(ថ្ងៃទី 6 វិច្ឆិកា 2012, ម៉ោង 10:36:PM) | ដោយ: រតនា
ភ្នំពេញ:
លោក អ៊ឹម សួស្តី
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប.
បានប្រកាសសេចក្តីសម្រេច កាលពីម៉ោងជាង ៧ យប់ ថ្ងៃទី៦ ខែវិច្ឆិកា
ឆ្នាំ២០១២ ដោយតម្កល់ការសំរេចរបស់ក្រុមប្រឹក្សាសង្កាត់បឹងរាំង
ខណ្ឌដូនពេញ រាជធានីភ្នំពេញ លើការលុបឈ្មោះលោក សម រង្ស៊ី
ចេញពីបញ្ជីឈ្មោះបោះឆ្នោត។
សេចក្តីសំរេចរបស់ក្រុមប្រឹក្សា ជំនុំជម្រះ គ.ជ.ប. ដែលមានសមាសភាព ៩ រូប ខាងលើនេះ បានធ្វើឡើង ក្រោយពី គ.ជ.ប. បានបើកសវនាការលើបណ្តឹងរបស់គណបក្ស សម រង្ស៊ី រយៈពេលជាង ១ ម៉ោង ចាប់ពីម៉ោង ២ រសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២។
ចំពោះការសំរេចរបស់ គ.ជ.ប. ដូច្នេះ ត្រូវបានលោក ជូង ជូងី មេធាវីការពារលោក សម រង្ស៊ី បានចាត់ទុកថា មិនត្រឹមត្រូវ ហើយលោក និងជួបពិភាក្សាជាមួយលោក សម រង្ស៊ី ដើម្បីប្តឹងឧទ្ធរណ៍ ទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ឬក៏មិនបន្តប្តឹងជំទាស់នោះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. ដែលមានសមាសភាព ៩ រូប ដឹកនាំដោយលោក អ៊ឹម សួស្តី បានបើកសវនាការ កាលពីរសៀលម៉ោង ២ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ លើបណ្តឹងតវ៉ារបស់មេធាវីគណបក្ស សម រង្ស៊ី លើករណីក្រុមប្រឹក្សាសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានលុបឈ្មោះ លោក សម រង្ស៊ី ចេញពីបញ្ជីឈ្មោះបោះឆ្នោត។ ក្រោយពីបើកសវនាការសួរដេញដោលគ្រប់ភាគីអស់រយៈពេលជាង ១ ម៉ោង រួចមក ក្រុមប្រឹក្សាជុំនុំជម្រះ គ.ជ.ប. បានថយទៅពិភាក្សា មុននឹងចេញសេចក្តីសម្រេច។
ក្នុងសវនាការ លោក ឆោង ធាត ចៅសង្កាត់បឹងរាំង បានលើកឡើងថា ការសម្រេចរបស់ក្រុមប្រឹក្សាសង្កាត់ ក្នុងការលុបឈ្មោះលោក សម រង្ស៊ី គឺយោងតាមមាត្រា ៥០ នៃច្បាប់បោះឆ្នោត ដែលបានផ្តល់សិទ្ធិអំណាចដល់ស្មៀនឃុំសង្កាត់ និងក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងការសំអាតបញ្ជីឈ្មោះបោះឆ្នោត។ ម្យ៉ាងទៀត ការសម្រេចនោះ បានធ្វើការបោះឆ្នោត ក្នុងក្រុមប្រឹក្សាសង្កាត់បឹងរាំង ដែលមានសមាសភាព ៧ រូប ចំនួនពីរលើក។ ពោលគឺ ក្រុមប្រឹក្សាបានសម្រេចលុបឈ្មោះអ្នកបោះឆ្នោត ៣៤១ នាក់ ចេញពីបញ្ជីបោះឆ្នោត ដែលក្នុងនោះ មានលោក សម រង្ស៊ី ម្នាក់ផង ដោយលើកទី១ មានសំឡេង ៧ លើ ៧ សំឡេង និងលើកទី២ ដោយសំឡេង ៥ លើ ៧ សំឡេង។
លោកចៅសង្កាត់ ក៏បានបញ្ជាក់ថា ការសម្រេចលុបឈ្មោះ លោក សម រង្ស៊ី ចេញពីបញ្ជីបោះឆ្នោត ក៏ធ្វើឡើងតាមសាលដីកាស្ថាពររបស់តុលាការកំពូល ដែលបានផ្តន្ទាទោសកំបាំងមុខ លោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩។
ចំណែកលោក ជូង ជូងី មេធាវីការពារលោក សម រង្ស៊ី បានស្នើឲ្យក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប. បន្តរក្សាឈ្មោះលោក សម រង្ស៊ី ក្នុងបញ្ជីបោះឆ្នោត ដោយថា លោក សម រង្ស៊ី បានប្តឹងសើរើលើរឿងក្តីដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម ទៅកាន់តុលាការកំពូល កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២។
ក្នុងសវនាការ លោក មាន សាទិ សមាជិកគ.ជ.ប. បានលើកយកមាត្រា ៣៤ នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៥០ នៃច្បាប់បោះឆ្នោត ដែលកំណត់ច្បាស់ថា ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត លុះត្រាតែបុគ្គលនោះ មិនមានឈ្មោះជាទណ្ឌិត ឬមិនមែនជាអ្នកទោស ជាប់ពន្ធនាគារ។ ក្នុងច្បាប់ ក៏បានប្រគល់សិទ្ធិអំណាចដល់ស្មៀនឃុំសង្កាត់ និងមេឃុំចៅសង្កាត់ ដើម្បីសំអាតបញ្ជីបោះឆ្នោត ដោយការលុបឈ្មោះអ្នកបោះឆ្នោត ដែលស្លាប់ ផ្លាស់ប្តូរទីលំនៅ និងមានឈ្មោះជាអ្នកទោសផងដែរ៕
4 comments:
តើ លោកទាំងពីរ (ហ៊ុនសែន និង សមរាង្ស៊ី) ត្រូវការ
គ្នាទៅវិញ ទៅមកមែនឬទេ?
ជម្ងឺធ្ងន់ធ្ងរ គ្មានមធ្យោបាយអី ក្រៅពីបន់ ។ សង្ឃឹមថា ប្រធាធិបតីអាមេរិកាំង ជួយចែចូវព្រាយត្រកូលហុ៊នឲអាណិត "កូនចាប "ផង ។
ខ្មោចព្រាយបើយើងមិនជឿវា វាក៏លែងកាច់ដែរ ។ ដូចជាមិនគួរឲភ័យសោះ បើគេមិនឲលោកសម រង្សីឈរឈ្មោះ រកអ្នកផ្សេងបន្តវេន
ទៅវាជាការស្រេច មិនខ្វះទេអ្នកមានសមត្តភាព មិនពុករលួយ មិនគ្រួសារនិយម&បក្ខពួកនិយម ដូចជាលោកស្រីមួ សុខហួ
លោកសុន ឆៃ លោកកឹម សុខា...ជាដើម ។ ធ្វើដូចប្រទេសថៃទៅ អត់ពីថាក់ សុិន ក៏មាន យីង ឡាក់ ។
Sam Rainsy's political career is done and dushed. Long live Sam Rainsy :)
12:23 AM is a illegal Yuon/Vietnamese dog eater in Cambodia always attacked Mr. Sam Rainsy who is anti Vietnamese/Yuon encroachment into Cambodia until these days.
Post a Comment