Sunday, August 19, 2012

Shafi'i and Wahhabi sectarian disputes at Mosque in Battambang province

១៨-សីហា-២០១២៖ លោក សើ សាឌីន (ស្ដាំ) អាយុ​៥៧​ឆ្នាំ ជា​សមាជិក​គណៈកម្មការ​នៅ​វិហារ​នរុល ឥស្លាម និង​លោក សើ ហ្វារ៉ាត់ (ឆ្វេង) ជា​សាសនិក​ឥស្លាម កាន់​និកាយ​ឥស្លាម​សើហ្វីអ៊ី នៅ​ខេត្ត​បាត់ដំបង។ (RFA/Soun Sophalmony)
ជម្លោះ​រវាង​អ្នក​កាន់​និកាយ​ខុស​គ្នា​របស់​សាសនិក​ឥស្លាម​នៅ​បាត់ដំបង

មាន​ទំនាស់​ក្នុង​ជំនឿ​ដើរ​តាម​សាសនា​ឥស្លាម​ចំនួន​ពីរ​ក្រុម បាន​កើត​មាន​ឡើង​នៅ​ក្នុង​វិហារ​ចាម​មួយ នៅ​ក្នុង​ខេត្ត​បាត់ដំបង។

2012-08-18
ដោយ សួន សុផលមុន្នី
Radio Free Asia

ក្រុម​ទី​១ ជា​ក្រុម​ប្រតិបត្តិ​តាម​និកាយ​ឥស្លាម​សើហ្វីអ៊ី និង​ក្រុម​ទី​២ ជា​ក្រុម​ប្រតិបត្តិ​តាម​និកាយ​វះប៊ី។ និកាយ​វះប៊ី ជា​ក្រុម​និកាយ​មួយ​ដែល​សាសនិក​ឥស្លាម​ជា​ច្រើន​លាន​នាក់​នៅ​ក្នុង​សកល​លោក មិន​ទទួល​ស្គាល់ និង​មិន​នាំ​គ្នា​ប្រតិបត្តិ​តាម។

សាសនិក​ឥស្លាម​ជិត​២០០​នាក់ ដែល​និយម​និកាយ​ពីរ​ក្រុម​ខុស​គ្នា បាន​ឈ្លោះ​ប្រកែក​គ្នា​ដោយ​ពាក្យ​សម្ដី និង​មាន​ការ​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​វិហារ​ចាម​មួយ ដែល​មាន​ឈ្មោះ​ថា នរុលអ៊ី ឥស្លាម ស្ថិត​នៅ​ភូមិ​សុ​ភី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។

ក្រុម​និកាយ​សើហ្វីអ៊ី បាន​ចោទ​លោក អារ៉ាហ្វាត ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង ជា​មេ​ដឹកនាំ​ក្រុម​និកាយ​សាឡាហ្វ ឬ​វ៉ាត់ទី ទៅ​អុកឡុក​នៅ​ក្នុង​ពិធី​បុណ្យ​ថ្វាយ​បង្គំ​ព្រះ។ សមាជិក​គណៈកម្មការ​នៅ​វិហារ​នរុល ឥស្លាម លោក សើ សាឌីន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ថា កាល​ពី​ថ្ងៃ​ទី​១៧ វេលា​ម៉ោង​១២ និង​២០​នាទី មាន​ខ្មែរ​ឥស្លាម​ជិត​២០០​នាក់ ក្នុង​នោះ​មាន​ក្រុម​និកាយ​សើហ្វីអ៊ី និង​ក្រុម​និកាយ​សាឡាហ្វ បាន​នាំ​គ្នា​ទៅ​ថ្វាយ​បង្គំ​ព្រះ។

នៅ​គ្រា​នោះ មាន​ឈ្មោះ រិទ្ត វ៉ាង ជា​អ្នក​កាន់​និកាយ​សើហ្វីអ៊ី បាន​ឡើង​សូត្រ​គម្ពីរ​គូរអាន ស្រាប់​តែ​លោក ស៊ូ អារ៉ាហ្វាត ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង ហាម​មិន​ឲ្យ​សូត្រ និង​បញ្ជា​ឲ្យ​ប៉ូលិស​៤​នាក់​ចូល​ទៅ​ឃាត់ ហើយ​ទុក​ឲ្យ​ក្រុម​និកាយ​សាឡាហ្វ ដែល​ជា​និកាយ​មួយ​ហូរ​ចូល​ពី​ក្រៅ​ប្រទេស ជា​អ្នក​ឡើង​សូត្រ​វិញ បណ្ដាល​ឲ្យ​មាន​ជម្លោះ​ពេញ​ព្រះវិហារ៖ «គោល​បំណង​របស់​គេ​នេះ ចង់​បំបែក​បំបាក់​ផ្ទៃ​ក្នុង​របស់​និកាយ​ចាស់ ដោយ​សារ​ពួក​គេ​ចង់​ដើម្បី​គេ​ដាក់​កម្លាំង​គេ​ថ្មី​ចូល​កាន់​កាប់​នៅ​កន្លែង​ហ្នឹង កាន់​និកាយ​ថ្មី គឺ​និកាយ​វះប៊ី ពួក​នេះ​ចូល​កន្លែង​ណា សាសនិក​ឥស្លាម​ចែក​វិហារ​មាន​មេ​ដឹកនាំ​ពីរ​នាក់»។


លោក ស៊ូ អារ៉ាហ្វាត ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង ច្រាន​ចោល។ លោក​ថ្លែង​ថា រូប​លោក​ពុំ​មែន​ជា​អ្នក​កាន់​និកាយ​សាឡាហ្វ ហើយ​បាន​សម្រប​សម្រួល​ជម្លោះ​នោះ ដោយ​បាន​សហការ​ជាមួយ​គណៈ​អេម៉ាំ​ខេត្ត ឬ​ហៅ​ថា​មេគណ​ខេត្ត។ បញ្ហា​ពុំ​មាន​ពាក់ព័ន្ធ​និកាយ​ផ្សេង​គ្នា​ទេ តែ​ជា​រឿង​ដណ្ដើម​គ្នា​ឡើង​សូត្រ​គម្ពីរ​គូរអាន៖ «ដល់​ពេល​អ៊ីចឹង គាត់​ក៏​ទាម​ទារ​ឡើង​ដែរ ឡើង​ក៏​មាន​ព្រឹត្តិការណ៍​កើត​ឡើង។ ខ្ញុំ​ក៏​បញ្ជា​ឲ្យ​ថ្នាក់​ដឹក​នាំ​ចេញ​ពី​ទី​នោះ​ទាំង​អស់ កម្លាំង​ប៉ូលិស​ចូល​ទៅ​ក៏​មាន​ការ​រុញ​មក​ខ្លាំង ខ្ញុំ​ក៏​បញ្ជា​ប៉ូលិស​ឲ្យ​ដក​ថយ មិន​ឲ្យ​ប៉ះពាល់​បង​ប្អូន​ទាំង​អស់ ធ្វើ​ម៉េច​រំដោះ​ថ្នាក់​ដឹក​នាំ​ចេញ​មក​ទេ»។

លោក​បាន​បដិសេធ​ថា មិន​មាន​ការ​នាំ​ចលនា​ឥស្លាម​ពី​ក្រៅ​ប្រទេស​ចូល​កម្ពុជា​ទេ។ ករណី​នេះ លោក​ចាត់​ទុក​ថា នេះ​ជា​ទំនាស់​ផ្ទៃ​សាសនិក​ឥស្លាម ដែល​ចង់​ឡើង​ដណ្ដើម​ទេសនា​រៀង​ខ្លួន។ ជា​គោលការណ៍ សាសនិក​ឥស្លាម​ភាគ​ច្រើន​នៅ​កម្ពុជា និយម​កាន់​និកាយ​សើហ្វីអ៊ី។

