Monday, December 31, 2012

គណបក្ស​ប្រឆាំង​ស្នើ​ឲ្យ​រដ្ឋ​មន្ត្រី​ពីរ​រូប​ទៅ​បំភ្លឺ​នៅ​សភា

លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ គណ​បក្ស​សម រង្ស៊ី​​។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ សមាជិក​សភា​បក្ស​ប្រឆាំង​លោក សុន ឆ័យ តាម​រយៈ​លោក​ហេង សំរិន ប្រធាន​រដ្ឋ​សភា​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ជូន​រដ្ឋ​មន្ត្រី​ក្រសួង​មហា ផ្ទៃ និង​ក្រសួង​ឧស្សាហកម្ម ចូល​មក​ឆ្លើយ​បំភ្លឺ​ នៅ​ក្នុង​រដ្ឋ​សភា ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី នៃ​ការ​ធ្វើ​អត្ត​សញ្ញាណប័ណ្ណ និង​លិខិត​ឆ្លង​ដែន ព្រម​ទាំង​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ ឲ្យ​ក្រុមហ៊ុន​នានា​រុក​រក​រ៉ែ។
ក្នុង​លិខិត​ដាច់​ដោយ​ឡែក​ពីរ​ ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​លោក​ ហ៊ុន សែន កាលពី​ថ្ងៃ​ព្រហស្បតិ៍ តាម​រយៈ​ប្រធាន​សភា លោក សុន ឆ័យ​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​បក្ស សម រង្ស៊ី បាន​ស្នើ​​លោក​នាយក​រដ្ឋ​មន្រ្តី អនុញ្ញាត​ឲ្យ​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេង និង​រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហកម្ម រ៉ែ​ និង​ថាមពល​លោក ស៊ុយ សែម ចូល​ទៅ​ឆ្លើយ​សំណួរ នៅ​ក្នុង​រដ្ឋ​សភា ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី នៃ​ការ​ផ្តល់​អត្ត​សញ្ញាណប័ណ្ណ​ដល់​ពលរដ្ឋ និង​ការ​ចេញ​លិខិត​ឆ្លង​ដែន​ សម្រាប់​ពលរដ្ឋ និង​ភាព​មិន​ប្រក្រតី នៃ​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ និង​សិទ្ធិ ក្នុង​ការ​ធ្វើ​អាជីវកម្ម​ខាង​រ៉ែ​នៅ​កម្ពុជា។

ផ្អែក​លើ លិខិត​មួយ​ ដែល​សំដៅ​ដល់ រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​លោក សុន ឆ័យ​បាន​លើក​សំណួរ​ចំនួន​៤ ទៅ​លោក​ ស ខេង ដែល​រួម​មាន​ភាព​យឺតយ៉ាវ និង​ការ​យក​កម្រៃ លើស​ការ​កំណត់ ក្នុង​ការ​ផ្តល់​អត្ត​សញ្ញាណ​ប័ណ្ណ ដល់​ប្រជា​ពលរដ្ឋ ការ​យក​កម្រៃ​លើស​កំណត់​ហួស​ហេតុ​នៃ​ការ​ធ្វើ​លិខិត​ឆ្លង​ដែន អំពើ​ពុករលួយ ក្នុង​វិស័យ​ចរាចរណ៍ និង​ចំណុច​ចុង​ក្រោយ​ គឺ​ការ​គ្រប់​គ្រង​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​។ លោក សុន ឆ័យ​សរសរ​ថា​៖«រាល់​បញ្ហា​ធំ​ទាំង​ ៤​ (ខ្ញុំ) នឹង​មាន​ការ​សួរ​បញ្ជាក់​លម្អិត​ ពេល​ឯក​ឧត្តម​ ស ខេង មក​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់​ នៅ​មន្ទីរ​រដ្ឋ​សភា។ សូម​សម្តេច​នាយក​រដ្ឋ​មន្រ្តី មេត្តា​អនុញ្ញាត​ឲ្យ​ឯកឧត្តម ស ខេង បាន​មក​ឆ្លើយ​បំភ្លឺ​ផ្ទាល់​មាត់ នៅ​មន្ទីរ​សភា ឲ្យ​បាន​ឆាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ណា​មួយ»។
ចំណែក​ឯ​លិខិត​មួយ​ទៀត​ ដែល​សំដៅ​ដល់​រដ្ឋ​មន្រ្តី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក ស៊ុយ​ សែម លោក សុន ឆ័យ បាន​លើក​សំណួរ​ចំនួន​៣ ​មាន​ដូច​ជា ការ​ផ្តល់​អាជ្ញា​ប័ណ្ណ និង​សិទ្ធិ​ធ្វើ​អាជីវកម្ម​រ៉ែ ការ​ផ្តល់​អាជ្ញា​ប័ណ្ណ និង​សិទ្ធិ​ធ្វើ​អាជីវកម្ម នៃ​ការ​ផលិត និង​ចែក​ចាយ​អគ្គិសនី និង​ចុង​ក្រោយ​ គឺ​ការ​សម្រេច​លើ​ការ​កសាង​វារី​អគ្គិសនី ជាមួយ​ក្រុមហ៊ុន ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​សាងសង់ និង​កិច្ច​សន្យា។
លោក​ សុន ឆ័យ បញ្ជាក់​ថា​៖«ករណី​មិន​ប្រក្រតី​ជា​ច្រើន មាន​ក្រោម​ការ​ទទួល​ខុស​ត្រូវ​ របស់​​រដ្ឋ​មន្រ្តី ស៊ុយ សែម​»។
តាម លោក សុន ឆ័យ ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា លោក ហេង សំរិន បាន​បញ្ជូន​លិខិត​របស់​លោក​ ទៅ​ឲ្យ​រដ្ឋាភិបាល​រួច​ហើយ កាល​ពី​ថ្ងៃ​សុក្រ ប៉ុន្តែ​ត្រង់​ថា លោក ស ខេង និង​លោក ស៊ុយ សែម នឹង​ចូល​មក​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​រដ្ឋ​សភា ឬ​មិន​មក​នោះ លោក មិន​អាច​បញ្ជាក់​បាន​ទេ​។
លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​​អស់​ ពាក់ព័ន្ធ​នឹង​សំណួរ​របស់​លោក​សុន ឆ័យ ដោយ​និយាយ​ថា ក្រសួង​មហាផ្ទៃ ឬ​លោក ស ខេង ​មិន​បាន​បញ្ជា​ឲ្យ​មន្រ្តី​យក​ថ្លៃ​ សម្រាប់​លិខិត​ឆ្លង​ដែន និង​អត្ត​សញ្ញាណប័ណ្ណ ដែល​​គេ​ចេញ​ឲ្យ​ប្រជា​ពលរដ្ឋ​លើស​ពី​តម្លៃ​កំណត់​នោះ​ទេ ហើយ​បាន​ជំរុញ​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​ ពិនិត្យ​​ឯក​សារ​តម្លៃ​ទាំង​អស់ ដែល​ត្រូវ​កំណត់​ដោយ​ក្រសួង​មហាផ្ទៃ។ លោក ខៀវ សុភ័គ ​បញ្ជាក់​ថា​៖«នេះ​គ្រាន់​តែ​ជា​អ្វី ដែល​បក្ស​ប្រឆាំង ចង់​ធ្វើ​មុន​ការ​បោះឆ្នោត​។ នេះ​ជា​លេស​មួយ ដើម្បី​ចោទ​ប្រកាន់​ក្រសួង​មហាផ្ទៃ»​។ លោក បន្ថែម​ថា ប្រសិន​បើ​មាន​ការ​អញ្ជើញ​ស្រប​ច្បាប់​ពី​សភា​ជាតិ លោក ស ខេង នឹង​ទៅ​បំភ្លឺ​ក្នុង​សភា។
លោក ស៊ុយ សែម មិន​អាច​ទាក់ទង​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ កាលពី​ថ្ងៃ​ម្សិលមិញ ហើយ​លោក ប៊ុន ណារិទ្ធ អគ្គ​នាយក​រង នៃ​នាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​ឧស្សាហកម្ម បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ៕ NR

1 comment:

Anonymous said...

ពួកមន្ត្រីគណបក្សប្រជាជន Communist តែងតែ ចោទកបក្សជំទាស់លើលេសនយោបាយទាំងអស់ ដែលទាក់ទងនឹងប្រយោជន៍ជាតិ អាត្រង់យួនខុស ច្បាប់ឃើញផ្ទាល់នឹងភ្នែក មិនខ្ចីមើល។ តើគណបក្ស CPP សុទ្ធតែជាសារធាតុយួនមែនទេ? បើមែន តើខ្មែរបន្តឲ្យអាពួកឈ្លើងជញ្ជក់ឈាមទាំង នេះដឹកនាំជាតិដល់ណាទៀត?