Monday, December 31, 2012

សម្រង់​​សម្ដី​សំខាន់ៗ​ប្រចាំ​ឆ្នាំ​២០១២

លោក ឈុត វុទ្ធី៖ «តើ​ចំណុច​កន្លែង​ណា​ដែល​ថា ការ​រៀបចំ​រ៉ែ​ទៅ​តាម​ច្បាប់​តម្លាភាព? ការ​ប៉ះពាល់​ផ្នែក​បរិស្ថាន​ដ៏​ធំ​បំផុត​ដោយសារ​រ៉ែ គឺ​ភាព​អនាធិបតេយ្យ​តែម្ដង ហើយ​រី​ឯ​បរិស្ថាន​គឺ​សូន្យ។ ការ​ដេញ​ថ្លៃ​រ៉ែ​ក៏​អត់​មាន​ការ​ដេញ​ថ្លៃ​ដែរ ដូច​ជា​ខេត្ត​មណ្ឌលគិរី និង​ក្រចេះ។ និយាយ​ពី​រ៉ែ​ហ្នឹង គឺ​ធ្វើ​យ៉ាង​ស្ងាត់​ជា​ទីបំផុត ជាង​ព្រៃ​ឈើ​ទៅ​ទៀត»។
RFA/Tin Zakariya
លោក ឈុត វុទ្ធី បង្ហាញ​រូបថត​ស្ដីពី​សកម្មភាព​កាប់​ឈើ​នៅ​កម្ពុជា នៅ​ក្នុង​ការិយាល័យ​របស់​លោក នា​រាជធានី​ភ្នំពេញ កាល​ពី​អំឡុង​ខែ​វិច្ឆិកា
ក្នុង​ឆ្នាំ​២០១២ មាន​ព្រឹត្តិការណ៍​សំខាន់​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស វិបត្តិ​ដី​ធ្លី ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ អំពើ​ពុករលួយ ប្រព័ន្ធ​តុលាការ និង​ការ​ចាប់​ខ្លួន​សកម្មជន​លទ្ធិប្រជាធិបតេយ្យ​ជាដើម។
ខាង​ក្រោម​គឺ​ជា​ការ​ដក​ស្រង់​សំដី​របស់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ប្រជាពលរដ្ឋ ទាក់ទង​នឹង​ព្រឹត្តិការណ៍​ទាំង​នោះ។
កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១២ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ថ្លែង​ថា ដើម្បី​ឲ្យ​វិស័យ​អប់រំ​នៅ​កម្ពុជា មាន​ការ​រីក​ចំរើន​ជឿនលឿន​ទៅ​មុខ លុះ​ត្រា​មាន​ការ​ដំឡើង​ប្រាក់ខែ​គ្រូ​បង្រៀ និង​បំបាត់​អំពើ​ពុករលួយ។
លោក រ៉ុង ឈុន៖ «បញ្ហា​គ្រូ​បង្រៀន​បច្ចុប្បន្ន​ហ្នឹង​ហើយ​ដែល​ធ្វើ​ ឲ្យ​គុណភាព​អប់រំ​មាន​ការ​ធ្លាក់​ចុះ ហើយ​មិន​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ ហើយ​មិន​អាច​ឲ្យ​គ្រូ​បង្រៀន​ចូល​រួម​ក្នុង​សកម្មភាព​ការងារ​បាន​សកម្ម។ ម្យ៉ាង​ទៀត​មាន​អំពើ​ពុករលួយ​ស៊ី​រូង​ផ្ទៃ​ក្នុង​វិស័យ​សិក្សាធិការ​ជាតិ»

ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈុត វុទ្ធី ថ្លែង​ថា បញ្ហា​អាជីវកម្ម​រ៉ែ​របស់​ក្រុមហ៊ុន​បរទេស​ដែល​ទទួល​បាន​ដី​សម្បទាន​ពី​ រដ្ឋាភិបាល​កម្ពុជា កំពុង​បំផ្លាញ​បរិស្ថាន និង​ប្រព័ន្ធ​ការពារ​បរិស្ថាន​របស់​ប្រទេស​យ៉ាង​អនាធិបតេយ្យ ហើយ​ថា មន្ត្រី​នៃ​ស្ថាប័ន​ពាក់ព័ន្ធ​គ្មាន​សមត្ថភាព​ក្នុង​ការ​ត្រួត​ពិនិត្យ​ បញ្ហា​នេះ។
