Tuesday, January 15, 2013

មេដឹកនាំ​សហជីព​កម្ពុជា​ស្វែង​រក​ការ​គាំពារ​ពី​សហជីព​អន្តរជាតិ

លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ផង​នោះ ឲ្យ​ដឹង​ថា ករណី​កម្មករ​ទាមទារ​ដំឡើង​​ប្រាក់​បៀវត្ស​ឲ្យ​បាន ១៥០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​១​ខែ ក្នុង​ឆ្នាំ​២០១៣ និង​ករណី​សំណុំ​រឿង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត បាញ់​កម្មករ​ឲ្យ​រង​របួស​នឹង​ត្រូវ​ដាក់​ជូន​មន្ត្រី​សហជីព​អន្តរជាតិ​  ពិភពលោក​ជួយ​មាន​វិធានការ។ 

http://www.youtube.com/watch?v=0nHHQvTnwmc&feature=youtu.be
មន្ត្រី​សហភាព​សហជីព​អន្តរជាតិ​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក (Asia Pacific) សន្យា​ថា នឹង​លើក​ស្ទួយ​សកម្មភាព​ការងារ​របស់​​​ក្រុម​​សហជីព និង​កម្មករ​កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​សម្លៀក​ បំពាក់ និង​ស្បែក​ជើង​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​បាន​ប្រសើរ​ឡើង។


មេដឹកនាំ​សហជីព​កម្ពុជា ចំនួន ៣​ស្ថាប័ន បាន​ស្វែង​រក​កិច្ច​គាំពារ​ពី​សហភាព​សហជីព​នៅ​លើ​ពិភពលោក ដើម្បី​​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ផ្នែក​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ឧស្សាហ​ កម្មករ​កាត់​ដេរ និង​ស្បែកជើង​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ។
ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មករា ថា សហជីព​លោក រួម​ជាមួយ​សហភាព​ការងារ​កម្ពុជា ដឹក​នាំ​ដោយ​លោក អាត់ ធន់ និង​សហព័ន្ធ​សហជីព​ខ្មែរ​របស់​លោក ជួន មុំថុល បាន​ចុះ​ហត្ថលេខា​ជាមួយ​សហជីព​ពិភពលោក ដើម្បី​បង្កើត​ក្រុមប្រឹក្សា​​​សហភាព​សហជីព​អន្តរជាតិ​ប្រចាំ​កម្ពុជា សំរាប់​ជួយ​ការពារ​សិទ្ធិ​កម្មករ និង​សកម្មភាព​សហជីព​ឲ្យ​បាន​ប្រសើរ​ជាង​សព្វ​ថ្ងៃ។
លោក​បន្ត​ថា ពី​ពេល​នេះ​ត​ទៅ កង្វល់​សហជីព និង​ទុក្ខ​លំបាក​របស់​កម្មករ មាន​ដូច​ជា​ត្រូវ​ថៅកែ​រំលោភ​សិទ្ធិ និង​ការ​រំលោភ​សិទ្ធិ​ផ្សេងៗ នឹង​ត្រូវ​សហជីព​អន្តរជាតិ​ជួយ​អន្តរាគមន៍ និង​រកយុត្តិធ៌ម។
លោក រ៉ុង ឈុន ដែល​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ផង​នោះ ឲ្យ​ដឹង​ថា ករណី​កម្មករ​ទាមទារ​ដំឡើង​​ប្រាក់​បៀវត្ស​ឲ្យ​បាន ១៥០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​១​ខែ ក្នុង​ឆ្នាំ​២០១៣ និង​ករណី​សំណុំ​រឿង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត បាញ់​កម្មករ​ឲ្យ​រង​របួស​នឹង​ត្រូវ​ដាក់​ជូន​មន្ត្រី​សហជីព​អន្តរជាតិ​ ពិភពលោក​ជួយ​មាន​វិធានការ។
ក្រោយ​ពិធី​ចុះ​ហត្ថលេខា​យោគយល់​គ្នា​លើ​អនុស្សរណៈ​រវាង​សហជីព​កម្ពុជា និង​សហជីព​​​ពិភពលោក លោក រ៉ុង ឈុន មាន​ជំនឿ​ថា នឹង​អាច​​កាត់​បន្ថយ​ការ​រំលោភ​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​កម្មករ​ពី​សំណាក់​ថៅកែ​រោងចក្រ​នា​ថ្ងៃ​ខាង​មុខ។
ចំណែក​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ក្រោយ​ពិធី​ចុះ​ហត្ថលេខា​បាន​ថ្លែង​ថា ចំណុច​អាទិភាព​ដែល​សហជីព និង​កម្មករ​កម្ពុជា ស្នើ​ឲ្យ​សហភាព​សហជីព​អន្តរជាតិ​ជួយ​មាន​វិធានការ​បន្ទាន់ គឺ​ដំឡើង​ប្រាក់​បៀវត្ស​ជូន​កម្មករ​ឲ្យ​បាន​ពី ៦១​ដុល្លារ​ក្នុង​១​ខែ ទៅ​ដល់ ១៥០​ដុល្លារ​ក្នុង​១​ខែ។ បន្ត​មក​ទៀត គឺ​ស្នើ​ឲ្យ​ជួយ​សើរើ​លើ​សំណុំ​រឿង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត បាញ់​កម្មករ​ឲ្យ​រង​របួស​ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​កម្មករ​រង​គ្រោះ។
ទោះ​យ៉ាង​ណា លោក ជួន មុំថុល ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ ក្រោយ​ពិធី​ចុះ​ហត្ថលេខា​រួម​ជាមួយ​សហជីព​អន្តរជាតិ ​ហាក់​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​កម្មករ​លើ​ សំណុំ​រឿង លោក ឈូក បណ្ឌិត បាញ់​​​កម្មករ និង​ករណី​ដំឡើង​ប្រាក់​បៀវត្ស​ពី ៦១​ដុល្លារ ​ដល់ ១៥០​ដុល្លារ ក្នុង​១​ខែ។ ប៉ុន្តែ​ក្រោយ​មក​លោក​ថា សហជីព​លោក​នឹង​ពិចារណា​ចំពោះ​បញ្ហា​នេះ។
លោក ន័ររីយុគី ស៊ុយស៊ុគី (Noriyuki Suzuki) អគ្គ​លេខាធិការ​ក្រុមប្រឹក្សា​សហភាព​សហជីព​អន្តរជាតិ​ប្រចាំ​អាស៊ី​ ប៉ាស៊ីហ្វិក មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​រួម​លើ​អនុស្សរណៈ​យោគយល់​គ្នា​ ជាមួយ​មេដឹកនាំ​សហជីព​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ថា ពី​ពេល​នេះ​ត​ទៅ​សកម្មភាព​របស់​សហជីព និង​ការងារ​កម្មករ​កម្ពុជា នឹង​ត្រូវ​ពិភពលោក​​យក​ចិត្ត​ទុក​ដាក់។
តាម​រយៈ​សំឡេង​អ្នក​បកប្រែ​ភាសា លោក ស៊ុយស៊ុគី ឲ្យ​ដឹង​ថា លក្ខខណ្ឌ​ការងារ​កម្មករ និង​ប្រាក់​បៀវត្ស​កម្មករ ជា​អាទិភាព​ដែល​សហជីព​ពិភពលោក​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល និង​ពី​ថៅកែ​រោងចក្រ។ ហើយ​ថា សំណុំ​រឿង​លោក ឈូក បណ្ឌិត បាញ់​កម្មករ​ឲ្យ​រង​របួស ហើយ​ជន​សង្ស័យ​មិន​ត្រូវ​បាន​ផ្ដន្ទាទោស និង​ផ្ដល់​យុត្តិធម៌​ជូន​កម្មការិនី​រង​គ្រោះ​សហជីព​អន្តរជាតិ ក៏​នឹង​ពិនិត្យ​លើ​សំណុំ​រឿង​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។
លោក​ព្រមាន​ថា វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា អាច​មាន​ការ​រីក​ចំរើន​នា​ថ្ងៃ​អនាគត​ទៅ​បាន លុះ​ត្រា​ណា​ផ្នែក​ពាក់ព័ន្ធ​គោរព​ឲ្យ​បាន​នូវ​លក្ខខណ្ឌ​ការ​ងារ និង​ប្រាក់​បៀវត្ស​កម្មករ ត្រូវ​ធានា​ឲ្យ​បាន​ប្រសើរ​​ជាង​បច្ចុប្បន្ន។
​​លោក​បាន​លើក​ឡើង​សំដៅ​ទៅ​ដល់​ក្រុមហ៊ុន​កាត់ដេរ​សម្លៀក​បំពាក់​​នានា ដែល​កំពុង​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ និង​សហការ​ជាមួយ​សហជីព​កម្មករ​ឲ្យ​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ បើ​​មិន​ដូច្នេះ​ទេ នឹង​អាច​មាន​បញ្ហា​តាម​រយៈ​ការ​កុម្ម៉ង់​ទិញ​ផលិតផល​របស់​ខ្លួន​ពី​ក្រៅ​ ប្រទេស។
ទាក់ទិន​បញ្ហា​នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១ ខែ​មករា ក្រសួង​មាន​គម្រោង​កោះ​អញ្ជើញ​តំណាង​ថៅកែ​ក្រុមហ៊ុន តំណាង​សហជីព និង​តំណាង​កម្មករ ព្រម​ទាំង​ផ្នែក​ពាក់​ព័ន្ធ​ដទៃ​ទៀត ពិភាក្សា​ជុំវិញ​សំណើ​របស់​កម្មករ និង​សហជីព​ស្នើ​ដំឡើង​ប្រាក់​បៀវត្ស​ជូន​កម្មករ​សម្រាប់​ឆ្នាំ​២០១៣។
មន្ត្រី​សហជីព​បាន​អះអាង​ថា សព្វថ្ងៃ​នេះ​មាន​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់ និង​រោងចក្រ​ស្បែង​ជើង​ទាំង​ស្រប និង​ខុស​ច្បាប់ មាន​ជាង ៥០០​ក្រុមហ៊ុន កំពុង​ធ្វើ​សកម្មភាព​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​មាន​កម្មករ កម្មការិនី កំពុង​បម្រើ​ការ​ក្នុង​វិស័យ​នេះ​មាន​ប្រមាណ ៥០​ម៉ឺន​នាក់។ ប្រាក់​ឈ្នួល​អប្បបរមា​របស់​ពួកគេ​ទទួល​បាន ៦១​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង ១​ខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: