Sunday, November 11, 2012

មេធាវី ប្តឹង​ទាស់​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ សុំ​ឲ្យ​រក្សា​ឈ្មោះ​លោក សម រង្ស៊ី ក្នុង​បញ្ជី​បោះឆ្នោត

(ថ្ងៃទី 11 វិច្ឆិកា 2012, ម៉ោង 05:55:PM)  ដោយ: រតនា

www.cen.com.kh

ភ្នំពេញ: ​មន្ត្រី​គណបក្សប្រឆាំង បានឲ្យដឹងថា មេធាវី​លោក សម រង្ស៊ី បានដាក់​បណ្តឹងទាស់ ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. រក្សា​ឈ្មោះ​លោក សម រង្ស៊ី នៅក្នុង​បញ្ជី​បោះឆ្នោត សម្រាប់​ការបោះឆ្នោត នៅ​ខែ​កក្កដា ឆ្នាំ​២០១៣​។​


​លោក ហូរ វ៉ាន់ សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណបក្ស សម រង្ស៊ី រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យដឹងថា លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​ឲ្យ​លោក សម រង្ស៊ី បាន​ដាក់​ពាក្យបណ្តឹង​ទាស់ ប្រឆាំង​ទៅនឹង​សេចក្តីសំរេច​របស់​គណៈ​កម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. រួចហើយ កាលពី​ថ្ងៃ​សៅរ៍ ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១២ រួចហើយ​។ បណ្តឹង​ទៅ​កាន់​ក្រុមប្រឹក្សាធម្មនុញ្ញ​នោះ គឺ​ជំទាស់​នឹង គ​.​ជ​.​ប​. ដែល​ដឹកនាំ​ដោយ​លោក អ៊ឹម សួស្តី បានសម្រេច​ក្តី​នៅក្នុងស​វ​នាការ កាលពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១២ បាន​លុបឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៣​។​
​   
​លោក ហូរ វ៉ាន់ បាន​មានប្រសាសន៍​បន្ត​ថា លោក​មេធាវី ជូ​ង ជូ​ងី បាន​ប្តឹង​ទាមទារ​សុំឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ បើក​សវនាការ​ពិនិត្យ សម្រេច​ផ្តល់ឲ្យ គ​.​ជ​.​ប រក្សាទុក​ឈ្មោះ លោក សម រង្ស៊ី នៅក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១២ ពីព្រោះ​លោក សម រង្ស៊ី ពុំបាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ឡើយ​។​
​    ​
លោក ហូរ វ៉ាន់ បាន​មានប្រសាសន៍​បន្ត​ថា ដើម្បី​ឲ្យ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៣ មាន​លក្ខណៈ​ប្រជាធិបតេយ្យ សេរី​យុត្តិធម៌ ត្រឹមត្រូវ​នោះ គ​.​ជ​.​ប​. ត្រូវ​តែ​រក្សា​ឈ្មោះ​លោក សម រង្ស៊ី មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​បាន​ដោយ​សេរី​។​

​លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​. កាលពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា បាន​សម្រេច​នៅក្នុង​សវនាការ​លើ​បណ្តឹងតវ៉ា​របស់​គណបក្ស សម រង្ស៊ី លុបឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​បោះឆ្នោត​ដោយ​យោង​តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ដែល​តម្កល់​សាលក្រម​តុលាការខេត្ត​ស្វាយរៀង ផ្តន្ទាទោស កំបាំងមុខ​​លោក សម រង្ស៊ី ដាក់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ ពី​បទ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​គោក និង​បទ​ញុះញង់ ឲ្យមាន​ការរើសអើង​ជាតិ​សាសន៍​។​

​យោង​តាម​ច្បាប់ គ​.​ជ​.​ប​. បាន​ទុក​ពេល ៥ ថ្ងៃ ឲ្យ​មេធាវី​របស់​លោក សម រង្ស៊ី ប្តឹង​ទាស់​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ គិតពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ( ថ្ងៃទី​៦ ដល់​ថ្ងៃ​ទី​១១​វិច្ឆិកា ឆ្នាំ​២០១២ )៕​

No comments: