http://www.youtube.com/watch?v=iseMOV_YJL4&feature=youtu.be
ដោយ រដ្ឋា វីសាល 2013-01-13 RFA
ច្រើនឆ្នាំកន្លងទៅនេះ អាជ្ញាធរខេត្តរតនគិរី ទទួលស្គាល់ថា
ដីព្រៃឈើរាប់ម៉ឺនហិកតារ ត្រូវបានគេកាប់រានដើម្បីយកដី
បើទោះបីច្បាប់ព្រៃឈើបានចែងថា
នេះជាករណីរំលោភច្បាប់យ៉ាងណាក្ដី។
នៅស្រុកអណ្ដូងមាស មានសេចក្ដីរាយការណ៍ថា តំបន់ព្រៃឈើបន្ថែមទៀត នឹងត្រូវគេកាប់រាននៅពេលខាងមុខនេះ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ប្រសិនបើក្រុមអាជ្ញាធរពាក់ព័ន្ធមិនចាត់វិធានការទប់ស្កាត់ទាន់ពេល វេលានោះទេ។
អ្នកឃ្លាំមើលបញ្ហាព្រៃឈើខេត្តរតនគិរី អំពាវនាវឲ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ចំពោះចលនាលក់ដីតំបន់ព្រៃឈើ និងគម្រោងការកាប់រានព្រៃរំលោភច្បាប់ ដើម្បីយកដីជាកម្មសិទ្ធិ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ហៅកាត់ថា អាដហុក (ADHOC) ប្រចាំខេត្តរតនគិរី លោក ឆាយ ធី នៅថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៣ ឲ្យដឹងថា ដីតំបន់ព្រៃឈើនៅសងខាងផ្លូវធ្វើដំណើរពីស្ពានដែកឆ្លងទន្លេ សេសាន ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ប្រមាណ ៣គីឡូម៉ែត្រ ត្រូវគេចូលទៅបោះបង្គោលចាប់យកលើដីព្រៃ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅសម្ពោធស្ពានឆ្លងកាត់ទន្លេនេះកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១២។
លោកបន្តថា ដីព្រៃនៅតំបន់នោះ ត្រូវគេលក់ដូរដោយគ្មានអាជ្ញាធរមូលដ្ឋានទទួលស្គាល់ហើយនៅរដូវ ប្រាំងនេះ ព្រៃឈើនោះនឹងត្រូវគេកាប់ដុតរាន ប្រសិនមន្ត្រីជំនាញ និងមន្ត្រីមូលដ្ឋាន មិនយកចិត្តទុកដាក់ទប់ស្កាត់៖ «ក្នុងរដូវ ប្រាំងនេះ ចលនាកាប់រានដីព្រៃសឹងកើតមានទូទាំងខេត្តតាមព័ត៌មាន យើងក្ដាប់បាន។ អ៊ីចឹងសូមឲ្យស្ថាប័នជំនាញព្រៃឈើ និងអាជ្ញាធរខេត្តលោកមេត្តាចាត់វិធានការឲ្យបានតឹងរ៉ឹង ចៀសវាងការកាប់រានព្រៃដោយអនាធិបតេយ្យ»។
អាជ្ញាធរស្រុកអណ្ដូងមាស ឲ្យដឹងថា ផ្លូវចាប់ពីគល់ស្ពានឆ្លងទន្លេសេសាន ក្នុងភូមិកាជូត ឃុំញ៉ាង គឺជាគម្រោងអភិវឌ្ឍន៍ផ្លូវរបស់អាជ្ញាធរស្រុក តាមរយៈជំនួយសាងសង់របស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ទ្រីភាព នីហរណ អាហរណ។ ផ្លូវនេះតភ្ជាប់ពីទីរួមស្រុកអណ្តូងមាស ទៅតំបន់ព្រំដែនប្រទេសវៀតណាម ក្នុងភូមិចង និងភ្ជាប់ទៅឧទ្យានជាតិវីរជ័យ រហូតដល់ចំណុចកន្ទុយនាគ តំបន់ត្រីកោណអភិវឌ្ឍន៍បីប្រទេស គឺប្រទេសឡាវ វៀតណាម និងកម្ពុជា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមេឃុំញ៉ាង លោក រចំ សឿន សុំអធិប្បាយពីករណីនេះបានទេ។ យ៉ាងនេះក្តី អភិបាលស្រុកអណ្ដូងមាស លោក នង ដារិទ្ធ មានប្រសាសន៍បញ្ជាក់ថា ដីព្រៃនៅតំបន់នោះឋិតក្រោមការគ្រប់គ្រងរបស់សហគមន៍ជនជាតិដើមភាគ តិចភូមិកាជូត។
លោកបន្តថា អ្នកចូលទៅបោះបង្គោលរបងហ៊ុមព័ទ្ធដីព្រៃនោះ អាជ្ញាធរមិនបានអនុញ្ញាតទេ ក៏ប៉ុន្តែប្រសិនជនណាហ៊ានកាប់រានព្រៃនោះ គឺជាការកាប់រានព្រៃឈើខុសច្បាប់៖ «បើថា គាត់គ្រាន់តែលក់ទិញៗ មិនដឹងម៉េចគាត់ផ្ទេរគ្នាតាមរឿងរបស់គាត់ ប៉ុន្តែបើថា កាប់យើងចាប់តែម្ដង។ មានច្បាប់ឯណាឲ្យកាប់ព្រៃ។ បើត្រឹមតែលក់ស្ងាត់ៗ ពីណាទៅដឹងពួកគាត់»។
នាយផ្នែកនៃខណ្ឌរដ្ឋបាលព្រៃឈើទទួលបន្ទុកស្រុកអណ្ដូងមាស លោក ឡេង យុគ មានប្រសាសន៍បញ្ជាក់ថា ដីព្រៃនៅតំបន់នោះក្រសួងកសិកម្មបានផ្ដល់ជាដីសម្បទានដល់ ក្រុមហ៊ុន ដើម្បីវិនិយោគដំណាំកសិឧស្សាហកម្ម ដូច្នេះមិនអាចនរណាម្នាក់ទៅលក់ដូរ ឬកាន់កាប់ដីនោះបានឡើយ។ លោកបន្តថា នឹងចាត់មន្ត្រីជំនាញទៅពិនិត្យមើលករណីនេះ៖ «ខ្ញុំ អត់ទាន់បានដឹងទេ ចាំមើលឲ្យខាងសង្កាត់គេចុះស៊ើបអង្កេតសិនមើល៍ បើសិនឮបែបហ្នឹង។ ប៉ែកខាងហ្នឹងភាគច្រើនដីក្រុមហ៊ុនអស់ហើយណា!»។
អភិបាលខេត្តរតនគិរី បានផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋហាមមិនឲ្យកាប់រានព្រៃឈើ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋយកដីជាកម្មសិទ្ធិតទៅទៀតទេ ហើយក្រុមអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវតុលាការ ចំពោះជនណានៅតែបន្តកាប់រានព្រៃឈើ។
ចាប់ពីខែតុលា ឆ្នាំ២០១២ រហូតបច្ចុប្បន្ន របាយការណ៍របស់មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី បានឲ្យដឹងថា មានប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាមជិត ២០នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការពីបទកាប់ព្រៃឈើខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment