សីហា ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ ការ​ផ្ដល់​ជំនួយ​ដល់​ចារី ឬ​ផ្តល់​ជំនួយ​ដល់​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​តាម​មាត្រា​៥៤៤ នៃ​ក្រម​ព្រហ្មទណ្ឌ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស៊ី​ស៊ី​អេក​អរ (C.C.H.R) លោក អ៊ូ វីរៈ បាន​រិះគន់​ថា ការ​ចោទ​ប្រកាន់​លោក ចាន់ សុវ៉េត គឺ​ជា​រឿង​នយោបាយ ជា​ការ​គាប​សង្កត់​ទៅ​លើ​សិទ្ធិ​សេរីភាព​ការងារ​សិទ្ធិ​មនុស្ស ដែល​អាច​ឲ្យ​តុលាការ​ដែល​មិន​អាច​បញ្ចេញ​តួនាទី​បាន​ដោយ​ឯករាជ្យ។


លោក អ៊ូ វីរៈ៖ «យើង​សង្ឃឹម​ថា​តុលាការ​នឹង​ធ្វើ​ការ​ឯករាជ្យ។ បើ​សិន​ជា​តុលាការ​ឯករាជ្យ​ប្រហែល​ជា​មិន​បាន​ឈាន​ដល់​ការ​កោះ​ហៅ​ទេ។ ការ​កោះ​ហៅ​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​លើ​ការ​អំពាវនាវ​ដោយ​លោក ហ៊ុន សែន ប៉ុន្មាន​ថ្ងៃ​មុន។ ដូច្នេះ​យើង​ដឹង​ថា តុលាការ​ធ្វើ​ការ​អត់​ឯករាជ្យ​ទេ។ អ៊ីចឹង បើ​តុលាការ​ធ្វើ​ការ​ឯករាជ្យ ហើយ​មើល​ទៅ​តាម​តួនាទី តាម​កាតព្វកិច្ច​របស់​ប្រទេស​ខ្មែរ​យើង​ទៅ​លើ​ច្បាប់​អន្តរជាតិ គេ​ធ្វើ​ការ​ការពារ​សិទ្ធិ​មនុស្ស​ដូច​លោក ចាន់ សុវ៉េត ដូច្នេះ មិន​គួរ​មាន​ការ​ចោទ​ប្រកាន់​អ៊ីចឹង​ទេ»។

សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦ សីហា បាន​សរសេរ​ថា ការ​កោះ​ហៅ​នេះ គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សុំ​ឲ្យ​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ម្នាក់ ឲ្យ​ចេញ​មក​សារភាព​នូវ​ទង្វើ​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​ជំនួយ​ដល់​អ្នក​ភូមិ​ខេត្ត​ក្រចេះ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បាន​ច្រាន​ចោល​ចំពោះ​របាយការណ៍​នេះ។

លោក កែវ រ៉េមី អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​ច្រាន​ចោល​ចំពោះ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ។ លោក​ថា ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បែប​នេះ គឺ​ជា​ការ​ដាក់​សំពាធ​ទៅ​លើ​តុលាការ​ទៅ​វិញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១ សីហា បាន​ថ្លែង​ចោទ​ដោយ​ប្រយោល​ទៅ​លើ​មន្ត្រី​សង្គម​ស៊ីវិល​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​តុលាការ៖ «ប្រាំពីរ​នាក់​ដែល​មក​ទទួល​បទ​បញ្ជា​ចេញ​ប្រាំ​មួយ​ហើយ រាប់​ទាំង​អ្នក​មួយ​ទៅ​ដល់​ថៃ​នោះ ហើយ​អ្នក​ដែល​មុន​ចេញ​ទៅ​ថៃ​នោះ មក​នៅ​ដូច​ដែល​ខ្ញុំ​ប៉ាន់ស្មាន​អ៊ីចឹង មក​នៅ​ផ្ទះ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ នៅ​ភ្នំពេញ​អស់​២​យប់ ហើយ​បាន​លុយ​៣០​ម៉ឺន​រៀល​ចេញ​តាម​ឡាវ​ទៅ​ប្រទេស​ថៃ។ ដូច​ហៅ​សួរ​នៅ? អត់​ទាន់​ហៅ​សួរ​ទេ? អត់​ទាន់​ហៅ​សួរ ដឹង​ខ្លួន​ហើយ​អត់​ទាន់​ដឹង​ខ្លួន។ កន្លែង​នេះ​កន្លែង​នោះ​ក្នុង​ហ្នឹង​មាន​ទាំង​អ៊ិន.ជី.អូ (NGO) ខ្លះ សុំ​ចេញ​មក អា​ហ្នឹង​ខ្ញុំ​ជូន​សារ​មួយ​ហើយ។ រក​មេធាវី​ឲ្យ​ខ្លាំង​ដើម្បី​មក​ត​ទល់។ ហើយ​ខ្ញុំ​ក៏​មិន​មែន​តុលាការ​ដែរ ក្នុង​តួ​អង្គ​រដ្ឋ គឺ​ស្ថាប័ន​ជំនាញ​មាន​សិទ្ធិ​ធ្វើ​កិច្ច​ការងារ​ដែល​ទាក់ទង​ទៅ​នឹង​សន្តិសុខ​ជាតិ»។

យ៉ាង​ណា​ក៏​ដោយ លោក ចាន់ សុវ៉េត អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក បាន​អះអាង​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចោទ​ប្រកាន់​លើ​រូប​លោក។ លោក​បន្ត​ថា ការងារ​ដែល​លោក​បាន​ធ្វើ​កន្លង​មក ក៏​មិន​ខុស​ពី​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត​ដែរ ដូច​ជា​ការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​វិវាទ​ដីធ្លី និង​ផ្ដល់​ការ​ប្រឹក្សា​យោបល់ និង​ជំនួយ​ផ្នែក​ច្បាប់​ដល់​ពលរដ្ឋ​រងគ្រោះ​ទាំង​នោះ។

ការ​កោះ​ហៅ​រូប​លោក​នេះ គឺ​សង្កេត​ឃើញ​ថា តុលាការ​ហាក់​ដូច​ជា​មិន​បាន​អនុវត្ត​នីតិវិធី​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ។

សកម្មជន​សិទ្ធិ​មនុស្ស និង​ដីធ្លី​រូប​នេះ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​ជំនួយ​ដល់​ជន​ត្រូវ​ចោទ​ក្នុង​ចលនា​បង្កើត​តំបន់​អបគមន៍ ដើម្បី​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ លើ​ទីតាំង​ដី​សម្បទាន​ទំហំ​១.៥០០​ហិកតារ។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា កង​កម្លាំង​ចម្រុះ​រាប់​រយ​នាក់ បាន​ចុះ​បង្ក្រាប និង​បណ្ដេញ​ប្រជាពលរដ្ឋ​ប្រមាណ​១​ពាន់​គ្រួសារ ដែល​កំពុង​រស់នៅ​លើ​ដី​ក្នុង​តំបន់​សម្បទាន នៅ​ភូមិ​ប្រម៉ា ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​ក្រុម​បង្កើត​តំបន់​អបគមន៍។ បញ្ហា​នេះ​បាន​នាំ​ឲ្យ​អាជ្ញាធរ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​កុមារី​អាយុ​១៤​ឆ្នាំ​ម្នាក់ ឈ្មោះ ហេង ចន្ថា បាន​ស្លាប់​ភ្លាម។ ក្នុង​ហេតុការណ៍​នោះ​ដែរ តុលាការ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មនុស្ស​ចំនួន​៥​នាក់ ដែល​គេ​ចាត់​ទុក​ថា​ជា​មេ​ដឹកនាំ​បង្កើត​តំបន់​អបគមន៍។

មន្ត្រី​សង្គម​ស៊ីវិល​ទាំង​ជាតិ និង​អន្តរជាតិ បាន​រិះគន់​ចំពោះ​ទង្វើ​បាញ់​ប្រហារ​នេះ និង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្តបន្ទាប់​ថ្កោល​ទោស​រដ្ឋាភិបាល ហើយ​ថា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ប្រម៉ា នោះ​មិន​បាន​បង្កើត​តំបន់​អបគមន៍​នោះ​ទេ។

មន្ត្រី​អង្គការ​ស៊ីវិល​ជាតិ និង​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ​កាល​នោះ បាន​ចុះ​ទៅ​ឃ្លាំ​មើល និង​ផ្ដល់​ជំនួយ​ផ្លូវ​ច្បាប់​ដល់​ប្រជាពលរដ្ឋ បន្ទាប់​ពី​អាជ្ញាធរ​បាន​ចុះ​បង្ក្រាប​ប្រជាពលរដ្ឋ​រួច​មក​នោះ។

លោក ចាន់ សុវ៉េត អាយុ​៤៥​ឆ្នាំ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ផ្តល់​ជំនួយ​ដល់​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ តាម​បញ្ញត្តិ​មាត្រា​៥៤៤ នៃ​ក្រម​ព្រហ្មទណ្ឌ។ តាម​បទ​ចោទ​នេះ អាច​នឹង​ឲ្យ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៥០០​ដុល្លារ​អាមេរិក ទៅ​១.៥០០​ដុល្លារ​អាមេរិក បើ​សិន​តុលាការ​រក​ឃើញ​ថា លោក​ពិត​ជា​បាន​ប្រព្រឹត្តិ​ខុស​តាម​បទ​ចោទ​នោះ​មែន។

ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា (CDP) លោក​មេធាវី សុខ សំអឿន បាន​ពន្យល់​ថា ប្រសិន​ជន​ណា​ម្នាក់​ផ្ដល់​ទីលំនៅ ផ្ដល់​ទី​កន្លែង​លាក់​ខ្លួន ផ្ដល់​មធ្យោបាយ​សម្រាប់​ការ​រស់នៅ និង​គ្រប់​មធ្យោបាយ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ងាយ​ស្រួល​ក្នុង​ការ​រត់គេច​ខ្លួន ដល់​ជន​ណា​ដែល​មន្ត្រី​អនុវត្ត​ច្បាប់ និង​តុលាការ​កំពុង​ស្វែងរក រួច​ផុត​ពី​ការ​ស្រាវជ្រាវ​នោះ នឹង​ត្រូវ​ជាប់​បទ​ក្នុង​ចោទ​ផ្ដល់​ជំនួយ​ដល់​ចារី។

ពាក់ព័ន្ធ​នឹង​ការ​បង្គាប់​របស់​តុលាការ​ឲ្យ​លោក ចាន់ សុវ៉េត ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​នេះ អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី អ្នកស្រី មូរ សុខហួរ បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ខ្លាច​មាន​ការ​ឃាត់​ខ្លួន​លោក ចាន់ សុវ៉េត

លោក ចាន់ សុវ៉េត ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់ ដែល​ហ៊ាន​និយាយ​ការ​ពិត និង​រិះគន់​ចំៗ​នូវ​ចំណុច​ខ្វះខាត​ពី​ភាព​អសកម្ម​មួយ​ចំនួន​របស់​រដ្ឋាភិបាល។

របាយការណ៍​រួម​របស់​សង្គម​ស៊ីវិល​បាន​ចាត់​ទុក​ថា ឆ្នាំ​២០១២ នេះ គឺ​ជា​ឆ្នាំ​ដ៏​អាក្រក់​បំផុត​សម្រាប់​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​នេះ ដោយ​ប្រើ​គ្រប់​មធ្យោបាយ។ មាន​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​របស់​អាជ្ញាធរ ការ​កើន​ឡើង​នៃ​ការ​សម្លាប់ ការ​កើន​ឡើង​នៃ​ការ​គំរាម​កំហែង​តាម​ប្រព័ន្ធ​តុលាការ និង​ការ​ព្យាយាម​ចោទ​ប្រកាន់​បទ​ល្មើស​ព្រហ្មទណ្ឌ​មក​លើ​ការងារ​ដែល​ស្រប​ច្បាប់៕

1 comment:

Anonymous said...

Dear: Khmer Readers. Why is Kangaroo Court find who is killed Heng Chantha? Instead of accusations against Mr. Chan Soveth. Hun Sen's Govt is Pol Pot # 2 regime. Please all patriots carry hands together to win Puppets Yuons. From: Nareth (USA)