ដោយ ទេព សុរ៉ាវី 2012-12-31 RFA
អ្នកបឹងកក់ប្រមាណ ៥០នាក់ ប្រមូលផ្ដុំគ្នានៅព្រឹកថ្ងៃទី៣១
ខែធ្នូ ឆ្នាំ២០១២ បែរបន់តាមបែបជំនឿសាសនា
ដាក់បណ្ដាសាដល់មន្ត្រីតុលាការរាជធានីភ្នំពេញ ដែលអ្នកភូមិយល់ថា
ជាតុលាការប្រព្រឹត្តអំពើពុករលួយ និងមិនឯករាជ្យ។
នេះជាលើកទី១ហើយ ដែលអ្នកភូមិបឹងកក់
ប្រារព្ធពិធីដាក់បណ្ដាសាទៅប្រព័ន្ធតុលាការកម្ពុជា
បន្ទាប់ពីតុលាការបានផ្ដន្ទាទោសតំណាងអ្នកភូមិម្នាក់ គឺអ្នកស្រី
យ៉ោម បុប្ឆា ឲ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ។
នៅមុខសាលាដំបូងក្រុងភ្នំពេញ អ្នកភូមិបឹងកក់ បានយកធ្យូង អង្ករ
អំបិល ម្ទេស ដី ស្លឹកត្រាវរមាស់
សម្រាប់ធ្វើពិធីដាក់បណ្ដាសាឲ្យស្របតាមក្បួនរបស់ខ្មែរ
ដែលធ្លាប់ធ្វើកន្លងមក ដោយមានបាយសីចំនួន ៥ថ្នាក់ និងដើមចេក
ដោតសុទ្ធតែលុយដុល្លារក្លែងក្លាយប្រឡាក់ឈាម។
អ្នកភូមិអុជធូប
និងយកគ្រឿងសក្ការៈដាក់បណ្ដាសាទាំងនោះទៅដុតខ្លះ
និងខ្លះទៀតបាចចូលទៅក្នុងរបងតុលាការ
ជាសញ្ញាឲ្យមន្ត្រីតុលាការដែលប្រព្រឹត្តខុសពីវិជ្ជាជីវៈរបស់ខ្លួន
ក្ដៅក្រហល់ក្រហាយ រមាស់ធ្វើការមិនសុខ
និងស្រែកជេរដាក់បណ្ដាសាតាមមេក្រូ
ឲ្យលឺខ្ទរទៅដល់មន្ត្រីតុលាការ។
សំឡេង៖ «ឲ្យអ្នកឯងងាប់ដោយធ្លាក់យន្តហោះ
ឲ្យអ្នកឯងងាប់ដោយក្រឡាប់ឡាន ឲ្យអ្នកឯងងាប់ដោយលិចទូក។
អ្នកធ្វើល្អឃើញល្អ អ្នកធ្វើអាក្រក់ឃើញអាក្រក់។
ថ្ងៃនេះអ្នកឯងសើច អ្នកឯងសប្បាយ អ្នកឯងរស់នៅក្នុងម៉ាស៊ីនត្រជាក់
ប៉ុន្តែមិនយូរប៉ុន្មានទេ អ្នកឯងនឹងស្លាប់ អ្នកឯងនឹងវិនាស
ព្រាត់ប្រាសប្រពន្ធកូន នេះជាបណ្ដាំរបស់ពួកយើង
យើងសូមដាក់បណ្ដាសាអ៊ីចឹង»។
អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់ ថ្លែងថា
ការសម្រេចក្តីរបស់ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ
ដែលបានផ្ដន្ទាទោសដាក់ពន្ធនាគារលើអ្នកស្រី យ៉ោម បុប្ផា ចំនួន ៣ឆ្នាំ
ក្នុងរឿងបង្ករបួសស្នាម
ព្រួតគ្នាវាយទៅលើបុរសអ្នករត់ម៉ូតូឌុបពីរនាក់ កាលពីថ្ងៃទី២៧
ខែធ្នូ កន្លងទៅ ថាជារឿងអយុត្តិធម៌
ហើយទាមទារឲ្យតុលាការសើរើរឿងក្តី និងដោះលែងអ្នកស្រី យ៉ោម បុប្ផា
ឲ្យមានសេរីភាពឡើងវិញ។
អ្នកភូមិបឹងកក់ ចាត់ទុកថា អ្នកស្រី យ៉ោម បុប្ឆា
ជាអ្នកទោសក្លែងក្លាយ ដូច្នេះអ្នកភូមិបឹងកក់
សម្រេចយកលុយដុល្លារក្លែងក្លាយ ឬលុយខ្មោច ដោតនឹងដើមចេកចំនួន
១ម៉ឺន៥ពាន់ដុល្លារ ដែលស្មើនឹង ៦០លានរៀល
ឲ្យតុលាការសម្រាប់បង់ពិន័យប្រាក់ដែលតុលាការបានទាមទារសំណងជំងឺ
ចិត្តពីអ្នកស្រី យ៉ោម បុប្ឆា។
អ្នកស្រី ទេព វន្នី៖ «ពួកខ្ញុំជាអ្នកទោសក្លែងក្លាយ
អ៊ីចឹងពួកខ្ញុំត្រូវយកលុយក្លែងក្លាយនឹងយកទៅដូរឲ្យពួកគាត់
ហើយដុល្លារពួកខ្ញុំដូរនឹងមួយដុល្លារ ៤ពាន់រៀលគត់
ហើយប្រឡាក់ទៅដោយញើស និងឈាមរបស់ពួកខ្ញុំ ដែលដោតនឹងចេកហ្នឹង
ឲ្យពួកគាត់យកទៅចុះ ហើយសុំឲ្យគាត់ដោះលែងអ្នកស្រី យ៉ោម បុប្ឆា
មកវិញ ដែលជាអ្នកទោសក្លែងក្លាយ មិនមែនជាអ្នកទោសពិតប្រាកដ
ហើយឲ្យគាត់ហ្នឹងទៅសិក្សា និងស្រាវជ្រាវសាជាថ្មី
រំលឹកមើលសៀវភៅច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិឡើងវិញ»។
ការប្រមូលផ្តុំរបស់អ្នកភូមិបឹងកក់ ជាថ្មីម្ដងទៀតនេះ
ធ្វើឡើងនៅមុខសាលាដំបូងរាជធានីភ្នំពេញ មុននឹងប៉ូលិសប្រមាណ ៥០នាក់
បានរុញច្រានក្រុមអ្នកភូមិឲ្យទៅនៅម្ខាងផ្លូវទល់មុខតុលាការវិញ
ដើម្បីកុំឲ្យកកស្ទះចរាចរណ៍។
ប៉ុន្តែមិនមានការប៉ះទង្គិចណាមួយរវាងគ្នានឹងគ្នានោះទេ។
ទោះជាយ៉ាងណា
គេមិនឃើញមានមន្ត្រីតុលាការណាម្នាក់ចេញមកជួបចរចាជាមួយអ្នកភូមិ
ឲ្យបញ្ឈប់ការតវ៉ានោះទេ ក្រៅតែដំណឹងធ្លាយពីខាងមន្ត្រីតុលាការ
ថាគ្រប់សវនាការដែលត្រូវបើកនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ទាំងអស់
ត្រូវរំសាយចោល។
លោក អំ សំអាត
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូ ( Licadho)
ឲ្យដឹងថា ការដាក់បណ្ដាសារបស់អ្នកភូមិបឹងកក់
ដោយសារតែពួកគាត់អស់ជំនឿលើប្រព័ន្ធតុលាការ។ លោកយល់ឃើញថា
ត្បិតអ្នកភូមិធ្វើពិធីតាមជំនឿអរូបី
ប៉ុន្តែវាជាចិត្តសាស្ត្រមួយសម្រាប់ពលរដ្ឋខ្មែរដែលជឿលើកម្មផល
ឲ្យខ្លាចរអា ភិតភ័យចំពោះទំនាយដាក់បណ្ដាសាទាំងនោះ
ជាពិសេសតុលាការឧទ្ធរណ៍ ដែលនឹងបើកសវនាការលើករណីអ្នកស្រី យ៉ោម
បុប្ឆា នៅពេលខាងមុខ អាចពិចារណាឲ្យបានល្អិតល្អន់
ដោយផ្នែកតាមគតិយុត្តិ និងគតិច្បាប់
ក្នុងការវិនិច្ឆ័យឲ្យបានត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
1 comment:
រាស្ត្រខ្មែរគួរធ្វើនូវទង្វើជាក់ស្តែងវិញ ជាជាងជឿរទៅលើរឿងអបិយជំនឿ បើចង់បានយុត្តិធម៍រើសមេដឹកនាំល្អទៅវាចប់បាត់ហើយ បើដឹកថាអាមនុស្សដដែលវាធ្វើការមិនកើតហើយ នៅទ្រាំទុកដល់ណាទៀត។
Post a Comment