អ្នក​កាន់​និកាយ​សើហ្វីអ៊ី បាន​ថ្លែង​ថា នៅ​ពេល​ថ្វាយ​បង្គំ​ព្រះ គឺ​និកាយ​សើហ្វីអ៊ី បាន​ប្រតិបត្តិ​ទៅ​តាម​ ក្រឹត្យ​ក្រម​តាម​ច្បាប់ ខុស​ពី​ក្រុម​អ្នក​កាន់​និកាយ​វះប៊ី។ អ្នក​ប្រតិបត្តិ​តាម​និកាយ​សើហ្វីអ៊ី នៅ​ពេល​បញ្ចប់​កិច្ច​ថ្វាយ​បង្គំ​ព្រះ​នៅ​ក្នុង​ព្រះវិហារ ពួក​គេ​ត្រូវ​បែរ​មក​ស្ដាំ​បែរ​ទៅ​ឆ្វេង និង​យក​ដៃ​ដង​ទឹក​ស្ដាំ​លុប​មុខ។ នៅ​ក្រោយ​ការ​ថ្វាយ​បង្គំ​ព្រះ​នៅ​ពេល​ទាប​ភ្លឺ អ្នក​កាន់​និកាយ​សើហ្វីអ៊ី បាន​ក្រោក​ឈរ​ជា​លើក​ទី​២ លើក​ដៃ​សុំ​ពរ​ជ័យ​ពី​ព្រះ៖ «ទាស់​ធំៗ​ គឺ​ត្រង់​ហ្នឹង។ និកាយ​វះប៊ី នេះ ខុស​ប្លែក​ពី​ពួក​ខ្ញុំ ដោយសារ​ពួក​គេ​នេះ​ធ្វើ​បុណ្យ​សព​អត់​មាន​ការ​សូត្រ។ គេ​ធ្វើ​បាយ​ម្ហូប​អាហារ​អី​ធម្មតា។ ប៉ុន្តែ​សូត្រ​ឧទ្ទិស​កុសល​ដល់​ព្រលឹង​សព គេ​អត់​ធ្វើ​អ៊ីចឹង ហើយ​មិន​អាច​ចូល​សម្រុង​ក្នុង​និកាយ​ខ្ញុំ​បាន នេះ​ជា​ចំណុច​ធំៗ​ដែល​ខ្ញុំ​អធិប្បាយ​នៅ​ក្នុង​នេះ»។

លោក ទារ៉ ហ្វីអ៊ី ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​វិហារ​នរុល ឥស្លាម ថ្លែង​ថា ជម្លោះ​និកាយ​សាសនា​ឥស្លាម​ចំនួន​ពីរ​នេះ​បាន​បញ្ចប់។ អ្នក​កាន់​និកាយ​សាឡាហ្វ អាច​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​នៅ​ក្នុង​វិហារ​រួម​គ្នា​បាន តែ​ពុំ​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ ឬ​ឡើង​សូត្រ​គម្ពីរ​គូរអាន​ទេ ដោយ​សារ​មាន​ច្បាប់​សាសនា​ខុស​គ្នា៖ «ពិធី​ថ្វាយ​បង្គំ​ថ្ងៃ​សីល ត្រូវ​ខូច​អន្តរាយ។ វា​អត់​បាន​ផល​អី បើ​សិន​ជា​ឲ្យ​ខាង​វះប៊ី ឡើង​ទេស​អ៊ីចឹង​ទៅ បើ​មក​ចូល​រួម​ថ្វាយ​បង្គំ​បាន តែ​មិន​ឲ្យ​ចូល​ទេស​អី​អ៊ីចឹង»។

ទាក់​ទិន​ជម្លោះ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា នោះ ថ្នាក់​ដឹកនាំ​នៃ​មន្ទីរ​ធម្មការ​ខេត្ត និង​ថ្នាក់​ដឹកនាំ​ឥស្លាម​ជា​ច្រើន​នាក់ បាន​បើក​កិច្ច​ប្រជុំ​មួយ​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​សីហា ដោយ​បាន​សម្រេច​ថា ទៅ​ថ្ងៃ​មុខ​មិន​អនុញ្ញាត​ឲ្យ​សាសនិក​ឥស្លាម ដែល​កាន់​និកាយ​ខុស​ពី​និកាយ​សើហ្វីអ៊ី ឡើង​សូត្រ​គម្ពីរ​គូរអាន ទៀត​ទេ។

ថ្នាក់​ដឹកនាំ​សាសនា​ឥស្លាម បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពិភព​លោក មាន​សាសនិក​ឥស្លាម​កាន់​និកាយ​ចំនួន​៧៣។ ប៉ុន្តែ និកាយ​ចំនួន​ ៧៣ ​នេះ មាន​ការ​ទទួល​ស្គាល់​មេ​ដឹកនាំ​និកាយ​តែ​ ៤ ​ប៉ុណ្ណោះ គឺ​និកាយ​ហាន់ ណាហ្វី និកាយ​ហាំប៊ើលី និកាយ​ម៉ាលិគី និង​និកាយ​សើហ្វីអ៊ី៕

No comments: