http://www.youtube.com/watch?v=tEm8tEbw2Lk
ដោយ ម៉ម មុនីរតន៏ 2012-12-27 RFA
ក្រោយពីចោទឆ្លើយអស់រយៈពេល ២ថ្ងៃមក
ចៅក្រមតុលាការរាជធានីភ្នំពេញ បានសម្រេចឲ្យអ្នកស្រី យ៉ោម បុប្ផា
ស្វាមីអ្នកស្រី និងប្អូនប្រុស ២នាក់ផ្សេងទៀត
ជាប់ពន្ធនាគារម្នាក់ៗចំនួន ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន
៣០លានរៀលក្នុងម្នាក់ៗឲ្យជនរងគ្រោះជាដើមបណ្ដឹង។
ប៉ុន្តែ ការជាប់ពន្ធនាគារជាក់ស្តែងនោះ មានតែអ្នកស្រី យ៉ោម បុប្ផា ម្នាក់ប៉ុណ្ណោះ ចំណែកប្ដីអ្នកស្រីត្រូវព្យួរទោស និងប្អូនប្រុស ២នាក់ បានកាត់ទោសដោយកំបាំងមុខ។ តុលាការបានចោទថា អ្នកស្រី យ៉ោម បុប្ផា និងគ្រួសារ បានបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២។
សំឡេង៖ «ការសម្រេចក្ដីរបស់ចៅក្រមគ្មានមូលដ្ឋានអង្គហេតុណា ទាំងអស់សម្រាប់ដាក់ទោសទៅលើអ្នកស្រី យ៉ោម បុប្ផា និងប្ដីរបស់គាត់នោះទេ»។
ក្រុមអ្នកឃ្លាំមើលសវនាការ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងក្រុមពលរដ្ឋដែលគាំទ្រសកម្មជនការពារដីធ្លីនៅតំបន់បឹងកក់ នៅខាងក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ ពួកគេប្រតិកម្មប្រឆាំងនឹងសេចក្ដីសម្រេចនេះ ដោយចាត់ទុកថា ការវិនិច្ឆ័យរបស់ចៅក្រម គឺពុំបានផ្អែកលើអង្គហេតុ មានភាពលំអៀង និងថាការសម្រេចនេះ គឺគ្រាន់តែជាឆាកល្ខោនមួយប៉ុណ្ណោះ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានឃ្លាំមើលដំណើរការនៃសវនាការអស់រយៈពេល ២ថ្ងៃមកនេះនិយាយថា ជាការគួរឲ្យសោកស្ដាយដែលតុលាការរកឃើញថាអ្នកស្រី យ៉ោម បុប្ផា ស្វាមីអ្នកស្រី និងប្អូនប្រុសពីរនាក់ផ្សេងទៀត ត្រូវមានទោសជាប់ពាក់ព័ន្ធនឹងបទចោទនេះ។ លោក អ៊ូ វីរៈ ចាត់ទុកថា ការប្រើប្រាស់ប្រព័ន្ធតុលាការ គឺជាមធ្យោបាយតែមួយគត់របស់អ្នកមានអំណាចនៅកម្ពុជា ដើម្បីគាបសង្កត់មកលើសកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនការពារដីធ្លី។
លោក អ៊ូ វីរៈ៖ «ចំពោះខ្ញុំអើមានចម្លើយដូចអត់ស្របគ្នា ដូចជាម៉ោង ដូចជាអីហ្នឹង ឆ្លុះបញ្ចាំងថា ចម្លើយហ្នឹង គឺត្រូវបានគេប្រាប់ទៅវិញទេ ប្រហែលជាអ្នកណាគេប្រាប់ឲ្យឆ្លើយដូចៗគ្នាបែបហ្នឹង ហើយខ្ញុំមើលទៅជារឿងអយុត្តិធម៌សម្រាប់លោកស្រី យ៉ោម បុប្ផា»។
ចំណែកក្រុមពលរដ្ឋដែលគាំទ្រអ្នកស្រី យ៉ោម បុប្ផា និយាយថា ការសម្រេចរបស់តុលាការក្រុងភ្នំពេញនេះ គឺមានភាពអយុត្តិធម៌។ ពួកគេទាមទារឲ្យតុលាការទម្លាក់បទចោទនេះ និងដោះលែងអ្នកស្រី យ៉ោម បុប្ផា ឲ្យមានសេរីភាពឡើងវិញ៖ «សង្ឃឹមថា ថ្ងៃនេះគាត់នឹងបានត្រឡប់មកវិញ តែទីបញ្ចប់ បានទទួលផលអវិជ្ជមាន»។
ការប្រតិកម្មប្រឆាំងនឹងសេចក្ដីសម្រេចរបស់ចៅក្រមជំនុំជម្រះសាលា ដំបូងរាជធានីភ្នំពេញ ពីមន្ត្រីអង្គការសង្គមស៊ីវិល និងពលរដ្ឋនេះ ធ្វើឡើងនៅបន្ទាប់ពីលោក សួស សំអាត ចៅក្រមជំនុំជម្រះសម្រេចចោទប្រកាន់អ្នកស្រី យ៉ោម បុប្ផា ប្ដីអ្នកស្រីឈ្មោះ លួស សាខន និងប្អូនប្រុស ២នាក់ ឈ្មោះ យ៉ោម សិដ្ឋ និង យ៉ោម កន្លង ហៅ ឡុង ដោយផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំក្នុងម្នាក់ៗ និងត្រូវពិន័យជាប្រាក់សងជំងឺចិត្តឲ្យជនរងគ្រោះ ៣០លានរៀលក្នុងម្នាក់ៗពីបទបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោសតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
ក៏ប៉ុន្តែ លោក លួស សាខន ដែលត្រូវជាប្ដីរបស់អ្នកស្រី យ៉ោម បុប្ផា ដែលតុលាការសម្រេចចោទប្រកាន់ឲ្យមានទោស ៣ឆ្នាំ លើបទចោទនេះដែរនោះ ត្រូវព្យួរទោសឲ្យស្ថិតនៅក្រៅឃុំ ដោយចៅក្រមជំនុំជម្រះសំអាងថា ពុំបានប្រព្រឹត្តដោយផ្ទាល់។ ចំណែកលោក យ៉ោម សិដ្ឋ និងលោក យ៉ោម កន្លង ហៅ ឡុង ត្រូវផ្ដន្ទាទោសកំបាំងមុខ ៣ឆ្នាំ និងបង្គាប់ឲ្យចាប់ខ្លួនគិតចាប់ពីថ្ងៃផ្ដន្ទាទោសនេះ។
លោក លួស សាខន ដែលត្រូវជាស្វាមីរបស់អ្នកស្រី យ៉ោម បុប្ផា បញ្ជាក់ថា លោកនឹងប្ដឹងឧទ្ធរណ៍បន្តទៀតប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានី ភ្នំពេញ ដែលបានសម្រេចនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ជុំវិញនឹងការជំនុំជម្រះរបស់លោក សួស សំអាត ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នេះ។
លោក វ៉ាត ថៃសេង និងលោក ង៉ែត ចិត្ត ដែលអះអាងថាជាជនរងគ្រោះដោយអំពើហិង្សានេះ និយាយថា ក្រុមគ្រួសាររបស់អ្នកស្រី យ៉ោម បុប្ផា មានចេតនាចង់សម្លាប់ពួកគេ ដោយប្រើពូថៅ និងទួរណឺវីស ក្រោមបទចោទថា ពួកគេបានលួចកញ្ចប់រថយន្តរបស់អ្នកស្រី យ៉ោម បុប្ផា។
ចំណែកលោក ឯ សុភាស់ ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលគាំទ្រសេចក្ដីសម្រេចរបស់តុលាការ បាននិយាយថា អ្វីដែលសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសអ្នកស្រី យ៉ោម បុប្ផា និងក្រុមគ្រួសារឲ្យមានទោសតាមផ្លូវតុលាការនេះថា គឺជាការផ្ដល់ភាពសុក្រឹតសម្រាប់ក្រុមអ្នករត់ម៉ូតូឌុប និងជាការសម្រេចមួយប្រកបដោយយុត្តិធម៌។
លោក មឿន តុលា ប្រធានកម្មវិធីសិទ្ធិការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក សៀ ភារម្យ លេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន និងលោក នី ចរិយា ប្រធានស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានឃ្លាំមើលដំណើរការនៃការជំនុំជម្រះក្ដីរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ហៅការសម្រេចនេះថាបានធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់ការស្វែងរក យុត្តិធម៌សម្រាប់ជនរងគ្រោះ និងថាប្រព័ន្ធតុលាការនៅកម្ពុជា កំពុងធ្វើដំណើរថយក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment