ភ្នំពេញ៖ បន្ទាប់ពីតុលាការដំបូង ខេត្តស្វាយរៀង
បានធ្វើការបញ្ជូនសំណុំរឿង ឈូក បណ្ឌិត មកជំនុំជម្រះ
បន្តនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ត្រូវបានក្រុមមន្រ្តី អង្គការសង្គមស៊ិវិល
ដែលធ្វើការតាមដាន ទៅលើករណីនេះ បានបញ្ចេញមតិផ្សេងៗគ្នាអំពីបញ្ហានេះ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍នៅថ្ងៃទី២
ខែមករា ឆ្នាំ២០១៣ថា លោកស្វាគមន៍ ចំពោះតុលាការដំបូងខេត្តស្វាយរៀង ដែលបាន
ទម្លាក់ការចោទប្រកាន់ ហើយសាលាឧទ្ធរណ៍ ដែលនឹងបើកសវនាការបន្ត ចំពោះករណីលោក
ឈូក បណ្ឌិត ដែលជាជនសង្ស័យ បានបាញ់ប្រហារមកលើ កម្មការិនីបីនាក់
ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នាពេលកន្លងមកនោះ ដែលនេះក៏ជាតម្រុយមួយដ៏ល្អ
សម្រាប់ការរកយុត្តិធម៌ ដល់កម្មការិនីទាំងបីនាក់ដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏លោកមិនទាន់មានសង្ឃឹមថា
តុលាការនឹងរកយុត្តិធម៌ឃើញ ហើយនឹងធ្វើការ ចោទប្រកាន់លើលោក ឈូក បណ្ឌិត ទេ
«ព្រោះ កន្លងមក អ្នកដែលមានខ្នងធំៗអីចឹង មិនងាយជាប់ទោសទេ។
អីចឹងខ្ញុំអត់ទាន់មានសង្ឃឹមទេ ប៉ុន្តែខ្ញុំស្វាគមន៍ ហើយខ្ញុំនឹងរង់ចាំមើល
ប្រសិនបើសាលាឧទ្ធរណ៍ មានឆន្ទៈ ក្នុងការស្តារកិត្តិយសរបស់តុលាការ»។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគម
គ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍ថា លោកមិនមានទំនុកចិត្តទៅលើ ប្រពន្ធ
តុលាការនៅប្រទេសកម្ពុជានោះឡើយ ព្រោះជារឿយៗកត់សម្គាល់ឃើញថា
សាលាឧទ្ធរណ៍គ្រាន់តែជាអ្នកបន្ទរ ទៅតាមសាលាដំបូងតែប៉ុណ្ណោះ
គ្មានការវិនិច្ឆ័យ ទៅតាមក្រមវិជ្ជាជីវៈរបស់ខ្លួនទេ។
លោកបន្ថែមថា «យើងគ្មានសង្ឃឹមថា នឹងបានយុត្តិធម៌ទេ ឬក៏ការដុតដៃដុតជើង ក្នុងការវែកមុខ នាំឈូកបណ្ឌិតយកមកផ្តន្ទាទោបានទេ»។
តុលាការដំបូងរបស់ខេត្តស្វាយរៀង បានកំណត់ផ្ទេរសំណុំរឿងប្រឆាំង លោក ឈូក
បណ្ឌិត អតីតអភិបាលក្រុងស្វាយរៀង ខេត្តស្វាយរៀង មកកាន់ សាលាឧទ្ធរណ៍
នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៣ ដើម្បីស៊ើបអង្កេត និងចោទប្រកាន់លើបទឧក្រិដ្ឋ
ដែលនាំទៅដល់ការជំនុំជម្រះ បន្ទាប់ពីតុលាការខេត្តស្វាយរៀង បានលើកលែង
ការចោទប្រកាន់ពីបទ បង្ករបួសស្នាមដោយអចេតនា
ទៅលើកម្មករបីនាក់កាលពីអំឡុងពេលតវ៉ានៅខែកុម្ភៈ ឆ្នាំ២០១២កន្លងមក
នេះបើយោងតាមការចុះផ្សាយ របស់កាសែតភ្នំពេញប៉ុស្តិ៍៕
1 comment:
ពួកតុលាការទាំងអស់នោះដែលធ្វើឲ្យហ៊ុនសែន
បាក់មុខបាក់មាត់បែបនេះ បើសិនសហគមន៍
អន្តរជាតិគាបសង្កត់ហ៊ុន សែនលើប្រព័ន្ធយុត្តិធម៌
ឬនយោបាយ ហើយត្រូវហ៊ុន សែនបោះបង់
ចោលឬដកគ្រវាត់ចោលនោះ ពួកនោះពិតជា
ភ្លឺភ្នែក ពេលនេះគេកំពុងត្រូវការកំចាត់កំចាយ
អ្នកស្នេហាជាតិ មិនខុសពីស្ពានគេកំពុងឆ្លង
ពេលគេឆ្លងហើយគេនឹងរុះចោលមិនខាន ។
Post a Comment