Saturday, September 22, 2012

ប៉ូលិស​បាញ់​ពលរដ្ឋ​នៅ​កំពង់ធំ​ម្នាក់​ពិការ​តែ​មិន​ទាន់​​ជាប់​ទោស

ដោយ កែវ និមល 2012-09-19  www.rfa.org
អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក នៅ​ខេត្ត​កំពង់ធំ បាន​រិះគន់​ចំពោះ​មន្ត្រី​តុលាការ​ខេត្ត​នេះ ថា​ចាត់ការ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​ចំនួន​យឺតយ៉ាវ។
ការ​លើក​ឡើង​ខាង​លើ​នេះ ដោយសារ​នៅ​ខេត្ត​កំពង់ធំ មាន​ប៉ូលិស​មួយ​រូប​បាន​ប្រើ​កាំភ្លើង​បាញ់​អ្នក​ស្រុក​ឲ្យ​មាន​របួស​ពិការ ហើយ​បែរ​ជា​មិន​មាន​ទោស និង​នៅ​បំពេញ​ការងារ​ជា​ធម្មតា ហាក់​ដូច​ជា​មិន​មាន​រឿង​អ្វី​កើត​ឡើង។

ជន​រង​គ្រោះ​ដោយសារ​ការ​បាញ់​របស់​ប៉ូលិស​មួយ​រូប នៅ​ខេត្ត​កំពង់ធំ បាន​ទាមទារ​នៅ​ថ្ងៃ​ទី​១៩ កញ្ញា ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ឲ្យ​ខ្លួន និង​សុំ​ឲ្យ​មាន​ការ​ផ្ដន្ទាទោស​ចំពោះ​អ្នក​កាន់​អាវុធ​ដែល​អាង​អំណាច និង​មិន​គោរព​ច្បាប់។
លោក រស់ សុជាតិ ជា​កម្មករ​មួយ​រូប​នៅ​ខេត្ត​កំពង់ធំ បាន​និយាយ​ឲ្យ​ដឹង​ថា រូប​លោក​ត្រូវ​ប៉ូលិស​មួយ​រូប​ឈ្មោះ សៀន ម៉ាល័យ នៅ​ភូមិ​បុទុមពរ ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ទៅ​បាញ់​ដល់​ផ្ទះ​កាល​ពី​ថ្ងៃ​ទី​១៨ មេសា ឆ្នាំ​២០១២ កន្លង​ទៅ បណ្ដាល​ឲ្យ​បាក់​ភ្លៅ ដាច់​សរសៃ​ជើង ពិការ ដោយសារ​មាន​ទំនាស់​ក្នុង​រឿង​ផឹក​ស៊ី។ ប៉ុន្តែ​មក​ទល់​បច្ចុប្បន្ន ប៉ូលិស​នោះ​មិន​មាន​ទោស​អ្វី​ឡើយ។
លោក រស់ សុជាតិ៖ «ដាក់​ពាក្យ​ប្ដឹង​ទៅ​វា​ស្ងាត់​ឈឹង អត់​មាន​អ្នក​រក​អី​សោះ យូរ​ណាស់​មក​ហើយ។ គេ​អ្នក​បាញ់​ខ្ញុំ​នោះ​មក​ធ្វើ​ការ​ធម្មតា មិន​ដឹង​ថា​ច្បាប់​ថា​ម៉េច? អ្នក​បាញ់​ខ្ញុំ​នោះ គេ​មក​ធ្វើ​ការ​ធម្មតា​ជិះ​ម៉ូតូ​ធម្មតា​រាល់​ថ្ងៃ​នេះ។ ចង់​ឲ្យ​គេ​រក​ថា តើ​អ្នក​បាញ់​ខ្ញុំ​ដល់​ផ្ទះ​នោះ​មាន​ទោស​ដែរ ឬ​អត់ ឬ​ច្បាប់​គ្មាន​ទេ​មើល​ទៅ»
លោក រស់ សុជាតិ បាន​រៀបរាប់​អំពី​មូលហេតុ​នៃ​ទំនាស់​បណ្ដាល​ឲ្យ​មាន​ការ​បាញ់​ប្រហារ​នោះ​ កើត​ឡើង​ថា រូប​លោក​មាន​ទំនាស់​ក្នុង​ការ​ផឹក​ស៊ី​ជាមួយ​ឈ្មោះ តែ គីមស៊្រន់ ជា​គ្រូ​បង្រៀន​នៅ​អនុវិទ្យាល័យ​បុទុមពរ។ ក្រោយ​ពេល​មាន​ទំនាស់​ជាមួយ​គ្នា ឈ្មោះ តែ គីមស៊្រន់ បាន​ហៅ​មិត្តភ័ក្ដិ​របស់​ខ្លួន​ធ្វើ​ប៉ូលិស ឈ្មោះ សៀន ម៉ាល័យ មក​បាញ់​ឈ្មោះ រស់ សុជាតិ ដល់​ផ្ទះ​តែម្ដង។
លោក រស់ សុជាតិ៖ «ពេល​ខ្ញុំ​ទៅ​រាំ​លេង​នោះ ហើយ​ផឹក​ស៊ី​នៅ​ក្បែរ​វង់​រាំ​នោះ ហើយ​គ្រូ​បង្រៀន​នោះ វា​មក​អង្គុយ​នៅ​គ្រែ​ជាមួយ​ខ្ញុំ​ដែរ។ វា​និយាយ​ឌឺ​ដង​ខ្ញុំ ខ្ញុំ​វាយ​វា​មួយ​ដៃ​ទៅ គេ​ឃាត់​ទៅ ខ្ញុំ​មក​ផ្ទះ​វិញ​មក។ បន្ទាប់​មក​វា​តេ​ហៅ​ពួក​ម៉ាក​វា ធ្វើ​ប៉ូលិស​មក​បាញ់​ខ្ញុំ​ដល់​ផ្ទះ​តែម្តង។ វា​បាញ់ ២​គ្រាប់ តែ​ត្រូវ​តែ​មួយ​គ្រាប់​ចំ​គល់​ភ្លៅ។ វា​ធ្លាយ​ចេញ។ វា​ជា​ហើយ​តែ​ដើរ​អត់​ស្រួល​ផង វា​ស្ពឹក ព្រោះ​ដាច់​សរសៃពួរ​ធំ​ទៅ​ហើយ»
ប្រភព​អង្គការ​អាដហុក នៅ​ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​មាន​ទំនាស់ និង​បាញ់​គ្នា​នេះ​មក ភាគី​ខាង​លោក រស់ សុជាតិ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ខេត្ត ហើយ​ព្រះរាជអាជ្ញា​សាលា​ដំបូង​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ប៉ូលិស​ឈ្មោះ សៀន ម៉ាល័យ និង​គ្រូបង្រៀន តែ គីមស៊្រន់ ដែរ ប៉ុន្តែ​គេ​មិន​ឃើញ​មាន​ការ​ផ្ដន្ទាទោស​ចំពោះ​ជន​ដៃដល់ និង​សហចារី​ទាំង ២​នាក់​នៅ​ឡើយ។
លោក ញ៉ែម សារ៉ាត ជា​អ្នក​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា គេ​ត្រូវ​តែ​ផ្ដន្ទាទោស​អ្នក​ប្រព្រឹត្ត​បទល្មើស ដើម្បី​ជា​គំរូ​កុំ​ឲ្យ​មាន​ការ​រំលោភ​ច្បាប់ និង​ប្រើប្រាស់​អាវុធ​ដោយ​អាង​អំណាច៖ «យើង​ស្នើ​សុំ​ឲ្យ​ខាង​តុលាការ​ ចាត់​វិធានការ​ធ្វើ​យ៉ាង​ណា​អនុវត្ត​ទៅ​តាម​ការ​សម្រេច​របស់​អយ្យការ ក៏​ដូច​ជា​តុលាការ​ហ្នឹង ដាក់​ឲ្យ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ និង​ឲ្យ​មាន​ការ​ឃុំ​ខ្លួន ឬ​ចាប់​ខ្លួន​ជន​ប្រព្រឹត្ត​នោះ​ទៅ​តាម​ផ្លូវ​ច្បាប់»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សាក​សួរ​ព័ត៌មាន​បន្ថែម​ជុំវិញ​ទំនាស់​បាញ់​ប្រហារ​គ្នា​នេះ ​ពី​លោក​ប៉ូលិស​ឈ្មោះ សៀន ម៉ាល័យ និង​លោក​គ្រូបង្រៀន តែ គីមស៊្រន់ បាន​ឡើយ។
លោក កែវ សារ៉ាត អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​អាដហុក នៅ​ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​បាញ់​ប្រហារ​នេះ​នៅ​ក្នុង​សមត្ថកិច្ច​របស់​លោក​ចៅក្រម​ស៊ើប​ អង្កេត​ខេត្ត​កំពង់ធំ ឈ្មោះ ឃន សាកល។ ប៉ុន្តែ​លោក​ចៅក្រម​មាន​ការ​រវល់ មិន​បក​ស្រាយ​ចំពោះ​សំណួរ​ថា តើ​ពេល​ណា​ទើប​តុលាការ​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​សំណុំ​រឿង​នេះ និង​ចាប់​ផ្ដើម​បើក​សវនាការ​កាត់​សេចក្តី​ឡើយ។
លោក រស់ សុជាតិ ជា​ជន​រង​គ្រោះ​ដោយ​ការ​បាញ់ បាន​និយាយ​ថា តាំង​ពី​រឿង​នេះ​កើត​មាន​ឡើង និង​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ មាន​ការ​កោះ​ហៅ​រូប​លោក​ទៅ​តុលាការ​ចំនួន ២​ដង ដើម្បី​សាកសួរ​ដំណើរ​រឿង។
លោក​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​តុលាការ​ខេត្ត​កំពង់ធំ ពន្លឿន​ការ​កាត់​សេចក្តី​លើ​សំណុំ​រឿង​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ជន​ដៃដល់ និង​សហចារី ត្រូវ​ទទួល​ទោស​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
ទាក់ទង​អំពើ​ហិង្សា​ដោយ​ចេតនា មាត្រា ២១៧ នៃ​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ បាន​ចែង​ថា អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​ចេតនា​លើ​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ៦​លាន​រៀល។​ ការ​ផ្ដន្ទាទោស​នេះ ធ្ងន់ធ្ងរ​តាម​មាត្រា ២១៨ ដោយ​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ ១០​លាន​រៀល កាល​បើ​អំពើ​ហិង្សា​នេះ ប្រព្រឹត្ត​ឡើង​ដោយ​មាន​ការ​គិត​ទុក​ជា​មុន ដោយ​ប្រើ​អាវុធ ឬ​គំរាមកំហែង​នឹង​អាវុធ និង​ដោយ​មាន​មនុស្ស​ច្រើន​នាក់​ក្នុង​ឋានៈ​ជា​ចារី សហចារី អ្នក​ផ្ដើម​គំនិត និង​អ្នក​សមគំនិត៕

No comments: