Monday, December 31, 2012

ប្អូន​ជា វិជ្ជា​ប្រកាស​ដក​ពាក្យ​បណ្តឹង​ព្រោះ​អស់​ជំនឿ​លើ​តុលាការ

លោក​និយាយ​ថា​៖ «​នេះ​ជា​សារ​មួយ​ ដែល​ខ្ញុំ​​ផ្ញើ​ឲ្យ​ពិភពលោក​បាន​ដឹង​ថា ខ្ញុំ​ជា​ដើម​បណ្តឹង ​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​ហើយ​ ពី​ព្រោះ​ខ្ញុំ​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​ខ្មែរ​ហើយ​»។
នគរ​បាល​នាំ​ប៊ន សំណាង និង​សុក សំអឿន ចេញ​ពី​ឧទ្ធរណ៍​ពី​សប្តាហ៍មុន​។ រូបថត វីរៈ
ភ្នំពេញៈ បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​ផ្តន្ទាទោស​សាជា​ថ្មី ឲ្យ​លោក សុក សំអឿន និង​លោក ប៊ន សំណាង ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន ចាត់​ទុក​ជា​ឃាតក «សិប្បនិម្មិត» ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន​២០​ឆ្នាំ ​ពី​បទ​បាញ់​សម្លាប់​លោក​ជា វិជ្ជា ប្រធាន​សហជីព​សេរីកម្មករ លោក​ជា មុនី ដែល​ជា​ដើម​បណ្តឹង​បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​នឹង​ដក​ពាក្យ​បណ្តឹង​វិញ ប្រសិន​បើ​ឃាតក «សិប្ប​និម្មិត​» ទាំង​ពីរ​នាក់​ត្រូវ​បាន​គេ​ដោះ​លែង។
លោក ​ជា​ មុនី ដែល​ជា​ប្អូន​ប្រុស​របស់​លោក​ជា វិជ្ជា និង​ជា​ប្រធាន​សហជីព​សេរីកម្មករ​បាន​ថ្លែង កាល​ពី​ម្សិលមិញ​ថា លោក​នឹង​ដក​ពាក្យ​បណ្តឹង​របស់​លោក​ ដើម្បី​ផ្តល់​យុត្តិធម៌ ដល់​ឃាតក​សិប្បនិម្មិត​ទាំង​ពីរ​នាក់​ ឲ្យ​មាន​សេរី​ភាព​វិញ ពីព្រោះ​លោក​មិន​អាច​ស្វែងរក​យុត្តិធម៌​ ជូន​បង​ប្រុស​របស់​លោក​បាន​នោះ​ទេ។ លោក​ថ្លែង​ថា៖ «​ខ្ញុំ​នឹង​ដក​ពាក្យ​បណ្តឹង​របស់​ខ្ញុំ​ភ្លាម នៅ​ពេល​ដែល​តុលាការ ប្រកាស​ថា ដោះ​លែង​ឃាត​កសប្ប​និម្មិត​ទាំង​ពីរ​នាក់ ឲ្យ​មាន​សេរី​ភាព​វិញ»។​ លោក​បន្ត​ថា នៅ​ក្នុង​ពាក្យ​បណ្តឹង​របស់​លោក​ គឺ​ប្តឹង​រក​ឃាតក​ពិត​ និង​អ្នក​នៅ​ពី​ក្រោយ​ឃាតក​ពុំ​មែន​ប្តឹង​ឲ្យ​ចាប់​ឃាតក​សិប្បនិម្មិត​មក ផ្តន្ទាទោស​នោះ​ទេ​។

លោក​និយាយ​ថា​៖ «​នេះ​ជា​សារ​មួយ​ ដែល​ខ្ញុំ​​ផ្ញើ​ឲ្យ​ពិភពលោក​បាន​ដឹង​ថា ខ្ញុំ​ជា​ដើម​បណ្តឹង ​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​ហើយ​ ពី​ព្រោះ​ខ្ញុំ​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​ខ្មែរ​ហើយ​»។
សុក សំអឿន និង​លោក ប៊ន សំណាង ត្រូវ​បាន​សាលា​ដំបូង​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​ម្តង​ហើយ​ កាល​ពី​ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​២០០៥ ឲ្យ​ជាប់​គុក​ម្នាក់ៗ ២០​ ឆ្នាំ ក្រោម​បទ​ចោទ​ថា បាន​បាញ់​សម្លាប់​លោក ជា វិជ្ជា កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ កន្លង​ទៅ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ក្រោយ​ពី​ជាប់​ពន្ធនាគារ​ប្រមាណ​ជា ៥ ឆ្នាំ ដែល​មាន​រយៈពេល ១៧៧៩​ថ្ងៃ នៅ​ទី​បំផុត តុលាការ​កំពូល ​បាន​សម្រេច​ធ្វើ​ការ​ដោះ​លែង​បណ្តោះ​អាសន្ន​នៅ​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០០៨ ដោយ​បញ្ជា​ឲ្យ​សាលា​ឧទ្ធរណ៍​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​ថ្មី។ ក្រោយ​ពី​មាន​សេរីភាព​នៅ​ក្រៅ​ឃុំ ប្រមាណ​៤ឆ្នាំ នៅ​ថ្ងៃ​ទី ២៧ ខែ​ធ្នូ សាលា​ឧទ្ធរណ៍ បាន​ប្រកាស​សាល​ដីកា​ផ្ដន្ទាទោស​ជា​ថ្មី​ ឲ្យ​ពួក​គេ​ទាំង​ពីរ​នាក់​ជាប់​គុក​ម្នាក់ៗ​ចំនួន​២០​ឆ្នាំ ក្រោម​បទ​ចោទ​ដូច​កាល​ពី​មុន​។ អ្ន​ក​ទាំង​ពីរ​ ត្រូវ​រួម​គ្នា​សង​ជំងឺ​ចិត្ត​ ជូន​គ្រួសារ​សព​របស់​លោក ជា វិជ្ជា ចំនួន​៤០​លាន​រៀល ស្មើ​នឹង​១​ម៉ឺន​ដុល្លារ​អាមេរិក។
លោក​សុខ សំអឿន​ នាយក​ប្រតិបត្តិ​ អង្គការ​ក្រុម​អ្នក​ច្បាប់ ការពារ​សិទ្ធិ​មនុស្ស បាន​ថ្លែង​ថា​ ​លោក​ជា​ មុនី អាច​ដក​ពាក្យ​បណ្តឹង​របស់​គាត់​បាន​ តែ​បើ​និយាយ​អំពី​នីតិវិធី​ច្បាប់​វិញ​ សំណុំ​រឿង​ព្រហ្មទណ្ឌ គឺ​នៅ​ដដែល មាន​ន័យ​ថា​ អ្នក​ទាំង​ពីរ​នាក់​នោះ​ពុំ​អាច​ដោះ​លែង​បាន​ទេ​បើ​ទោះ​បី​ជា​លោក​ជា​ មុនី ដក​ពាក្យ​បណ្តឹង​ក៏​ដោយ​។ លោក​បាន​ថ្លែង​ថា​៖«​បើ​យើង​និយាយ​អំពី​នីតិវិធី​ច្បាប់​ មិន​អាច​ទៅ​រួច​ទេ តែ​បើ​យើង​និយាយ​អំពី​រឿង​នយោបាយ​វា​ផ្សេង​»។​
លោក ឈឹម សុវណ្ណារី មេធាវី​របស់​ជន​ជាប់​ចោទ ​ប៊ន សំណាង បាន​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​ពាក្យ​បណ្តឹង​សារ​ទុក្ខ​ ទៅ​តុលាការ​កំពូល​រួច​ហើយ​ កាល​ពី​ថ្ងៃទី​ ២៧ ខែ​ធ្នូ​។ ​លោក​​បន្ត​​ថា​៖ «​កូន​ក្តី​របស់​ខ្ញុំ​អាច​មាន​សេរីភាព​វិញ លុះ​ត្រា​តែ​ព្រះ​រាជ​អាជ្ញា​ទម្លាក់​បទ​ចោទ​ បើ​គ្រាន់​តែ​លោក​ជា​ មុនី ដក​ពាក្យ​បណ្តឹង​ ក៏​ពួក​គេ​នៅ​ជាប់​ពន្ធនាគារ​ដដែល​ដែរ»។
លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ថ្លែង​ថា នេះ​គឺជា​ឆន្ទៈ​របស់​លោក​ជា មុនី ដែល​គាត់​អស់​សង្ឃឹម ក្នុង​ការ​សែ្វងរក​យុត្តិធម៌ ​ជូន​បង​​ប្រុស​របស់​គាត់​។ លោក​ថ្លែង​ថា​៖ «​នេះ​គឺជា​ការ​ដោះ​ដូរ​របស់​លោក​ជា មុនី​ តែ​នៅ​ក្នុង​រឿង​ព្រហ្មទណ្ឌ មិន​ចាំបាច់​មាន​ដើម​បណ្តឹង​នោះ​ទេ ​គឺ​ព្រះ​រាជ​អាជ្ញា​នៅ​ស៊ើប​បន្ត​ដដែល​ គឺ​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​ពីរ ត្រូវ​ប្តឹង​សារ​ទុក្ខ​ទៅ​តុលាការ​កំពូល​។ តែ​បើ​តាម​ខ្ញុំ​មើល​ឃើញ​មិន​ថា​ឡើយ​មាន​តុលាការ​ពីរ​ទៅបី​ហ្នឹង​ទេ​ បើ​មាន​រហូត​ដល់​១០០ ក៏​ពុំ​អាច​រក​យុត្តិធម៌​ឃើញ​ដែរ​ បើ​ភស្តុ​តាង​ដាក់​បន្ទុក នៅ​តែ​ពុំ​មាន​អ្វី​ថ្មី​ទេ​នោះ»៕


No comments: