10.09.2012
By ហេង រស្មី
Voice of America
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជាច្រើនរាប់សិបនាក់នៅថ្ងៃសុក្រនេះបានរាំងខ្ទប់ដល់ក្បួនដង្ហែរមួយរបស់អ្នកភូមិបឹងកក់និងបូរីកីឡាដែលចង់ដាក់ញត្តិជូនលោកឧបនាយករដ្ឋមន្ត្រីសុខ អាន រដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីក្នុងគោលបំណងសុំការអន្តរាគមន៍ឲ្យដោះលែងសកម្មជនតវ៉ាឬរឿងវិវាទដីធ្លីពីរនាក់ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស។
ក្រុមអ្នកតវ៉ាបានយកក្រណាត់ក្រម៉ាមកចងលើក្បាល កាន់ពាក្យស្លោក ផ្កាឈូកនិងកាន់រូបថតអ្នកស្រី យោម បុប្ជានិងអ្នកស្រីទឹម សាក់មុន្នី ហើយដើរស្រែកនិងច្រៀងបទចម្រៀងពីតំបន់បឹងកក់មកទីស្តីការគណៈរដ្ឋមន្ត្រី។
«ដោះលែង ដោះលែង.....ដោះលែង»។
ក្រុមសមត្ថកិច្ចប្រដាប់ដោយខែលនិងដំបងឆក់ ព្រមទាំងអាវុធស្វ័យប្រវត្តិបានរាំងខ្ទប់ការប៉ុនប៉ងដាក់ញត្តិរបស់ប្រជាពលរដ្ឋ ក៏ប៉ុន្តែបន្តិចក្រោយមក ប្រជាពលរដ្ឋបីនាក់តំណាងឲ្យអ្នកភូមិបឹងកក់និងបូរីកីឡាត្រូវបានអនុញ្ញាតឲ្យចូលជួបមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីមួយរូបនៅខាងក្រៅបរិវេណនៃទីស្តីការ។
គ្មានការប៉ះទង្គិចនិងវាយបំបែកពីកម្លាំងសមត្ថកិច្ចដូចសព្វមួយដងទេក្នុងពេលដែលក្រុមអ្នកតវ៉ានោះបានមកដាក់ញត្តិជាលើកដំបូងនៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកប៊ុន អ៊ុយ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានមកទទួលញត្តិពីប្រជាពលរដ្ឋ ហើយលោកបានសន្យាថា ទុកពេលឲ្យលោកមានឱកាសនិងឆ្លងយោបល់លោកឧបនាយករដ្ឋមន្ត្រីសុខ អាន។
«ទុកពេលឲ្យលោកពូមានឱកាសនិងឆ្លងគាត់សិន ហើយចាំបានលទ្ធផលយ៉ាងណានោះលោកពូនឹងជម្រាបក្មួយតាមរយៈទូរស័ព្ទនេះ»។
អ្នកស្រីទេព វន្នី តំណាងអ្នកភូមិបឹងកក់ បាននិយាយទាំងទឹកភ្នែក ប្រាប់រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីថា ពួកគេពិបាកទ្រាំនឹងការឈឺចាប់នេះណាស់ ពាក់ព័ន្ធនឹងដីទំហំជាង១២ហិចតាដែលលោកនាយករដ្ឋមន្ត្រីធ្វើប្រទានកម្មឲ្យហើយ តែពុំមានព្រំប្រទល់ពិតបា្រកដនៅទីណា។ អ្នកស្រីបាននិយាយថា មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលហ៊ានតវ៉ាប្រឆាំងត្រូវបានចាប់ដាក់ពន្ធនាគារទៀត។
«ខ្ញុំពិបាកទ្រាំខ្ញុំឈឺចាប់ណាស់។ ខ្ញុំមានអារម្មណ៍ថា ពួកខ្ញុំរស់នៅឯកោអត់មានអ្នកជួយពួកខ្ញុំទេ។ ពេលដែលខ្ញុំដាក់កិច្ចសុំអន្តរាគមន៍ទៅ តែងតែមានកម្លាំងសមត្ថកិច្ចមកវាយនិងចាប់ខ្លួនពួកខ្ញុំរហូត ហើយឥឡូវនេះគេបានប្រើប្រាស់ប្រព័ន្ធតុលាការមកចាប់ពួកខ្ញុំទៀតហើយ។ តើឲ្យពួកខ្ញុំរស់យ៉ាងម៉េចទៅ? សូម្បីតែកូនៗក៏លែងចង់ទៅរៀនដែរ»។
អ្នកស្រីអ៊ូ ប៊ុនឡា តំណាងសហគមបូរីកីឡា បានប្រាប់VOA សំឡេងសហរដ្ឋអាមេរិកថា អ្នកស្រីទឹម សាក់មុន្នីមិនមានកំហុសទេ ដូច្នេះតុលាការត្រូវតែដោះលែងអ្នកស្រីឲ្យមានសេរីភាពឡើងវិញ។ ចំណែកឯកូនប្រុសរបស់អ្នកស្រីទឹម សាក់មុន្នីនិយាយមិនចេញដោយសារតែលោកជាជនពិការ បានត្រឹមតែឈរយំសម្រក់ទឹកភ្នែក នៅពេលដែលលោកកាន់រូបថតម្តាយរបស់លោកនៅកណ្តាលហ្វូងបាតុករ។
«សុំឲ្យរាជរដ្ឋាភិបាលជួយដោះ។ បានន័យថា គាត់និយាយមិនចេញ ដោយសារគាត់រន្ធត់ពេក។ ម្តាយគាត់មិនដែលបែកចេញពីគាត់សោះឡើយ។ សព្វថ្ងៃដោយសារម្តាយហ្នឹងហើយ ទើបគាត់បានអាហារហូបចុកគ្រប់គ្រាន់។ នៅពេលគេចាប់ម្តាយ គាត់គ្មានអ្វីជាទីពឹង។ ខ្ញុំអាណិតគាត់ណាស់។ ដោយសារភាពក្រីក្រដូចគ្នា ហេតុអ្វីបានជាតុលាការដាក់សម្ពាធខ្លាំងម៉្លេះ?»
អ្នកស្រីយោ បុប្ជា អាយុ៣១ឆ្នាំ សកម្មជនតវ៉ាដីធ្លីនៅតំបន់បឹងកក់ ត្រូវបានតុលាការក្រុងភ្នំពេញចាប់ឃុំខ្លួនក្រោមបទចោទប្រកាន់ថា ប្រព្រឹត្តអំពើហិង្សាដោយចេតនា។ចំណែកអ្នកស្រីទឹម សាក់មុន្នី សកម្មជនដីធ្លីនៅតំបន់បូរីកីឡា ត្រូវបានតុលាការចាប់ឃុំពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។
លោកអំ សំអាត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្កការលីកាដូបាននិយាយថា តុលាការមានបំណងបំបាក់ស្មារតីប្រជាពលរដ្ឋមិនឲ្យហ៊ានចេញមុខតវ៉ាប្រឆាំងរឿងវិវាទដីធ្លី ទើបមានការចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់៕
No comments:
Post a Comment