លោក ឈុត វុទ្ធី៖ «តើ​ចំណុច​កន្លែង​ណា​ដែល​ថា ការ​រៀបចំ​រ៉ែ​ទៅ​តាម​ច្បាប់​តម្លាភាព? ការ​ប៉ះពាល់​ផ្នែក​បរិស្ថាន​ដ៏​ធំ​បំផុត​ដោយសារ​រ៉ែ គឺ​ភាព​អនាធិបតេយ្យ​តែម្ដង ហើយ​រី​ឯ​បរិស្ថាន​គឺ​សូន្យ។ ការ​ដេញ​ថ្លៃ​រ៉ែ​ក៏​អត់​មាន​ការ​ដេញ​ថ្លៃ​ដែរ ដូច​ជា​ខេត្ត​មណ្ឌលគិរី និង​ក្រចេះ។ និយាយ​ពី​រ៉ែ​ហ្នឹង គឺ​ធ្វើ​យ៉ាង​ស្ងាត់​ជា​ទីបំផុត ជាង​ព្រៃ​ឈើ​ទៅ​ទៀត»
លោក ឈុត វុទ្ធី ត្រូវ​បាន​កង​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​មេសា ឆ្នាំ​២០១២ ខណៈ​លោក​បំពេញ​បេសកកម្ម​អង្កេត​រឿង​កាប់​ព្រៃ​ឈើ​នៅ​ខេត្ត​កោះកុង។
មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ ថ្លែង​កាល​ពី​ដើម​ខែ​សីហា ថា ព្រៃ​ឡង់​កំពុង​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ ចម្រុះ ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) និង​ក្រុមហ៊ុន សេង សារ៉ាវុធ ហើយ​នាំ​ចេញ​ទៅ​លក់​ឲ្យ​ប្រទេស​វៀតណាម ពី​ខេត្ត​ស្ទឹងត្រែង ស្ថិត​នៅ​ចំណុច​វាល​បី ក្នុង​ឃុំ​អន្លង់​ជ្រៃ​នៃ​ស្រុក​ថាឡាបរវ៉ាត់។
លោក ឈឹម សាវុធ៖ «ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ សកម្មភាព​កាប់​ឈើ​បាន​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ គឺ​កាប់​មួយ​ជា​ពីរ ជា​បី​លើស​ពី​មុន​ទៅ​ទៀត។ ក្រុម​ឈ្មួញ​បាន​បរ​រទេះ​គោ និង​ឡាន​ចំនួន​មិន​តិច​ជាង ៣០ ទៅ ៤០​ឡាន ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​ដឹក​ជញ្ជូន​ឈើ​ទាំង​នោះ​ចេញ។ អ្នក​ដែល​កាប់​នោះ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច​ជា​អ្នក​កាង​នៅ​ពី​ក្រោយ»
លោក ប៊ុន ឆន អាយុ ៦៣​ឆ្នាំ ជា​ឪពុក​បង្កើត​របស់​លោក ប៊ុន រដ្ឋា ដែល​សព្វ​ថ្ងៃ​កំពុង​លាក់​ខ្លួន មាន​ប្រសាសន៍​កាល​ពី​ដើម​ខែ​តុលា ថា លោក​មិន​ខ្លាច​នឹង​ចូល​ខ្លួន​ដើម្បី​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​នោះ​ទេ ប្រសិន​បើ​តុលាការ​កម្ពុជា មាន​ភាព​ឯករាជ្យ មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​រដ្ឋាភិបាល។
លោក ប៊ុន ឆន ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៨​លាន​រៀល ពី​បទ​ចូល​រួម​បង្កើត​តំបន់​អបគមន៍​នៅ​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
លោក ប៊ុន ឆន៖ «ហេតុ​អី​តុលាការ​នេះ​មិន​បើក​ភ្នែក ហើយ​ស្រាវជ្រាវ​ភស្តុតាង​ជាក់​ស្តែង​ដែល​លោក​ទៅ​ព័ទ្ធ​ផ្ទះ​ខ្ញុំ​នោះ ថា​តើ​ខ្ញុំ​មាន​ទាហាន​ប៉ុន្មាន​រយ​នាក់ មាន​ឡាន ហើយ​អាវុធ​ខ្ញុំ​មាន​ប៉ុន្មាន​នៅ​នឹង​ផ្ទះ​ហ្នឹង ដែល​លោក​ឯង​ទៅ​ព័ទ្ធ​នោះ? ខ្ញុំ​សួរ​ទៅ​លោក ហ៊ុន សែន សិន តើ​ទ័ព​ប៉ុន្មាន​រយ​នាក់​ដែល​ទៅ​ព័ទ្ធ​ផ្ទះ​របស់​ខ្ញុំ ចាប់​ពី​ម៉ោង ៩​ល្ងាច ដល់​ម៉ោង ១២​ថ្ងៃ​នោះ តើ​យក​បាន​អាវុធ​ប៉ុន្មាន​ដើម? ខ្ញុំ​សូម​សួរ​ទៅ​លោក ហ៊ុន សែន បាន​ជា​លោក​ចោទ​ខ្ញុំ​ថា បាន​បង្កើត​តំបន់​អបគមន៍​នេះ។ សូម្បី​តែ​ដៃ​ខ្ញុំ​ក៏​អត់​មាន​ផង ផ្ទះ​ខ្ញុំ​ក៏​អត់​មាន​អាវុធ។ ផ្ទះ​ខ្ញុំ​ដែល​លោក​ឯង​រុះរើ​នោះ អត់​មាន​ទេ​អាវុធ មាន​តែ​កាំបិត និង​ចប ហើយ​សម្ភារៈ​ប្រើប្រាស់​ដូចជា ចាន ឆ្នាំង តែ​ប៉ុណ្ណឹង​ទេ ហើយ​ម៉ូតូ​ត្រូវ​លោក​ឯង​រឹប​អូស​អស់​ហើយ ហើយ​ចោទ​ខ្ញុំ​ថា បង្កើត​តំបន់​អបគមន៍ តើ​មាន​ស្អី​ជា​ភស្តុតាង? បើ​សិន​ជា​មាន​អាវុធ​តែ​មួយ​ដើម​នៅ​ផ្ទះ​ខ្ញុំ​មែន នោះ​ខ្ញុំ​ហ៊ាន​ទទួល​សារភាព​ថា​ខ្ញុំ​ខុស»
កាល​ពី​ដើម​ខែ​កក្កដា នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ នៅ​ពេល​វិល​ត្រឡប់​ពី​បរទេស​វិញ បាន​ប្រកាស​ជំហរ​មិន​តក់​ស្លុត​ចំពោះ​ដំណឹង​នៃ​ការ​ចាប់​ខ្លួន​លោក។
លោក ម៉ម សូណង់ដូ៖ «អត់​មាន​អី​ត្រូវ​បកស្រាយ ព្រោះ​អត់​មាន​អ្នក​ប្ដឹង អត់​មាន​ភស្តុតាង ឃើញ​តែ​ស្រែក​លោមៗ អា​ហ្នឹង​បើ​គាត់​មាន​កម្លាំង​គាត់​ស្រែក​ត​ទៅ​ទៀត​ទៅ ប៉ុន្តែ​ខ្ញុំ​អត់​ខ្វល់ ព្រោះ​ខ្ញុំ​អត់​បាន​ធ្វើ​អ្វី​ទាំង​អស់ ហើយ​ខ្ញុំ ស្មារតី​ជាតិ​គោរព​រដ្ឋធម្មនុញ្ញ»
លោក ម៉ម សូណង់ដូ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​លោក​បាន​មក​ដល់​កម្ពុជា​វិញ។ តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ​ចំនួន ២០​ឆ្នាំ ទាក់ទង​នឹង​ចលនា​អបគមន៍​បំបែក​រដ្ឋ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
ចំណែក​លោក ហ៊ុន សែន វិញ កាល​ពី​ខែ​តុលា បាន​ហៅ​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថា​ជា​ជន​ត្រាច់ចរ ដើរ​សរសេរ​របាយការណ៍​មិន​សម​ហេតុ​ផល។
លោក ហ៊ុន សែន៖ «អា​ហ្នឹង​អង្គការ​សហប្រជាជាតិ​នឹង​គេ​ដែរ ហើយ​ដើរ​តឹកឡិកៗ មក​អ៊ីចឹង ទៅ​ជួប​នេះ​ជួប​ណោះ ហើយ​ទៅ​ធ្វើ​របាយការណ៍ រួច​ហើយ​ឲ្យ​គេ​មក​ទទួល​យក។ រដ្ឋ​អធិបតេយ្យ​មួយ​មិន​អាច​ទទួល​យក​នូវ​អ្វី​ដែល​ជា​របស់​អ្នក​ដទៃ​បាន​ទេ ត្រូវ​សួរ​ប្រជាពលរដ្ឋ​សិន ឥឡូវ​ឆ្នាំ​២០១៣ សួរ​ប្រជាពលរដ្ឋ​ទៅ បើ​ប្រជាពលរដ្ឋ​លែង​ត្រូវ​ការ​គណបក្ស​ប្រជាជន​ហើយ​គេ​បោះ​ឆ្នោត​ទម្លាក់​ ហើយ។ បើ​បោះ​ឆ្នោត​ទម្លាក់​ហើយ អ្នក​ឯង​ធ្វើ​ទៅ​តាម​លោក​ឯង​ហ្នឹង​ទៅ អា​ហ្នឹង​ខ្ញុំ​គ្រាន់​តែ​ថា និយាយ​ឲ្យ​សិស្ស​ចេះ​ទេ ប៉ុន្តែ​ក៏​វា​មាន​ចំណែក​មួយ​ឲ្យ​អ្នក​ដទៃ​ចេះ​ដែរ កុំ​ល្ងង់​ពេក»
លោក សុរិយា ស៊ូប៊ែឌី មាន​ប្រសាសន៍​កាល​ពី​ដើម​ខែ​ធ្នូ ថា លោក​មិន​បាន​ខក​ចិត្ត ឬ​អស់​សង្ឃឹម​ដោយសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រមាថ​មើលងាយ ឬ​បដិសេធ​មិន​ឲ្យ​លោក​ជួប​ពិភាក្សា​រក​ដំណោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ កម្ពុជា នោះ​ទេ។
លោក សុរិយា ស៊ូប៊ែឌី៖ «អត់​ទេ ខ្ញុំ​មិន​មាន​ការ​ខក​ចិត្ត ឬ​អស់​សង្ឃឹម​ទេ ខ្ញុំ​មាន​កិច្ចការ​ដ៏​សំខាន់​ដែល​ត្រូវ​បំពេញ​សម្រាប់​ប្រទេស​កម្ពុជា។ នេះ​ហើយ​ជា​កាតព្វកិច្ច​របស់​ខ្ញុំ​ដែល​ទទួល​បាន​ពី​អង្គការ​សហប្រជាជាតិ ដែល​ខ្ញុំ​ត្រូវ​តែ​ធ្វើ​បន្ត​ទៅ​ទៀត​ជាមួយ​មន្រ្តី​រដ្ឋាភិបាល ជាមួយ​ពលរដ្ឋ​សាមញ្ញ ជាមួយ​សង្គម​ស៊ីវិល និង​មនុស្ស​គ្រប់​ស្រទាប់​ទាំង​អស់​ក្នុង​សង្គម​កម្ពុជា។ តាំងតែ​ពី​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​នេះ គឺ​មាន​ការ​រីក​ចំរើន​ខ្លះៗ​ដែរ ដូច្នេះខ្ញុំមិន អស់សង្ឃឹមនោះទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ខក​ចិត្ត​នោះ គឺ​ថា​បញ្ហា​ខ្លះ​គួរ​ត្រូវ​បាន​ដោះស្រាយ និង​កែ​លំអ​រួច​ហើយ»
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​ សិទ្ធិ​មនុស្ស Human Rights Watch លោក ប្រែត អាដាម (Brad Adams) ថ្លែង​ថា ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក មាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា ពីព្រោះ​រាល់​បណ្ដា​ប្រទេស​រីក​ចំរើន និង​អ្នក​វិនិយោគ​ធំៗ​នៅ​លើ​ពិភពលោក សុទ្ធសឹងតែ​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក ដូច្នេះ​ដើម្បី​អាច​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​បាន លុះ​ត្រា​កម្ពុជា ជម្រះ​ឲ្យ​អស់​នូវ​វិបត្តិ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​បំបាត់​អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​ប្រទេស​របស់​ខ្លួន​ជា​ មុន។
លោក ប្រែត អាដាម៖ «លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​បាន​ណាស់​នូវ​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​របស់​ខ្លួន ពីព្រោះ​កេរ្តិ៍​ឈ្មោះ​របស់​គាត់​ក្នុង​ពិភពលោក​ត្រូវ​គេ​ស្គាល់​ជា​បុរស​ ជើង​ខ្លាំង និង​ជា​មេដឹកនាំ​ផ្ដាច់ការ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់​មិន​អាច​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​បាន​ទេ ល្គឹកណា​គ្មាន​ការ​ផ្លាស់ប្ដូរ និង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស។ ម្យ៉ាង​ទៀត​ក្រុម​អ្នក​វិនិយោគ​អាមេរិក មាន​សារសំខាន់​ណាស់​សម្រាប់​កម្ពុជា ប៉ុន្តែ​សួរ​ថា តើ​ក្រុមហ៊ុន​ណា​ដែល​ហ៊ាន​បណ្ដាក់​ទុន​នៅ​កម្ពុជា ប្រសិន​កម្ពុជា ខ្លួន​ឯង​គ្មាន​ការ​គោរព​ច្បាប់ ហើយ​រាល់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​សុទ្ធសឹងតែ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ ពុករលួយ។ ដូច្នេះ​ក្រុមហ៊ុន​ទាំង​នោះ​នឹង​មិន​អាច​មាន​ទំនុក​ចិត្ត​រក​ស៊ី​នៅ​កម្ពុជា បាន​ទេ។ រាល់​ប្រទេស​ផ្ដល់​ជំនួយ​ធំៗ​នៅ​លើ​ពិភពលោក ភាគ​ច្រើន​ដើរ​តាម​ការ​ដឹក​នាំ​របស់​សហរដ្ឋអាមេរិក ដោយសារ​អាមេរិក មាន​ឥទ្ធិពល​លើ​បញ្ហា​ច្រើន​ណាស់​លើ​ឆាក​អន្តរជាតិ និង​នៅ​តែ​ជា​ប្រទេស​មហា​អំណាច​ដ៏​សំខាន់​មួយ​លើ​ពិភពលោក»
ចំណែក​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ កាល​ពី​ចុង​ខែ​កក្កដា អះអាង​ថា ច្បាប់​របស់​កម្ពុជា ហាក់​បង្កើត​ឡើង​សម្រាប់​មនុស្ស​ពីរ​ក្រុម គឺ​ក្រុម​ពលរដ្ឋ​សាមញ្ញ និង​ពលរដ្ឋ​វិសាមញ្ញ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​សាមញ្ញ​ជា​ក្រុម​មនុស្ស​ដែល​នៅ​ក្រោម​ច្បាប់ រី​ឯ​ពលរដ្ឋ​វិសាមញ្ញ គឺ​ជា​ក្រុម​មនុស្ស​ដែល​នៅ​លើ​ច្បាប់ ហើយ​ថា បញ្ហា​ទាំង​នេះ​កើត​ឡើង​ដោយសារ​តែ​ប្រព័ន្ធ​តុលាការ​កម្ពុជា នៅ​មិន​ទាន់​មាន​លក្ខណៈ​ស្រប​ច្បាប់។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «តុលាការ​របស់​យើង​ហ្នឹង សឹង​គ្រប់​របាយការណ៍ សូម្បី​របាយការណ៍​ថ្មីៗ​នេះ គឺ​យើង​អត់​មាន​ឯករាជ្យ​ទេ ហើយ​រឿង​បង្កើត​ដោយ​ច្បាប់​នេះ ដោយសារ​អត់​មាន​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ដូច្នេះ​តុលាការ​យើង​អត់​មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ ហើយ​អត់​ឯករាជ្យ​ទៀត​ក្នុង​ការ​កាត់​ទោស​មនុស្ស​នៅ​ឡើយ​ទេ។ ដូច្នេះ​តុលាការ​យើង​នេះ​រំលោភ​សិទ្ធិ​ជន​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​ កាត់​ទោស​ដោយ​តុលាការ​មាន​សមត្ថភាព​ឯករាជ្យ និង​ឥត​លំអៀង​ដែល​បង្កើត​ឡើង​ដោយ​ច្បាប់»
រី​ឯ​តំណាង​អ្នក​ភូមិ​បឹងកក់ អ្នកស្រី ទេព វន្នី កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា បាន​ទាមទារ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ជំរុញ​ឲ្យ​រដ្ឋាភិបាល​​បញ្ឈប់​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​តាម​រយៈ​ការ​ ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ជំរុញ​ឲ្យ​កម្ពុជា មាន​ប្រព័ន្ធ​តុលាការ​ដែល​ជា​អាច​ជឿ​ទុក​ចិត្ត​ក្នុង​ការ​រក​យុត្តិធម៌​ជូន​ ពលរដ្ឋ។
អ្នកស្រី ទេព វន្នី៖ «ពួក​ខ្ញុំ​មិន​អាច​រង់ចាំ​នូវ​ការ​ដោះស្រាយ​ដ៏​ រ៉ាំរ៉ៃ​របស់​រដ្ឋាភិបាល​កម្ពុជា ទៀត​ទេ ព្រោះ​ពួក​ខ្ញុំ​រស់​នៅ​វេទនា​ណាស់។ បើ​សិន​ជា​នៅ​តែ​បន្ត​អា​ដំណោះស្រាយ​រ៉ាំរ៉ៃ ហើយ​មាន​តែ​ការ​លាប​ពណ៌ និង​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​ប្រើប្រាស់​តុលាការ​ដែល​មិន​ឯករាជ្យ​នោះ​ធ្វើ​បាប​ពួក​ខ្ញុំ ពួក​ខ្ញុំ​នឹង​ស្លាប់​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន។ ដូច្នេះ​ខ្ញុំ​ដាក់​អក្សរ SOS នេះ ដើម្បី​ឲ្យ​គាត់​ជួយ​សង្គ្រោះ​ជីវិត​ពួក​ខ្ញុំ​តែម្ដង ជា​ពិសេស​លោក ប៉ារ៉ាក់ អូបាម៉ា និង​លោក​ជំទាវ ហ៊ីលឡារី គ្លីនតុន ត្រូវ​តែ​ដោះស្រាយ​ជំរុញ​រដ្ឋាភិបាល ដោះស្រាយ​ជម្លោះ​គ្រប់​សព្វ​បែប​យ៉ាង​នៅ​តំបន់​បឹងកក់ និង​បុរី​កីឡា ក៏​ដូច​ជា​តំបន់​ផ្សេងៗ​ដែល​កំពុង​មាន​បញ្ហា»
ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១០ ខែ​ធ្នូ ប្រកាស​ថា ប្រសិន​បើ​គ្មាន​ថ្ងៃ ៧ មករា ទេ នោះ​ក៏​គ្មាន​ការ​គោរព​សិទ្ធិ​មនុស្ស​អ្វី​នោះ​ដែរ។
លោក ហ៊ុន សែន៖ «ឥឡូវ​សិទ្ធិ​ចាប់​ផ្ដើម​ឡើង​ពី​អី? សិទ្ធិ​ចាប់​ផ្ដើម​ឡើង​ពី​ការ​រស់​រាន​មាន​ជីវិត បើ​ងាប់​ទៅ​ហើយ​តើ​ទារ​សិទ្ធិ​ហ្នឹង​មក​ពី​ណា? បើ​គ្មាន​ថ្ងៃ ៧ មករា ទេ ក៏​គ្មាន​នរណា​ដង្ហែ​សិទ្ធិ​បាន​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា ពួក​សិទ្ធិ​មនុស្ស​នៅ​ទី​ណា​ដែរ​ពេល​ហ្នឹង ហេតុ​អី​បាន​ជា​មិន​ជួយ​ផង? ពេល​ហ្នឹង​គឺ​ថា មួយ​ថ្ងៃៗ មិន​ដឹង​ថា សម្លាប់​អស់​ប៉ុន្មាន។ ប៉ុន្តែ​សិទ្ធិ​មនុស្ស មិន​មែន​ថា រស់​ហើយ​ឲ្យ​គេ​សង្កត់សង្កិន​ទេ តែ​សំខាន់​បំផុត​គឺ​ឲ្យ​រស់​សិន​វើយ!»
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

We have missed Chut Vuthy very much! May he rest in Peace!