Thursday, December 27, 2012

ការ​ត្រឡប់​ចូល​កម្ពុជា​វិញ​របស់​លោក​សម រង្ស៊ី​ មិន​ជាក់លាក់??

VOA: ដោយ គង់ សុឋានរិទ្ធ
កម្ពុជា​គ្រោង​នឹងធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ អាណ​តិ្ត​ទី៥ នៅ​ថ្ងៃទី​២៨ ខែ​កក្កដា ​ឆ្នាំ២០១៣។ 
លោក​សម រង្ស៊ី បាន​និរទេស​ខ្លួន​ឯង​ចាប់តាំងពី​ឆ្នាំ២០០៩​មក​ម្លេះ​បន្ទាប់ពី​តុលាការ​ ខ្មែរ​ចោទ​ប្រកាន់​រូបលោក​ពីបទ​ឧក្រិដ្ឋ​ទាក់ទង​នឹង​ការដក​តម្រុយ​ព្រំដែន​​ កម្ពុជា វៀតណាម ​ក្នុងខេត្ត​ស្វាយរៀង។
កាលពី​ខែវិច្ឆិកា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ ជ ប) បាន​លុបឈ្មោះ​លោក​សម រង្ស៊ី​ ចេញពី​បញ្ជី​អ្នកបោះឆ្នោត​ដែល​រារាំង​រូបគាត់​មិន​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ បោះឆ្នោត​បាន​ទេ។
លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ​នៅ​កម្ពុជា​(ខុមហ្វ្រែល)​រំពឹង​ដូចគ្នា​ថា លោក​សម រង្ស៊ី អាច​នឹង​មាន​ឱកាស​នៅ​ឡើយ​ក្នុងការ​ចូលរួម​ការបោះ​ឆ្នោត​ដ៏​មាន​សារៈសំខាន់​ នោះ។
«ច្រក​វា​មានប្រើ​ន មាន​សហគមន៍​អន្តរជាតិ វា​មាន​អ្នកនយោបាយ​ដែល​គាត់​ធ្វើ​ការ​ជជែក​គ្នា ហើយ​ប្រជាពលរដ្ឋ​ក៏​លើក​ពី​បញ្ហា​ហ្នឹង។ ដូច្នេះ វា​អាច​ជួយ​ឲ្យ​អ្នក​ន​បោយ​ទាំង​នៅ​ក្នុង​រដ្ឋាភិបាល គណបក្ស​កាន់​អំណាច និង​ប្រឆាំង​ហ្នឹង គេ​នឹង​ពិចារណា​ពី​គោល​ការ​នយោបាយ»។
ប៉ុន្តែ​លោក គល់ បញ្ញា គិត​ថា​ការ​លុប​ឈ្មោះ​លោក​សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ទំនងជា​មិនអាច​កែប្រែ​ឡើងវិញ​ទេ​ដូច្នេះ​ ប្រសិនបើ​លោក​សម រង្ស៊ី មាន​ឱកាស​វិល​ចូល​កម្ពុជា​វិញ។ លោក​នៅ​សល់​តែ​ពេលវេលា​សម្រាប់​ជួយ​ឃោសនា​ឲ្យ​គណបក្ស​របស់​លោក​តែ​ប៉ុណ្ណោះ​ គឺ​មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ដ្រ​បាន​នោះ​ទេ។
លោក​សម រង្ស៊ី បាន​លាឈប់​ពី​ការដឹកនាំ​គណបក្ស​សម រង្ស៊ី ដោយផ្ទាល់ ពីព្រោះ​លោក​ទៅ​ធ្វើ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​បង្កើត​ ឡើង​ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​របស់លោក​កឹម សុខា​ក្នុង​គោលដៅ​ប្រជែង​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ក្តោប​ ក្តាប់​អំណាច​អស់​រយៈពេល​ជាង​៣០ ​ឆ្នាំ​មកហើយ។ ប៉ុន្តែ​មន្ដ្រី​ផ្លូវការ​នៃ​គណបក្ស​កាន់​អំណាច ​ធ្លាប់​បាន​លើក​ឡើង​ថា គណ​បក្ស​របស់​ខ្លួន​នឹង​បន្ត ដណ្តើម​ជ័យជម្នះ​នៅ​អាណត្តិ​ក្រោយ​នេះ​ទៀត។
លោក​សម រង្ស៊ី អះអាងថា​លោក​ទទួលបាន​ការគាំទ្រ​ពី​ព្រឹទ្ធសភា​ហ្វ៊ី​លី​ពី​ន អូស្ត្រាលី ព្រឹទ្ធសភា​អឺរ៉ុប និង​សមាជិក​ព្រឹទ្ធសភា ​និង​សភា​អាមេរិក​គាំទ្រ​ឲ្យ​មាន​វត្តមាន​រូបលោក​ក្នុងការ​បោះឆ្នោត។
លោក​សម រង្ស៊ី​គិតថា សម្ពាធ​ពី​សហគម​អន្តរជាតិ​គឺជា​ដំណោះស្រាយ​តែ​មួយ​គត់​ដែល​អាច​ជួយ​រូប​លោក​បាន។
«ខ្ញុំ​គិ​ថា ​អ្វីដែល​សំខាន់ គឺ​គៀប​សង្កត់​មកលើ​ជន​ផ្តាច់ការប្រទេស​កម្ពុជា​សព្វថ្ងៃ។ ដូច្នេះ ខ្ញុំ​នៅតែ​ជឿជាក់ ដូច​ពី​មុនៗ​យើង​បាន​ឃើញ​ហើយ​មាន​សម្ពាធ​អន្តរជាតិ​ខ្លាំង​គឺ​គេ​បញ្ចប់​ដោយ ​មាន​ដំណោះស្រាយ​នយោបាយ​នៅ​ប្រទេស​កម្ពុជា»។
លោក​គល់ បញ្ញា យល់ថា​ការ​ស្ថិត​នៅ​ឆ្ងាយ​ពី​អ្នកបោះឆ្នោត​របស់លោក​ស​ម រង្ស៊ី ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​មាន​ផលវិបាក ​ក្នុងការ​រៀបចំ​ការត្រៀមខ្លួន​ ប្រកួតប្រជែង​និង​ភាពកក់ក្តៅ​របស់ អ្នកគាំទ្រ។ ក៏​ប៉ុន្តែ​លោក​សម រង្ស៊ី លើក​ឡើង​ថា មន្ដ្រី​នៃ​គណបក្ស​ទាំងពីរ​គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​ភាព​ ប្រឈម​នានា​ក្នុង​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត។
លោក​សម រង្ស៊ី ធ្លាប់បាន​និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​ដូចគ្នានេះ​កាលពី​ឆ្នាំ​២០០៥ ក្រោយ​ពី​រូបលោក និង​តំណាងរាស្ដ្រ​គណបក្ស​លោក​ពីរ​នាក់​ទៀត ​ត្រូវ​ដកហូត​អភ័យឯក​សិទ្ធិ​ក្រោម ការចោទ​ប្រកាន់​ពីបទ​បរិហារ​កេរ​ ទាក់ទង​ទៅនឹង​សេចក្តី​អត្ថាធិប្បាយ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ប្រព្រឹត្តិ​អំពើ​ ពុករលួយ។ ប៉ុន្តែ​លោក​បាន​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ​មួយឆ្នាំ​គត់​ក្រោយពី ​បាន​ស្ថិតនៅ​ក្រៅប្រទេស​ដោយសារ​មាន​អន្តរា​គម​ពី​សហគម​អន្តរជាតិ។
លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ដ្រី​បកស្រាយ​ថា គេ​មិនត្រូវ​រំពឹង​ការវិល​មក​ចូលរួម​ការបោះឆ្នោត​តែមួយ​មុខ​របស់លោក​សម រង្ស៊ី​នោះទេ​ត្បិត​ការ​បោះឆ្នោត​នៅ​កម្ពុជា​ជាការ បោះឆ្នោត​ដែលមាន​ ការប្រកួត​ប្រជែង​រវាង​គណបក្ស ​និង​គណបក្ស​គឺ​មិនមែន​ការប្រកួតប្រជែង រវាង​ បុគ្គល និង​បុគ្គល​ទរ។ មួយវិញទៀត​មន្ត្រី​រដ្ឋាភិបាល​ដដែល​បាន​ហៅ​ការបោះឆ្នោត​ថា ​ជាការ​ពង្រឹង​ប្រក្រតីភាព​នៃ​ប្រជាធិបតេយ្យ​ និង​ការពង្រឹង​និតិរដ្ឋ​ដោយ​ មិន​ស្ថិតក្នុង​ភាពជាប់គាំង​ជាមួយ​ដំណោះស្រាយ​នៃ​ការ​និវត្ត​របស់​មេដឹកនាំ​ គណបក្ស​ជំទាស់។
«ទាំងអស់​នេះ អ្វី​ដែលជា​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​ខ្មែរ គឺ​ការបោះឆ្នោត​ដែល​ទទួលបាន​ប្រក្រតីភាព ហើយ​អ្នកចូលរួម​បោះឆ្នោត​ជា​គណបក្ស មិនមែនជា​បុគ្គល​ទេ»។
រហូត​មក​ទល់​ពេលនេះ​ គេ​នៅ​មិនទាន់​ឃើញ​មានការ​សម្របសម្រួល​នយោបាយ​ណា​មួយ ​ឬ​ ការជំរុញ​ពី​សហគមន៍​អន្តរជាតិ​បន្ថែម ​សម្រាប់​ដំណោះស្រាយ​បញ្ហា​លោក​ សម រង្ស៊ី​នោះទេ។
លោក​គល់ បញ្ញា ចាត់​ទុក​ថា ការបោះឆ្នោត​មួយ​ដែលគ្មាន​មេដឹកនាំ​គណបក្ស​ជំទាស់​ធំជាងគេ​នឹង​ធ្វើ​ឲ្យ​ ការបោះឆ្នោត​នៅ​នាពេលខាងមុខ​គ្មាន​ការប្រកួត​ប្រជែង​ប្រកប​ដោយ​យុត្តិធម៌៕

No comments: