អ្នកភូមិក្រយាដេកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈម្សិលមិញ។ រូបថត វីរៈ |
Wednesday, 01 August 2012
ម៉ៃ ទិត្យថារ៉ា
The Phnom Penh Post
កំពង់ធំៈ ប្រជាពលរដ្ឋដែលភាគច្រើន ជាអតីតគ្រួសារយុទ្ធជនពិការ ប្រមាណ ៦០០ គ្រួសារ នៅក្នុងតំបន់ថ្មសំលៀង ដែលត្រូវបានអាជ្ញាធរប្រើកម្លាំងបណ្តេញចេញ ពីទីតាំងចាស់ នៅក្នុងឃុំក្រយា ស្រុកសន្ទុក កាលពីឆ្នាំ ២០០៩ ដើម្បីយកដីប្រគល់ទៅឲ្យក្រុមហ៊ុនវៀតណាម ដាំកៅស៊ូនោះ នៅពេលនេះ កំពុងប្រឈមមុខនឹងការដាច់បាយ ដោយសារតែអាជ្ញាធរ មិនបានចែកដីស្រែ ដីចម្ការជូនពួកគាត់ ទៅតាមការសន្យា អស់រយៈពេលជិត ៤ ឆ្នាំមកហើយ។
ស្ថានភាពទុក្ខលំបាកនេះ ត្រូវបានអ្នកភូមិអធិប្បាយថា អាជ្ញាធរ ខេត្តកំពង់ធំ បានរុញច្រានពួកគាត់ ឲ្យធ្លាក់ទៅដល់ចំណុចសូន្យ ដូចកាលពីក្រោយឆ្នាំ ១៩៧៩ វិញ តាមរយៈការរឹបអូសយកដីស្រែដីចម្ការពួកគាត់ ទៅឲ្យក្រុមហ៊ុន តាន់បៀន របស់វៀតណាម ដោយពុំបានផ្តល់សំណងសមរម្យនិងទាន់ពេលវេលា។
ប្រជាពលរដ្ឋ ១៧៥០ គ្រួសារ ត្រូវអាជ្ញាធរ បណ្តេញឲ្យទៅរស់នៅទីតាំងថ្មីនៅក្នុងខែធ្នូ ឆ្នាំ ២០០៩ ដើម្បីយកដីប្រគល់ឲ្យក្រុមហ៊ុនវៀតណាម។
ក្រុមគ្រួសារយុទ្ធជនពិការទាំងនោះ បានចាប់ផ្តើមចូលទៅរស់នៅឃុំក្រយា ចាប់តាំងពីឆ្នាំ ២០០៤ ហើយត្រូវបានអាជ្ញាធរ ទទួលស្គាល់សហគមន៍របស់ពួកគាត់ កាលពីឆ្នាំ ២០០៥ ប៉ុន្តែនៅឆ្នាំ ២០០៧ អាជ្ញាធរ បានយកដីសង្គមកិច្ចរបស់ពួកគាត់ប្រគល់ទៅឲ្យក្រុមហ៊ុនកៅស៊ូរបស់ វៀតណាម ដោយមានកិច្ចសន្យាជួលរយៈពេល ៧០ ឆ្នាំ។
អ្នកស្រីសុខ ចាន់ឌី ៣៤ ឆ្នាំ ដែលផ្ទះរបស់គាត់ បានដួលរលំ ដោយខ្យល់ព្យុះ កាលពីខែឧសភា កន្លងមក កំពុងថែជំងឺប្តីរបស់អ្នកស្រី នៅមន្ទីរពេទ្យព្រះកុសមៈ ក្នុងរាជធានីភ្នំពេញ ដោយសារតែផ្ទះបាក់រលំសង្កត់លើនោះ និយាយថា អតីតពលរដ្ឋរស់នៅក្នុងឃុំក្រយា នៅតែពុំទាន់ទទួលបានដីស្រែចម្ការដែលអាជ្ញាធរបានសន្យាផ្តល់ ឲ្យជាសំណងនោះនៅឡើយ។ ពលរដ្ឋទាំងអស់នោះ ទទួលបានតែដីភូមិ ២០ ម៉ែត្រគុណនឹង ៤០ ម៉ែត្រតែប៉ុណ្ណោះ។ អ្នកស្រីបន្តថា ៖ «ដោយសារតែពួកយើង ពុំទាន់ទទួលបានដីស្រែ ពួកយើងបានទៅធ្វើការឲ្យក្រុមហ៊ុនវៀតណាម ដើម្បីបានលុយបន្តិចបន្ទួចមកផ្គត់ផ្គងគ្រួសារ។ ឥឡូវនេះពលរដ្ឋមួយចំនួនកំពុងតែខ្វះអង្ករច្រកឆ្នាំង»។
អ្នកស្រីបន្តថា បន្ទាប់ពីប្តីរបស់អ្នកស្រី បានធ្លាក់ខ្លួនឈឺ ចាប់តាំងពីខែឧសភា ដោយសារតែផ្ទះ បាក់រលំលើមកនោះ ធ្វើឲ្យគ្រួសាររបស់អ្នកស្រី កាន់តែជួបការលំបាកខាងជីវភាពកាន់តែធ្ងន់ធ្ងរជាងមុនថែមទៀត។ អ្នកស្រីនិយាយថា៖ «ពួកយើងទទូចសុំអង្វរករឲ្យអាជ្ញាធរ មេត្តាផ្តល់ដីស្រែចម្ការ ឲ្យពួកយើង ដើម្បីពួកយើងមានលទ្ធភាពធ្វើស្រែចិញ្ចឹមគ្រួសារ។ បើមិនដូច្នេះទេ នឹងអត់បាយស្លាប់តែម្តង ពីព្រោះយើងគ្មានប្រភពចំណូលអ្វីនោះទេ»។
អ្នកស្រីបន្ថែមថា បច្ចុប្បន្ននេះពលរដ្ឋដែលរស់នៅក្នុងតំបន់នោះសព្វថ្ងៃ កំពុងតែប្រឈមមុខនឹងការខ្វះស្បៀង និងបញ្ហាសុខភាព ដោយសារតែការហូបចុកមិនបានគ្រប់គ្រាន់ និងពុំមានទឹកស្អាតប្រើប្រាស់។ អ្នកភូមិជាច្រើន បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់។
លោក នេត សៅ អាយុ ៦០ ឆ្នាំ តំណាងពលរដ្ឋរស់នៅក្នុងភូមិថ្មសំលៀង បានដឹងថា ពលរដ្ឋចំនួន ៦០២ គ្រួសារ បានរង់ចាំដំណោះស្រាយពីអាជ្ញាធរខេត្ត អស់រយៈពេលជិត ៤ ឆ្នាំមកហើយ តែពុំទាន់ឃើញមានអាជ្ញាធរ ចុះទៅចែកដីឲ្យទៅតាមការសន្យារនៅឡើយទេ។ ដោយសារតែពលរដ្ឋ គ្មានដីស្រែចម្ការ និងគ្មានជម្រើស ពួកគេបានបង្ខំចិត្ត ទៅធ្វើការឲ្យក្រុមហ៊ុនវៀតណាម ដែលបានរំលោភយកដីរបស់ពួកគេ។ លោកបន្តថា៖«ចាប់តាំងពីត្រូវបានជម្លៀសពួកយើងមកទីតាំងថ្មី ធ្វើឲ្យពួកយើង កាន់តែធ្លាក់ខ្លួនលំបាកទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ គេបានរុញច្រានពួកយើង ឲ្យវិលទៅដល់ចំណុចសូន្យវិញ»។ លោកគូសបញ្ជាក់ថា៖ «បើអាជ្ញាធរ មិនព្រមរកដំណោះស្រាយ ឲ្យពួកយើងបានទាន់ពេលវេលាទេ ពួកយើងនឹងដាច់បាយស្លាប់»។
លោកឈុន ឈន់ អភិបាលខេត្តកំពង់ធំ បានអះអាងជាថ្មីទៀតថា ពីមុនអាជ្ញាធរខេត្ត មានគម្រោង ដើម្បីផ្តល់ដីជូនពួកគាត់ហើយ តែពុំទាន់បានចែកឲ្យនៅឡើយ។ លោកបន្តថា បច្ចុប្បន្ន អាជ្ញាធរកំពុងតែសិក្សាដើម្បីផ្តល់ដីជូនពួកគាត់ ទៅតាមអនុសាសន៍ថ្មី។
លោកនិយាយថា ៖«អនុសាសន៍ថ្មីនោះ ពលរដ្ឋ អាចនឹងទទួលបានដីស្រែមិនហួសពី ៦ ខែនោះទេ»។
អ្នកស្រី ម៉ម ស៊ីថា ប្រធានគណៈកម្មាធិការកម្ពុជាឯករាជ្យ ប្រឆាំងអំពើពុករលួយ បានថ្លែងថា ពលរដ្ឋដែលត្រូវបានបណ្តេញចេញ កំពុងតែយ៉ាប់យ៉ឺនទៅៗ ពីព្រោះតែអាជ្ញាធរ មិនបានគោរពទៅតាមពាក្យសន្យា ដែលថា នឹងផ្តល់ដីស្រែដីចម្ការដល់ពួកគាត់។
អ្នកស្រីបានជួយអន្តរាគមន៍ដាក់លិខិតរបស់ពលរដ្ឋទាំង ៦០២ គ្រួសារនោះ ទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកការអន្តរាគមន៍ហើយ។ អ្នកស្រីឲ្យដឹងទៀតថា ៖ «ទាក់ទិនទៅរឿងនេះ មានពលរដ្ឋ ២ នាក់បានស្លាប់ ហើយយើងស្ទើរតែមិនជឿថា នៅក្នុងពេលបច្ចុប្បន្ននេះ ពលរដ្ឋយើងស្លាប់ ដោយសារតែដាច់បាយ។ នេះគឺជាកាផ្ញើសារទៅប្រមុខរដ្ឋាភិបាល ប្រសិនបើអាជ្ញាធរខេត្ត ពុំចាត់វិធានការនោះទេ ថ្នាក់ដឹកនាំកំពូល គួរតែចាត់វិធានការឲ្យបានលឿន»
No comments:
Post a Comment