Wednesday, August 08, 2012

សេចក្តីថ្លែងការណ៍របស់សមាគមគ្រូស្តីពីការប្រឡងមធ្យមសិក្សាទុតិយភូមិ

សេចក្តីថ្លែងការណ៍

ការប្រព្រឹត្តទៅនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡងរយៈ ពេលពីរថ្ងៃកន្លះ​​ បានចាប់ផ្តើមពីថ្ងៃទី ៦ ខែសីហា ឆ្នាំ២០១២ ដែលមានបេក្ខជនចំនួន ១១៤៤១៤ នាក់ មណ្ឌល​ប្រឡងចំនួន ២៥៤ មណ្ឌល និង៤៦៦៣បន្ទប់ ត្រូវបានបញ្ចប់នៅថ្ងៃនេះ ដោយស្ថានភាព ស្រអាប់ ការដែល ក្រសួងអប់រំគ្រប់គ្រងដំណើរការប្រឡងមិនបានល្អ គឺជាការបរាជ័យ។

មុនថ្ងៃប្រឡង ការបែងចែកគណៈកម្មការមេប្រយោគមានភាពមិនប្រក្រតី ដោយកើតមាន បក្ស ពួកនិយម និងសំ​ណូ​​​ក​សូកប៉ាន់ យកគ្រូថ្នាក់ទី៩ ទៅកែផង និងបានធ្វើគណៈកម្មការ​មេប្រយោគ​ប្រឡង​សញ្ញា​បត្រ​ទុតិយភូមិ​ផង។ ការយកគ្រូបង្រៀនថ្នាក់ក្រោមទៅកែថ្នាក់ខ្ពស់ជាងនោះ គឺធ្វើឲ្យ​គ្មាន​ភាព សុក្រឹតទេ បើ​ទោះ​បីមានអត្រាកំណែហើយក៏ដោយ។

នៅថ្ងៃដំណើរការប្រឡងរយៈពេលពីរថ្ងៃកន្លះនេះ កើតមានភាពមិនប្រក្រតីច្រើនស្ទើរតែគ្រប់ មណ្ឌលប្រឡង បេក្ខជនរ៉ៃអង្គាសលុយជូនមេប្រយោគចំនួន ៥០០០​ រៀល ទៅ ៥០០០០​ រៀលក្នុង មួយនាក់សម្រាប់ជាថ្នូរនៃការចម្លងព្រីយ៉ុង បេក្ខជនអាចយកទូរស័ព្ទទៅជាមួយមើលចម្លើយ និងមាន ប្រធាន​មណ្ឌលមួយចំនួន ធ្វើចម្លើយលក់ឲ្យសិស្សក្នុងមណ្ឌល រួមទាំងមានការបែកធ្លាយវិញ្ញាសារ ថែមទៀតផង។ ម្យ៉ាងទៀតមានមណ្ឌលមួយចំនួន មានការប្រឡងជំនួសគ្នា (ក្នុងខេត្តព្រៃវែង)។

ចំពោះការគ្រប់គ្រងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិរបស់ក្រសួងអប់រំ គឺមិន បានល្អ គ្មានលក្ខណៈត្រឹមត្រូវ គ្មានតម្លាភាព និងគ្មានយុត្តិធម៌ ឆ្លុះបញ្ចាំងអំពីអ្នកដឹកនាំក្រសួងគ្មាន សមត្ថភាព។ ការកើតមានឡើងនូវភាពមិនប្រក្រតីក្នុងសម័យប្រឡង មិនមែនកើតឡើងតែនៅក្នុងឆ្នាំ នេះទេ គឺរាល់តែឆ្នាំ ហើយកាន់តែអាក្រក់​ពីមួយឆ្នាំទៅមួយឆ្នាំ។

ដើម្បីលើកកម្ពស់វិស័យអប់រំឲ្យប្រសើរ ប្រកបដោយគុណភាព និងធនធានមនុស្ស​ប្រកប ដោយសមត្ថភាព​ខ្ពស់ ដែលអាចប្រកួតប្រជែងក្នុងតំបន់ គួរត្រូវបានផ្លាស់ប្តូរសមាសភាពអ្នកដឹក​នាំ​ក្រសួង អប់រំ ដែលគ្មានសមត្ថភាព។

រាជធានីភ្នំពេញ, ថ្ងៃទី 0៨ ខែសីហា ឆ្នាំ២០១២

ប្រធាន

រ៉ុង ឈុន

No comments: