Sunday, November 04, 2012

លោក សម រង្ស៊ី ស្នើ​សុំ​ប្រធានាធិបតី​អាមេរិក​ប្រើ​ឥទ្ធិពល​មក​​លើ​កម្ពុជា

ដោយ យន់ សាមៀន 2012-11-04 RFA
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​សុំ​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​សហរដ្ឋអាមេរិក ប្រើប្រាស់​ឥទ្ធិពល​លោក ដើម្បី​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ធានា​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា។
RFA
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២ វិច្ឆិកា ឆ្នាំ​២០១២ នា​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។
សំណើ​នេះ ធ្វើ​ឡើង​មុន​ពេល​ដែល​លោក បារ៉ាក់ អូបាម៉ា គ្រោង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​ភ្នំពេញ នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១២ នេះ។
លោក សម រង្ស៊ី ក៏​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា នឹង​សម្រុះសម្រួល​ផ្នែក​នយោបាយ អនុញ្ញាត​ឲ្យ​លោក​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដើម្បី​ជា​កាដូ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ​របស់​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក។

មន្ត្រី​ជាន់​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​សៅរ៍ ទី​៣ ខែ​វិច្ឆិកា បាន​ប្រកាស​ថា រដ្ឋាភិបាល​គ្មាន​កាដូ​នយោបាយ​ពិសេស​ណា​មួយ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា ឡើយ។
ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល ធ្វើ​ឡើង​ក្រោយ​ពេល​លោក សម រង្ស៊ី បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​កាដូ​ពិសេស​មួយ​ជូន​លោក បារ៉ាក់ អូបាម៉ា ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស និង​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។
លោក សម រង្ស៊ី អះអាង​ថា រដ្ឋាភិបាល​ធ្លាប់​ផ្ដល់​កាដូ​ពិសេស​ជូន​សហរដ្ឋ​អាមេរិក​ម្ដង​រួច​ហើយ កាល​ពី​ឆ្នាំ​២០០៥ ដោយ​ការ​ដោះលែង​នាយក​វិទ្យុ​សំបុកឃ្មុំ លោក ម៉ម សូណង់ដូ អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក កឹម សុខា និង​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន។ ការ​ដោះ​លែង​នេះ ក្រោយ​ពេល​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក បាន​ទៅ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក សម រង្ស៊ី៖ «ខ្ញុំ​ស្វាគមន៍ ប្រជារាស្ត្រ​ខ្មែរ​ស្វាគមន៍ លោក បារ៉ាក់ អូបាម៉ា យើង​ស្វាគមន៍​ទាំង​អស់​គ្នា ប៉ុន្តែ​សុំ​ស្នើ​ឲ្យ​លោក​ទៅ​ប្រទេស​កម្ពុជា ឲ្យ​លោក​ប្រើ​ឥទ្ធិពល​របស់​សហរដ្ឋ​អាមរិក ដើម្បី​ជួយ​សង្គ្រោះ​ប្រទេស​កម្ពុជា»
សំណើ​ផ្ដល់​កាដូ​របស់​លោក សម រង្ស៊ី ប្រហែល​ជា​មិន​អាច​សម្រេច​ទេ ដោយសារ​តែ​រដ្ឋាភិបាល​នៅ​តែ​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់ ដោយ​ចង់​ឲ្យ​លោក សម រង្ស៊ី ទទួល​ទោស​ជាប់​ពន្ធនាគារ​ក្នុង​ករណី​បរិហារកេរ្តិ៍ និង​ដក​តម្រុយ​បង្គោល​ព្រំដែន។ តុលាការ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បាន​ចាត់​ទោស​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១១​ឆ្នាំ។
មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​សៅរ៍ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នៅ​តែ​ប្រកាន់​ជំហរ​មួយ​ដែល​លោក​ហៅ​ថា ជា​ការ​ពង្រឹង​នីតិរដ្ឋ។
លោក​បន្ត​ថា រដ្ឋាភិបាល​នឹង​ព្យាយាម​ពន្យល់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ឲ្យ​យល់​ពី​ករណី​របស់​លោក សម រង្ស៊ី ប៉ុន្តែ​រដ្ឋាភិបាល​នឹង​មិន​ពិចារណា​ការ​ផ្ដល់​កាដូ ណា​មួយ​នៅ​ឡើយ​ទេ៖ «ខ្ញុំ​មិន​ដែល​បាន​គិត​រឿង​ហ្នឹង​ផង។ ខ្ញុំ​មិន​បាន​ដឹង មិន​បាន​ពិចារណា​សាច់​រឿង​ហ្នឹង...»
សហរដ្ឋ​អាមេរិក​នៅ​មិន​ទាន់​បាន​បង្ហាញ​ជំហរ​រដ្ឋាភិបាល​ក្នុង​ករណី​លោក សម រង្ស៊ី នៅ​ឡើយ​ទេ ប៉ុន្តែ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក ខឺត ខែមប៊ែល (Kurt Campbell) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​វិចិ្ឆកា បាន​សំដែង​ក្ដី​បារម្ភ​ចំពោះ​ទង្វើ​រដ្ឋាភិបាល​ទៅ​លើ​គណបក្ស​ប្រឆាំង និង​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។
កាល​ពី​ខែ​តុលា រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​មិន​ទទួល​យក​លិខិត​ស្នើ​សុំ​របស់​លោក សម រង្ស៊ី ដើម្បី​ចូល​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ ដោយ​ចោទ​ថា លោក សម រង្ស៊ី កំពុង​ធ្វើ​ពាណិជ្ជកម្ម​នយោបាយ។  ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី ចាត់​ទុក​ថា ការ​មិន​ទទួល​យក​លិខិត ប៉ុន្តែ​ការ​មិន​បដិសេធ ជា​សញ្ញា​ល្អ។
លោក​បន្ត​ថា ដំណោះស្រាយ​នយោបាយ​មួយ​នឹង​អាច​កើត​មាន​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៖ «ខ្ញុំ​នៅ​តែ​សង្ឃឹម​ជានិច្ច ហើយ​ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ...»
លោក សម រង្ស៊ី បន្ត​ថា លោក​ចង់​ទៅ​កម្ពុជា តែ​រយៈពេល ២៤​ម៉ោង ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ។ លោក​បន្ត​ថា លោក​នឹង​ប្រើ​គ្រប់​វិធី​អហិង្សា ដើម្បី​សម្រេច​សេចក្ដី​ប្រាថ្នា​នេះ។
សហគមន៍​អន្តរជាតិ​ជា​ប្រទេស​ម្ចាស់​ជំនួយ​សំខាន់ៗ​របស់​កម្ពុជា ក៏​ចង់​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ចូល​រួម​ការ​បោះ​ឆ្នោត។
សមាជិក​សភា​សហភាព​អឺរ៉ុប ដែល​ជា​អង្គ​នីតិប្បញ្ញត្តិ​ដ៏​មាន​អំណាច​មួយ​នៅ​លើ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​២៦ តុលា បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​គណបក្ស​សង្គ្រោះ​ជាតិ សម្រុះសម្រួល​ផ្នែក​នយោបាយ ដើម្បី​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ថ្មី​នេះ​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​ ប្រកប​ដោយ​ភាព​ជឿ​ជាក់។
សមាជិក​សភា​សហភាព​អឺរ៉ុប​មាន​ចំនួន ៧៥៤​នាក់ តំណាង​ឲ្យ​អ្នក​បោះ​ឆ្នោត​ប្រមាណ​ជិត ៤០០​លាន​នាក់ បាន​ថ្កោល​ទោស​ការ​កាត់​ទោស​ផ្នែក​នយោបាយ​ប្រឆាំង​នឹង​លោក ម៉ម សូណង់ដូ និង​ទាមទារ​ឲ្យ​ដោះលែង​ជា​បន្ទាន់។
