http://www.youtube.com/watch?v=4QjDMyAuSPQ
ដោយ កែវ និមល 2013-01-02 RFA
ជំនឿរបស់ប្រជាពលរដ្ឋទៅលើចៅក្រម និងមន្ត្រីតុលាការកម្ពុជា
កំពុងបាត់បង់។ ចំណែកកេរ្តិ៍ឈ្មោះតុលាការកាន់តែចុះថយខ្លាំង
ដោយសារការកាត់ទោសមួយចំនួនមិនត្រឹមត្រូវនៅចុងឆ្នាំ២០១២
កន្លងមកនេះ។
តើការកាត់ទោស និងការសម្រេចក្ដីនោះមានអ្វីខ្លះ បានជាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះតុលាការខ្លាំងម្ល៉េះ?
ប្រជាពលរដ្ឋ និងសកម្មជនការពារសិទ្ធិមនុស្ស មានប្រតិកម្ម និងតវ៉ាជាខ្លាំងចំពោះករណីកាត់ទោសរបស់ចៅក្រមតុលាការ ទៅលើរឿងក្តីមួយចំនួននៅចុងឆ្នាំ២០១២ នេះ ដោយសារគេយល់ឃើញថាការកាត់ទោសនោះមានភាពអយុត្តិធម៌ច្បាស់ក្រឡែត។
រឿងក្តីដែលប្រជាពលរដ្ឋ និងសកម្មជនការពារសិទ្ធិមនុស្សចាប់អារម្មណ៍នោះ គឺទី១ ការសម្រេចសេចក្តីរបស់ចៅក្រមសាលាឧទ្ធរណ៍ ឲ្យឈ្មោះ ប៊ន សំណាង និងសុក សំអឿន ជាប់ពន្ធនាគារចំនួន ២០ឆ្នាំឡើងវិញ ក្រោយពីចៅក្រមតុលាការកំពូលបានសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្ដោះ អាសន្នអស់ពេលជិត ៤ឆ្នាំមក។
រឿងទី២ ដែលប្រជាពលរដ្ឋមើលឃើញថាមានភាពអយុត្តិធម៌ច្បាស់ក្រឡែតនោះ គឺការសម្រេចរបស់ព្រះរាជអាជ្ញាខេត្តស្វាយរៀង លើកលែងមិនចោទប្រកាន់លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ពីបទបានបាញ់ធ្វើឲ្យរងរបួសកម្មការិនីចំនួន ៣នាក់ ក្នុងពេលមានបាតុកម្មតវ៉ាមួយនៅរោងចក្រកាត់ដេរកៅវ៉េ ក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តស្វាយរៀង។
រឿងក្តីទី៣ ដែលប្រជាពលរដ្ឋចោទថាតុលាការសម្រេចសេចក្តីមិនត្រឹមត្រូវនោះ គឺទាក់ទងជាមួយការកាត់ទោសឲ្យអ្នកស្រី យ៉ោម បុប្ផា សកម្មជនការពារដីនៅតំបន់បឹងកក់ ឲ្យជាប់ពន្ធនាគារចំនួន ៣ឆ្នាំ និងពិន័យជាប្រាក់មួយចំនួន។
និងរឿងទី៤ គឺរឿងតុលាការកាត់ទោសឲ្យលោក ម៉ម សូណង់ដូ ជាប់ពន្ធនាគារ ២០ឆ្នាំ ពីបទចូលរួមបង្កើតតំបន់អបគមន៍ នៅខេត្តក្រចេះ។ សំណុំរឿងលោក ម៉ម សូណង់ដូ នេះ ត្រូវបានប្រជាពលរដ្ឋយល់ថាជារឿងនយោបាយ និងជាការចោទប្រកាន់ទាំងបំពាន ពីព្រោះគេជឿថា លោក ម៉ម សូណង់ដូ មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។
លោក ជា មុន្នី ជាដើមបណ្តឹងទាក់ទងរឿងឃាតកបាញ់សម្លាប់បងប្រុសរបស់លោក ឈ្មោះ ជា វិជ្ជា នោះ បានហៅការកាត់ទោសឲ្យលោក ប៊ន សំណាង និងសុក សំអឿន ជាប់ពន្ធនាគារចំនួន ២០ឆ្នាំឡើងវិញនោះ ថាជារឿងមិនត្រឹមត្រូវ ហើយលោកបានសុំដកពាក្យប្ដឹងរឿងឃាតកបាញ់សម្លាប់បងប្រុសរបស់លោក ចេញ និងសុំឲ្យតុលាការដោះលែងមនុស្សទាំង ២នាក់នោះទៅ៖ «បច្ចុប្បន្ន នេះ យើងដឹងហើយថា មានភាពលំអៀងមិនអាចទទួលយកបាន។ អីចឹងហើយបានជាសង្គមស៊ីវិលជាតិ និងអន្តរជាតិ តែងតែចាត់ទុកថា តុលាការនេះនៅក្រោមគណបក្សកាន់អំណាច។ សម្រាប់ខ្ញុំ គឺមើលឃើញអីចឹងតែម្តង ពីព្រោះមានករណីជាច្រើនដែលទាក់ទងការកាត់ក្តីរបស់តុលាការនេះ គឺមិនសំអាងទៅលើភស្តុតាង និងវិជ្ជាជីវៈមកប្រើប្រាស់ទេ»។
ចំណែកលោក អំ សំអាត អ្នកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) មានប្រសាសន៍ថា ការកាត់ទោសមិនបានត្រឹមត្រូវ គឺបង្ហាញថាចៅក្រមតុលាការនោះមិនឯករាជ កាត់ក្តីលំអៀង ហើយធ្វើឲ្យប្រជាពលរដ្ឋបាត់ជំនឿលើតុលាការ៖ «សាធារណជន និងសាធារណមតិយល់ថា តុលាការយើងមិនឯករាជទេ។ យើងឃើញថា ប្រព័ន្ធតុលាការនេះកំពុងធ្លាក់ចុះ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនោះ»។
លោក អំ សំអាត បានបន្ថែមថា ដោយសារប្រជាពលរដ្ឋគ្មានជំនឿលើការកាត់ទោសនេះហើយ បានជានៅកន្លែងខ្លះប្រជាពលរដ្ឋបានងាកទៅរកជំនឿអរូបិយ និងព្រះអាទិទេព ឲ្យជួយផ្តល់យុត្តិធម៌ឲ្យពួកគាត់ និងដាក់ទំនាយទៅដល់ចៅក្រមតុលាការដែលកាត់ក្តីអយុត្តិធម៌៖ «ថ្មីៗ នេះ មានសហគមន៍មួយចំនួនអស់ជំនឿលើប្រព័ន្ធតុលាការ។ គាត់ងាកទៅរកការបួងសួង ការដាក់បណ្ដាសា ដើម្បីដាស់ស្មារតីឲ្យបុគ្គលមួយចំនួនងាកមកប្រកាន់តាមវិជ្ជាជីវៈ វិញ»។
លោក អំ សំអាត មានយោបល់ថា បើសិនជាប្រជាពលរដ្ឋមានជម្លោះ ឬមានបញ្ហា ហើយទៅរកចៅក្រមតុលាការឲ្យជួយរកយុត្តិធម៌ឲ្យមិនបាននោះ ពេលនោះពួកគេច្បាស់ជាដោះស្រាយជម្លោះតាមរបៀបផ្ទាល់ខ្លួនជាមិន ខាន។ ការដោះស្រាយជម្លោះតាមរបៀបផ្ទាល់ខ្លួននេះ អាចនាំទៅរកការបដិវត្តប្ដូរការគ្រប់គ្រងសង្គមទៀតផង។
រីឯលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានយោបល់ថា ការកាត់ទោសដោយមិនផ្អែកលើភស្តុតាងច្បាស់លាស់នោះហើយ ដែលធ្វើឲ្យការកាត់ទោសគ្មានយុត្តិធម៌ ហើយរឿងនេះកំពុងតែរីករាលដាល មិនគ្រាន់តែប៉ះទៅលើប្រជាពលរដ្ឋតូចតាចប៉ុណ្ណោះទេ តែប៉ះទៅលើអ្នករកស៊ី និងមន្ត្រីរាជការផងដែរ។
លោក អ៊ូ វីរៈ បានលើកឡើងថា សង្គមមួយដែលប្រព័ន្ធច្បាប់ និងតុលាការមិនបានផ្តល់យុត្តិធម៌ឲ្យគូជម្លោះនោះ មុខជាភាគីជម្លោះនិមួយៗប្រើកម្លាំង និងអំពើហិង្សាដាក់គ្នាជាមិនខាន ដើម្បីយកឈ្នះរៀងខ្លួន៖ «នៅ ពេលប្រទេសមួយមានប្រព័ន្ធដោះស្រាយជម្លោះមិនអាចទុកចិត្តបាន ដោះស្រាយបានត្រឹមត្រូវនោះ គេទុកចិត្តបាន មានន័យថា ប្រទេសនោះពោរពេញដោយជម្លោះ និងហិង្សា។ ហើយសង្គមបែបនេះ ងាយឈ្លោះគ្នាណាស់ ជាក់ស្តែងយើងឃើញម៉ូតូបុកគ្នា គេឈ្លោះគ្នាសិន»។
លោក អ៊ូ វីរៈ យល់ថា ការពង្រឹងច្បាប់ និងប្រព័ន្ធតុលាការជាការចាំបាច់ ហើយភារកិច្ចនោះជាភារកិច្ចរបស់ប្រជាពលរដ្ឋ និងសមាជិកសភាតំណាងប្រជាពលរដ្ឋ ដែលត្រូវបង្កើតច្បាប់ឲ្យបានគ្រប់គ្រាន់ ដើម្បីកែតម្រង់ឲ្យចៅក្រមតុលាការធ្វើការកាត់សេចក្តីឲ្យបាន ត្រឹមត្រូវ កុំលំអៀង។
ប្រតិកម្មតបចំពោះការលើកឡើងថា ការកាត់ទោសមួយចំនួននៅចុងឆ្នាំ២០១២ ប្រជាពលរដ្ឋយល់ថាមិនយុត្តិធម៌ ត្រឹមត្រូវនោះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងតែពិនិត្យពីការកែទម្រង់ និងពង្រឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហើយការកាត់ទោសណាដែលមិនត្រឹមត្រូវនោះ តែងតែមានប្រតិកម្មតប ដូចជាករណីលោក ឈូក បណ្ឌិត នោះ គឺអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ក៏បានប្ដឹងដើម្បីយករឿងនោះមកពិនិត្យឡើងវិញហើយ។
លោក ផៃ ស៊ីផាន៖ «ការវិនិច្ឆ័យរបស់ប្រជាពលរដ្ឋនេះ វាជាការចាប់អារម្មណ៍ខ្ពស់របស់ប្រជាពលរដ្ឋទៅលើតុលាការរបស់ខ្លួន។ ហើយនៅខាងជ្រុងរដ្ឋាភិបាល យើងបានពង្រឹងបន្ថែមទៀត ដូចជាការកែទម្រង់ប្រព័ន្ធយុត្តិធម៌។ ហើយកាលណាគេមើលឃើញថាមិនប្រក្រតីទេ គេមាននីតិវិធីជាច្រើន ដើម្បីបន្តទៀត ដូចជាថ្មីៗនេះ ប្រតិកម្មរបស់តុលាការឧទ្ធរណ៍ចំពោះការសម្រេចសេចក្តីរបស់តុលាការ ស្វាយរៀង ជាដើម»។
លោក ផៃ ស៊ីផាន បានបដិសេធចំពោះការចោទប្រកាន់ពីមជ្ឈដ្ឋាននានាថា ចៅក្រមតុលាការនៅក្រោមអំណាចឥទ្ធិពលរបស់គណបក្សកាន់អំណាច ហើយលោកកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមមួយចំនួន ក្នុងការកែទម្រង់តុលាការនៅកម្ពុជា ដោយបង្កើតឲ្យមានច្បាប់ស្ដីពីវត្ថុតាងជាដើម។ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា វិស័យតុលាការ ជាអង្គការមានអំណាចមួយដោយឡែកមិននៅចំណុះរដ្ឋាភិបាលទេ។ តែលោកបានទទួលស្គាល់ថា វិស័យតុលាការរបស់កម្ពុជា នៅមានចំណុចមួយចំនួនត្រូវបំពេញបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
To Keo Nimol and other news contributors,
Why do you like to use Khmer carved letter instead of regular manuscript? Does it make your article more important?
This type of letter is reserved for headlines and other important reasons. It is hard to read and wastes much ink when having it printed.
Please consider using regular letter in your regular news, unless you wanted to make it more important. In that case, you should self-proclaim as a 4-gold star writer just like some idiot generals in Srok Khmer.
Forgive my language, but I'm a bit frustrated when seeing what you've done.
Thanks for keep posting and sharing the news.
Happy New Year!
DO NOT SAD PEOPLE JUSTICE IN CAMBODIA MADE IN HANOI YOU LOOK AT THEIR FACES IN THE PICTURES WHICH ONE REAL KHMER .KRANHUN EASAN EYE ON EAST AND SOUTH BORDER FROM 1959.
Post a Comment