Wednesday, 26 December 2012
ម៉ៃ ទិត្យថារ៉ា & Shane Worrell ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ
អង្គុយនៅក្នុងខ្ទមប្រ៉ក់តង់ពណ៌ខៀវទំហំប្រមាណជា៣ម៉ែត្រគុណ
និង៣ម៉ែត្រ
នៅក្បែរគំនរសំរាមដែលជះក្លិនស្អុយជាមួយនឹងក្មេងស្រីម្នាក់អាយុ
ប្រមាណជា៩ ខែ ស៊ុន វណ្ណី អាយុ ១៨ ឆ្នាំបានបន្លឺសំឡេង
ទាំងពាក់ម៉ាស់ដើម្បីកុំឲ្យទទួលក្លិនស្អុយ
ខ្លាំងនៅពេលដកដង្ហើមនោះថា ជីវភាពនិងសុខភាពរបស់ពលរដ្ឋ១០៩
គ្រួសារដែលនៅសេសសល់ពុំទាន់ទទួលបានសំណងពីក្រុមហ៊ុនចាប់តាំង
ពីការបណ្តេញចេញនៅក្នុងខែមករានោះកំពុងតែដុនដាប់ទៅៗ
ហើយបញ្ហាសុខភាពក៏កំពុងតែប្រឈមមុខខ្លាំងដោយសារតែបញ្ហាសំរាម
ឡើងគរដូចជាកូនភ្នំ។
ផ្ទះប្រ៉ក់តង់ពណ៌ខៀវជាច្រើនត្រូវបាន
បោះទីតាំងនៅតាមសំយាបផ្ទះរបស់
ពលរដ្ឋដែលទទួលបានសំណងពីខាងក្រុមហ៊ុនផានអ៊ីម៉ិចត្រូវបានរងនូវ
សម្ពាធជាច្រើនពីអ្នកដែលរស់នៅជាន់ខាងលើៗ
ដែលតែងតែបោះចោលរបស់របរក៏ដូចជាសំរាមដោយពុំបានគិតគូរដល់
អ្នករស់នៅខាងក្រោម។ យកដៃដោះម៉ាស់ចេញពីមុខ ស៊ុន
វណ្ណីបានរៀបរាប់អំពីជីវិតនិងទុក្ខលំបាករបស់ពលរដ្ឋដែលរស់នៅតាម
សំយាបផ្ទះគេថា ពល
រដ្ឋដែលរស់នៅក្នុងតំបន់នេះត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់
បំផុត បើពុំដូច្នោះ ទេនឹងត្រូវអ្នកនៅខាងលើជះបាយឬក៏កាក
សំណល់មកលើក្បាលជាមិនខាន។
និយាយបណ្តើរសម្លឹងមើលខាងលើបណ្តើរ
វណ្ណីបានថ្លែងឲ្យដឹងទៀតថា ពួកគាត់គ្មានបន្ទប់ទឹក បង្គន់អនាម័យ
ដោយសារតែក្លិនស្អុយពីគំនរសំរាមនោះ
បានធ្វើឲ្យខ្ញុំរលាកបំពងក»។
អង្គុយនៅក្នុងខ្ទមដ៏តូច
ចង្អៀត នៅខណៈ បងស្រីកំពុងតែចម្អិនអាហារថ្ងៃ ត្រង់
ហើយម្តាយបានចេញទៅធ្វើការតវ៉ានៅឯពន្ធនាគារព្រៃសដើម្បីធ្វើការ
ទាមទារឲ្យមានការដោះលែងតំណាងរបស់ខ្លួនដែលត្រូវបានចាប់ខ្លួន
នោះវណ្ណីបានឲ្យដឹងទៀតថា
ខ្ទមប្រ៉ក់តង់ព៌ណខៀវទាំងនេះបានចាប់បដិសន្ធិឡើងនៅពេលដែល
ពលរដ្ឋបុរីកីឡាបានចាប់ផ្តើមឈូសឆាយពីសំណាក់ក្រុម
ហ៊ុនសហការជាមួយអាជ្ញាធរកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ ២០១២
នៅពេលដែលក្រុមហ៊ុនបានបដិសេធមិនផ្តល់សំណងនិងសង់អគារ
ឲ្យគ្រប់ចំនួន។ ទឹកមុខប្រែរជាក្រៀមក្រំ
វណ្ណីបានឲ្យដឹងទៀតថា៖
«ពួកយើងទៅប្តឹងអាជ្ញាធរឲ្យជួយអន្តរាគមន៍
អំពីរឿងសំរាមនេះប៉ុន្តែពួកគេធ្វើមិនដឹងមិនឮ
ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង»។
និយាយបណ្តើរសំឡេងលាន់ឮ
មកពីខាងអគារទី ៧
នៅជាន់ខាងក្រោមនិយាយប្រាស្រ័យឆ្លើយឆ្លងជាមួយក្រុមគ្រួសារ
របស់គេ វណ្ណីបានឲ្យដឹងទៀតថា
ពលរដ្ឋនៅទីនេះមិនត្រឹមតែបញ្ហាសុខភាពប៉ុណ្ណោះទេ
សូម្បីតែទឹកប្រើប្រាស់ក៏ពិបាកផងដែរគឺត្រូវទិញទឹកពីផ្ទះ
អ្នកនៅជិតខាង ដោយត្រូវចំណាយ២០០រៀលក្នុងមួយធុងស្ប៉េត្រូ។
ទឹកមុខក្រៀមក្រំទឹកភ្នែកហូរចេញរលីងរលោងនៅលើផែនថ្ពាល់កុមារី
ជំទង់រូបនោះដោយបានបន្លឺសំឡេងថា៖«ដោយសារតែពួកគេឈូសឆាយ
ផ្ទះនិងបានបំផ្លាញទ្រព្យសម្បត្តិរបស់គ្រួសារខ្ញុំអស់ រលីង
បណ្តាលឲ្យខ្ញុំបោះបង់ចោលការសិក្សាដែលខ្ញុំកំពុងតែរៀននៅ
ថ្នាក់ទី៧។
ខ្ញុំមិនអាចទៅរៀនបានទេគឺត្រូវនៅចាំផ្ទះពីព្រោះអីម្តាយរបស់
ខ្ញុំជាប់រវល់ទៅធ្វើការតវ៉ាដើម្បីទាមទារឲ្យក្រុមហ៊ុនសង់អគារ
ឲ្យគ្រប់ចំនួនឲ្យពួកយើង»។
បញ្ហាសុខភាព និង
ក្លិនស្អុយនោះគឺមិនបានកើតឡើងចំពោះតែគ្រួសារវណ្ណីប៉ុណ្ណោះទេ
វាក៏បានកើតឡើងដល់ពលរដ្ឋទូទៅដែលនៅក្នុងប្លុកបុរីកីឡានេះ
ផងដែរ។ ស្ថិតនៅក្នុងអគារទី៤ ជាន់ទី១ ជាអ្នកលក់កាហ្វេ
អ្នកស្រីហ៊ុយ សុភក្តី អាយុ ៤៨ ឆ្នាំ
ដែលកំពុងតែចម្អិនអាហារថ្ងៃត្រង់បានបន្លឺសំឡេងថា
ដោយសារតែបញ្ហាស្អុយខ្លាំងបណ្តាលឲ្យអ្នកស្រីឈប់លក់បាយ។
អ្នកស្រីបានថ្លែងឲ្យដឹងថា៖
«ពួកខ្ញុំពិបាកបំផុតគឺនៅពេលភ្លៀងទឹកស្អុយហូរចេញមកពីគំនរ
សំរាម ហើយរុយក៏មានច្រើនដែរនៅពេលនោះ»។
នៅមិនឆ្ងាយពីគ្នា
ប៉ុន្មានដែលបានរស់នៅក្នុងផ្ទះតង់ខៀវនោះ អ្នកស្រីអាត
សំណាងបានថ្លែងឲ្យដឹងថា
បញ្ហាដែលប្រឈមខ្លាំងបំផុតរបស់ពលរដ្ឋរស់នៅក្នុងតង់ទាំងអស់នោះ
មានជំងឺដោយ សារកង្វះអនាម័យ និងក្លិនភាយស្អុយពីគំនរសំរាម។
អ្នកស្រីបានឲ្យដឹងថា៖«ពួកយើងមួយចំនួនធំបានធ្លាក់ខ្លួន ឈឺ
ហើយមុខជំងឺដែលឈឺច្រើនជាងគេគឺរបេងនិងរលាកបំពង់ក
ពួកយើងរស់នៅទាំងភ័យខ្លាចដោយសារតែអ្នកនៅខាងលើជូនកាលទម្លាក់
កន្ទុយបារីបណ្តាលឲ្យឆេះផ្ទះពួកយើង»។
អ្នកស្រីបានថ្លែង
ឲ្យដឹងទៀតថា
នៅពេលយប់ពលរដ្ឋដែលរស់នៅក្នុងតង់នោះព្រួយបារម្ភអំពីសុវត្ថិភាព
ហើយជួនកាលអ្នកដែលរស់នៅខាងលើគេទម្លាក់ទាំងថង់អាចម៍មកលើ
ទៀតផង។ អ្នកស្រីបន្តថា៖
«យើងជូនដំណឹងទៅអាជ្ញាធរតែគេមិនរវល់ជាមួយយើងទេ
គេស្អប់ខ្ពើមយើងដែលតវ៉ា»។
អ្នកស្រីគឺម សោភ័ណ្ឌ
ប្រធានអគារទីបួនបានថ្លែងឲ្យដឹងថា
អាជ្ញាធរក៏ដូចជាខាងក្រុមហ៊ុនចុះធ្វើការសិក្សារម្តងរួចមកហើយ
ដើម្បីទាក់ទិនទៅនិងរឿងសំរាមនោះ
ប៉ុន្តែពុំបានឃើញមានលទ្ធិផលអ្វីនោះទេដោយសារត្រូវចំណាយអស់
ថវិកាច្រើនពេក។ អ្នកស្រីបានឲ្យដឹងថា
៖«ពីមុនខ្ញុំជួលគេឲ្យជួយប្រមូលសំរាមតែក្រោយមកទៀតខ្ញុំគ្មាន
ថវិកាជួលក៏សំរាមចេះតែមានច្រើនឡើងៗ
វាពិបាករៀបចំណាស់ពីព្រោះពលរដ្ឋនៅក្នុងតង់នោះរញ៉េរញ៉ៃពេក»។
ពលរដ្ឋ
ដែលរស់នៅក្នុងតំបន់បុរីកីឡាតាមសំយាបផ្ទះរបស់គេចំនួន ១០៩
គ្រួសារ ដែលនៅសល់ពីក្រុមហ៊ុនផានអ៊ីម៉ិច (Phanimex)
ឈូសកម្ទេចផ្ទះដើម្បីយកដីកាលពីដើមឆ្នាំ២០១២
ហើយនៅមិនទាន់ទទួលបានសំណងជាផ្ទះនៅឡើយ។ កាលពីថ្ងៃទី ៣ មករា
ឆ្នាំ ២០១២ គ្រឿងចក្ររបស់ក្រុមហ៊ុន ផានអ៊ីម៉ិច ជាច្រើនគ្រឿង
រួមទាំងមានកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលដែលការពារឲ្យក្រុមហ៊ុន
បានឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋ
រហូតដល់មានការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋនិងកម្លាំង
សមត្ថកិច្ច ចម្រុះរបស់អាជ្ញាធរក្រុងភ្នំពេញ។
ប្រជាពលរដ្ឋទាំងនោះមួយចំនួនត្រូវបានអជ្ញាធរដឹកមកដាក់នៅនៅ
ភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ ២០១២។
នៅ
ក្នុងឆ្នាំ ២០០៣
រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនផានអ៊ីម៉ិចធ្វើការអភិវឌ្ឍលើ
ផ្ទៃដី៤,៩ហិកតា
ដែលមានទីតាំងនៅក្នុងបុរីកីឡាដោយសាងសង់អគារលំនៅដ្ឋានចំនួន ១០
កំពស់ ៦ជាន់ លើផ្ទៃដី២
ហិកតាជូនប្រជាពលរដ្ឋក្រីក្រនៅសហគមន៍បុរីកីឡាចំនួន១៧
៧៦គ្រួសារនិងដីសល់២,៦
ហិកតាទៀតប្រគល់ជូនក្រុមហ៊ុនផានអ៊ីម៉ិចសាងសង់ផ្ទះល្វែងសម្រាប់
ជាកម្មសិទ្ធិរបស់ខ្លូន។
ឆ្លើយតបទៅនឹងការបណ្តេញប្រជាពលរដ្ឋ
ចេញពីលំនៅដ្ឋាននោះ កាលពី ខែមករា ឆ្នាំ២០១២
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)
បានចេញរបាយការណ៍របស់ខ្លួនដែលមានចំណងជើងថា
របាយការណ៍សង្ខេបប្រចាំប្រទេស បានឲ្យដឹងថា
ការដកហូតដីខុសច្បាប់និងការបណ្ដេញចេញដោយបង្ខំពីមន្ត្រី
រដ្ឋាភិបាល
សមត្ថកិច្ចបានតាំងខ្លួនធ្វើជាតំណាងរបស់ក្រុមហ៊ុនឬបុគ្គលមាន
អំណាច
វាជាបញ្ហាគាបសង្កត់ដ៏ធ្ងន់ធ្ងរដូចជាករណីបណ្ដេញអ្នកភូមិបុរី
កីឡា។ របាយការណ៍នោះបានលើកឡើងថា
ប្រជាពលរដ្ឋដែលគេបណ្ដេញចេញពីទីក្រុងភ្នំពេញដូចជា សហគមន៍បុរីកីឡា
សហគមន៍រីករាយសហគមន៍ដីក្រហម ក្រុម៧៨សហគមន៍បឹងកក់
បានបាត់បង់លំនៅឋានដែលធ្លាប់រស់នៅកណ្ដាលទីក្រុងភ្នំពេញមានមុខ
របរធ្វើ និងកូនបានទៅសាលារៀន
ប៉ុន្តែបច្ចុប្បន្នអ្វីដែលធ្លាប់មានបែរជាបាត់បង់ទៅវិញសម្រាប់
ប្រជាពលរដ្ឋទាំងនោះ។
លោកសោម សុវណ្ណ អភិបាលខណ្ឌ៧មករា
ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
រីឯលោកស្រី កែវ សាកល
ចៅសង្កាត់វាលវង់បានបដិសេធពុំធ្វើការអត្ថាធិប្បាយទេ
ដោយអ្នកស្រីមានប្រសាសន៍ថា ជាប់រវល់ប្រជុំ។
លោកសៀ ភារម្យ
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន
រាល់ការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានបានធ្វើឲ្យពលរដ្ឋជូប
នូវបញ្ហាដុនដាប់យ៉ាងខ្លាំងគឺពីមានផ្ទះសម្បែង មានមុខរបរ
កូនមានសាលារៀនបែរជាបាត់បង់អ្វីៗទាំងអស់។
រដ្ឋាភិបាលគួរតែធ្វើឲ្យបានប្រសើរជាងនេះទៀតនិងអនុវត្តទៅតាម
ច្បាប់ភូមិបាលក៍ដូចជាច្បាប់ជាតិ។ លោកបានឲ្យដឹងទៀតថា៖
«រឿងបុរីកីឡានោះគឺជាការទទួលខុសត្រូវរបស់
រដ្ឋាភិបាលគឺរដ្ឋាភិបាលតម្រូវឲ្យក្រុមហ៊ុនគោរពតាមកិច្ចសន្យា
និងផ្តន្ទាទោសអ្នកដែលប្រើហិង្សាមកលើប្រជាពលរដ្ឋ»។
មិនអាចទំនាក់ទំនងក្រុមហ៊ុនផានអ៊ីម៉ិចដើម្បីធ្វើការអត្ថាធិប្បាយបានទេ៕
No comments:
Post a Comment