មន្ត្រី​រដ្ឋាភិបាល​ហាក់​មិន​ចាប់​អារម្មណ៍​នឹង​សំណើ​របស់​សហគមន៍​អន្តរជាតិ​ឡើយ។
លោក ផៃ ស៊ីផាន ចាត់​ទុក​ថា សំណើ​សភា​សហភាព​ជា​សំណើ​នយោបាយ​មិន​ផ្អែក​តាម​ច្បាប់៖ «ជា​រឿង​របស់​សហគមន៍​អន្តរជាតិ ក៏ប៉ុន្តែ​សហគមន៍​អន្តរជាតិ​គួរ​ស្គាល់​កម្ពុជា ឲ្យ​ច្បាស់​ថា យើង​កំពុង​ពង្រឹង​នីតិរដ្ឋ»
អ្នក​វិភាគ​នយោបាយ​អះអាង​ថា សេចក្ដី​ប្រាថ្នា​របស់​លោក សម រង្ស៊ី ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ហាក់​មាន​តិច​តួច​ណាស់ ដោយសារ​បរិបទ​នយោបាយ​បច្ចុប្បន្ន។
អ្នក​វិភាគ​ឯករាជ្យ​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា លោក​មិន​សង្ឃឹម​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក នឹង​លើក​បញ្ហា​លោក សម រង្ស៊ី ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ដោយសារ​ករណី​នេះ​ជា​រឿង​បុគ្គល ហើយ​សហរដ្ឋ​អាមេរិក ក៏​គ្មាន​ហេតុផល​អ្វី​ទាមទារ​កាដូ​ពី​រដ្ឋាភិបាល​កម្ពុជា​ឡើយ។
លោក ឡៅ ម៉ុងហៃ៖ «រឿង​ករណី សម រង្ស៊ី ដូច​ជា​ករណី​បុគ្គល​ហ្នឹង ដូច​គណបក្ស​មួយ ប្រសិន​បើ​អត់​ប្រធាន ធ្វើ​ការ​បោះ​ឆ្នោត​មិន​កើត ពិបាក​ពន្យល់​គេ​ឲ្យ​យល់​ណាស់»
បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ការ​សម្រុះសម្រួល​នយោបាយ​រវាង​លោក សម រង្ស៊ី និង​រដ្ឋាភិបាល ពិបាក​នឹង​កើត​ឡើង ហើយ​ជម្រើស​ចុង​ក្រោយ គឺ​លោក សម រង្ស៊ី អាច​ប្រថុយ​មក​កម្ពុជា ដើម្បី​ជាប់​ពន្ធនាគារ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា លោក សម រង្ស៊ី មិន​គួរ​ប្រឈម​បញ្ហា​ជាប់​ពន្ធនាគារ ដើម្បី​វិល​ចូល​កម្ពុជា​នោះ​ទេ ដោយ​លោក​អាច​ដឹក​នាំ​នយោបាយ​ពី​ក្រៅ​ប្រទេស។ លោក​បញ្ជាក់​ថា បទពិសោធន៍​ពិភពលោក​បង្ហាញ​ថា មេដឹកនាំ​ពិភព​លោក​មួយ​ចំនួន​អាច​ឈ្នះ​ឆ្នោត​ដោយ​ការ​ដឹកនាំ​គណបក្ស​ពី​ក្រៅ ​ប្រទេស។
លទ្ធផល​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​កាល​ពី​ដើម​ឆ្នាំ​២០១២ បង្ហាញ​ថា គណបក្ស សម រង្ស៊ី បាន​កើន​ចំនួន​អាសនៈ​ពី​ចំនួន​ពីរ​អាសនៈ​កាល​ពី​ឆ្នាំ​២០០៦ មក​ចំនួន ១១​អាសនៈ ប៉ុន្តែ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស សម រង្ស៊ី ទទួល​បាន​តំណែង​ប្រធាន​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន ២២ ថយ​ចុះ​ចំនួន ៦។
លោក សម រង្ស៊ី បញ្ជាក់​ថា លោក​នឹង​មិន​ចូល​ទៅ​កម្ពុជា ដើម្បី​ជាប់​ពន្ធនាគារ​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​បន្ត​ថា ធ្វើ​យុទ្ធនាការ​នៅ​សមរភូមិ​ក្រៅ​ប្រទេស ដោយ​ប្រើ​ច្បាប់​បច្ចេកទេស និង​ការ​ទូត ដើម្បី​ស្វែង​រក​ច្រក​ចូល​កម្ពុជា វិញ​បាន។
លោក សម រង្ស៊ី រស់​នៅ​និរទេស​ខ្លួន​នៅ​បរទេស។ លោក​កំពុង​ស្វែង​រក​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន និង​បុរី​ញីវយ៉ក ជំរុញ​ឲ្យ​មាន​វត្តមាន​របស់​លោក​នៅ​កម្ពុជា សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

7 comments:

Anonymous said...

អ្វីដែលចង់បាន ជួនកាលអត់បានដែរ ទោះពីជា
ព្យាយាមខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក៏នៅ
តែមិនបាន ប៉ុន្ដែ ផ្ទុយទៅវិញ របស់ដែលមិនចង់
បានប្រែជាបានមកដោយមិនបាច់ខំ៕

Anonymous said...

 លោក សម រង្សី ដែលជាអ្នកនយោបាយគួរជាទីរំពឹងដល់ខ្មែរមួយភាគធំនោះ ឥឡូវនេះគាត់លែងមានយុទ្ធសាស្ត្រអ្វីច្បាស់លាស់ សម្រាប់រំដោះខ្លួនគាត់ ក្រៅពីផ្សងសំណាងទៅលើប្រធានាធិបតីយអាមេរិក សង្ឃឹមថាលោកអូបាម៉ាបានកាដូទៅចែកជូន មេគណបក្ស
ប្រឆាំងខ្មែរ ។ អាមេរិក ក៏មិនចាញ់ចិនប៉ុន្មានប៉ុន្មានដែរ គឺគេធ្វើអ្វីសម្រាប់តែប្រយោជន៍ស្រុកគេតែប៉ុណ្ណោះ ។ បើរំលឹកពីរឿងបោះ
ឆ្នោតជ្រើសរើសប្រធានាធិបតីយនៅក្នុងស្រុកខ្មែរកាលពីឆ្នាំ១៩៧២ កាលណោះលោកអិុន តាំបានសន្លឹកឆ្នោតគាំទ្រ លើសលោកលន់
នល់ ឆ្ងាយណាស់ បុ៉ន្តែដោយអាងទៅលើកម្លាំងទ័ព លោកលន់ នល់ក៏ត្រូវបានប្រកាសឲឈ្នះទាំងបំពាន ។ ពេលនោះអាមេរិក ក៏បានបិទ
ភែ្នក បិទមាត់ ចំពោះការតវ៉ា របស់គណបក្សប្រជាធិប្បតេយ្យរបស់អុិន តាំ ព្រោះតែអាមេរិកយល់ថា លោកលន់ នល់ ផ្តល់ប្រយោជន៍ ច្រើនជាងអ្វីដែលលោកអុិន តាំអាចផ្តល់ឲគេ ។  
គ ជ ប ទើបតែលុបឈ្មោះលោកសម រង្សីចេញពីបញ្ជីអ្នកបោះឆ្នោត បើអញ្ចឹងម្តេចក៏លោកមិនប្រគល់សិទ្ធឲទៅលោកស្រីមួ សុខហួ
ឬ លោកសុន ឆាយ ឈរឈ្មោះប្រកួតយកតំណែងនាយករដ្ឋមន្ត្រី តែម្តងទៅវាជាការស្រេច ព្រោះខ្ញុំយល់ថាអ្នកទាំងពីរនាក់នេះជាអ្នក
មានសមត្ថភាព ហើយបើពួកគាត់ឈ្នះក៏ដូចជាលោក សម រង្សីឈ្នះដែរ ។  

Anonymous said...

The interviewer looks strangely like Vuthy Khin Huot as mentioned in the below writeup.
_________________
Anonymous said...
http://groups.google.com/group/soc.culture.burma/tree/browse_frm/month/1998-07/f0ce50f84800e90d?rnum=41&_done=%2Fgroup%2Fsoc.culture.burma%2Fbrowse_frm%2Fmonth%2F1998-07%3F

Lao Houn Mai wrote:

>Vuthy Khin Huot was raised from an early age by Vietnamese soldiers and has had a strong life long
>affiliation to the Vietnamese/Hun Sen communists. He was previously sent by Hun Sen to Moscow as Hun
>Sen's representative to UNESCO.
>In April 1997 following the March 31st grenade attack on a peaceful public demonstration organised
>by Sam Rainsy in which many civilians were killed and injured, Vuthy Khin Huot caused outrage on SCC
>when he stated that he wished Sam Rainsy had been killed in the attack.
>It is an incomprehensible abuse of the authority bestowed upon RFA by the US Congress that Radio
>Free Asia should appoint such a person as Director of the Cambodian section, and such corruption
>must be viewed in the context of similar serious problems in other sections of RFA such as the Lao
>section, the Burmese section, the Vietnamese section, the Korean section, and the Chinese sections.
Subject: The statement Vuthy Khin made at a seminar class at NIU in Fall 1997
Subject: The statement Vuthy Khin made at a seminar class at NIU in Fall 1997....

Anonymous said...

The US president is not going to Cambodia to meet Mr. Hun Sen. He will be in Cambodia to take part the ASEAN Conference.
Mr. Sam Rainsy has no power or the ability to stop the travel of the US President to Cambodia.
You better discuss this problem with the US Embassy in Phnom Penh, before sending that of letter to the white house.
You should know the word „កុំបោះសន្ទូចរម្លងភ្នំ”

Anonymous said...

ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ន សែន!
ហើយពួកប្រឆាំងទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ។

Anonymous said...

មន្រ្ដីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹង ថា ទណ្ឌិត សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ ត្រូវបានលុបឈ្មោះចេញ ពីបញ្ជី ឈ្មោះបោះឆ្នោតជាផ្លូវការហើយ កាលពីពេលថ្មីៗនេះ។
លុះត្រា​តែដើរមកចូលគុក១២ឆ្នាំសិន ទើបឈរ
ឈ្មោះបោះឆ្នោតម្ដងទៀតបាន។

Anonymous said...

IT USED TO BE POLITIC FIGHT BETWEEN MP SAMRAINSY AND HUN THUG, BUT NOW LOOK LIKE HUN XEN IS NOT FIGHTING WITH MP SAMRAINSY ANY MORE IT'A FIGHT HUN THUG WITH THE WORLD, HE FOUGHT UN SPECIAL ENVOY, HE FIGHT WITH PHILLIPINE, HE FIGHT WITH AUSTRALIA CONGRESS, HE FIGHT WITH UE PARLIMENT, HE FIGHT WITH U.S. CONGRESS, HE CANADIAN PARLIMENT, HE IS ALONE WITH HIS WICKED EVIL MASTER HANOI, BUT MOST OF ALL HE IS FIGHTING A LOOSING BATTLE AND HE IS MAD, MAD DOG THAT IS, HE IS A PATHATHIC PSCHYCO. AH HAH HA. HE IS RAN OUT OF HOPE AND SUPPORT, HIS DAY IS ABOUT TO BE NUMBERED, SOON HE WILL END UP LIKE MOMAH KADAHFY. HE KNOW IT. WHAT A THUG HE WILL DIE IN VAIN.